សេចក្ដីប្រកាសព័ត៌មានរួម

ជំងឺកូវីដ១៩៖ ចំនួនកុមារនៅក្នុងគ្រួសារក្រីក្រ នឹងកើនឡើងរហូតដល់ ៨៦លាននាក់ នៅត្រឹមចុងឆ្នាំនេះ

01 មិថុនា 2020
UNICEF Cambodia/2018/Todd Brown
UNICEF Cambodia/2018/Todd Brown

ការវិភាគថ្មីមួយដែលធ្វើឡើងដោយអង្គការ Save the Children និងយូនីសេហ្វ បង្ហាញថា ប្រសិនបើពុំមានការចាត់វិធានការបន្ទាន់នោះទេ ចំនួនកុមារនៅក្នុងគ្រួសារក្រីក្រនៅបណ្តាប្រទេសចំណូលទាប និងមធ្យម អាចកើនឡើង ចំនួន១៥ភាគរយ រហូតដល់ ៦៧២លាននាក់

ទីក្រុងញូវយ៉ក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៖ ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ អាចរុញច្រានកុមារ ៨៦​លាននាក់បន្ថែមទៀត ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រនៅត្រឹមចុងឆ្នាំ២០២០ ដោយ កើនឡើងចំនួន ១៥ ភាគរយ នេះបើតាមការវិភាគថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះ ដោយការិយាល័យកណ្ដាលរបស់អង្គការ Save the Children និងយូនីសេហ្វ។

ការវិភាគនេះបង្ហាញថា ប្រសិនបើពុំមានការចាត់វិធានការបន្ទាន់ ដើម្បីការពារគ្រួសារពីភាពលំបាកលំបិនផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយសារការរាតត្បាតជាសកលនោះទេ ចំនួនកុមារដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររបស់ជាតិក្នុងបណ្តាប្រទេសចំណូលទាប និងមធ្យម អាចកើនឡើងរហូតដល់ ៦៧២លាននាក់គិតត្រឹមចុងឆ្នាំនេះ។  ជិត ២ ភាគ ៣ នៃកុមារទាំងនេះ រស់នៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក និងអាស៊ីខាងត្បូង។

លោកស្រី​ លោកស្រី ហិនរីតា ហ្វ័រ​ នាយិកាប្រតិបត្តិយូនីសេហ្វបានមានប្រសាសន៍ថា៖ “ការរាតត្បាតជាសកលនៃមេរោគកូរ៉ូណាបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសង្គមដែលមិនធ្លាប់កើតមានកន្លងមក ដែលធ្វើឱ្យគ្រួសារនានាទូទាំងសកលលោកត្រូវបាត់បង់ធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទំហំ និងកម្រិតស៊ីជម្រៅនៃការលំបាកលំបិនផ្នែកហិរញ្ញវត្ថុរបស់គ្រួសារទាំងនេះ បង្កការគំរាមកំហែង ធ្វើឱ្យបាត់បង់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់កុមារ និងធ្វើឱ្យកុមារពុំបានទទួលសេវាចាំបាច់សំខាន់ៗ។ ប្រសិនបើពុំមានការចាត់វិធានការរួមគ្នានោះទេ គ្រួសារដែលរកចំណូលបានមិនទាំងអាចចម្អែតក្រពះបានផងនោះ អាចត្រូវបានរុញច្រានឱ្យធ្លាក់ចូលទៅក្នុងភាពក្រី​ក្រ ហើយគ្រួសារដែលក្រីក្រជាងគេអាចប្រឈមនឹងការលំបាក ក្នុងកម្រិតដែលគេមិនធ្លាប់បានឃើញរាប់ទសវត្សរ៍កន្លងមកនេះ។”

អង្គការ Save the Children និងយូនីសេហ្វ ព្រមានថា ផលប៉ះពាល់ក្នុងទម្រង់ជាវិបត្តិសេដ្ឋកិច្ចសកល ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺនេះ ក៏ដូចជាដោយសារតែគោលនយោបាយទប់ស្កាត់ការរាតត្បាតនៃជំងឺនេះមានពីរត្រួត។ ការបាត់បង់ភ្លាមៗនូវប្រាក់ចំណូល មានន័យថា គ្រួសារមានលទ្ធភាពតិចតួចជាងមុន ដើម្បីរ៉ាប់រងតម្រូវការជាមូលដ្ឋាន ដូចជា អាហារ និងទឹកជាដើម មិនសូវជាចំណាយលើការទទួលបានសេវាថែទាំសុខភាព ឬសេវាអប់រំ និងកាន់តែប្រឈមនឹងហានិភ័យផ្សេងៗ ដូចជា ការរៀបអាពាហ៍ពិពាហ៍កុមារ អំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានជាដើម។ នៅពេលដែលធនធានសារពើពន្ធមានការថយចុះ វិសាលភាព និងគុណភាពនៃសេវាដែលគ្រួសារពឹងអាស្រ័យលើ ក៏អាចមានការថយចុះជាបណ្ដើរៗផងដែរ។

សម្រាប់គ្រួសារក្រីក្របំផុត ការខ្វះលទ្ធភាពទទួលបានសេវាថែទាំសង្គម ឬវិធានការផ្ដល់សំណង អាចជាការដាក់កំហិតលើសមត្ថភាពរបស់ពួកគេ ដើម្បីគោរពតាមវិធានការបង្ការការឆ្លងជំងឺ និងវិធានការរក្សាគម្លាតសុវត្ថិភាព ដែលធ្វើឱ្យពួកគេកាន់តែប្រឈមនឹងការឆ្លងជំងឺនេះ។

លោកស្រី អ៊ីងហ្កឺ អាហ្សីង នាយកប្រតិបត្តិនៃអង្គការ Save the Children បានមានប្រសាសន៍ថា៖ “ផលប៉ះពាល់មកលើភាពក្រីក្រ ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩​ នេះ​ នឹងធ្វើឱ្យកុមាររងគ្រោះខ្លាំងជាមិនខាន។ កុមារងាយរងគ្រោះខ្លាំង សូម្បីតែនៅពេលដែលពួកគេត្រូវជួបនឹងភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភក្នុង រយៈពេលខ្លីក៏ដោយ ដែលអាចបង្កផលប៉ះពាល់ដល់ពួកគេពេញមួយជីវិត។ ប្រសិនបើយើងចាត់វិធានការដាច់ណាត់នៅពេលនេះ យើងអាចបង្ក និងទប់ស្កាត់ការគំរាមកំហែងបង្កឡើងដោយសាររាតត្បាតជាសកលដែលប្រទេសក្រីក្របំផុត និងកុមាររងគ្រោះជាងគេមួយចំនួន កំពុងជួបប្រទះ។ របាយការណ៍នេះគួរជាការដាស់តឿនស្មារតីពិភពលោកទាំងមូល។ ភាពក្រីក្រមិនមែនជាអ្វីដែលកុមារអាចគេចផុតនោះឡើយ។”

នៅមុនពេលដែលមានការរាតត្បាតជាសកល កុមារ ២ ភាគ ៣ នៅក្នុងពិភពលោក ពុំបានទទួលសេវាគាំពារសង្គម ទោះជាក្នុងទម្រង់អ្វីក៏ដោយនោះឡើយ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេពុំអាចទ្រាំទ្រនឹងវិបត្តិហិរញ្ញវត្ថុបានឡើយ និងធ្វើឱ្យពួកគេត្រូវបន្តធ្លាក់ចូលទៅក្នុងវដ្តនៃភាពក្រីក្រតជំនាន់។ មានកុមារតែ ១៦ ភាគរយប៉ុណ្ណោះនៅអាហ្វ្រិកដែលត្រូវបានគ្របដណ្ដប់ដោយសេវាគាំពារសង្គម។

កុមាររាប់រយលាននាក់នៅបន្តរស់នៅក្នុងភាពក្រីក្រពហុសមាសភាគ មានន័យថាពួកគេខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព សេវាអប់រំ សេវាអាហារូបត្ថម្ភត្រឹមត្រូវ ឬលំនៅឋានសមស្រប ដែលជារឿយៗ នេះគឺជាការឆ្លុះបញ្ចាំងពីការវិនិយោគពុំមានសមធម៌របស់រដ្ឋាភិបាលលើសេវាសង្គម។

ដើម្បីឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់នៃជំងឹកូវីដ១៩ លើកុមារមកពីគ្រួសារក្រីក្រ អង្គការ Save the Children និងយូនីសេហ្វ អំពាវនាវឱ្យមានការពង្រីកប្រព័ន្ធ និងកម្មវិធីគាំពារសង្គម ក្នុងទ្រង់ទ្រាយធំឱ្យបានរហ័ស ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ កម្មវិធីផ្ដល់អាហារតាមសាលារៀន និងកម្មវិធីផ្សេងៗទៀតដែលផ្ដល់ប្រយោជន៍ដល់កុមារ ដែលទាំងនេះសុទ្ធតែជាការវិនិយោគដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ផ្នែករហិញ្ញវត្ថុ និងជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យប្រទេសនានាអាចត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលកើតមាននាពេលអនាគត។

រដ្ឋាភិបាលក៏ត្រូវវិនិយោគលើសេវាគាំពារសង្គមក្នុងទម្រង់ផ្សេងទៀត លើគោលនយោបាយសារពើពន្ធ អន្តរាគមន៍ផ្នែកការងារ និងមុខរបរ និងអន្តរាគមន៍ខាងទីផ្សារការងារ ដើម្បីគាំទ្រដល់គ្រួសារ។ នេះរួមមានការពង្រីក     លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងសេវាផ្សេងទៀតឱ្យបានជាសកល និងការវិនិយោគលើគោលនយោបាយដែលបង្កភាពងាយស្រួលដល់គ្រួសារ ដូចជា ការឈប់សម្រាកដែលមានប្រាក់ឈ្នួល និងការថែទាំកូនជាដើម។

ចាប់តាំងពីពេលដែលមានករណីជំងឺកូវីដ១៩មក រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពកម្មវិធីគាំពារសង្គមរបស់ខ្លួន​។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ​១៩​ ថ្មីដែលផ្ដោតលើគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ បានទទួលការឯកភាព ហើយគ្រោងនឹងប្រកាសចាប់ផ្ដើមអនុវត្តនៅដើមខែមិថុនា ឆ្នាំ២០២០។ ដោយមានការគាំទ្រពីយូនីសេហ្វ សហភាពអឺរ៉ុប  Sida  GIZ និងអ្នកផ្ដល់ជំនួយផ្សេងទៀត កម្មវិធីនេះមានគោលបំណងគ្របដណ្ដប់លើប្រជាពលរដ្ឋប្រមាណ ៥៤០.០០០ គ្រួសារ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ (ត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ) ឬស្មើនឹងប្រជាជនជាង ២,២ លាននាក់។​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩​ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត រាប់បញ្ចូលទាំងតម្រូវការរបស់កុមារអាយុពី ០-៥ ឆ្នាំ ជនមានពិការភាព ចាស់ជរា និងអ្នកដែលរស់នៅជាមួយនឹងមេរោគអេដស៍/ជំងឺអេដស៍។ កម្មវិធីនេះនឹងផ្ដល់ថវិកាបន្ថែមទៅលើកម្មវិធីដែលមានស្រាប់​ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ០-២ ឆ្នាំ និងកម្មវិធីផ្ដល់អាហារូបករណ៍ដល់កុមារដែលកំពុងរៀននៅបឋមសិក្សា និងមធ្យមសិក្សា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

###
 

កំណត់សម្គាល់ចំពោះនិពន្ធនាយក៖

ការវិភាគនេះ ធ្វើឡើងផ្អែកតាមការព្យាករណ៍សេដ្ឋកិច្ចរបស់ IMF និងធនាគារពិភពលោក ភស្តុតាងដែលមានកន្លងមក ដែលបង្ហាញពីការផ្លាស់ប្តូររបាយការណ៍ចំណូលដែលបានពីប្រព័ន្ធ UNU WIDER និងទិន្នន័យប្រជាសាស្រ្ត ដែលបានពី MICS និង DHS។ ទិន្នន័យតាមប្រទេស គ្របដណ្ដប់លើបណ្តាប្រទេសចំណូលទាប និងមធ្យមចំនួន ១០០។

អំពីអង្គការ Save the Children

អង្គការ Save the Children ជឿជាក់លើពិភពលោកមួយដែលកុមារអាចរស់រានមានជីវិត មានឱកាសរៀនសូត្រ និងទទួលបានការការពារពីការរំលោភបំពាន ការមិនអើលពើ និងការកេងប្រវ័ញ្ច។ តាមរយៈការបំពេញការងាររបស់យើងនៅក្នុងប្រទេសចំនួន ១១៧ យើងផ្ដល់សេវាដល់កុមារដែលជួបការខ្វះខាត និងមានឱកាសតិចតួចជាងគេ ជួយឱ្យពួកគេរស់រានមានជីវិត អាចបន្តការរៀនសូត្រ និងទទួលបានការការពារ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ១៩៖www.savethechildren.net/coronavirusresponse

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

Georgina Thompson យូនីសេហ្វទីក្រុងញូវយ៉ក
ទូរសព្ទ៖ +១ ៩១៧ ២៣៨ ១៥៥៩ ឬអ៊ីម៉ែល៖ gthompson@unicef.org

Natasha Dos Santos អង្គការ Save the Children
ទូរសព្ទ៖ +44 7787 191957, Natasha.dossantos@savethechildren.org

Rik Goverde អង្គការសង្គ្រោះកុមារ
ទូរសព្ទ៖ +7732 602 301, rik.goverde@savethechildren.org

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

មាតិកាពហុព័ត៌មាន

UNICEF Cambodia/2018

This unprecedented global health, economic, and social crisis requires quality unprecedented global solidarity.

UNICEF is leading the charge to Respond, to Recover and to #Reimagine a world fit for every child.

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook