សេក្តីប្រកាសព័ត៌មានរួម

ក្រសួងអប់រំ យុវជន និងកីទ្បា និងយូនីសេហ្វ ប្រកាសផ្សព្វផ្សាយកម្មវិធីនិទានរឿងថ្មីសម្រាប់កុមារ

16 មិថុនា 2020
Ministry of Education, Youth and Sport and UNICEF launch a new storytelling programme for children
UNICEF Cambodia/2020

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា៖ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីទ្បា និងយូនីសេហ្វបានចេញផ្សាយនូវកម្មវិធីនិទានរឿងថ្មីមួយដែលមានឈ្មោះថា តីតី និទានរឿង ដើម្បីលើកកម្ពស់អក្ខរកម្ម និងលើកទឹកចិត្តកុមារឲ្យអាន។ កម្មវិធីនិទានរឿងថ្មីនេះ នឹងផ្តល់នូវក្តីសង្ឃឹម និងក្តីរីករាយដល់កុមារ និងគ្រួសារនៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកុមារទាំងអស់ត្រូវបានតម្រូវឲ្យសិក្សានៅតាមផ្ទះ។

កម្មវិធីនេះជាខ្សែវីដេអូថតទុកជាមុនមានចំនួន១២វគ្គ ត្រូវបានផលិតទ្បើងដើម្បីអប់រំ និងផ្តល់ការកំសាន្តដល់កុមារនិងគ្រួសារ។​ នៅក្នុងវគ្គនីមួយៗក៏មានបញ្ចូលនូវកម្មវិធីសំណួរ-ចម្លើយជាមួយអ្នករៀបចំកម្មវិធីរបស់យូនីសេហ្វ ដែលទស្សនិកជនអាចសួរសំណួរទាក់ ទងនឹងការការពារខ្លួន និងវិធានការបង្ការពីជំងឺកូវីដ១៩។ កម្មវិធីនេះនឹងមានផ្សព្វផ្សាយនៅបុស្តិ៍ទូរទស្សន៍ទទក២ ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និង កីទ្បា គណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច និងយូនីសេហ្វ

រឿងនិទានត្រូវបានអានដោយតួអង្គកំប្លុកកំប្លែងពីររូប និងដកស្រង់ចេញពីសៀវភៅរឿងដែលបោះពុម្ព ដោយអង្គការស៊ីប៉ា ដែលជាអង្គការធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីទ្បា និង   យូនីសេហ្វ ដែលបាននឹងកំពុងផលិតនូវសៀវភៅអប់រំល្អៗសម្រាប់កុមារកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពអំណាន និងចំណេះដឹងរបស់ពួកគេ។

នៅក្នុងឱកាសផ្សព្វផ្សាយកម្មវិធីតីតីនិទានរឿងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា បានសម្តែងនូវសេចក្តីរីករាយដោយឃើញនូវការផលិតកម្មវិធីដែលមានភាពច្នៃប្រឌិត និងលើកទឹកចិត្ត ដើម្បីជួយដល់កុមារកម្ពុជាក្នុងការរៀនសូត្រពីចម្ងាយ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ ក្រសួងអប់រំ យុវជន និងកីទ្បា មានសេចក្តីសោមនស្ស នឹងធ្វើការចាក់ផ្សាយនូវកម្មវិធីនិទានរឿងថ្មីនេះសម្រាប់សេចក្តីរីករាយ និងការអប់រំរបស់កុមារនិងគ្រួសារ តាមរយៈប្រព័ន្ធរៀនសូត្រអេឡិចត្រូនិច របស់យើង ក៏ដូចជាតាមរយៈបុស្តិ៍ទូរទស្សន៍ទទក២

ក្រសួងអប់រំ យុវជន និងកីទ្បា ជាមួយនឹងការគាំទ្រពីយូនីសេហ្វ កំពុងផ្តល់ឱកាសសិក្សាពីចម្ងាយលើមុខវិជ្ជាសំខាន់ៗទៅដល់សិស្សានុសិស្សចាប់តាំងពីថ្នាក់មតេ្តយ្យ រហូតដល់មធ្យមសិក្សា ដែលនៅក្នុងនោះរួមមានការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ទូរទស្សន៍ និងវិទ្យុជាដើម។

សម្ភារអប់រំនិងផ្សព្វផ្សាយដែលទាក់ទងនឹងការបង្ការជំងឺកូវីដ១៩ ក៏ត្រូវបានផលិតដើម្បីជំរុញឲ្យមានការយល់ដឹងពីសារៈសំខាន់នៃការលាងសម្អាតដៃ និងការថែរក្សាខ្លួនរបស់កុមារ និងគ្រួសារ និងដើម្បីលើក    ទឹកចិត្តមាតាបិតាឲ្យគាំទ្រការរៀនសូត្ររបស់កូននៅតាមផ្ទះ និងយកចិត្តទុកដាក់ លើសុខមាលភាព និងសុខភាពផ្លូវចិត្តរបស់កូនៗ។ សម្ភារអប់រំនិងផ្សព្វផ្សាយទាងនេះ អាចទាញយកបាននៅវេបសាយរបស់ក្រសួងអប់រំ យុវជន និងកីទ្បា និងយូនីសេហ្វកម្ពុជា

ប្រធានផ្នែកអប់រំរបស់យូនីសេហ្វកម្ពុជា លោកស្រីខេធឺរីន ប៊ឺនណេត បានមានប្រសាសន៍ថា៖ យើងមានមោទនភាពដែលបានសហការជាមួយឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារក្នុងការឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់កុមារនៅក្នុងដំណាក់កាលដ៏លំបាកនេះ។ កម្មវិធីតីតីនិទាន ក៏ដូចជាកម្មវិធីរៀនសូត្រពីចម្ងាយ  សំខាន់ៗ និងមានលក្ខណៈចម្រុះដទៃទៀតដែលយូនីសេហ្វកំពុងគាំទ្រក្រសួងអប់រំ យុវជន និងកីទ្បា គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាអប់រំ ដើម្បីឲ្យកុមារដែលងាយគ្រោះបំផុតនៅតែមានឱកាសបន្តរៀនសូត្របាន  ។

ក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ យូនីសេហ្វកំពុងឆ្លើយតបនឹងការរាតត្បាតនៃ ជំងឺកូវីដ១៩នៅទូទាំងប្រទេសតាមរយៈការផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹង និងការផ្តល់សម្ភារអនាម័យ សំខាន់ៗទៅដល់សាលារៀន។ កម្មវិធីអប់រំ អាហារូបត្ថម្ភ សុខភាព និងកិច្ចការពារកុមារ ត្រូវបានកែសម្រួល ដើម្បីធានាថាកុមារគ្រប់រូប នឹងចម្រើនវ័យប្រកបដោយសុខភាពល្អ និងអាចបន្តរៀនសូត្របានក្នុងអំទ្បុង ពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងពេលក្រោយទៀត។

ដើម្បីធានាថាកុមារគ្រប់រូប និងគ្រួសារដឹង និងអាចរៀនសូត្រពីកម្មវិធីតីតីនិទាននេះ យូនីសេហ្វសូមលើក ទឹកចិត្តទស្សនិកជនឲ្យចូលរួមចែករំលែកអំពីសៀវភៅដែលខ្លួនពេញចិត្ត នៅតាមប្រព័ន្ធបណ្តាញសង្គម ដោយប្រើប្រាស់ hashtag #TeyTeyNitean ។

 ###

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន កីទ្បា
    ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦ ឬសារអេទ្បិកត្រូនិក៖ ros.soveacha@moeys.gov.kh

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook