សហភាពអឺរ៉ុបសហការក្នុងភាពជាដៃគូជាមួយអង្គការ Oxfam ILO និងយូនីសេហ្វ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម

21 កុម្ភៈ 2022
A family show their ID poor card in front of the Commune Hall.
UNICEF Cambodia/2021/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា (សហភាពអឺរ៉ុប) រួមជាមួយនឹងយូនីសេហ្វ Oxfam និង ILO កំពុងធ្វើការរួមគ្នាដើម្បីផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គមក្នុងប្រទេសនេះ។

ការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្មវិធីកែទម្រង់ប្រព័ន្ធគាំពារសង្គម មានគោលបំណងរួមចំណែកដល់ការឆ្លើយតបភ្លាមៗចំពោះជំងឺកូវីដ​-១៩ នៅកម្ពុជា និងគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់កម្ពុជា។ ក្រុមប្រឹក្សាជាតិគាំពារសង្គមរបស់កម្ពុជាបំពេញតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីនេះ រួមជាមួយនឹងដៃគូពាក់ព័ន្ធនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​បេឡាជាតិសន្តិសុខសង្គម សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។

លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ សហភាពអឺរ៉ុបបានសហការជាមួយនឹងអង្គការ ILO យូនីសេហ្វ និង Oxfam ដើម្បីគាំទ្រដល់កម្ពុជា​ឱ្យសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការពង្រីកបរិយាបន្ននៃប្រព័ន្ធគាំពារសង្គមរបស់ប្រទេសនេះ ដោយរួមបញ្ចូលទាំងកម្មករ និយោជិតដែលមិនទាន់​ទទួលបានការការពារនៅឡើយ។ ជាជំហានបន្ទាប់ សហភាពអឺរ៉ុបនឹងគាំទ្រដល់តំណភ្ជាប់រវាងសេវាគាំពារសង្គម ការងារសមរម្យ និងកំណើនបៃតងប្រកបដោយចីរភាព

លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ពីតួនាទីដ៏សំខាន់ដែលសេវាគាំពារសង្គមប្រកបដោយបរិយាបន្ន រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ហើយក្នុងពេលទន្ទឹមគ្នា លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជំរុញស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច។ ការបង្កើតប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ធ្វើឡើងក្រោមការដឹកនាំ និងការសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានតួនាទីវាយតម្លៃ និងតាមដានផងដែរពីវឌ្ឍនភាព និងការអនុវត្ត ដោយមានគណនេយ្យភាព និងតម្លាភាព។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ការគាំទ្រ និងការជឿទុកចិត្ដ ផ្តល់ដោយដៃគូអភិវឌ្ឍន៍របស់យើង ដែលបានរួមចំណែកដល់ការរីកចម្រើននៃប្រព័ន្ធគំាពារសង្គមនៃ​ប្រទេសយើង

កម្មវិធីគាំទ្រដល់កំណែទម្រង់ប្រព័ន្ធគាំពារសង្គមរបស់សហភាពអឺរ៉ុប មានគម្រោងចំនួន ២ ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

គម្រោងលើកកម្ពស់ប្រព័ន្ធគាំពារសង្គមបែបបរិយាបន្ន និងឆ្លើយតបចំពោះវិបត្តិនៅកម្ពុជា (ហៅកាត់ថា FIRST) ដឹកនាំអនុវត្តដោយអង្គការOxfam កំពុងធ្វើការងារជាមួយនឹងដៃគូចំនួន ១១ ដែលក្នុងនោះរួមមាន អង្គការសង្គមស៊ីវិល សហជីព និងសមាគមក្នុងស្រុក។ គម្រោងនេះមានគោលបំណងបង្កើនការយល់ដឹង និងកាប្រើប្រាស់របបគាំពារសង្គម លើកកម្ពស់ការចូលរួមក្នុងកិច្ចសន្ទនាសង្គម និងធ្វើឱ្យកាន់តែប្រសើរនូវយន្តការគណនេយ្យភាពសង្គម។ ជំនួយឥតសំណងរបស់សហភាពអឺរ៉ុបសម្រាប់អង្គការ Oxfam (ក្នុងទឹកប្រាក់ ១,៨ លានអឺរ៉ូ) នឹងជួយឱ្យគម្រោងនេះដំណើរការរហូតដល់ឆ្នាំ ២០២៣។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម Oxfam ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានជួយឱ្យពលរដ្ឋកម្ពុជា កាន់តែដឹងពីភាពងាយរងគ្រោះរបស់ខ្លួន និងបានផ្តល់ឱកាសដ៏ល្អបំផុត ដើម្បីលើកកម្ពស់កិច្ចសហការគ្នាក្នុងចំណោមដៃគូពាក់ព័ន្ធនានា ដែលកំពុងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងគោលដៅកសាងប្រព័ន្ធគាំពារសង្គមមួយដែលកាន់តែមានលក្ខណៈបែបរិយាបន្ន និងឆ្លើយតបចំពោះវិបត្តិ។ អង្គការ Oxfam មានក្ដីសោមន្សរីករាយ ក្នុងការធ្វើការងារជាមួយនឹងសង្គមស៊ីវិល ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពាំនាំសំឡេងពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសសំឡេងរបស់ស្ត្រីឱ្យតួអង្គពាក់ព័ន្ធនានាបានដឹងឮ និងរួមចំណែកដល់ការកសាងប្រព័ន្ធគាំពារសង្គមមួយដែលកាន់តែមានលក្ខណៈបរិយាបន្ន គណនេយ្យភាព និងតម្លាភាព។” 


គម្រោងលើកកម្ពស់សេវាគំាពារសង្គមនៅកម្ពុជា ដឹកនាំដោយក្រុមប្រឹក្សាជាតិគាំពារសង្គម​ និងអនុវត្តដោយអង្គការ ILO និង យូនីសេហ្វដោយមានគោលដៅជាក់លាក់សំខាន់ៗចំនួន ៣​ដើម្បីសម្រេចឱ្យបាន។ ទី១ គម្រោងនេះមានគោលបំណងលើកកម្ពស់ការផ្តល់សេវា និងការសម្របសម្រួលនៃប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម តាមរយៈប្រព័ន្ធដែលធ្វើទំនើបកម្ម ។ ទី២ គម្រោងនេះនឹងពង្រីកវិសាលភាពនៃប្រព័ន្ធសនិ្តសុខសង្គមដល់កម្មករនិយោជិតឱ្យបានកាន់តែច្រើន។ ទី៣ គម្រោងនេះនឹងបង្កើនគុណភាព និងភាពស៊ីជម្រៅនៃសេវាជំនួយសង្គមដល់ពលរដ្ឋដែលរស់នៅក្នុងស្ថានភាពក្រីក្រ និងភាពងាយរងគ្រោះ ​ហើយក្នុងពេលទន្ទឹមគ្នា បង្កើនសមត្ថភាពនៃកម្មវិធីគាំពារសង្គម សំដៅពង្រឹងមុខរបរចិញ្ចឹមជីវិត​ និងការចូលរួមក្នុងទីផ្សារការងាររបស់ពួកគេ។ គម្រោងនេះបានទទួលថវិកាជិត ៥,៦ លានអឺរ៉ូ ​ហើយនឹងបន្ត អនុវត្តការរហូតដល់ឆ្នាំ ២០២៤។

លោក Graeme Buckley នាយកការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានមានប្រសាសន៍ថា “សេវាគាំពារសង្គមមានគោលដៅកាត់បន្ថយ និងបង្កាភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គម និងភាពក្រីក្រ។ វិបត្តិកូវីដ-១៩ បានរំលេចឱ្យឃើញពីសារៈសំខាន់នៃសេវាគាំពារសង្គមក្នុងការលើកកម្ពស់ភាពធន់ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ គម្រោងនេះនឹងរួមចំណែកដល់ការពង្រីកសេវាគំាពារសង្គម ដល់ស្ត្រី បុរស និងក្រុមគ្រួសាររបស់គេឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាបង្កើនការគ្របដណ្តប់នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិត ដែលមិនទាន់ទទួលបាននៅឡើយ ដើម្បីឈានទៅកសាងប្រព័ន្ធគាំពារសង្គម ឆ្លើយតបចំពោះយេនឌ័រ ដែលកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាព និងចីរភាព គ្របដណ្ដប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុង វដ្តជីវិតទាំងមូល ក៏ដូចជារួមចំណែកដល់ការសម្រេចបានការងារសមរម្យ ព្រមទាំងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព។”

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍សំខាន់ជាងគេដែលយើងមាន ដើម្បីដោះស្រាយភាពក្រីក្រដែលចាក់ឫសគល់យ៉ាងជ្រៅ ហើយដែលបន្តកើនឡើង ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម ពីជំងឺកូវីដ-១៩ មកលើពលរដ្ឋដែលងាយរងគ្រោះជាងគេនៅកម្ពុជា។ ការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាលើសេវាគាំពារសង្គមនៅពេលមុន​ និងក្នុងអំឡុងពេលនៃការរាតត្បាតជាសកល បានជួយគាំទ្រដល់សុខមាលភាពរបស់ពលរដ្ឋ រួមចំណែកដល់ការធានាបាននៅស្ថេរភាពសេដ្ឋកិច្ច និងជួយរក្សាលទ្ធផលនៃការអភិវឌ្ឍសម្រាប់កុមារ ដោយរួមបញ្ចូលទាំងតាមរយៈការទទួលបានសេវាអប់រំ និងសេវាថែទាំសុខភាពជាដើម។ ស្របពេលដែលកម្ពុជាផ្លាស់ទៅរកការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់រឹតតែមានសារៈសំខាន់ទៅទៀត។ ការគាំទ្ររបស់សហភាពអឺរ៉ុបមានសារៈសំខាន់ណាស់ ដើម្បីជួយយើងទាំងអស់គ្នា ក្នុងការពង្រឹងវិស័យគាំពារសង្គម ដើម្បីឱ្យវិស័យនេះមិនត្រឹមតែជួយគាំទ្រឱ្យស្ត្រី និងកុមារនៅកម្ពុជាអាចស្តារឡើងវិញពីការរាតត្បាតជាសកលប៉ុណ្ណោះទេ ថែមទាំងបន្តរីកចម្រើនក្រោយវិបត្តិនេះទៀតផង។”

សម្រាប់សំណួររបស់អ្នកសារព័ត៌មាន សូមទាក់ទង៖

លោកស្រី ប៉ុក ពូន មន្ត្រីព័ត៌មាន ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា
លេខទូរស័ព្ទ | អ៊ីម៉ែល៖ 012 347 716; pok.poun@eeas.europa.eu

លោក Finn Koh អ្នកគ្រប់គ្រងកម្មវិធីគាំពារសង្គម អង្គការអន្តរជាតិការងារ
លេខទូរស័ព្ទ | អ៊ីម៉ែល៖ 081 452 611; koh@ilo.org

លោកស្រី កែក ណារ៉ាទេវី អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងអង្គការ Oxfam នៅកម្ពុជា
លេខទូរស័ព្ទ | អ៊ីម៉ែល៖ 012 847 412; Naratevy.Kek@oxfam.org

លោក Rudina Vojvoda ប្រធានផ្នែកទំនាក់ទំនងយូនីសេហ្វកម្ពុជា
លេខទូរស័ព្ទ | អ៊ីម៉ែល៖ 092555294; rvojvoda@unicef.org

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook