លោកស្រី ខេតធឺរីន រ៉ាស់ហ៊្សល (Catherine Russell) ចូលកាន់តំណែងជានាយិកាប្រតិបត្តិថ្មីរបស់យូនីសេហ្វ

15 កុម្ភៈ 2022
លោកស្រី ខេតធឺរីន រ៉ាស់ហ៊្សល នាយិកាប្រតិបត្តិទី៨ របស់យូនីសេហ្វ ថតរូបនៅទីស្នាក់ការកណ្តាលរបស់យូនីសេហ្វនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មួយថ្ងៃមុនពេលចាប់ផ្តើមតួនាទីថ្មីរបស់លោកស្រី។
UNICEF/2022/JC McIlwaine
លោកស្រី ខេតធឺរីន រ៉ាស់ហ៊្សល នាយិកាប្រតិបត្តិទី៨ របស់យូនីសេហ្វ ថតរូបនៅទីស្នាក់ការកណ្តាលរបស់យូនីសេហ្វនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មួយថ្ងៃមុនពេលចាប់ផ្តើមតួនាទីថ្មីរបស់លោកស្រី។

ទីក្រុងញូវយ៉ក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅថ្ងៃនេះលោកស្រី ខេតធឺរីន រ៉ាស់ហ៊្សល បានចូលកាន់តំណែងជានាយិកាប្រតិបត្តិថ្មីរបស់យូនីសេហ្វ និងបានក្លាយជាស្ត្រីទី៤ ដែលកាន់តួនាទីដឹកនាំស្ថាប័ននេះក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់យូនីសេហ្វ។

លោកកស្រី រ៉ាស់ហ៊្សល បានមានប្រសាសន៍ថា៖ “វាជាកិត្តិយស និងឯកសិទ្ធិសម្រាប់ខ្ញុំដែលបានចូលរួមជា មួយយូនីសេហ្វ និងជួយដឹកនាំការងារដ៏អស្ចារ្យរបស់ស្ថាប័ននេះ​ ដើម្បីបុព្វហេតុកុមារក្នុងកាលៈទេសៈដ៏សំខាន់បែបនេះ។ នៅពេលដែលកុមាររាប់លាននាក់ទូទាំងសកលលោក កំពុងបន្តរងផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ និងវិបត្តិផ្សេងទៀត យូនីសេហ្វកំពុងដឹកនាំការអំពាវនាវឲ្យមានការការពារសិទ្ធិកុមារ និងអនាគតពួកគេ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការងារទាំងនេះនាពេលខាងមុខ។”

ចាប់ពីឆ្នាំ២០២០ ដល់ ២០២២ លោកស្រី រ៉ាស់ហ៊្សល បានកាន់តួនាទីក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាឧបការីប្រធានាធិបតី និងជានាយិកាការិយាល័យបុគ្គលិកប្រធានាធិបតីនៅសេតវិមាន។ ចាប់ពីឆ្នាំ២០១៣​ ដល់ឆ្នាំ ២០១៧ លោកស្រីធ្លាប់កាន់តួនាទីជាឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកបញ្ហាស្រ្តីសកល នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ក្នុងមុខតំណែងនេះ លោកស្រីបានបញ្ជ្រាបបញ្ហាស្រ្តីទៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ធ្វើជាតំណាងឲ្យសហរដ្ឋអាមេរិកក្នុងក្រុមប្រទេសជាង ៤៥ និងបានធ្វើការជាមួយរដ្ឋាភិបាលបរទេស អង្គការពហុភាគី និងអង្គការសង្គមស៊ីវិល។ លោកស្រី គឺជាស្ថាបនិកដ៏សំខាន់នៃ “យុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ភាពអង់អាចដល់ក្មេងស្រីជំទង់”ដែលជាយុទ្ធសាស្ត្រថ្មីមិនធ្លាប់មានកន្លងមក។

កន្លងមក លោកស្រី រ៉ាស់ហ៊្សល ធ្លាប់បំពេញតួនាទីជាឧបការីរងរបស់ប្រធានាធិបតីនៅសេតវិមាន ក្រោមអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបញ្ហាស្រ្តីអន្តរជាតិ នៃគណៈ កម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា ជាអគ្គរដ្ឋអាជ្ញារងនៃក្រសួងយុត្តិធម៌ និងជាប្រធានសេនាធិការនៃគណៈកម្មាធិការយុត្តិធម៌របស់ព្រឹទ្ធសភា។ មុនពេលចូលបម្រើការងារជាថ្មីឲ្យរដ្ឋាភិបាលក្នុងឆ្នាំ២០២០ លោកស្រីជាសាស្ត្រាចារ្យបង្រៀននៅសាលា Harvard Kennedy School ក្នុងនាមជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថាននយោបាយ។ លោកស្រីក៏ធ្លាប់កាន់តួនាទីជាសហប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគោលនយោបាយការបរទេសរបស់ស្ត្រី ជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ Women for Women International ជាសមាជិកនៃក្រុមប្រឹក្សាភិបាល Sesame Street Advisory Board ជាសមាជិករបស់ក្រុមប្រឹក្សា KIVA Advisory Council ដែលជាអង្គការមិនរកប្រាក់ចំណេញ និងជាសមាជិកនៃគំនិតផ្តួចផ្តើម Trust Women initiative របស់មូលនិធិ Thomson Reuters Foundation។

លោកស្រី រ៉ាស់ហ៊្សល មានសញ្ញាបត្របរិញ្ញាបត្រទស្សនវិជ្ជាពីមហាវិទ្យាល័យ Boston និងមានសញ្ញាបត្របណ្ឌិតច្បាប់ពីមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ George Washington University។

លោកស្រីគឺជានាយកប្រតិបត្តិទី៨ ដែលនឹងដឹកនាំស្ថាប័នដែលមានបុគ្គលិកចំនួន ២0.000 នាក់។

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

Najwa Mekki, UNICEF New York, +1 917 209 1804, nmekki@unicef.org

 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook