រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និងយូនីសេហ្វ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារសិទ្ធិទទួលបានការអប់រំ

14 តុលា 2020
Minister of Education hands over supply to teacher
UNICEF Cambodia/2020/Bunsak But

ខេត្តសៀមរាប ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងយូនីសេហ្វ បានរួមគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីវាយតម្លៃពីវឌ្ឍនភាពរបស់សាលារៀននៅកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ គណៈប្រតិភូបានទទួលស្វាគមន៍ពីសំណាក់​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងបុគ្គលិកសិក្សានៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។ ព្រឹត្តិការណ៍នេះគូសបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងបី ក្នុងការការពារសិទ្ធិទទួលបានការអប់រំរបស់កុមារ បើទោះជាមានបញ្ហាប្រឈមថ្មីៗដ៏សែនពិបាកបង្កដោយវិបត្តិសកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

សហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួន ២លានអឺរ៉ូ ដល់ ដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព​ និងការបន្តផ្ដល់សេវាអប់រំដល់កុមារដែលជាផ្នែកមួយនៃការគាំទ្រក្នុងការឆ្លើយតបនិងការស្ដារឡើងវិញពីជំងឺកុវីដ១៩។ តាមរយៈការគាំទ្រនេះ យុទ្ធនាការត្រឡប់ចូលរៀនវិញនៅទូទាំងប្រទេសត្រូវបានអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ ដើម្បីផ្ដល់ការណែនាំដល់កុមារ មាតាបិតា លោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលារៀនអំពីរបៀបធ្វើឱ្យសាលារៀនមានសុវត្ថិភាពបំផុត និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ១៩។ យុទ្ធនាការនេះនឹងបន្តរហូតដល់ឆ្នាំ២០២១ និងអាចពង្រីកវិសាលភាពបន្ថែមទៀត ដើម្បីបញ្ចូលព័ត៌មានដ៏មានតម្លៃ និងផ្ដល់ការលើកទឹកចិត្តផ្សេងៗ មិនត្រឹមតែដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវបរិយាកាសដ៏ល្អប្រសើរ និងផ្ដល់ការគាំទ្រដល់កុមារ ដើម្បីឱ្យពួកគេអាចរៀនសូត្របានចេះដឹង និងរីកចម្រើនផងដែរ។

លើសពីនេះ សម្ភារអនាម័យសំខាន់ៗក៏ត្រូវបានចែកជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាទាំង ១១.៥០០កន្លែងនៅទូទាំងប្រទេស។ ការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈមូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍសមត្ថភាពវិសយ័អប់រំ (CDPF) ដែលជាមូលនិធិទទួលបានថវិកាគាំទ្រពីអ្នកផ្ដល់ជំនួយជាច្រើន និងគ្រប់គ្រងដោយយូនីសេហ្វ ព្រមទាំងមានការបំពេញបន្ថែមពីដៃគូ CDPF ដទៃទៀត ដូចជាប្រទេសស៊ុយអែត ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងភាពជាដៃគូសកលសម្រាប់ការអប់រំ។ ដៃគូទាំងនេះកំពុងរួមចំណែកផ្ដល់សម្ភារអនាម័យដល់សាលាមធ្យមសិក្សាទាំង ១.៧៧១ កន្លែងក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖“យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភបន្ថែមពីសហភាពអឺរ៉ុបដល់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេសក្នុងពេលដ៏សែនពិបាកនេះ។ ការគាំទ្រនេះនឹងជួយឱ្យយើងធានាថា កុមារនៅតែអាចបន្តទទួលឱកាសរៀនសូត្រ បើទោះជាកំពុងប្រឈមនឹងបញ្ហាលំបាកៗដែលបង្កឡើងដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជំនួយគាំទ្រសម្រាប់ការបើកទ្វារសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពពីសហភាពអឺរ៉ុប និងដៃគូ CDPF ដទៃទៀត នឹងធ្វើឱ្យសហគមន៍មានទំនុកចិត្តថា សិស្សានុសិស្សដែលជាកូនចៅរបស់ពួកគាត់នឹងអាចវិលត្រឡប់ទៅសាលារៀនវិញក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងមានការគាំទ្រ”។

សហភាពអឺរ៉ុប ក៏កំពុងធ្វើការងារជាមួយយូនីសេហ្វ និងក្រសួងអប់រំ យុវជន​ និងកីឡា ដើម្បីពង្រឹង និងពង្រីកកម្មវិធីអាហារូបករណ៍នៅទូទាំងប្រទេសផងដែរ ដែលកម្មវិធីនេះគឺជាសសរស្ដម្ភមួយដ៏សំខាន់នៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា។ កម្មវិធីនេះមានសារសំខាន់ក្នុងការជំរុញឱ្យមានការគោរពនូវសិទ្ធិទទួលបានការអប់រំរបស់កុមារ ដែលជួបការលំបាកជាងគេ ពោលគឺកុមារដែលប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែផលប៉ះពាល់សង្គមសេដ្ឋកិច្ចបង្កដោយជំងឺកូវីដ១៩ មកលើក្រុមគ្រួសាររបស់ពួកគេ។

នៅក្នុងពិធីនេះតំណាងស្ថាប័នទាំងបី ក៏បានជួបជាមួយនឹងសិស្សអាហារូបករណ៍ ព្រមទាំងនាយក នាយិកាសាលារៀន ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ។ គណៈប្រតិភូក៏បានស្វែងយល់បន្ថែមទៀតអំពីអត្ថប្រយោជន៍ដែលកម្មវិធីអាហារូបករណ៍ផ្ដល់ដល់សិស្សានុសិស្ស និងលទ្ធផលវិជ្ជមានចេញពីការប្រើប្រាស់សម្ភារអនាម័យ និងការផ្សព្វផ្សាយសារសុវត្ថិភាពពីជំងឺកូវីដ១៩ នៅសាលារៀនផងដែរ។

លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ”ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន និងជាសសរគ្រឹះមួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺកូវីដ១៩ កំពុងបង្អាក់នូវការទទួលបានឱកាសអប់រំរបស់កុមារ ហើយកត្តានេះអាចក្លាយជាឧបសគ្គសម្រាប់ការស្តារទ្បើងវិញនាពេលអនាគតរបស់យើង។ អស់រយៈពេលជាង១៥ឆ្នាំមកហើយ សហភាពអឺរ៉ុបគឺជាដៃគូដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ហើយយើងមានមោទនភាពក្នុងការគាំទ្រយុទ្ធនាការរបស់ក្រសួងដើម្បីបើកសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពនៅទូទាំងប្រទេស។ ជាផ្នែកនៃការគាំទ្ររបស់យើងឆ្លើយតបនឹងជំងឺកូវីដ១៩ និងកម្មវិធីស្តារទ្បើងវិញ យើងនឹងចូលរួមចំណែកបង្កើនចំនួនអាហារូបករណ៍សម្រាប់កុមារ និងគ្រួសារងាយរងគ្រោះជាងគេ ដែលទទួលរងប៉ះពាល់ខ្លាំងពីវិបត្តិនេះ។”    

ជំងឺកូវីដ១៩ ដំបូងបង្កជាវិបត្តិដល់វិស័យសុខាភិបាល ប៉ុន្តែបច្ចុប្បន្ននេះវាក៏បណ្ដាលឱ្យមានវិបត្តិដល់វិស័យអប់រំ ដែលកំពុងបង្កការរំខានដល់ការសិក្សារបស់កុមារជាច្រើនលាននាក់។ ចាប់តាំងពីដំណាក់កាលដំបូងៗនៃជំងឺរាតត្បាតជាសកលនេះកើតមានឡើង យូនីសេហ្វបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យកុមារអាចបន្តការរៀនសូត្ររបស់ពួកគេបាន បើទោះជាសាលារៀនត្រូវបិទទ្វារយ៉ាងណាក៏ដោយ និងបានត្រៀមលក្ខណៈដើម្បីបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅគ្រប់វិបត្តិទាំងអស់សុទ្ធតែមានកាលានុវត្តភាពសម្រាប់យើងគិតសាជាថ្មី និងស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរជាងមុន។​ វាមានសារសំខាន់ណាស់ ដែលវិធានការឆ្លើយតបចំពោះជំងឺកូវីដ១៩ បានក្លាយជាកតាលីករសម្រាប់បើកដំណើរការសាលារៀនឡើងវិញឱ្យរឹតតែប្រសើរជាងមុន ដើម្បីធ្វើឱ្យសាលារៀនក្លាយជាកន្លែងដែលមានបរិយាបន្ន និងមានភាពធន់។ គោលដៅនេះអាចសម្រេ​ចទៅបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់   រាជរដ្ឋាភិបាលកម្ពុជា”។

កំណត់សម្គាល់ចំពោះនិពន្ធនាយក៖

អំពីយូនីសេហ្វ៖ 

យូនីសេហ្វនៅកម្ពុជា បំពេញការងារដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខមាលភាពសម្រាប់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយគាំទ្រការសម្រេចនូវសក្ដានុពលពួកគេចាប់ពីវ័យកុមារតូច រហូតដល់ក្មេងជំទង់។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារយូនីសេហ្វដើម្បីកុមារ សូមចូលទៅកាន់គេហទំព័រ www.unicef.org.kh។ សូមតាមដានព័ត៌មានអំពីយូនីសេហ្វតាមរយៈ Twitter និង Facebook

អំពី CDPF

មូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍន៍សមត្ថភាពវិសយ័អប់រំ​ (CDPF)គឺជាភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។ តាមរយៈយន្តការប្រមូលផ្ដុំថវិការួមគ្នា​ CDPF​ ផ្ដល់ការគាំទ្រដល់ការអនុវត្តសកម្មភាពអាទិភាពអភិវឌ្ឍន៍សមត្ថភាពសម្រាប់វិស័យអប់រំ។ CDPF បានឈានចូលដល់ដំណាក់កាលទីបីកាលពីឆ្នាំ២០១៨ ដែលនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងទឹកប្រាក់សរុបប្រមាណ ៣២លានដុល្លារ។ ដំណាក់កាលថ្មីនេះផ្អែកតាមជោគជ័យនៅក្នុងដំណាក់កាលទាំង២ មុនៗដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១១ មក។

អំពីសហភាពអឺរ៉ុប
សហភាពអឺរ៉ុប គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយនៃបណ្តាប្រទេសអឺរ៉ុបចំនួន២៧។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់កម្ពុជា ហើយរួមជាមួយនឹងរដ្ឋជាសមាជិករបស់ខ្លួន ក៏ជាដៃគូអភិវឌ្ឍន៍ដ៏ធំជាងគេ ក្នុងចំណោមដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសកម្ពុជា។ អស់ជាច្រើនឆ្នាំមកហើយ សហភាពអឺរ៉ុប បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងចូលរួមចំណែកគាំទ្រដល់ការងារអភិវឌ្ឍន៍ របស់ប្រទេស ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ កម្មវិធីរបស់សហភាពអឺរ៉ុប កំពុងអនុវត្តនៅក្នុងវិស័យមួយចំនួនដូចជា វិស័យអប់រំ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ច សិទ្ធិមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន និងបម្រែបម្រួលអាកាសធាតុ។ ប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងភ្នំពេញ គឺជាតំណាងនៃសហភាពអឺរ៉ុបក្នុងកិច្ចការទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល កម្ពុជាសម្រាប់គ្រប់ កិច្ចការនៅក្នុងយុត្តាធិការរបស់សហភាពអឺរ៉ុប។ សូមតាមដានព័ត៌មានអំពីប្រតិភូសហភាពអឺរ៉ុប
តាមរយៈទំព័រ Facebook

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន កីទ្បា
ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦ ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com​​

អ្នកស្រី ប៉ុក ពូន​ មន្ត្រីព័ត៌មាន ប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ៖ (+៨៥៥) ១២ ៣៤៧ ៧១៦ ឬសារអេឡិកត្រូនិក៖ Pok.POUN@eeas.europa.eu

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook