រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ សហការគ្នាជាដៃគូដើម្បីពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា

- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥ - រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ កំពុងចាប់ដៃគូគ្នាដើម្បីលើកកម្ពស់គុណភាពការអប់រំប្រកដោយបរិយាបន្ន សុខភាព អាហារូបត្ថម្ភ និងអនាម័យ សម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា។
ការគាំទ្រនេះមានគោលបំណងបំពេញចន្លោះខ្វះខាតនៃគុណភាព និងលទ្ធភាពក្នុងការទទួលសេវាកម្មសំខាន់ៗសម្រាប់កុមារ ស្ត្រី និងគ្រួសារ រួមទាំងទារកទើបនឹងកើត ទារកមានពិការភាព កុមារដែលមានហានិភ័យកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារងាររងគ្រោះ នៅក្នុងតំបន់ដាច់ស្រយាល និងខ្វះខាតបំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។
ឯកឧត្តម វ៉ាង វ៉ិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «យើងសង្ឃឹមថា តាមរយៈគម្រោងនេះ កុមារនៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា អាចមានអារម្មណ៍កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ពីប្រជាជនចិន។ កុមារគឺជាអនាគតរបស់ប្រទេស និងប្រជាជាតិ។ យើងគួររួមគ្នាថែទាំដល់ការលូតលាស់របស់កុមារឱ្យមានសុខភាពល្អ។ កុមារគឺជាអ្នកស្នងមរតកនៃមិត្តភាពប្រពៃណីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និងជាអ្នកបន្តវេននៃការអភិវឌ្ឍពិភពលោក។»
លោកឯកអគ្គរដ្ឋទូត បន្តទៀតថា «រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនមានឆន្ទៈធ្វើការជាមួយរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងអង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការគាំទ្រសម្រាប់ការអប់រំ និងសុខភាពរបស់កុមារក្នុងសហគមន៍ងាយរងគ្រោះបំផុតនៅកម្ពុជា ក្រោមមូលនិធិអភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ (South-South Cooperation) ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជន និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ រួមជាមួយនឹងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។»
កុមារជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល បន្តប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាពប្រកបដោយគុណភាព និងទឹកស្អាត។ ការវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិសម្រាប់ថ្នាក់ទី ៦ ក្នុងឆ្នាំ ២០២១ បានបង្ហាញថា សិស្ស ៤៥ ភាគរយមានចំណេះដឹងផ្នែកភាសាខ្មែរក្រោមកម្រិតមូលដ្ឋាន ហើយសិស្ស ៣ នាក់ក្នុងចំណោម ៤ នាក់ (៧៤ ភាគរយ) មានចំណេះដឹងផ្នែកគណិតវិទ្យាក្រោមកម្រិតមូលដ្ឋាន ។ កុមារម្នាក់ក្នុងចំណោមដប់នាក់ដែលមានអាយុក្រោម ៥ ឆ្នាំនៅតែមានបញ្ហាស្គមស្គាំង (កង្វះអាហារូបត្ថម្ភស្រួចស្រាល់) ដែលអត្រានេះពុំមានការថយចុះទេក្នុងទសវត្សរ៍កន្លងទៅ។ ហើយទោះបីជាការទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) មានភាពប្រសើរឡើងក៏ដោយ មូលដ្ឋានព្យាបាល និងថែទាំសុខភាពមួយភាគបីមិនមានលទ្ធភាពទទួលបានសេវាលាងសម្អាតដៃជាមូលដ្ឋាន ហើយ ៧៨ ភាគរយមិនមានលទ្ធភាពទទួលបានសេវាបង្គន់អនាម័យជាមូលដ្ឋានទេ។ លទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) កាន់តែរងការប៉ះពាល់ដោយសារភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជាចំពោះគ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះជាពេលវេលាដ៏សំខាន់មួយសម្រាប់កុមារកម្ពុជា។ បើទោះបីជាយើងធ្វើឱ្យជីវិតរស់នៅ និងសុខុមាលភាពរបស់កុមារប្រសើរឡើងក៏ដោយ ប៉ុន្តែបញ្ហាប្រឈមសកលដែលកំពុងតែកើនឡើង កំពុងគំរាមកំហែងដល់អនាគតរបស់ពួកគេ។ ជាពិសេស កុមារងាយរងគ្រោះបំផុត កំពុងប្រឈមនឹងហានិភ័យដែលត្រូវបានគេមិនយកចិត្តទុកដាក់ ទាំងនៅសាលារៀន នៅផ្ទះ និងក្នុងសហគមន៍របស់ពួកគេ។»
«យើងសូមអរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយពីយើងច្រើនបំផុត។ ដោយរួមជាមួយគ្នា យើងអាចធានាបានថា កុមារគ្រប់រូប មិនថាមានប្រវត្តិ ឬកាលៈទេសៈយ៉ាងណា អាចសម្រេចបាននូវសិទ្ធិរបស់ពួកគេក្នុងការរៀនសូត្រ ការលូតលាស់ និងអភិវឌ្ឍឱ្យពេញសក្ដានុពលរបស់ពួកគេ។»
ភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់សិស្សានុសិស្សវ័យក្មេងៗនៅក្នុងប្រទេស។ គម្រោងនេះនឹងផ្តល់ការផ្គត់ផ្គង់ សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន ១០.០០០ នាក់ និងសិស្ស ៨០.០០០ នាក់នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារមានពិការភាពចំនួន ៦០០ នាក់ ដើម្បីធ្វើឲ្យការសិក្សាកម្រិតបឋមសិក្សា និងការរៀនសូត្រប្រកបដោយបរិយាបន្នមានភាពប្រសើរឡើង។ ដើម្បីលើកកម្ពស់ការផ្តល់អាហារដល់ទារក និងកុមារតូច ការត្រួតពិនិត្យការលូតលាស់ និងការរកឃើញការកុមារដែលមានបញ្ហាស្គមស្គាំង ជំនួយពីប្រជាជនចិន ក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០ នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន ២០០ កន្លែង និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០ នាក់ ដើម្បីផ្តល់សេវាសុខភាព និងអាហារូបត្ថម្ភប្រកបដោយគុណភាព ។ ការគាំទ្រនេះក៏នឹងជួយបុគ្គលិកសុខាភិបាល និងគ្រូបង្រៀនចាប់យកឥរិយាបថថែទាំមានសុខភាពល្អ និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ៥ ឆ្នាំចំនួន ៦៥.០០០ នាក់ និងសិស្សានុសិស្ស ៣០.០០០ នាក់ ។
លើសពីនេះទៀត ដើម្បីដោះស្រាយគម្លាតជាបន្ទាន់ក្នុងការទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) សម្ភារៈអនាម័យចាំបាច់សម្រាប់ការសម្អាតដៃ នឹងត្រូវបានផ្តល់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលហានិភ័យនៃការចម្លងរោគ និងការរីករាលដាលនៃជំងឺមានកម្រិតខ្ពស់។ សម្ភារៈអនាម័យសម្អាតដៃក៏នឹងត្រូវផ្តល់ជូនរួមជាមួយនឹងសម្ភារៈសិក្សា និងបង្រៀនផ្សេងទៀតដល់មត្តេយ្យសិក្សាសហគមន៍ចំនួនជាង ៣.០០០ ទីតាំង នៅក្នុងប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារប្រមាណ ៦០.០០០ នាក់។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការងារនៅតាមទីកន្លែងលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកមួយកាន់តែល្អសម្រាប់មនុស្សគ្រប់រូប។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖
តាមដានយូនីសេហ្វនៅកម្ពុជាតាម Facebook | Twitter | យូធូប | Instagram | LinkedIn | Threads | TikTok