រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ សហការការពារកិច្ចអប់រំរបស់កុមារតូច ដោយផ្តល់នូវកញ្ចប់សម្ភារអប់រំតាមផ្ទះចំនួន ៧៦០.១៨០ កញ្ចប់

28 កញ្ញា 2021
© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១៖ ថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីដៃគូនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF) សហភាពអឺរ៉ុប មូលនិធិសហ​ប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអែត (SIDA) និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) បានប្រកាសជាផ្លូវការអំពីការចែកចាយសម្ភារសិក្សាតាមផ្ទះចំនួន ៧៦0.១៨0 កញ្ចប់​ ជាការឧបត្ថម្ភដល់កុមារ​តូចៗដែលរងផលប៉ះពាល់ដោយសារការអាក់ខានរៀនសូត្រនៅតាមសាលារៀននានានៅកម្ពុជា។ ការចែកសម្ភារដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះ នឹងបានទៅដល់ដៃកុមារគ្រប់រូប ដែលសិក្សានៅថ្នាក់ទី ១ និងទី ២ នៃសាលាបឋមសិក្សារដ្ឋទាំង ៧.៣0៤ កន្លែងនៅទូទាំង ២៥ រាជធានី និងខេត្ត ។ លើសពីនេះ ក៏មានការរៀបចំឯកសារបន្ថែមទៀតសម្រាប់គាំទ្រសិស្សានុសិស្សនិយាយភាសាដើមភាគតិចចំនួន ៥.000 នាក់ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ដើម្បីជួយឱ្យពួកគេសិក្សាដោយប្រើប្រាស់ភាសាផ្ទាល់ខ្លួនបានផងដែរ។

ខណៈដែលសាលារៀនជាច្រើនបានចាប់ផ្តើមបើកដំណើរការឡើងវិញ សាលារៀនភាគច្រើនកំពុងប្រើប្រាស់វិធីសាស្ត្រសិក្សាបែបចម្រុះដោយបញ្ចូលការសិក្សាផ្ទាល់ជាមួយនឹងការសិក្សាតាមផ្ទះ។ កញ្ចប់សម្ភារសិក្សាតាមផ្ទះថ្មីទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រកុមាររៀនផ្ទាល់ក្នុងថ្នាក់រៀនផង និងនៅឯផ្ទះផង ដោយឯកសារទាំងនេះត្រូវបានសម្រិតសម្រាំងឱ្យងាយសិក្សា និងមានប្រសិទ្ធភាពនៅគ្រប់ស្ថានភាពទាំងអស់។​ សម្រាប់កុមារដែលសាលារៀនរបស់ពួកគេនៅតែបន្តបិទទ្វារដោយសារតែកត្តាហានិភ័យនានាបង្កដោយជំងឺកូវីដ-១៩​ កញ្ចប់សម្ភារអប់រំទាំងនេះគឺជាធនធានដ៏មានតម្លៃដើម្បីធានាថាកុមារទាំងនោះនៅតែអាចបន្តការសិក្សារបស់ខ្លួនបាន។

កញ្ចប់សម្ភារអប់រំទាំងនេះរួមមាន សៀវភៅពុម្ពសំរាប់កុមារតាមវ័យ និងឯកសារស្វ័យសិក្សា ដើម្បីពង្រឹងអំណាន សំណេរ ការប្រកប និងគណិតវិទ្យា ដែលសុទ្ធតែជួយបំពេញបន្ថែមលើកម្មវិធីសិក្សា ថ្នាក់ទី ១ និងថ្នាក់ទី ២ របស់ក្រសួងអប់រំ យុវជន និងកីឡា។ កញ្ចប់សម្ភារទាំងនេះក៏មានបញ្ចូលព័ត៌មានអំពីវិធីសាស្ត្រដែលមាតាបិតាអាចប្រើប្រាស់ដើម្បីជួយគំាទ្រដល់ការអប់រំកូនៗ និងបន្តការពារពួកគេពីជំងឺកូវីដ-១៩ ដោយមានបញ្ចូលសាប៊ូមួយដុំ និងវេចខ្ចប់ដាក់ក្នុងកាបូបមេត្រីបរិស្ថាន សម្រាប់យកមកប្រើប្រាស់ឡើងវិញបានផងដែរ។

ការចែកចាយកញ្ចប់សម្ភារសិក្សាតាមផ្ទះ ត្រូវបានប្រកាសក្នុងពិធីមួយដែលរៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីព្រឹកម៉ិញនេះតាមរយៈប្រព័ន្ធវីដេអូខនហ្វើរិនស៍។ វាគ្មិនកិត្តិយសដែលចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក  Magnus Saemundsson លេខាទី ១ នៃ      ស្ថានទូតស៊ុយអែត លោកស្រី Hanh Nguyen ប្រធានបេសកកម្មស្តីទីរបស់ USAID កម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងយូនីសេហ្វនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាដ៏សែនលំបាកសម្រាប់ការអប់រំនៅទូទាំងពិភពលោករួមទាំងនៅកម្ពុជាផងដែរ។ យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការគាំទ្រដែលផ្តល់ដោយដៃគូដ៏មានតម្លៃរបស់យើង ដូចជា សហភាពអឺរ៉ុប SIDA, USAID, GPE និងយូនីសេហ្វ ក្រោមមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាព (CDPF) ដើម្បីជួយកម្ពុជាក្នុងការគាំទ្រសិស្សានុសិស្សក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ-១៩ជាសកលនេះ។ បច្ចុប្បន្ននេះ យើងកំពុងចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ ប៉ុន្តែយើងត្រូវតែធ្វើការងារនេះយ៉ាងប្រុងប្រយ័ត្ន ដោយប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នារវាងការសិក្សាផ្ទាល់ក្នុងសាលារៀន ជាមួយនឹងការសិក្សានៅតាមផ្ទះ។ សម្ភារសិក្សាទាំងនេះនឹងជួយយើងឲ្យយុទ្ធសាស្ត្រថ្មីនេះទទួលបានជោគជ័យ និងជាពិសេសសម្រាប់ជាជំនួយដល់សិស្សចំនួន ៥0% ដែលពុំមានលទ្ធភាពរៀនសូត្រតាមប្រព័ន្ធអនឡាញនៅតាមផ្ទះរបស់ពួកគេបាន។ សូមថ្លែងអរគុណដល់ការឧបត្ថម្ភនេះ សិស្សានុសិស្សថ្នាក់ទី ១ និងទី ២ របស់យើងនឹងបានសិក្សាត្រៀម និងអាចចាប់ផ្តើមបានយ៉ាងល្អនៅពេលដែលថ្នាក់រៀនបើកដំណើរការពេញលេញឡើងវិញ។”

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “សាលារៀននឹងបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សទាំងនេះមិនអាចត្រឡប់ទៅអាយុ ៦ ឬ ៧ ឆ្នាំម្តងទៀតបានឡើយ អាយុកម្រិតនេះផ្តល់ឱកាសល្អបំផុតសម្រាប់ឱ្យកុមាររៀនអាន ប្រកបអក្សរ និងរាប់លេខបានយ៉ាងល្អ។ យើងមិនអាចមិនអើពើ និងទុកកុមារទាំងនេះឲ្យបន្តខកខានការសិក្សាររបស់ពួកគេឡើយ។ ពួកគេមានសិទ្ធិទទួលបានការអប់រំ ទោះជាស្ថិតនៅក្នុងបរិបទដ៏សែនលំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។ យើងដឹងថាការសិក្សាដោយប្រើឯកសារជាក្រដាសសម្រាប់កុមារនៅក្រុមអាយុនេះ មានប្រសិទ្ធភាពជាងការសិក្សាតាមប្រព័ន្ធអនឡាញ។ ដូចនេះហើយទើបយើងរីករាយជាខ្លាំងក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូ CDPF  ទាំងអស់របស់យើង​ដើម្បីផ្តល់នូវកញ្ចប់សម្ភារសម្រាប់សិក្សានៅតាមផ្ទះទាំងនេះ។ ការចែកសម្ភារសិក្សាដល់សិស្សថ្នាក់ទី ១ និងទី ២ គ្រប់រូបនៅកម្ពុជា បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ដែលហៅថា ក្រុមអឺរ៉ុប (Team Europe) ដើម្បីប្រយុទ្ធប្រឆាំងផលប៉ះពាល់ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “រដ្ឋាភិបាល និងដៃគូនានា ដូចជាយូនីសេហ្វជាដើម បានខិតខំប្រឹងប្រែង ដើម្បីជួយដល់សិស្សានុសិស្សទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ឱ្យពួកគេនូវធនធានរៀនពីចម្ងាយ ចាប់តាំងពីថ្នាក់រៀនរបស់ពួកគេបិទទ្វារជាលើកទី ១ មកម្ល៉េះ។ ទោះជាយ៉ាងនេះក្តី យើងដឹងថាការរៀនតាមអនឡាញពុំមានប្រសិទ្ធភាពដូចការរៀននៅក្នុងថ្នាក់ផ្ទាល់ ឬការរៀនដោយប្រើប្រាស់ឯកសារជាគោលនោះឡើយ។ ដូច្នេះយើងមានមោទកភាពដែលបានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតឯកសារសម្រាប់សិក្សាតាមផ្ទះនេះ ដើម្បីបំពេញបន្ថែមលើកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងចែកឯកសារទាំងនេះដល់សិស្សថ្នាក់ទី ១ និងទី ២ គ្រប់រូបនៅគ្រប់ភូមិទាំងអស់ក្នុងប្រទេសកម្ពុជា។ ខណៈដែលសាលារៀនចាប់ផ្តើមបើកដំណើរការឡើងវិញ គោលបំណងនៃការចែកចាយកញ្ចប់សម្ភារសិក្សាទាំងនេះ គឺដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលមិនឲ្យរៀនសូត្រនោះឡើយ។ 

លោក Magnus Saemundsson  លេខាទី ១ នៃស្ថានទូតស៊ុយអែតមានប្រសាសន៍ថា៖ “ភស្តុតាងដែលរកឃើញតាមរយៈការស្រាវជ្រាវជុំវិញពិភពលោកបង្ហាញថា ការអប់រំនាំមកនូវការផ្លាស់ប្តូរយូរអង្វែងសម្រាប់ជីវិតរបស់កុមារ។ ការអប់រំមិនត្រឹមតែប្រសើរសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ​ ការអប់រំគឺប្រសើរសម្រាប់ប្រជាជាតិទាំងមូលទៀតផង។ ការវិនិយោគលើការអប់រំមិនត្រឹមតែជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះទេ តែជាការវិនិយោគសេដ្ឋកិច្ចដ៏វៃឆ្លាត។ ភស្តុតាងនានាបង្ហាញថាជាមធ្យមការទទួលបានការអប់រំបន្ថែម ១ ឆ្នាំ ជួយឱ្យបុគ្គលម្នាក់កើនចំណូលបាន ១០% និងបង្កើន    ផ.ស.ស. របស់ប្រទេសបាន ១៨%។ ការបិទសាលាទាំងអស់នៅកម្ពុជាដើម្បីការពារការឆ្លងរាលដាលវីរុសរាតត្បាតជាសកល បានបង្កការខាតបង់ដល់វិស័យអប់រំយ៉ាងមហិមា ហើយមិនខុសគ្នាទេបញ្ហានេះកំពុងតែកើតឡើងក្នុងប្រទេសជាច្រើននៅក្នុងពិភពលោកផងដែរ។ បច្ចុប្បន្ននេះ ខណៈដែលសាលារៀនកំពុងបើកដំណើរការឡើងវិញដោយអនុវត្តវិធានការសុវត្ថិភាពជាគោល ជាការសំខាន់ណាស់ដែលត្រូវមានការរៀបចំយ៉ាងណាឱ្យការប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នាពោលគឺការសិក្សាក្នុងថ្នាក់ផង និងការសិក្សាតាមផ្ទះផងទទួលបានជោគជ័យ។ កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ នឹងមានប្រយោជន៍បំផុត ដើម្បីជួយឱ្យយើងសម្រេច​គោលដៅខាងលើនេះបានដោយជោគជ័យ។” 

លោកស្រី Hanh Nguyen ប្រធានបេសកកម្មស្តីទីរបស់ USAID កម្ពុជាមានប្រសាសន៍ថា៖ “USAID គឺជាអ្នកគាំទ្រប្រកបដោយមោទកភាពជាយូរមកហើយសម្រាប់ពលរដ្ឋកម្ពុជា។ ការសហការរបស់យើងជាមួយនឹងដៃគូចម្រុះដែលកំពុងមានវត្តមាននៅទីនេះ រាប់បញ្ចូលទាំងគ្រូ និងសិស្សានុសិស្សដែលជាអ្នកពោរពេញដោយការប្តេជ្ញាចិត្តនៅកម្ពុជា គឺជាសក្ខីកម្មដែលបង្ហាញពីការគាំទ្រនេះ។ USAID ជឿថាក្រុមការងារដែលពោរពេញដោយការប្តេជ្ញាចិត្តហើយដែលបានខិតខំចែករំលែកជំនាញ​ និងបទពិសោធបច្ចេកទេសរបស់ខ្លួនអាចនាំឱ្យមានលទ្ធផលជាក់លាក់ និងប្រសិទ្ធភាពយូរអង្វែង។ កញ្ចប់សម្ភារសិក្សាដែលកំពុងត្រូវបានចែកចាយនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអ្នកអប់រំនៅកម្ពុជា អ្នកជំនាញរបស់ក្រសួង អ្នកនិពន្ធជាតិ និងអ្នករចនាក្រាហ្វិក។ សម្ភារទាំងនេះគឺជាធនធានដ៏មានតម្លៃសម្រាប់បម្រើផលប្រយោជន៍សាលារៀន និងសហគមន៍ មិនត្រឹមតែក្នុងអំឡុងដែលមានការរំខានដោយសារជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រើប្រាស់ដល់ជំនាន់ក្រោយៗទៀតផង­។”

 

សាវតារ

មូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាព (CDPF) គឺជាភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។ តាមរយៈយន្តការមូលនិធិបញ្ចូលគ្នា CDPF ផ្តល់ការគាំទ្រដល់ការអនុវត្តអាទិភាពជុំវិញ ការអភិវឌ្ឍសមត្ថភាពក្នុងវិស័យអប់រំ។ CDPF បានចូលមកដល់ដំណាក់កាលទី ៣ កាលពីឆ្នាំ ២០១៨ ដែលនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមកសាងសមត្ថភាពក្នុងទឹកប្រាក់ប្រមាណ ៣២ លានដុល្លារ។ ដំណាក់កាលថ្មីនេះត្រូវបានរៀបចំឡើងផ្អែកតាមជោគជ័យដែលទទួលបានពីដំណាក់កាល ២ មុនៗដែលអនុវត្តចាប់តាំងពីឆ្នាំ ២០១១ ជាមួយនឹងថវិកាបន្ថែមសរុបចំនួន ២៤ លានដុល្លារ។ 

CDPF បានបន្តផ្តល់ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដូចជា តាមរយៈការចែកសម្ភារអនាម័យ កាលពីឆ្នាំ ២០២០ ដល់សាលារៀនទាំងអស់ ប្រាស្រ័យទាក់ទងដោយប្រើប្រាស់វិធីសាស្ត្រសមស្រប ការរៀបចំឯកសារ សម្ភារសម្រាប់គាំទ្រដល់ការបន្តសិក្សារៀនសូត្ររបស់កុមារ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាពដទៃទៀត។

 

អំពីសហភាពអឺរ៉ុប (EU)

សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយដ៏ពិសេស ដែលមានសមាជិកចំនួន ២៧ ប្រទេស ដែលរួមគ្នាគ្របដណ្តប់លើផ្ទៃដីភាគច្រើននៃទ្វីបនេះ។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ២ របស់កម្ពុជា និងជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ធំជាងគេមួយរបស់ប្រទេសនេះ បើគិតបញ្ចូលជាមួយនឹងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប។

សហភាពអឺរ៉ុប គឺជាស្ថាប័នរួមចំណែកធំជាងគេដល់វិស័យអប់រំនៅកម្ពុជា។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករួមគ្នាវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់វិស័យអប់រំច្រើនជាងប្រទេសដទៃទៀត​នៅក្នុងពិភពលោក។

សូមតាមដានព័ត៌មានអំពីប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជាតាមរយៈ ហ្វេសប៊ុក។

 

ទំនាក់ទំនងព័ត៌មាន

ឯកឧត្តមបណ្ឌិត រស់ សុខវាចា អ្នកនាំពាក្យក្រសួងអ​ប់រំយុវជន និងកីឡា

ទូរស័ព្ទ៖ +855 78 755 556 ឬ អ៊ីមែល៖ soveacha2002@yahoo.com

ពុក ពូន មន្ត្រីសារព័ត៌មាន និងព័ត៌មាន ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា 

ទូរស័ព្ទ៖ (+855) 12 347 716 ឬ អ៊ីមែល៖ pok.poun@eeas.europa.eu

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook