រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមដំណាក់កាលថ្មីនៃកម្មវិធីអប់រំពិសេស

CDPF ផ្តោតលើការបង្កើនសមត្ថភាពរបស់ក្រសួង ក្នុងការផ្តល់សេវាអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ដល់កុមារគ្រប់រូប និងធានាប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងបុគ្គលិកអប់រំនៅគ្រប់ជាន់ថ្នាក់។

20 មីនា 2019
A female teacher reads a book with her class at Kampong Thmar Primary School, Kang Sao village, Santok district, Kampong Thom commune, Kampong Thom province on July 5, 2018.
UNICEF Cambodia/2018/Todd Brown

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨៖ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសចាប់ផ្តើមអនុវត្តដំណាក់កាលថ្មី និងជាដំណាក់កាលចុងក្រោយ នៃកម្មវិធីភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព
វិស័យអប់រំ ដែលជាកម្មវិធីអនុវត្តរួមគ្នាដោយស្ថាប័នជាច្រើនក្នុងរយៈពេលច្រើនឆ្នាំ ក្នុងគោលបំណងពង្រឹងវិស័យអប់រំក្នុង ប្រទេសកម្ពុជា ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២១។

មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) គឺជាភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា
សហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។   កម្មវិធីនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ​២០១១ ហើយបានឈានដល់ដំណាក់កាលទីបីក្នុងឆ្នាំ២០១៨ នេះ ដោយមានថវិកាសុរបចំនួន ២៧លានដុល្លារ សម្រាប់
អនុវត្តក្នុងរយៈពេលបួនឆ្នាំខាងមុខ។

ក្នុងពិធីប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីនេះជាផ្លូវការនាថ្ងៃនេះ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាការពង្រីកភាពជាដៃគូនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្មវិធីនេះ ក្នុងដំណាក់កាលចុងក្រោយ។

ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា “យើងសូមស្វាគមន៍ភាពជាដៃគូសកលសម្រាប់ការអប់រំ និង USAID ក្នុងការចូលរួមជាដៃគូក្នុងកម្មវិធី CDPF និងរំពឹងនូវកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងគ្រប់ដៃគូទាំងអស់នៅក្នុងដំណាក់កាលចុងក្រោយនៃកម្មវិធីនេះ។ សកម្មភាពដែលយើងអនុវត្តក្រោមកម្មវិធី CDPF ផ្តោតលើការបង្កើនសមត្ថភាពរបស់ក្រសួង ក្នុងការផ្តល់សេវាអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ដល់កុមារគ្រប់រូប និងធានាប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងបុគ្គលិកអប់រំនៅគ្រប់ជាន់ថ្នាក់។ យើងនឹងបន្តពង្រឹងសមត្ថភាពអ្នកជំនាញអប់រំក្នុងប្រទេសកម្ពុជា ដើម្បីឱ្យកុមារគ្រប់រូបក្នុងប្រទេសនេះ អាចទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងគុណភាព។”

កម្មវិធី CDPF ក្នុងដំណាក់កាលថ្មីនេះ នឹងបន្តបំពេញបន្ថែមលើថវិកាអប់រំរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពក្នុងការផ្តល់សេវាអប់រំឱ្យបានកាន់តែប្រសើរដល់កុមារកម្ពុជាគ្រប់រូប។

លោក George Edgar ឯកអគ្គរាជទូតសហភាពអឺរ៉ុប បានមានប្រសាសន៍ថា “សហភាពអឺរ៉ុប រួមគ្នាជាមួយនឹង SIDA និងយូនីសេហ្វ បានចូលរួមក្នុងកម្មវិធី CDPF ចាប់តាំងពីកម្មវិធីនេះចាប់​ផ្តើមដំបូង។ យើងជឿជាក់យ៉ាងមុតមាំលើវិធីសាស្រ្ត ដែលក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ សម្រេចប្រើប្រាស់ក្នុងការអភិវឌ្ឍសមត្ថភាព។  CDPF ផ្តល់លទ្ធភាពឱ្យមានការរៀបចំយុទ្ធសាស្រ្តដែលមានរចនាសម្ព័ន្ធ និងការសម្របសម្រួលល្អ និងមានភាពស៊ីសង្វាក់គ្នា ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាព និងការអនុវត្តកំណែទម្រង់នានា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងអប់រំ  យុវជន និងកីឡា រាប់បញ្ចូលទាំងសាលារៀនផងដែរ។ ការបញ្ចូលថវិការួមចំណែកពី GPE និង USAID ក្នុងដំណាក់កាលថ្មីនេះ គឺជាសញ្ញាដែលបង្ហាញពីការបំពេញការងារយ៉ាងល្អរបស់កម្មវិធី CDPF និងការទទួលស្គាល់ពីភាពប្រើប្រាស់បាននៃប្រព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បីសម្រេចលទ្ធផល និងបង្កើនកិច្ចសហការរួមគ្នា និងការធ្វើសុខដុមនីយកម្មសកម្មភាពនានា ឱ្យមានទិសដៅស្របគ្នាក្នុងវិស័យអប់រំ។ លើសពីនេះ កម្មវិធីនេះ ថែមទាំងបន្ថែមនូវគុណតម្លៃ ដល់ទស្សនទានស្តីពីភាពជាដៃគូ ដែលជាមូលដ្ឋានគ្រឹះនៃកម្មវិធី CDPF  ផងដែរ។”

ដំណាក់កាលទីបីនៃកម្មវិធីនេះ នឹងកសាងបន្ថែមលើជោគជ័យ ដែលសម្រេចបានក្នុងដំណាក់កាលមុនៗ ដើម្បីផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ដល់កុមារក្នុងវ័យចូលរៀននៅក្នុងប្រទេសនេះ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍចំនួនបីសំខាន់ៗ៖

  • ពង្រឹងសមត្ថភាពក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការ ពិនិត្យតាមដាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុវត្តលនយោបាយ និងគ្រប់គ្រងកំណែទម្រង់វិស័យអប់រំ ដើម្បីឱ្យលទ្ធផលដែលសម្រេចបានដោយវិស័យនេះ កាន់តែមានភាពប្រសើរជាងមុន
  • បង្កើនសមត្ថភាពនៅថ្នាក់ខេត្ត និងស្រុក ក្នុងការរៀបចំផែនការគ្រប់គ្រងពិនិត្យតាមដាន និងធានាឱ្យមានការអនុវត្តគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការផ្តល់សេវាអប់រំកាន់តែប្រសើរ និង
  • ពង្រឹងសមត្ថភាព និងគណនេយ្យភាពនៅកម្រិតសាលារៀន ដូចជាសមត្ថភាពគ្រូបង្រៀន និងនាយកសាលាក្នុងការរៀបចំផែនការ បែងចែកថវិកា និងការគ្រប់គ្រង ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់ការសិក្សា

លោកស្រី Natascha Paddison ប្រធានស្តីទីរបស់យូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវប្រវត្តិសាស្រ្តមួយលំបាក ដូច្នេះការកែប្រែមុខមាត់នៃប្រព័ន្ធអប់រំរបស់ប្រទេសនេះ គឺជា
សមិទ្ធផលមួយដ៏វិសេសវិសាល។ ទោះជាយ៉ាងនេះក៏ដោយ យើងត្រូវ​បន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជាពិសេសបញ្ហាប្រឈមរបស់សិស្សក្នុងសហគមន៍ងាយរងគ្រោះ និងជួបការលំបាក។ កម្មវិធី CDPF មានសារៈសំខាន់ ព្រោះវាជំរុញឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៃសង្គមកម្ពុជា ក្នុងកំណែទម្រង់ការអប់រំ ចាប់ពីមន្ត្រីរដ្ឋាភិបាល រហូតដល់នាយកសាលា គ្រូបង្រៀន មាតាបិតាសិស្ស។ យើងសង្ឃឹមថា កម្មវិធីនេះនឹងអាចផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីវិនិយោគលើការអប់រំ សម្រាប់កូនៗរបស់ពួកគេអាចទទួលបានប្រយោជន៍ក្នុងរយៈពេលវែង។”

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អន្តរាគមន៍ដែលគាំទ្រដោយ CDPF ក្នុងកំណែទម្រង់វិស័យអប់រំ បានសម្រេចនូវលទ្ធផលជាវិជ្ជមានសម្រាប់កុមារ និងអ្នកជំនាញអប់រំក្នុងប្រទេសកម្ពុជា។ សមិទ្ធផលគួរឱ្យកត់សម្គាល់ដែលសម្រេចបានកន្លងមករួមមាន៖

  • បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា អាចដាក់អាទិភាពប្រកបដោយប្រសិទ្ធភាពលើអន្តរាគមន៍នានា ដែលផ្តោតលើសមធម៌ និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់សេវាដល់កុមារដែលងាយរងគ្រោះជាងគេ និងដែលពុំមាន
    ឱកាសចូលរួមក្នុងការអប់រំ តាមរយៈអន្តរាគមន៍នានា ដែលទទួលបានការគាំទ្រពីកម្មវិធី CDPF ដូចជាការផ្តល់         អាហារូបករណ៍ដល់កុមារជួបការលំបាក និងការផ្តល់ការអប់រំប្រកបដោយបរិយាបន្នដល់កុមារពិការជាដើម។
  • អ្នកជំនាញអប់រំ កាន់តែច្រើនអាចគ្រប់គ្រងសាលារៀនរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាព ដោយសារទទួលបាន
    ឱកាសរៀនសូត្រវិជ្ជាជីវៈ ដែលមានគោលបំណងបង្កើនសមត្ថភាព និងគុណវុឌ្ឍិមន្ត្រីសំខាន់ៗ ដែលកំពុងកាន់តួនាទីជាអ្នកដឹកនាំ និងគ្រប់គ្រងវិស័យអប់រំ។
  • សមាជិកសហគមន៍ កាន់តែច្រើនជាងមុន ចូលរួមក្នុងសកម្មភាពកំណែទម្រង់វិស័យអប់រំ ដោយសារអន្តរាគមន៍គាំទ្រពី CDPF ជាពិសេសតាមរយៈគណៈកម្មការទ្រទ្រង់សាលារៀន ដែលមានការចូលរួមពីមាតាបិតា អ្នកដឹកនាំ
    សហគមន៍មូលដ្ឋាន គ្រូបង្រៀន និងនាយកសាលា។
  • ភាពជាដៃគូជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល បានរួមចំណែកពង្រីកវិសាលភាពនៃសកម្មភាពរបស់កម្មវិធី CDPF ដល់តំបន់ជនបទ និងដាច់ស្រយាល តាមរយៈការហ្វឹកហ្វឺន និងការណែនាំនៅកន្លែងធ្វើការផ្ទាល់ក្នុងរយៈពេលវែង ដល់មន្ត្រីមកពីខេត្ត និងស្រុកដែលជួបការលំបាក។

កម្មវិធី CDPF (២០១៨-២០២១) ដំណាក់កាលទីបី នឹងកសាងបន្ថែមលើជោគជ័យនេះ ដើម្បីពង្រីកវិសាលភាព និងធានាបាននូវនិរន្តរភាពនៃលទ្ធផលដែលសម្រេចបានក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជាកន្លងមក។

####

វីដេអូ និងករណីសិក្សាដែលមានពាក់ព័ន្ធនឹង CDPF  អាចទាញយកបាននៅទីនេះ

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ក្រសួងអប់រំ យុវជន និងកីឡា

លោកស្រី ថាន់ សេដ្ឋារ័ត្ន អនុប្រធាននាយកដ្ឋាន​ផែនការ
អ៊ីមែល៖ tsetharath@hotmail.com ទូរសព្ទដៃ៖ (+៨៥៥)​ ១២ ៨៦៣ ៨២២

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda

Chief of Communication

UNICEF Cambodia

ទូរស័ព្ទ: +85523260204;ext=434

លោក​ មាស ប៊ុនលី

មន្ត្រីជំនាញផ្នែកទំនាក់ទំនង

យូនីសេហ្វកម្ពុជា

ទូរស័ព្ទ: +85523260204;ext=435

មាតិកាពហុព័ត៌មាន

A young boy looks is caught in thought as he looks at what he wrote on the chalkboard at Russey Chroy Primary School in Sa’ang district, Kandal province on July 3, 2018.

A selection of content (Khmer and English) is available for download here

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ, ទស្សនាគេហទំព័រ www.unicef.org.

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook

ច្រើនទៀតដើម្បីស្វែងយល់