“របបអាហាររបស់កុមារគ្មានភាពប្រសើរឡើងនោះទេ នៅទស្សវត្សរ៍ចុងក្រោយនេះ ហើយនឹងអាចកាន់តែដុនដាប ថែមទៀតនៅក្នុងបរិបទជំងឺកូវីដ-១៩”

ក្នុងអំឡុងពេលដ៏សំខាន់ដែលកុមារចាប់ផ្តើមប្តូរទៅញ៉ាំអាហាររឹង ក្នុងចំណោមកុមារ ៣​ នាក់ មានត្រឹមតែម្នាក់ប៉ុណ្ណោះ ដែលទទួលបាន របបអាហារចម្រុះគ្រប់គ្រាន់ដើម្បីធំលូតលាស់ឱ្យបានល្អ

22 កញ្ញា 2021
© UNICEF Cambodia/2020/Kevin Jack
UNICEF Cambodia/2020/Kevin Jack

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១៖ កុមារអាយុក្រោម ២ឆ្នាំ មិនបានទទួលរបបអាហារ ឬសារធាតុចិញ្ចឹមដែលពួកគេត្រូវការជាចាំបាច់ដើម្បីអភិវឌ្ឍ និងរីកលូតលាស់បានល្អនោះឡើយ ដែលអាចបង្កអន្តរាយដែលមិនអាចស្រោចស្រង់បានដល់ការអភិវឌ្ឍរបស់ពួកគេ” នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយយូនីសេហ្វសកលនៅថ្ងៃនេះ។ 

របាយការណ៍មួយដែលមានចំណងជើងថា៖ “ចិញ្ចឹមឱ្យបរាជ័យឬ? វិបត្តិនៃរបបអាហាររបស់កុមារក្នុងអំឡុងពេលដំបូងនៃជីវិត” ត្រូវបានចេញផ្សាយនៅមុនពេល កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀង នៅសប្តាហ៍នេះ។ របាយការណ៍នេះបានព្រមានថា ការកើនឡើងនូវភាពក្រីក្រ វិសមភាព ជម្លោះ គ្រោះមហន្តរាយដោយសារអាកាសធាតុ និងស្ថានភាពអាសន្នផ្នែកសុខភាព ដូចជាការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ កំពុងរួមចំណែកធ្វើឱ្យមានវិបត្តិអាហារូបត្ថម្ភចំពោះមនុស្សវ័យក្មេង​បំផុតលើពិភពលោក ដែលនៅតែបន្តអូសបន្លាយពេលជាយូរ និងបង្ហាញពីភាពល្អប្រសើរតិចតួចបំផុតក្នុងអំឡុងពេល ១០ឆ្នាំ ចុងក្រោយនេះ។ 

លោកស្រី ហិនរីតា ហ្វ័រ (Henrietta Fore) នាយិកាប្រតិបត្តិអង្គការយូនីសេហ្វ បានមានប្រសាសន៍ថា៖  “របកគំហើញនៃរបាយការណ៍នេះ ស្តែងចេញយ៉ាងច្បាស់ថាក្នុងអំឡុងពេលដ៏សំខាន់បំផុតនៃជីវិត កុមារជាច្រើនលាននាក់ត្រូវបានចិញ្ចឹមឲ្យបរាជ័យ។” លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “ការស្រូបយកសារធាតុចិញ្ចឹមមិនបានល្អនៅក្នុងរយៈពេល ២ ឆ្នាំ ដំបូងនៃជីវិតធ្វើឱ្យអន្តរាយដោយមិនអាចស្រោចស្រង់បានដល់រាងកាយ និងខួរក្បាលដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សរបស់កុមារ លើសពីនេះទៀតបញ្ហានេះក៏អាចបង្កផលប៉ះពាល់ដល់ការសិក្សារៀនសូត្រ សមត្ថភាពធ្វើការងារ លទ្ធភាពប្រកបមុខរបរ និងអនាគតទាំងស្រុងរបស់ពួកគេ។ ខណៈដែលយើងបានដឹងនូវបញ្ហានេះជាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែយើងសង្កេតឃើញថាមានការយកចិត្តទុកដាក់តិចតួចណាស់ក្នុងការផ្តល់នូវប្រភេទអាហារដែលមានសារជាតិចិញ្ចឹមត្រឹមត្រូវ និងមានសុវត្ថិភាពដល់កុមារ។ ជាងនេះទៅទៀតផលរំខានដែលបង្កដោយជំងឺកូវីដ-១៩ ដែលកំពុងអូសបន្លាយនាពេលបច្ចុប្បន្ន អាចធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភរបស់កុមារកាន់តែដុនដាបថែមទៀត។ 

ក្នុងការវិភាគដែលធ្វើឡើងក្នុងប្រទេសចំនួន ៩១ របាយការណ៍នេះបានរកឃើញថាពាក់កណ្តាលនៃកុមារអាយុចាប់ពី ៦ ទៅ ២៣ ខែប៉ុណ្ណោះ ដែលបានទទួលនូវរបបអាហារក្នុងកម្រិតអប្បបរមាស្របតាមការណែនាំក្នុងមួយថ្ងៃៗ ខណៈដែលកុមារមួយភាគបីប៉ុណ្ណោះដែលបានទទួលនូវក្រុមអាហារក្នុងកម្រិតអប្បបរមាដើម្បីប្រឹងប្រែងនឹងលូតលាស់។ ចំពោះប្រទេសកម្ពុជា យោងទៅតាមរបាយការណ៍សកល មានតែ ៤០%នៃកុមារដែលមានអាយុ ៦ ទៅ ២៣​ខែប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា​ ប៉ុន្តែជិត ២ ភាគ ៣ នៃកុមារទាំងនេះមកពីក្រុមដែលស្ថិតនៅបញ្ចភាគខាងលើគេ។ ការវិភាគបន្ថែមទៀតលើប្រទេសចំនួន ៥០ ដែលមានទិន្នន័យនិន្នាការទាំងនេះ បង្ហាញឱ្យឃើញថាទម្លាប់ផ្តល់អាហារពុំបានល្អ ដូចលើកឡើងខាងលើ បានបន្តកើតឡើងពេញមួយទសវត្សរ៍ចុងក្រោយនេះ។

ខណៈដែលជំងឺកូវីដ-១៩ កំពុងបន្តធ្វើឱ្យរអាក់រអួលដល់សេវាសំខាន់ៗ និងរុញច្រានប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀតឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ របាយការណ៍សកលនេះបានរកឃើញថា ការឆ្លងរាតត្បាតនៃជំងឺនេះកំពុងតែបង្កផលប៉ះពាល់ដល់របៀបផ្តល់អាហារដល់កូនៗរបស់គ្រួសារទាំងនោះ។ ក្នុងចំណោមឧទាហរណ៍នៃបណ្តាប្រទេសជាច្រើន ការអង្កេតស្រាវជ្រាវមួយនៅកម្ពុជា1 ដែលបានធ្វើឡើងដោយយូនីសេហ្វ កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូផ្សេងទៀត ចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ បានរកឃើញថា ចំនួន៤០-៥០% នៃគ្រួសារទាំងនោះមានបញ្ហាចំណូលថយចុះ ដែលនាំឱ្យពួកគេត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើនជាងមុនជុំវិញការបរិភោគអាហារ ដែលបង្កផលប៉ះពាល់ដល់គុណភាពនៃរបបអាហាររបស់ពួកគេ។ ទិន្នន័យពីខែកក្កដា ឆ្នាំ ២០២១​ បានបង្ហាញថាមានកុមារអាយុក្រោម ៥ ឆ្នំា ត្រឹមតែ ៣៥% ប៉ុណ្ណោះដែលបានញ៉ាំអាហារក្នុងកម្រិតដែលអាចទទួលយកបានជាអប្បបរមា។  

កុមារអាយុក្រោម ២ ឆ្នាំ គឺជាក្រុមដែលងាយរងគ្រោះបំផុត ដោយសារបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ដូចជា ក្រិសក្រិន ស្គម​ស្គាំង និងការខ្វះមីក្រូសារជាតិជាដើម ​(លើសទម្ងន់ និងធាត់ជ្រុល)  ដែលកើតឡើងដោយសាររបបអាហារមិនសមស្រប ព្រោះថាកុមារនៅក្នុងវ័យនេះត្រូវការសារជាតិចិញ្ចឹមសំខាន់ចំាបាច់ ក្នុងមួយគីឡូក្រាម​នៃទម្ងន់របស់ពួកគេ ច្រើនជាងមនុស្សនៅវ័យផ្សេងទៀត។ ការយល់ដឹងនៅមានកម្រិតអំពីបញ្ហាអាហារូបត្ថម្ភ និងការផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលជំនួសទឹកដោះម្តាយជាកត្តារួមចំណែកធ្វើឱ្យរបបអាហារសម្រាប់កុមារមានកម្រិតទាប និងធ្វើឱ្យថមថយនូវការបំបៅកូនដោយទឹកដោះម្តាយ។ ការកាត់បន្ថយប្រាក់ឈ្នួលនាពេលថ្មីៗនេះ ធ្វើឱ្យបញ្ហាដែលកំពុងមានស្រាប់ទៅហើយ រឹតតែធ្ងន់ធ្ងរបន្ថែមទៀត។

នៅក្នុងសកលលោកទាំងមូល យូនីសេហ្វប៉ាន់ប្រមាណថា ជាងពាក់កណ្តាលនៃកុមារអាយុក្រោម ៥​ ឆ្នាំ ដែលស្គមស្គាំងពោលគឺប្រមាណ ២៣ លាននាក់  អាយុក្រោម ២ ឆ្នាំ។ ប្រេវ៉ាឡង់នៃភាពក្រិសក្រិនកើនឡើងយ៉ាងឆាប់រហ័សលើកុមារដែលមានអាយុចន្លោះពី ៦ ខែ ទៅ ២ ឆ្នាំ នៅពេលដែលរបបអាហាររបស់កុមារពុំបានតាមទាន់តម្រូវការអាហារូបត្ថម្ភ ដើម្បីបម្រើដល់ការលូតលាស់របស់ពួកគេ។  នៅកម្ពុជាកុមារម្នាក់ក្នុងចំណោម ៣ នាក់ ក្រិសក្រិន និង ម្នាក់ក្នុងចំណោម ១០ នាក់ ស្គមស្គាំង។

យោងតាមរបាយកាណ៍សកលកុមារអាយុ ៦-២៣​ ខែ ដែលរស់នៅតំបន់ជនបទ ឬមកពីគ្រួសារដែលមានជីវភាពក្រីក្រ ច្រើនតែទទួលបានរបបអាហារពុំសមស្រប បើធៀបនឹងកុមារក្នុងក្រុមអាយុនេះដែលរស់នៅទីប្រជុំជន ឬមកពីគ្រួសារដែលមានជីវភាពធូរធារជាង។ សមាមាត្រនៃកុមារដែលទទួលបានអាហារទៅតាមចំនួនក្រុមអប្បបរមាដូចដែលត្រូវបានផ្តល់ជា​អនុសាសន៍ នៅទីប្រជុំជន (៣៩ ភាគរយ) មានកម្រិតខ្ពស់ជាងនៅតំបន់ជនបទ (២៣ ភាគរយ) ពីរដង។

លោកស្រី  ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “តាងនាមឱ្យទីភ្នាក់ងារសហប្រជាជាតិនានាដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា យើងសូមវាយតម្លៃខ្ពស់ដល់សកម្មភាពពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីកាត់បន្ថយទុក្ខលំបាកជាពិសេសលើវិស័យគាំពារមាតា និងអាហារូបត្ថម្ភរបស់កុមារ។ នាពេលបច្ចុប្បន្ននេះ យើងត្រូវតែវិនិយោគដើម្បីបន្តផ្តល់ការគាំទ្រដល់រយៈពេល ១០០០ ថ្ងៃដំបូងរបស់ទារក ដែលជារយៈពេលដ៏សំខាន់បំផុតនៃជីវិតរបស់ពួកគេ។ ការវិនិយោគទាំងនេះក៏រួមចំណែកបង្កើនកម្រិតការអប់រំ និងផលិតភាពរបស់កុមារម្នាក់ៗសម្រាប់អនាគតនៃជីវិតរបស់ពួកគេផងដែរ។ ឥឡូវនេះគឺជាពេលសំខាន់ជាងពេលណាៗទំាងអស់ ដែលចាំបាច់ត្រូវបង្កើនថវិកាជាតិសម្រាប់ពង្រីកវិសាលភាពនៃកម្មវិធីអាហារូបត្ថម្ភ។ តាមរយៈការសហការជាមួយនឹងដៃគូបច្ចុប្បន្នរបស់យើង យើងនឹងគាំទ្រដល់ការពន្លឿនអនុវត្តផែនការជាតិបច្ចុប្បន្ន ដូចជាយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី ២ គោលនយោបាយ​ និងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ផែនទីបង្ហាញផ្លូវស្តីពី GAP និងផែនទីបង្ហាញផ្លូវដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង។”

ដើម្បីផ្តល់របបអាហារដែលសំបូរសារធាតុចិញ្ចឹម មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដល់កុមារគ្រប់រូប         របាយការណ៍សកលនេះបានអំពាវនាវឱ្យរដ្ឋាភិបាល អ្នកផ្តល់ជំនួយ អង្គការសង្គមស៊ីវិល និងតួអង្គក្នុងវិស័យអភិវឌ្ឍន៍នានាពួតដៃគ្នា ដើម្បីធ្វើការផ្លាស់ប្តូរប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ព្រមទាំងប្រព័ន្ធគាំពារសង្គម តាមរយៈការដឹកនាំការអនុវត្តសកម្មភាពសំខាន់ៗដូចជា៖

  • បង្កើនជម្រើស និងធ្វើឱ្យអាហារដែលសំបូរសារធាតុចិញ្ចឹមមានតម្លៃសមរម្យ ដូចជា បន្លែ ​ផ្លែឈើ ស៊ុត ត្រី សាច់ និងអាហារដែលមានមីក្រូសារជាតិ ដោយផ្តល់ការលើកទឹកចិត្តដល់ផលិតកម្ម ការចែកចាយ និងការលក់រាយនូវអាហារទាំងនេះ។
  • បង្កើនតម្រូវការអាហារដែលសំបូរសារធាតុចិញ្ចឹម និងមានសុវត្ថិភាព តាមរយៈការប្រើប្រាស់បណ្តាញអប់រំផ្សព្វផ្សាយចម្រុះ ដើម្បីបញ្ជូនសារសំខាន់ៗដល់ឪពុកមា្តយ និងកុមារ ដោយប្រើប្រាស់ភាសាច្បាស់លាស់ និងងាយស្រួលយល់។
  • អនុវត្តស្តង់ដារ និងនីតិកម្មថ្នាក់ជាតិ ដើម្បីការពារកុមារពីអាហារ និងភេសជ្ជៈកែច្នៃធម្មតា និងកែច្នៃដោយក្រុមហ៊ុនធំៗ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងត្រូវបញ្ចប់ការផ្សាយពាណិជ្ជកម្មដែលអាចបង្កគ្រោះថ្នាក់ចំពោះកុមារ និងគ្រួសារ ជាពិសេសតាមរយៈការបង្កើនការអនុវត្តច្បាប់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មយ៉ាងគំហុកអំពីផលិតផលជំនួសទឹកដោះម្តាយ​។

របាយការណ៍នេះអំពាវនាវឱ្យរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងដៃគូមនុស្សធម៌ ព្រមទាំងគ្រួសារ ពួតដៃគ្នា ធ្វើការផ្លាស់ប្តូរប្រព័ន្ធស្បៀង និងផ្តល់នូវរបបអាហារដែលសំបូរសារធាតុចិញ្ចឹម មានសុវត្ថិភាព និងមានតម្លៃសមរម្យដល់កុមារគ្រប់រូប។ របបអាហារចម្រុះផ្តល់លទ្ធភាពឱ្យកុមារធំលូតលាស់ អភិវឌ្ឍន៍ និងរៀនសូត្របានល្អប្រសើរ ដើម្បីសម្រេចសក្តានុពលរបស់ពួកគេឱ្យបានពេញលេញ។ កិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិដែលនឹងរៀបចំនាពេលខាងមុខនេះគឺជាកាលានុវត្តភាពមួយដ៏សំខាន់ ដើម្បីរៀបចំប្រព័ន្ធស្បៀងសកលលោក ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់កុមារគ្រប់រូប។


1ការសិក្សាផលប៉ះពាល់សេដ្ឋកិច្ចសង្គមដោយសារជំងឺកូវីដ-១៩ ជំហានទី ១ (ខែសីហា ឆ្នាំ ២០០២- ខែមីនា ឆ្នាំ២០២១) ដោយ UNICEF, WFP, UNFPA, UNAIDS, UN Women និងជំហានទី២ (ខែកក្កដា ឆ្នាំ២០២១ តទៅ) ដោយ UNICEF, WFP, ADB

###

កំណត់សម្គាល់សម្រាប់និពន្ធនាយក

ទិន្នន័យបរិមាណស្តីពីស្ថានភាពបច្ចុប្បន្ន និន្នាការ និងអសមធម៌នៃរបបអាហាររបស់កុមារតូច ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ ត្រូវបានដកស្រង់ចេញពីប្រព័ន្ធទិន្នន័យសកលរបស់យូនីសេហ្វ ដែលបញ្ចូលតែទិន្នន័យ ដែលអាចឱ្យគេយកមកធ្វើការប្រៀបធៀបជាអន្តរជាតិ និងទិន្នន័យដែលមានសារៈសំខាន់ផ្នែកស្ថិតិតែប៉ុណ្ណោះ។ ប្រព័ន្ធទិន្នន័យសកលរបស់យូនីសេហ្វ មានទិន្នន័យបានពីការអង្កេតតំណាងថ្នាក់ជាតិចំនួន ៦០៧ ដែលធ្វើឡើងនៅក្នុងប្រទេស និងដែនដី​ចំនួន ១៣៥ ដែលតំណាងឱ្យកុមារជាង ៩០% ក្នុងចំណោមកុមារទំាងអស់ ដែលមានអាយុក្រោម ២ ឆ្នាំ នៅ       ទូទាំងសកលលោក។ ទិន្នន័យសម្រាប់ប្រទេសកម្ពុជានៅក្នុង​សេចក្តីប្រកាសព័ត៌មាន ត្រូវបានដកស្រង់ពីរបាយការណ៍សកល ឬពីការសិក្សាលើផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច ដែលធ្វើឡើងដោយយូនីសេហ្វកម្ពុជា កម្មវិធីស្បៀងអាហារពិភពលោក ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ ទិន្នន័យរបស់ប្រទេសកម្ពុជានៅក្នុងរបាយការណ៍សកលនេះ មានប្រភពពីទិន្នន័យថ្មីចុងក្រោយដែលដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២០​ និងពីទិន្នន័យរបស់ការអង្កេតប្រជាសាស្ត្រ និងសុខភាព ក្នុងឆ្នាំ ២០១៤។

 

អំពីកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀង ឆ្នាំ២០២១

កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀង ត្រូវបានប្រកាសដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស នៅក្នុងទិវាស្បៀងពិភពលោក កាលពីខែតុលា ឆ្នាំ២០២០ ជាផ្នែកមួយនៃយុទ្ធនាការទស្សវត្សរ៍នៃសកម្មភាពដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ២០៣០។ គោលដៅនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីធ្វើឱ្យមានភាពរីកចម្រើននូវការអភិវឌ្ឍន៍សហសវត្សរ៍ទាំង ១៧ នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ តាមរយៈអភិក្រមវិធីសាស្ត្រប្រព័ន្ធស្បៀង តាមរយៈការទាញប្រយោជន៍ពីភាពប្រទាក់ក្រឡា​គ្នានៃប្រព័ន្ធស្បៀង ជាមួយនឹងបញ្ហាប្រឈមសកលនានា ដូចជាភាពអត់ឃ្លាន ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និងវិសមភាព។ ព័ត៌មានបន្ថែមអំពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀង អាចរកបាន តាមរយៈគេហទំព័រនេះ https://www.un.org/food-systems-summit

សូមទាញយករបាយការណ៍សកលអំពី​ “ចិញ្ចឹមឱ្យបរាជ័យឬ? វិបត្តិនៃរបបអាហាររបស់កុមារក្នុងអំឡុងពេលដំបូងនៃជីវិត” នៅទីនេះ

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook