យូនីសេហ្វ អំពាវនាវឲ្យការពារកុមារមួយជំនាន់ ដែលកំពុងរងគ្រោះពីជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែង និងបង្កឲ្យមានគ្រោះថ្នាក់មិនអាចស្រោចស្រង់បានចំពោះការអប់រំ អាហារូបត្ថម្ភ និងសុខមាលភាព

ក្នុងចំណោមមនុស្ស៩នាក់ ដែលគេរាយការណ៍ថាបានឆ្លងជំងឺកូវីដ១៩ មាន១នាក់ ជាកុមារ និងក្មេងជំទង់ នេះបើតាមការវិភាគថ្មីមួយចេញផ្សាយនៅមុនទិវាកុមារពិភពលោក

24 វិច្ឆិកា 2020
©UNICEF Cambodia/2020/Bunsak But
UNICEF Cambodia/2020/Bunsak But

ទីក្រុងញូយ៉ក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃនេះ យូនីសេហ្វ​បានព្រមានពីផលវិបាកកាន់តែធ្ងន់ធ្ងរចំពោះកុមារ ខណៈពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ បន្តឆ្លងទៅឆ្នាំទី២។

ចេញផ្សាយមុនទិវាកុមារពិភពលោក របាយការណ៍ក្រោមចំណងជើងថា បញ្ចៀសការបាត់បង់មនុស្សមួយជំនាន់ពីកូវីដ គឺជារបាយការណ៍ដំបូងរបស់​យូនីសេហ្វ ដែលបានរៀបរាប់គ្រប់ជ្រុងជ្រោយពីផលវិបាកកាន់តែធ្ងន់ធ្ងរចំពោះកុមារ ខណៈដែលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ។ របាយការណ៍នេះបង្ហាញថា ខណៈដែលអត្រាឆ្លងទៅកុមារនៃជំងឺនេះនៅមានតិចតួចនៅឡើយ អត្រាអ្នកឆ្លងជំងឺនេះជាទូទៅកាន់តែកើនឡើង ហើយផលប៉ះពាល់រយៈពេលវែងរបស់វាមកលើការអប់រំ អាហារូបត្ថម្ភ និងសុខុមាលភាពរបស់កុមារ និងយុវជនមួយជំនាន់តែម្ដង អាចប៉ះពាល់ខ្លាំងលើជីវិតពួកគេ។

លោកស្រី ហិនរីតា ហ្វរ នាយិកាប្រតិបត្តិយូនីសេហ្វ បានមានប្រសាសន៍ថា “ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឹកូវីដ១៩ មានការយល់ខុសតៗគ្នាថា កុមារកម្រនឹងឆ្លងជំងឺនេះណាស់។ ប៉ុន្តែនេះមិនមែនជាការពិតឡើយ។ កុមារអាចឆ្លងជំងឺនេះ និងចម្លងវាទៅកាន់មនុស្សដទៃទៀត ហើយនេះគ្រាន់តែជាផលប៉ះពាល់តូចមួយចេញពីជំងឺរាតត្បាតជាសកលនេះប៉ុណ្ណោះ។ ការខកខានពុំបានទទួលសេវាសំខាន់ៗ និងការកើនឡើងនូវអត្រាភាពក្រីក្រ កំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់កុមារ។ នៅពេលវិបត្តិនេះអូសបន្លាយពេលកាន់តែយូរ ផលប៉ះពាល់មកលើការអប់រំ សុខភាព អាហារូបត្ថម្ភ និងសុខុមាលភាពរបស់កុមាររឹតតែធ្ងន់ធ្ងរ។ អនាគតរបស់មនុស្សមួយជំនាន់កំពុងប្រឈមនឹងហានិភ័យ។”

របាយការណ៍នេះបានរកឃើញថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ក្នុងប្រទេសចំនួន៨៧ ដែលមានទិន្នន័យបែងចែកតាមអាយុ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ មាន១នាក់ជាកុមារ និងក្មេងជំទង់អាយុក្រោម ២០ឆ្នាំ ឬស្មើនឹង ១១​ភាគរយនៃអត្រាឆ្លងជំងឺនេះចំនួន ២៥,៧ លានករណី ក្នុងប្រទេសទាំងនេះ។ គេត្រូវការទិន្នន័យបែងចែកតាមអាយុ ដែលអាចកាន់តែជឿទុក​ចិត្ត​បានទាំងនេះអំពីករណីឆ្លង ករណីបាត់បង់ជីវិត និងការធ្វើតេស្ត ដើម្បីស្វែងយល់ឲ្យបានកាន់តែប្រសើរថាតើវិបត្តិនេះបង្កផល​ប៉ះពាល់យ៉ាងដូចម្ដេចខ្លះលើកុមារដែលងាយរងគ្រោះជាងគេ និងដើម្បីរៀបចំការឆ្លើយតបឲ្យបានសមស្រប។

របាយការណ៍នេះកត់សម្គាល់ថា ទោះកុមារអាចចម្លងមេរោគនេះទៅ​ឲ្យគ្នាទៅវិញទៅមក និងទៅឲ្យក្រុមមនុស្សវ័យចំណាស់ក៏ដោយ ក៏ភស្តុតាងជាក់ច្បាស់បានបង្ហាញថា តាមរយៈការដាក់ឲ្យអនុវត្តនូវវិធានការពារសុវត្ថិភាពងាយៗមួយចំនួន អត្ថប្រយោជន៍បានពីការបន្តបើកសាលារៀន មានទំធំលើសពីការខាតបង់ដែលកើតឡើងដោយសារការបិទទ្វារសាលារៀន។ សាលារៀនមិនមែនជាប្រភពនៃការចម្លងជំងឺនេះនៅក្នុងសហគមន៍ឡើយ ហើយកុមារច្រើនតែឆ្លងវីរុសនេះនៅខាងក្រៅសាលារៀនទៅវិញទេ។

របាយការណ៍ក៏លើកឡើងថា ការរំខានពីជំងឺកូវីដ១៩ មកលើការផ្ដល់សេវាសុខភាព និងសេវាសង្គមសំខាន់ៗសម្រាប់កុមារ បង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុត។ តាមរយៈការប្រើប្រាស់ទិន្នន័យថ្មីៗ ដែលបានពីការអង្កេតរបស់យូនីសេហ្វ នៅក្នុងប្រទេសចំនួន ១៤០ របាយការណ៍នេះបានកត់សម្គាល់ថា៖

  • ក្នុងចំណោមប្រទេសទាំងអស់ដែលបានធ្វើការវិភាគ មានប្រទេសប្រមាណ ១ភាគ៣ មានការថយចុះនៃការផ្តល់សេវាសុខភាពមួយចំនួនយ៉ាងហោចណាស់ ១០ភាគរយ ដូចជាការផ្ដល់ថ្នាំបង្ការជាប្រចាំ ការថែទាំអ្នកជំងឺក្រៅសម្រាប់ករណីជំងឺឆ្លងរបស់កុមារ និងសេវាសុខភាពមាតាជាដើម។ ការភ័យខ្លាចឆ្លងជំងឺ គឺជាមូលហេតុចម្បងមួយដែលនាំឲ្យមានការថយចុះនេះ។
  • សេវាអាហារូបត្ថម្ភសម្រាប់ស្រ្តី និងកុមារនៅក្នុងប្រទេសចំនួន ១៣៥ បានថយចុះចំនួន ៤០ភាគរយ គិតត្រឹមខែ តុលា ឆ្នាំ២០២០។ កុមារចំនួន ២៦៥លាននាក់នៅទូទាំងសកលលោក នៅបន្តខកខានមិនបានទទួលរបបអាហារក្នុងសាលារៀន។ កុមារអាយុក្រោម៥ឆ្នាំ ជាង ២៥០លាននាក់ ខកខានពុំបានទទួលកម្មវិធីផ្ដល់វីតាមីនអាបន្ថែម ដែលអាចជួយការពារអាយុជីវិតរបស់ពួកគេ។
  • ប្រទេសចំនួន៦៥ រាយការណ៍ពីការថយចុះពីការចុះជួបតាមផ្ទះ ពីសំណាក់ភ្នាក់ងារសង្គមកិច្ច ក្នុងខែកញ្ញា ឆ្នាំ ២០២០ បើធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។

ទិន្នន័យគួរឲ្យព្រួយបារម្ភផ្សេងទៀតក្នុងរបាយការណ៍នេះ រួមមាន៖

  • គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សិស្ស ៥៧២លាននាក់ ទទួលរងផលប៉ះពាល់ដោយសារការបិទសាលារៀនទូទាំងប្រទេស ក្នុងប្រទេសចំនួន៣០ ដែលចំនួននេះស្មើនឹង ៣៣ ភាគរយនៃចំនួនសិស្សដែលបានចុះឈ្មោះចូលរៀន នៅទូទាំងពិភពលោក។
  • ការបាត់បង់អាយុជីវិតប្រមាណ ២លាននាក់ទៀត និងករណីកើតស្លាប់ ២០០.០០០ ករណីទៀត អាចកើតឡើងនៅក្នុងរយៈពេល ១២ ខែ នៅពេលដែលសេវានានារងការរំខានយ៉ាងធ្ងន់ធ្ងរ និងនៅពេលបញ្ហាអាហារូបត្ថម្ភមានការកើនឡើង។
  • មានកុមារអាយុក្រោម៥ឆ្នាំ ពី៦ ទៅ ៧លាននាក់ថែមទៀត នឹងរងគ្រោះដោយសារការបញ្ហាស្គមស្គាំង និងខ្វះ               អាហារូបត្ថម្ភស្រួចស្រាវក្នុងឆ្នាំ២០២០ ហើយនេះជាការកើនឡើង ១៤ភាគរយ មានន័យថាក្នុង ១ខែ មានករណីកុមារបាត់បង់ជីវិតជាង ១០.០០០ ករណីបន្ថែមទៀត ដែលភាគច្រើននៅតំបន់អាហ្វ្រ៊ិកសាហារ៉ា និងអាស៊ីខាងត្បូង។
  • មានការប៉ាន់ប្រមាណថា ក្នុងសកលលោកទាំងមូល ចំនួនកុមាររស់នៅក្នុងភាពក្រីក្រពហុសមាសភាគ ពោលគឺកុមារដែលពុំបានទទួលការអប់រំ សេវាសុខភាព លំនៅឋាន អាហារូបត្ថម្ភ អនាម័យ ឬទឹកស្អាត នឹងកើនឡើង ១៥ ភាគរយ ពោលគឺនឹងមានកុមារ ១៥០លាននាក់ថែមទៀត ដែលឋិតនៅក្នុងភាពក្រីក្របែបនេះ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០។

ដើម្បីឆ្លើយតបចំពោះវិបត្តិនេះ យូនីសេហ្វអំពាវនាវឲ្យរដ្ឋាភិបាល និងដៃគូនានា៖

១.   ធានាថា កុមារគ្រប់រូបអាចទទួលបានការអប់រំ រួមទាំងកាត់បន្ថយគម្លាតឌីជីថល

២.  ធានាថាកុមារគ្រប់រូបអាចទទួលបានអាហារូបត្ថម្ភ និងសេវាសុខភាព និងធ្វើយ៉ាងណាឲ្យថ្នាំបង្ការ មានតម្លៃសមរម្យ និងអាចរកបានសម្រាប់កុមារគ្រប់រូប។

៣.  គាំទ្រ និងការពារសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន និងបញ្ចប់ការរំលោភបំពាន អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការទុកកុមារចោល។

៤.   បង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ និងឆ្លើយតបចំពោះបញ្ហាការបំផ្លិចបំផ្លាញបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

៥.   កាត់បន្ថយការកើនឡើងនូវភាពក្រីក្ររបស់កុមារ និងធានាឲ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។

៦.   បង្កើនទ្វេដងនូវកិច្ចខិតខំប្រឹងប្រែងការពារ និងគាំទ្រកុមារ និងគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅក្នុងស្ថានភាពមានជម្លោះ គ្រោះមហន្តរាយ និងការបាត់បង់ទីលំនៅ។

លោកស្រី ហ្វរ បានមានប្រសាសន៍ថា “ក្នុងឱកាសទិវាកុមារពិភពលោកនៅពេលនេះ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាល និងដៃគូ និងវិស័យឯកជនស្ដាប់សំទ្បេងរបស់កុមារ និងផ្ដល់អាទិភាពដល់តម្រូវការរបស់ពួកគេ។ ខណៈពេលយើងទាំងអស់គ្នាគិតគូរជាថ្មីពីអនាគត និងសម្លឹងមើលពិភពលោកក្រោយការឆ្លងរាលដាលជាសកលនេះ  កុមារត្រូវជាអាទិភាពមុនគេ។”

######

របាយការណ៍ទាំងអស់នឹងផ្សាយផ្ទាល់នៅម៉ោង 00.0១ GMT ថ្ងៃទី១៩ ខែវិច្ឆិកា តាមរយៈគេហទំព័រនេះ៖ https://www.unicef.org/coronavirus/six-point-plan-protect-children

ដើម្បីទទួលបានព័ត៌អំពីការអង្កេតរបស់យូនីសេហ្វ​ ស្ដីពីការអាកខាននៃសេវាសម្រាប់កុមារដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសចំនួន១៤៨ ចន្លោះពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា សូមចុចនៅទីនេះ។   

ទិន្នន័យដែលប្រើប្រាស់សម្រាប់កំណត់ប្រេវ៉ាឡង់នៃករណីឆ្លងជំងឺ SARS-CoV-2 ក្នុងចំណោមកុមារ និងក្មេងជំទង់អាយុក្រោម ២០ឆ្នាំ គឺជាទិន្នន័យដែលបានពីបណ្ដាប្រទេសដែលត្រូវបានវិទ្យាស្ថាន Max Planck សម្រាប់ការស្រាវជ្រាវប្រជាសាស្រ្ត (Max Planck Institute for Demographic Research - MPIDR) យកមកធ្វើការវិភាគឡើងវិញ(https://osf.io/mpwjq/)។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook