យូនីសេហ្វ ពង្រីកការគាំទ្រនៅក្នុងប្រទេសចំនួន ១៤៥ រួមទាំងកម្ពុជា ដើម្បីជួយកុមារឪ្យបន្តរៀនសូត្រ ខណៈសាលារៀននៅទូទាំងសកលលោក ត្រូវបានឱ្យបិទទ្វារដោយសារការរាតត្បាតនៃជំងឺកូវីដ១៩

26 មីនា 2020
school children washing hand
UNICEF Cambodia/2019/Fani Llaurado

ទីក្រុងញូយ៉ក ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០៖ ខណៈដែលការបិទសាលារៀនទូទាំងប្រទេស បង្កការរំខានដល់ការអប់រំសិស្សជាង៨០ភាគរយនៅទូទាំងសកលលោក នៅថ្ងៃនេះ យូនីសេហ្វបានប្រកាសពង្រីកការគាំទ្របន្ថែមទៀតនៅគ្រប់ប្រទេសទាំងអស់ ដើម្បីជួយកុមារឪ្យបានបន្តការសិក្សា ហើយក៏ជួយឱ្យសាលារៀននៅតែជាកន្លែងដែលមានសុវត្ថិភាព។

លោក រ៉ូបឺត ជិនឃីនស្ស (Robert Jenkins) ប្រធានផ្នែកអប់រំសកលរបស់យូនីសេហ្វបានមានប្រសាសន៍ថា “សាលារៀនក្នុងប្រទេសភាគច្រើនបានបិទទ្វារ។ នេះគឺជាស្ថានភាពដែលពុំធ្លាប់មានកន្លងមក ហើយប្រសិនបើយើងមិនធ្វើសកម្មភាពរួមគ្នានៅពេលនេះ ដើម្បីការពារការអប់រំរបស់កុមារនោះទេ សង្គម និងសេដ្ឋកិច្ចប្រាកដជាទទួលរងបន្ទុកក្នុងរយៈពេលវែង ក្រោយពេលដែលយើងយកឈ្នះមេរោគកូវីដ១៩នេះ ជាមិនខាន។ ក្នុងសហគមន៍ដែលងាយរងគ្រោះជាងគេ ផលប៉ះពាល់នឹងបន្តទៅរាប់ជំនាន់ក្រោយទៀត។”

លោក ជិនឃីនស្ស ក៏បានបន្តទៀតថា “ផ្អែកតាមមេរៀនទទួលបានជាមួយនឹងករណីបិទសាលារៀន ដែលជាការឆ្លើយតបចំពោះករណីជំងឺអេបូឡាកន្លងមក នៅពេលកុមារនៅឆ្ងាយពីសាលារៀនកាន់តែយូរ ពួកគេកាន់តែមិនទំនងជាត្រឡប់ទៅរៀនវិញឡើយ។ ការផ្ដល់ឱ្យកុមារនូវវិធីសាស្រ្តជាជម្រើសផ្សេងៗ ដើម្បីឱ្យពួកគេអាចបន្តការរៀនសូត្រ និងការកសាងទម្លាប់បែបនេះគឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបរបស់យើង”។

ដើម្បីជួយទប់ទល់នឹងការរំខានដល់ការអប់រំរបស់កុមារ និងជួយឱ្យកុមារបន្តរៀនសូត្រប្រកបដោយសុវត្ថិភាព យូនី​សេហ្វបានវិភាជន៍ថវិកាបន្ថែម ដើម្បីពន្លឿនការងារដែលកំពុងធ្វើជាមួយនឹងរដ្ឋាភិបាល និងដៃគូនៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមជាង ១៤៥ប្រទេស។ ការវិភាជន៍ថវិកាបឋមនៅកម្រិតសកលចំនួន ១៣ លានដុល្លារ ដោយក្នុងនោះជិត ៩លានដុល្លារ បានពីការផ្ដល់វិភាគទានពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) – នឹងត្រូវប្រើប្រាស់ជាថវិកាកាតាលីករ តាមរយៈការគាំទ្រដល់​រដ្ឋាភិបាល​នៅថ្នាក់ជាតិ និងដៃគូអប់រំនានាក្នុងប្រទេសនីមួយៗ ក្នុងការធ្វើផែនការដើម្បីអាចធ្វើការឆ្លើយតបទូទាំងប្រព័ន្ធទាំងមូល ឱ្យបានកាន់តែឆាប់រហ័ស។

គម្រោងនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រទេសនានារៀបចំជាជម្រើសកម្មវិធីសិក្សារៀនសូត្រ ក្នុងករណីបិទសាលារៀន និងជួយឱ្យសាលារៀនអាចបន្តរក្សាសុវត្ថិភាពកុមារ និងសហគមន៍របស់ពួកគេ តាមរយៈការផ្ដល់ព័ត៌មានសំខាន់ៗអំពីការលាងសម្អាតដៃ និងការអនុវត្តអនាម័យផ្សេងទៀត។ ថវិកានេះក៏នឹងជួយគាំទ្រដល់សុខភាពផ្លូវចិត្តរបស់កុមារ និងបង្ការការមាក់ងាយ និងការរើសអើងផងដែរ តាមរយៈការលើកទឹកចិត្តឱ្យសិស្សចៀសវាងការប្រកាន់ផ្នត់គំនិតអវិជ្ជមាន នៅពេលដែលពួកគេនិយាយអំពីមេរោគនេះ។

នៅក្នុងប្រទេសកម្ពុជា យូនីសេហ្វ កំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ឱកាសសិក្សាជាជម្រើសផ្សេងៗដល់សិស្សានុសិស្សដូចជា “ថ្នាក់រៀនតាមប្រព័ន្ធអេឡេត្រូនិក (e-learning)” លើមុខវិជ្ជាសំខាន់ៗ។ កម្មវិធីនេះអាចគ្របដណ្ដប់ និងផ្ដល់ប្រយោជន៍ដល់សិស្សថ្នាក់ទី៩ និងទី១២ ប្រមាណ ២៥០.០០០ នាក់នៅទូទាំងប្រទេស ដែលត្រូវប្រឡងនៅឆ្នាំនេះ។ ថ្នាក់រៀនតាមអនទ្បាញ​ នឹងជួយគាំទ្រដល់សិស្សជាច្រើនឪ្យបានរៀនសូត្រក្នុងអំទ្បុងពេលសាលាបិទដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ 

យូនីសេហ្វ ក៏កំពុងសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកកម្មវិធីរបស់ខ្លួន ដែលកំពុងអនុវត្ត សម្រាប់ផ្ដល់សេវារៀនសូត្រជាជម្រើសដល់សិស្សនៅកម្រិតអប់រំថ្នាក់មូលដ្ឋាន ចាប់ពីកម្រិតអប់រំកុមារតូច និងបឋមសិក្សា រហូតដល់មធ្យមសិក្សា។ ជាមួយនឹងការគាំទ្រដែលឧបត្ថមដោយរាជរដ្ឋាភិបាលជប៉ុននេះ មេរៀន និងកម្មវិថីជា​ទម្រង់ e-learning ជាច្រើនត្រូវបានបង្កើតទ្បើង និងផ្សព្វផ្សាយតាមរយៈវេបសាយ និងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីទ្បា។

    សម្ភារផ្សព្វផ្សាយដែលផ្ដោតលើការអប់រំអំពីការបង្ការមេរោគកូវីដ១៩ ក៏ត្រូវបានផលិតផងដែរ ដើម្បីផ្សព្វផ្សាយពី​សារៈ​សំខាន់ពីការលាងសម្អាតដៃ និងការថែទាំខ្លួនដល់កុមារ និងគ្រួសារ និងលើកទឹកចិត្តឱ្យមាតាបិតាគាំទ្រដល់ការរៀនសូត្ររបស់កូននៅក្នុងផ្ទះ និងដល់សុខុមាលភាព និងសុខភាពផ្លូវចិត្តទូទៅរបស់ពួកគេ។ សម្ភារអប់រំទាំងនេះមាននៅក្នុងវេបសាយរបស់យូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីទ្បា។ 

លើសពីនេះ ជាមួយនឹងការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងផ្តល់នូវបរិក្ខារអនាម័យទៅឲ្យសាលារៀនចំនួន ៨១៣កន្លែងនៅទូទាំងប្រទេស ដែលផ្ដល់ប្រយោជន៍ដល់កុមារចំនួន ៣៩០.០០០ នាក់។

នៅទូទាំងសកលលោក នៅក្នុងប្រទេសទាំង១៤៥ យូនីសេហ្វនឹងសហការជាមួយដៃគូ ដើម្បី៖

១. គាំទ្រដល់ការអនុវត្តផែនការឆ្លើយតបចំពោះវិបត្តិរបស់រដ្ឋាភិបាល ដូចជាការផ្ដល់ជំនួយបច្ចេកទេស ការវិភាគហានិភ័យបែបរហ័ស ការប្រមូលទិន្នន័យ និងការធ្វើផែនការសម្រាប់ការបើកសាលារៀនឡើងវិញ។

២. គាំទ្រដល់ការធ្វើផែនការ និងការអនុវត្តប្រតិបត្តិការសាលារៀនមានសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយអំពីហានិភ័យ ដូចជាការបកប្រែ បោះពុម្ព ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ណែនាំស្ដីពីសាលារៀនមានសុវត្ថិភាព ការផ្ដល់ឱ្យសាលារៀននូវកញ្ចប់សម្ភារអនាម័យ និងការផ្សព្វផ្សាយព័ត៌មានសំខាន់ៗអំពីការបង្ការជំងឺ និងការបណ្ដុះបណ្ដាលគ្រូ និងអាណាព្យាបាលអំពីការគាំទ្រផ្នែកចិត្តសង្គម និងសុខភាពផ្លូវចិត្តសម្រាប់ខ្លួនឯង និងសម្រាប់សិស្ស។

៣. ធានាឱ្យមានការបន្តការរៀនសូត្រ និងការទទួលបានកម្មវិធីរៀនសូត្រពីចម្ងាយ ដូចជាការរចនា និងការរៀបចំកម្មវិធីអប់រំជាជម្រើសផ្សេងៗតាមប្រព័ន្ធអនឡាញ តាមវិទ្យុ និងតាមទូរទស្សន៍ជាដើម។

៤. លើកកម្ពស់ការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាព សម្រាប់ការឆ្លើយតបចំពោះវិបត្តិដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងការរាលត្បាតជំងឺដែលអាចកើតមាននាពេលអនាគត។

 

កំណត់សម្គាល់ចំពោះនិពន្ធនាយក

នៅដើមខែនេះ យូនីសេហ្វ រួមនឹងអង្គការសុខភាពពិភពលោក និងសហព័ន្ធអន្តរជាតិនៃសមាគមន៍កាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានចេញផ្សាយគោលការណ៍ណែនាំប្រតិបត្តិស្ដីពីការការពារកុមារ និងសាលារៀនពីមេរោគ កូវីដ ១៩។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook