យូនីសេហ្វ ប្រកាសផ្សព្វផ្សាយរបាយការណ៍ការវិភាគស្ថានភាពកុមារនៅកម្ពុជា

30 មីនា 2023
© UNICEF Cambodia/2023/Nick Sells
UNICEF Cambodia/2023/Nick Sells

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ២០២៣៖ ការវិភាគស្ថានភាពកុមារកម្ពុជា និងសិទ្ធិរបស់ពួកគេ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយយូនីសេហ្វ នៅក្នុងរាជធានីភ្នំពេញ។ តំណាងមកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីស្តាប់លទ្ធផលនៃការវិភាគនេះ ដែលបង្ហាញពីវឌ្ឍនភាពនៅទូទាំងប្រទេសកម្ពុជានៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ឆ្ពោះទៅរកការសម្រេចបានសិទ្ធិកុមារដោយពេញលេញ ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះ និងផ្នែកនានាដែលត្រូវកែលម្អ។ កម្មវិធីវសំខាន់មួយនៃព្រឹត្តិការណ៍នេះ គឺកិច្ចពិភាក្សាគណៈវាគ្មិន ដែលក្នុងនោះយុវជនចំនួនបួនរូប ត្រូវបានផ្តល់ឱកាសដើម្បីចែករំលែកគំនិតរបស់ពួកគេអំពីបញ្ហានានាដែលពួកគេជួបប្រទះនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។​

ផ្អែកលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) គោលការណ៍សិទ្ធិមនុស្ស
សំខាន់ៗ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការវិភាគឯករាជ្យនេះបានវាយតម្លៃផ្នែកសំខាន់ៗមួយចំនួន ដូចជាសិទ្ធិទទួលបានបរិស្ថានប្រកបដោយផាសុកភាព សិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត សិទ្ធិទទួលបានសុខភាពនិងអាហារូបត្ថម្ភ សិទ្ធិទទួលបានទឹកស្អាត ភាពស្អាត និងអនាម័យ សិទ្ធិទទួលបានការអប់រំ សិទ្ធិកិច្ចការពារពីគ្រោះថ្នាក់ និងជីវភាពរស់នៅសមរម្យ និងកិច្ចគាំពារសង្គមគ្រប់គ្រាន់ ។

ការវិភាគទទួលស្គាល់ថា ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរបស់កុមារនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក និងដោយកត់សម្គាល់ឃើញថា ប្រទេសនេះបានសម្រេចលើសចំណុចដៅរបស់ខ្លួនដល់ទៅ ៣០ ភាគរយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជាជនកម្ពុជាជិត ១៨ ភាគរយ នៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយជិតពាក់កណ្តាលនៃប្រជាជនដែលមានអាយុពី ០ ដល់ ១៧ ឆ្នាំ ស្ថិតក្នុងនិយមន័យនៃភាពក្រីក្រពហុវិមាត្រ ។

លោកបណ្ឌិត វីល ផាកស៍  នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាបានសម្រេចបានវឌ្ឍនភាពដ៏សំខាន់នៅក្នុងជីវិតរបស់កុមារ” ។ “ខ្ញុំសូមទទួលស្គាល់ និងអបអរសាទរប្រទេសកម្ពុជា ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ផងដែរនូវបញ្ហាប្រឈមដែលនៅសេសសល់ ដែលគំរាមកំហែង និងបង្កភាពយឺតយ៉ាវដល់វឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបានសិទ្ធិកុមារដោយពេញលេញ។ ចំពោះបញ្ហាប្រឈមទាំងនេះ យើងត្រូវតែជំនះ រហូតដល់សិទ្ធិទាំងអស់របស់កុមារគ្រប់រូបត្រូវបានគោរព និងបំពេញ។ ដោយពិនិត្យមើលវឌ្ឍនភាពធំៗដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវលទ្ធភាព ក្នុងការគិតគូ ដល់អនាគតមួយ ដែលកុមារទាំងអស់អាចទទួលបានការថែទាំសុខភាព អាហារូបត្ថម្ភ កិច្ចការពារ និងការអប់រំដែលពួកគេត្រូវការ សមទទួលបាន និងត្រូវបានផ្តល់ជូន។ យូនីសេហ្វ នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឲ្យទស្សនវិស័យនេះក្លាយជាការពិត” ។

ការវិភាគនេះក៏ពិចារណាផងដែរ នូវរបកគំហើញពីការវាយតម្លៃរបស់គណៈកម្មាធិការសិទ្ធិកុមារនៃ
អង្គការសហប្រជាជាតិក្នុងខែមិថុនា ឆ្នាំ២០២២ ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការអនុវត្ត UNCRC ដោយបានសន្និដ្ឋានថា ទោះបីជាមានវិធានការច្បាប់ ស្ថាប័ន និងគោលនយោបាយផ្សេងៗដើម្បីដាក់បញ្ចូលសិទ្ធិរបស់កុមារទៅក្នុងច្បាប់ក្តី ប៉ុន្តែនៅតែមានភាពខ្វះខាតធំៗជាច្រើនដែលត្រូវបំពេញ ហើយគេត្រូវតែពង្រឹងយន្តការអនុវត្ត និងរឹតបន្តឹងការអនុវត្តច្បាប់និងគោលនយោបាយទាំងនេះ។

ចំណុចសំខាន់ៗមួយចំនួននៃរបកគំហើញពីរបាយការណ៍វិភាគនេះរួមមាន ៖

  • នៅក្នុងឆ្នាំ ២០២១ អត្រាចូលរៀនរបស់កុមារនៅក្នុងសាលារៀន បានកើនឡើងនៅគ្រប់កម្រិត៖ ជាង ៦០ ភាគរយសម្រាប់ការអប់រំកុមារតូច ៩២ ភាគរយសម្រាប់បឋមសិក្សា និង ៤៧ ភាគរយសម្រាប់មធ្យមសិក្សាបឋមភូមិ។ ទោះជាយ៉ាងណាក៏ដោយ អត្រាបញ្ចប់ការសិក្សានៅមានកម្រិតទាបនៅឡើយ៖ ៨១ ភាគរយសម្រាប់បឋមសិក្សា ៤៩ ភាគរយសម្រាប់មធ្យមសិក្សាបឋមភូមិ និង ២៦ ភាគរយសម្រាប់មធ្យមសិក្សាទុតិយភូមិ។
  • ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រជាជនប្រហែល ៧ ភាគរយទៀត ទទួលបានសេវាទឹកស្អាត ភាពស្អាត និងអនាម័យ ។ ទោះបីជាយ៉ាងណាក្តី នៅក្នុងឆ្នាំ ២០២៣ ប្រជាជនចំនួន ២២ ភាគរយ នៅតែមិនអាចទទួលបានសេវាស្អាតទឹកគ្រប់គ្រាន់ ហើយ ២៤ ភាគរយ មិនបានទទួលសេវាភាពស្អាត/អនាម័យគ្រប់គ្រាន់។
  • ប្រទេសកម្ពុជាបានធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើកិច្ចគាំពារសង្គម ចាប់តាំងពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ នៅក្នុងឆ្នាំ ២០១៩ កុមារប្រហែល ២៨០.០០០ នាក់ បានទទួលការគាំទ្រពីកម្មវិធីផ្ទេរសាច់ប្រាក់ដែលផ្តោតលើកុមារ ហើយក្នុងឆ្នាំ ២០២២ តួលេខនេះ បានកើនឡើងដល់ជិត ៧០០.០០០ ។ កុមារជាង ២៤០.០០០ នាក់ ត្រូវបានគ្របដណ្តប់ដោយកម្មវិធីផ្តល់អាហារតាមសាលារៀន ។
  • សេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចការពារកុមារ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពិចារណា។ កុមាររាប់ពាន់នាក់នៅតែស្ថិតប្រឈមមុខនឹងហានិភ័យ ហើយអំពើហិង្សានៅតែជាបញ្ហាប្រឈមដ៏ធំមួយ ដោយកុមារជាង ៣ លាននាក់ អាយុពី ១ ទៅ ១៤ ឆ្នាំ ទទួលរងការដាក់វិន័យដោយហិង្សាលើរាងកាយ ឬផ្លូវចិត្ត នៅផ្ទះ ។

ការវិភាគនេះបានប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាល ប្រភពទិន្នន័យបន្ទាប់បន្សំ កិច្ចសម្ភាសពាក់កណ្តាលរចនាសម្ព័ន្ធ ការពិភាក្សាក្រុម និងការពិគ្រោះយោបល់ជាមួយក្មេងវ័យជំទង់នៅក្នុងប្រទេសកម្ពុជា។  ការពិគ្រោះយោបល់ជាមួយក្មេងជំទង់ និងយុវជន គឺជាផ្នែកមួយដ៏សំខាន់មួយនៃដំណើរការប្រមូលទិន្នន័យ ហើយជាឱកាសមួយដើម្បីសាកសួរយុវជនផ្ទាល់ អំពីបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់សុខភាព ការអប់រំ និងសុខុមាលភាពរបស់ពួកគេ ដំណោះស្រាយអ្វីខ្លះដែលពួកគេស្នើឡើង និងតើយុវជននៅក្នុងប្រទេសកម្ពុជា អាចទទួលបានភាពអង់អាចដោយវិធីណាខ្លះដើម្បីចូលរួមក្នុងការកិច្ចសន្ទនានានាដែលមានឥទ្ធិពលដល់អនាគតរបស់ពួកគេ ។ យុវជនជិត ១.៥០០ នាក់ បានចូលរួមក្នុងការពិភាក្សាដោយផ្ទាល់ចំនួនបីលើក នៅក្នុងខេត្តចំនួនបី ក៏ដូចជានៅក្នុងការស្ទង់មតិក្នុងប្រព័ន្ធ U-Report ទូទាំងប្រទេស ។

អ្នកចូលរួមវ័យក្មេងចំនួនបួននាក់ក្នុងចំណោមអ្នកចូលរួមទាំងនេះ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលាដើម្បីចូលរួមក្នុងកិច្ចពិភាក្សាគណៈវាគ្មិន ដើម្បីចែករំលែកបទពិសោធរបស់ពួកគេពីដំណើរការពិគ្រោះយោបល់កន្លងមក និងបន្តកិច្ចសន្ទនាអំពីសិទ្ធិកុមារនៅកម្ពុជា។

ប្អូនស្រី សោភ័ណចរិយា ជាសមាជិកក្រុមតំណាងយុវជន និងក្មេងជំទង់ក្នុងទីក្រុងភ្នំពេញបាននិយាយ ថា ”យើងខ្ញុំសូមអរគុណដល់យូនីសេហ្វសម្រាប់ការផ្តល់ឱកាសឲ្យក្រុមយើងបានចូលរួមចំណែកចែក រំលែកមតិយោបល់ដល់របាយការណ៍វិភាគនេះ ពីព្រោះការវិភាគនេះគឺនិយាយអំពីពួកយើង ក្តីបារម្ភ និងសិទ្ធិរបស់យើង។ កិច្ចពិភាក្សាបានអនុញ្ញាតឲ្យយើងអាចបញ្ចេញសំទ្បេងដើម្បីគ្រប់គ្នាបានឮ បានដឹងអំពីបញ្ហាដែលកំពុងប៉ះពាល់ជីវិតកុមារ និងក្មេងជំទង់ ដូចជា ឧបសគ្គទទួលបានការអប់រំ អំពើហិង្សាលើកុមារ ការរំលោភបំពានតាមអនទ្បាញ និងការរៀបការរបស់កុមារ។” ចំណែកប្អូនប្រុស កាយ សុខាយ ជាយុវជនមកពីសហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តរតនគិរី បាននិយាយថា “កុមារ ចង់ឃើញគោលនយោបាយមានលក្ខណៈកុមារមេត្រីច្រើនជាងនេះ ការគាំទ្រសម្រាប់ការអប់រំ កិច្ចការពារបន្ថែមទៀតពីអំពើហិង្សា និងការរំលោភបំពាន វគ្គបណ្តុះបណ្តាលដល់មាតាបិតា និងគ្រូបង្រៀនរបស់ពួកគេ ដើម្បីអនុវត្តការដាក់វិន័យវិជ្ជមាន និងឱកាសច្រើនជាងមុនសម្រាប់ចូលរួមសកម្មភាព
សង្គម។”    

លទ្ធផលពីការវិភាគនេះ ផ្តល់ជាមូលដ្ឋានសម្រាប់កម្មវិធីក្នុងប្រទេសរបស់យូនីសេហ្វនៅកម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ (២០២៤-២០២៨) ព្រមទាំងជួយដាក់តម្រូវ​ឲ្យស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រទេសនេះ ដើម្បីសម្រេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងឋានៈប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។ ព្រឹត្តិការណ៍នេះ បញ្ជាក់ឲ្យឃើញពីតម្រូវការចាំបាច់ឲ្យមានការផ្លាស់ប្តូរជាយុទ្ធសាស្ត្រធំៗនៅក្នុងផ្នែកនានា ដូចជាការរៀនសូត្រ កិច្ចគាំពារសង្គម ការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកល ព្រមទាំងពង្រឹងការចូលរួមរបស់ដៃគូនានា រួមមានអង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ដែលមិនសូវទទួលបានការគាំទ្រ និងយុវជន ដើម្បីធ្វើឲ្យមានវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបានចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងបណ្តាឆ្នាំខាងមុខ។

 

ព័ត៌មានបន្ថែមអំពីរបាយការណ៍ការវិភាគស្ថានភាពកុមារនៅកម្ពុជា អាចទាញយកបានពី តំណភ្ជាប់នេះ

© UNICE Cambodia/2023/Nick Sells
UNICE Cambodia/2023/Nick Sells
© UNICE Cambodia/2023/Nick Sells
UNICE Cambodia/2023/Nick Sells

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook