យូនីសេហ្វ ទទួលថវិកាចំនួន ៣,៤ លានដុល្លារ ដើម្បីកាត់បន្ថយភាពស្គមស្គាំងធ្ងន់ធ្ងរដែលកំពុងគំរាមកំហែងអាយុជីវិតកុមារនៅក្នុងខេត្តចំនួនប្រាំមួយ

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៖ បន្ទាប់ពីទទួលបានជំនួយថវិកាចំនួនជាង ៣,៤ លានដុល្លារ
អាមេរិក ពីមូលនិធិវិនិយោគលើកុមាររបស់ចក្រភពអង់គ្លេស (CIFF) យូនីសេហ្វ នឹងពង្រីកការងាររបស់ខ្លួនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារនៅក្នុងខេត្តចំនួនប្រាំមួយ ដែលនឹងអាចសង្គ្រោះជីវិតកុមារចំនួន ៥.២០០ នាក់បន្ថែមទៀតក្នុងរយៈពេលបីឆ្នាំខាងមុខ ។
ភាពស្គមស្គាំងធ្ងន់ធ្ងរ ជួនកាលត្រូវបានគេហៅថាបញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាល់ ប៉ះពាល់ដល់កុមារកម្ពុជាមានអាយុក្រោមប្រាំឆ្នាំ ១នាក់ ក្នុងចំណោម ១០នាក់ ដោយពួកគេមានទម្ងន់ស្រាលបើធៀបនឹងកម្ពស់។ លទ្ធផលបឋមពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១ បានបង្ហាញថា ក្នុងពេលដែលភាពក្រិសក្រិនរបស់កុមារ បានធ្លាក់ចុះពី ៣៤% មក ២២% រវាងឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារនៅតែគ្មានការផ្លាស់ប្តូរ ពោលគឺស្ថិតនៅត្រឹម ១០% ដដែល។ ថវិកាថ្មីនេះ និងផ្តល់លទ្ធភាពដល់យូនីសេហ្វ ដើម្បីគាំទ្រដល់ក្រសួង
សុខាភិបាលដើម្បីពង្រីកអន្តរាគមន៍ទប់ស្កាត់ និងព្យាបាលភាពស្គមស្គាំងធ្ងន់ធ្ងរ ដោយបង្កើនការផ្តល់សេវាថែទាំសុខភាពបឋមសំខាន់ៗជាក្នុងខេត្តតាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងឧត្តរមានជ័យ។
ភាពស្គមស្គាំងធ្ងន់ធ្ងរជាទូទៅ គឹទាក់ទងនឹងស្ថានភាពសង្គមសេដ្ឋកិច្ចរបស់គ្រួសារ អសន្តិសុខស្បៀង ការផ្តល់ចំណី អាហារដល់កុមារមិនបានត្រឹមត្រូវ បញ្ហាខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ឬបញ្ហាខ្វះអនាម័យ។ ភាពស្គមស្គាំងធ្ងន់ធ្ងរ បានក្លាយជាការគំរាមកំហែងកាន់តែខ្លាំង ដោយសារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលកំពុងបង្កដោយ ជំងឺកូវីដ-១៩ និងវិបត្តិនៅប្រទេសអ៊ុយក្រែន ដែលកំពុងប៉ះពាល់ដល់សន្តិសុខស្បៀងពិភពលោក និងធ្វើឲ្យតម្លៃទំនិញកើនឡើងនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ កុមារតិចជាង ១០ ភាគរយនៃកុមារប្រមាណ ៦០.០០០ នាក់ ដែលមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ទទួលបានការព្យាបាល។
នៅក្នុងខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំ រួមទាំងយូនីសេហ្វ បានចេញផ្សាយក្របខ័ណ្ឌសកម្មភាពសកល (GAP) ស្តីពីភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ ដោយមានគោលដៅពន្លឿនវឌ្ឍនភាពក្នុងការកាត់បន្ថយភាពស្គមស្គាំងកុមារនៅជុំវិញពិភពលោក។ នៅក្នុងខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេចំនួន២១ ដែលបានបង្កើតផែនទីបង្ហាញផ្លូវ GAP ដែលមានកំណត់នូវតម្រូវការថវិកា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះ បានកំណត់ចំណុចដៅនៃការកាត់បន្ថយចំនួនកុមារដែលមានរោគសញ្ញាស្គាមស្គាំងធ្ងន់ធ្ងរពី១០% មកត្រឹម ៥% នៅត្រឹមឆ្នាំ២០២៥។
ផែនទីបង្ហាញផ្លូវនេះ បាននាំឲ្យមានកិច្ចពិភាក្សាតុមូលអន្តរវិស័យមួយ ដែលបានកំណត់ពីបញ្ហាខ្វះខាតថវិកាជាង
៨លានដុល្លារអាមេរិក សម្រាប់ការកំណត់រក និងព្យាបាលបញ្ហាស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ ។ ថវិកាថ្មីនេះគឺជា
លទ្ធផលចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងកៀរគរធនធានរបស់យូនីសេហ្វ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិកានេះ។ ថវិកានេះនឹងចូលរួមចំណែកដល់ការបង្កើនដល់ទៅបួនដងនូវការព្យាបាលកុមារមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរពីចំនួន ៥.០០០ ទៅ ២០.០០០ នាក់ ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២៥ ផ្អែកតាមចំណុចដៅរបស់រាជរដ្ឋាភិបាល។
លើសពីនេះទៀត កុមារជាង ៩០០.០០០ នាក់ អាយុក្រោម៥ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍ពីការកំណត់រក
ការប្រឹក្សា និងការតាមដានការលូតលាស់ និងសេវាផ្សព្វផ្សាយ ដែលត្រូវបានកែលម្អឲ្យមានភាពប្រសើរជាងមុន ក្រោមថវិកានេះ។ ឪពុកម្តាយ និងអ្នកថែទាំជាង ៥០០.០០០ នាក់ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនចំណេះដឹងកាន់តែច្រើន និងឧបករណ៍នានាដើម្បីទប់ស្កាត់បញ្ហាខ្វះអាហារូបត្ថម្ភគ្រប់ទម្រង់។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលគឺ កុមារដែលរងគ្រោះពីបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ទំនងជាអាចស្លាប់ដល់ទៅ ១១ ដងច្រើនជាងកុមារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់”។ កុមារដែលនៅរស់រានមានជីវិតពីបញ្ហានេះ អាចនឹងជួបការលំបាកក្នុងការអភិវឌ្ឍពេញមួយជីវិតរបស់
ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បានសម្រេចនូវលទ្ធផលជាច្រើន ដោយធ្វើការរួមគ្នាដើម្បីកាត់បន្ថយបញ្ហាខ្វះ អាហារូបត្ថម្ភ។ ប៉ុន្តែបច្ចុប្បន្ននេះមានកុមារម្នាក់ ក្នុងចំណោម ១០នាក់ មានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរក្នុងទម្រង់ដែលគ្រោះថ្នាក់បំផុត ។ យើងត្រូវដោះស្រាយបញ្ហានេះ ដើម្បីឲ្យកុមារគ្រប់រូបអាចទទួលបានសិទ្ធិក្នុងការលូតលាស់ និងរីកចម្រើន។ យើងសូមថ្លែងអំណរគុណជាអនេកចំពោះមូលនិធិ CIFF ដែលបានជួយយើងឲ្យខិតកាន់តែជិតទៅរកការសម្រេចបានគោលដៅនោះ។"
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/ ។ សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook