យូនីសេហ្វ ដាក់ចេញផែនការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ ឲ្យបានរហូតដល់ ៨៥០ តោនក្នុងមួយខែ តាមរយៈយន្តការ COVAX នៅក្នុងប្រតិបត្តិការភស្តុភារ “ខ្នាតធំជាប្រវត្តិសាស្ត្រ”
យូនីសេហ្វ – ដោយសហការជាមួយនឹងសម្ព័ន្ធថ្នាំបង្ការសកល (Gavi) និងអង្គការសុខភាពពិភពលោក – កំពុងគាំទ្រដល់ប្រទេសមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប ដើម្បីត្រៀមទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១

- Available in:
- English
- Khmer
ទីក្រុងញូវយ៉ក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០៖ យូនីសេហ្វអាចដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ រហូតដល់៨៥០តោនក្នុងមួយខែក្នុងឆ្នាំ២០២១ នេះបើតាមការវាយតម្លៃដែលធ្វើឡើងជាសកលនាពេលថ្មីនេះ។ បរិមាណថ្នាំបង្ការដែលត្រូវដឹកជញ្ជូននេះ គឺអាស្រ័យទៅតាមថ្នាំបង្ការដែលផលិតបាន ប៉ុន្តែនេះជាចំនួនច្រើនជាងពីរដងនៃទម្ងន់ថ្នាំបង្ការគិតជាមធ្យម ដែលយូនីសេហ្វដឹកជញ្ជូនជារៀងរាល់ខែ។ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលយូនីសេហ្វនឹងដឹកជញ្ជូនថ្នាំបង្ការផ្តល់ជូន ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក។
ការវាយតម្លៃជាសកលថ្មីនេះ គឺជាផ្នែកមួយនៃការងាររបស់យូនីសេហ្វ ក្នុងការដឹកនាំធ្វើលទ្ធកម្ម និងការផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបចំនួន ៩២ប្រទេស ក្នុងនាមជាតំណាងឲ្យកម្មវិធីCOVAX ដោយសហការជាមួយអង្គការសុខភាពសម្រាប់ទ្វីបអាមេរិក (PAHO)។
លោកស្រី ហិនរីតា ហ្វរ នាយិកាប្រតិបត្តិយូនីសេហ្វ បានមានប្រសាសន៍ថា “នេះគឺជាប្រតិបត្តិការដ៏ធំសម្បើមជាប្រវត្តិសាស្ត្រ។ នេះគឺជាកិច្ចការដែលមានទំហំធំ ហើយនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកិច្ចការនេះ”។
នៅកម្ពុជា យូនីសេហ្វកំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់ថ្នាំបង្ការនេះ។ ដៃគូនានាកំពុងធ្វើការងាររួមគ្នា ដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់ចែកចាយថ្នាំបង្ការ វាយតម្លៃលើការគ្រប់គ្រងថ្នាំបង្ការ និងសមត្ថភាពនៃប្រព័ន្ធស្តុកដែលអាចរក្សាសីតុណ្ហភាពត្រជាក់បាន គាំទ្ររៀបចំសំណើរសុំជំនួយលើឧបករណ៍ស្តុកពីដែលអាចរក្សាសីតុណ្ហភាពត្រជាក់ពី Gavi និងរៀបចំផែនការជំនួសឧបករណ៍ចាស់ៗ ធ្វើការប៉ាន់ប្រមាណពីចំណាយ និងតម្រូវការប្រតិបត្តិការ និងរៀបចំការអប់រំផ្សព្វផ្សាយ ការស្វែងរកមតិគាំទ្រ និងការជំរុញឲ្យមានតម្រូវការ។ នៅថ្នាក់ក្រោមជាតិ យូនីសេហ្វនឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកៀរគរ និងបំផុសចលនាសហគមន៍ ហើយក្នុងពេលជាមួយគ្នា ជួយពិនិត្យតាមដានការយុទ្ធនាការចាក់ថ្នាំបង្ការផងដែរ។
ការវាយតម្លៃជាសកលដែលធ្វើឡើងដោយយូនីសេហ្វ ពិនិត្យលើសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងសកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមដែលកើតមានក្នុងការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១។ ការវាយតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នឹងអាចដឹកជញ្ជូនថ្នាំបង្ការទៅកាន់ប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ស្ទើរតែទាំង ៩២ប្រទេស ដែលជាប្រទេសស្ថិតក្នុងចំណោមប្រទេសចំនួន១៩០ ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ប្រមាណថវិកាចំណាយរហូតដល់ ៧០លានដុល្លារអាមេរិក។
តាមរយៈការប្រៀបធៀបបរិមាណថ្នាំបង្ការ ដែលត្រូវបានប៉ាន់ប្រមាណធៀបនឹងច្រកផ្លូវដឹកជញ្ជូនទំនិញជាលក្ខណៈពាណិជ្ជកម្មទូទាំងសកលលោក ការវាយតម្លៃនេះបានរកឃើញថា សុវត្ថិភាពដឹកទំនិញតាមផ្លូវអាកាសនាពេលបច្ចុប្បន្ន គឺអាចគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនថ្នាំបង្ការសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ២០% ក្នុងប្រទេសភាគច្រើន ក្នុងចំណោមប្រទេសទាំង៩២ នោះ។ គេរំពឹងថា ថ្នាំបង្ការជំងឺកូវីដ-១៩ នឹងត្រូវដឹកដោយប្រើប្រាស់ជើងហោះហើរដឹកអ្នកដំណើរ និងជើងហោះហើរដឹកទំនិញបច្ចុប្បន្ន បើទោះជាគេប្រហែលជាត្រូវការជ្រើសរើសយកជម្រើសដឹកជញ្ជូនតាមជើងហោះហើរពិសេស ឬជម្រើសដឹកជញ្ជូនផ្សេងទៀតសម្រាប់ប្រទេសតូចៗមួយចំនួន និងប្រទេសផ្សេងទៀតដែលពិបាកទៅដល់។ យូនីសេហ្វកំពុងធ្វើការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភស្តុភារជាច្រើន ដើម្បីឲ្យក្រុមហ៊ុនទាំងនោះផ្ដល់អាទិភាពដល់ការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ ទៅទូទាំងសកលលោក។
បញ្ហាប្រឈមដ៏ធំមួយនៅក្នុងប្រតិបត្តិការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ គឺសមត្ថភាពនៃប្រព័ន្ធស្តុកដែលអាចរក្សាសីតុណ្ហភាពត្រជាក់បាននៅក្នុងស្រុក សម្រាប់រក្សាថ្នាំបង្ការនៅតាមប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបមួយចំនួន។ យូនីសេហ្វ អង្គការសុខភាពពិភពលោក និង Gavi ដែលជាសម្ព័ន្ធថ្នាំបង្ការសកល បានរៀបចំ សេចក្ដីណែនាំស្ដីពីការផ្គត់ផ្គង់ និងប្រតិបត្តិការភស្តុភារ ដើម្បីគាំទ្រប្រទេសនានាក្នុងការរៀបចំយុទ្ធសាស្ត្រស្ដីពីប្រព័ន្ធផ្គត់ផ្គង់របស់ខ្លួន ដើម្បីទទួល រក្សាទុក ចែកចាយ និងគ្រប់គ្រងថ្នាំបង្ការជំងឺកូវីដ-១៩ ក៏ដូចជាផលិតផលដែលពាក់ព័ន្ធ។ ដោយសារតែថ្នាំបង្ការជំងឺកូវីដ-១៩ ត្រូវការរក្សាទុកក្នុងសីតុណ្ហភាពដែលបានកំណត់មួយ ប្រទេសនានាចាំបាច់ត្រូវបន្តបណ្ដុះបណ្ដាលដល់អ្នកជំនាញផ្នែកភស្តុភារ និងភ្នាក់ងារសុខាភិបាលអំពីរបៀបរក្សាទុកថ្នាំបង្ការជំងឺកូវីដ-១៩ នៅសីតុណ្ហភាពដែលត្រឹមត្រូវ។
ជាផ្នែកមួយនៃកម្មវិធីដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១៧ ដោយមានការគាំទ្រពី Gavi យូនីសេហ្វបន្តធ្វើលទ្ធកម្ម និងគាំទ្រដល់ការដំឡើងទូទឹកកកចំនួន ៧០.០០០ គ្រឿង នៅតាមប្រទេសដែលមានចំណូលទាប ឲ្យបានត្រឹមចុងឆ្នាំ២០២១ ដែលនឹងជួយដល់ការចាប់ផ្ដើមយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដែលត្រូវការរក្សានៅសីតុណ្ហភាពចន្លោះពី២ ទៅ៨ អង្សាសេ។ ទូទឹកកកជិតពាក់កណ្ដាលក្នុងចំណោមទូទឹកកកទាំងនេះ នឹងប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ។
យូនីសេហ្វ អង្គការសុខភាពពិភពលោក និង Gavi ក៏កំពុងសហការគ្នាគាំទ្រដល់ប្រទេសនានាក្នុងការរៀបចំ ផែនការចាក់ថ្នាំបង្ការក្នុងប្រទេស។ បច្ចុប្បន្នប្រទេសនានាកំពុងបន្ត ពិនិត្យតាមដានភាពត្រៀមខ្លួនរបស់ប្រទេសទាំងនោះធៀបនឹងចំណុចដៅសំខាន់ៗ ដូចជាពន្លឿនការយល់ព្រមពីស្ថាប័ននិយ័តករ និងការដាក់ឲ្យអនុវត្តនូវវិធីសាស្ត្រសម្រាប់ពិនិត្យតាមដានសុវត្ថិភាពថ្នាំបង្ការជាដើម។
លើសពីនេះ កិច្ចប្រជុំនៅសប្ដាហ៍នេះរវាងយូនីសេហ្វជាមួយនឹងអ្នកជំនាញផ្នែកលទ្ធកម្មថ្នាំបង្ការប្រមាណ៣០០នាក់ មកពីគ្រប់ទិសទីនៅក្នុងសកលលោក ក្នុងនោះមានមន្ត្រីរដ្ឋាភិបាលផងដែរ បានពិនិត្យលើរបៀបធ្វើលទ្ធកម្ម និងការចាប់ផ្ដើមចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងប្រព័ន្ធនិយ័តកម្ម និងប្រព័ន្ធផ្គត់ផ្គង់។
ថវិកាគាំទ្រសម្រាប់ប្រតិបត្តិការនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង។ យូនីសេហ្វបានអំពាវនាវស្នើសុំថវិកាចំនួន ៤១០ លានដុលា្លរអាមេរិក ដើម្បីជួយគាំទ្រដល់ប្រទេសនានាក្នុងការផ្គត់ផ្គង់ថ្នាំបង្ការ ឧបករណ៍ព្យាបាល និងឧបករណ៍ធ្វើរោគវិនិច្ឆ័យក្នុងឆ្នាំ២០២១។ លើសពីនេះ យូនីសេហ្វប៉ាន់ប្រមាណថា នៅខ្វះថវិកាចំនួន ១៣៣លានដុល្លារអាមេរិកទៀត សម្រាប់ការរ៉ាប់រងចំណាយលើសេវាភស្តុភារថ្នាំបង្ការនៅក្នុងប្រទេស និងឧបករណ៍ប្រព័ន្ធរក្សាសីតុណ្ហភាពត្រជាក់ ដែលចាំបាច់សម្រាប់ប្រទេសក្រីក្រជាងគេទាំង ៩២ប្រទេស។
លោកស្រី ហ្វរ បានមានប្រសាសន៍ថា “ជាមួយនឹងការមកដល់ពិតប្រាកដនៃថ្នាំបង្ការជំងឺកូវីដ-១៩ ដែលទទួលបានការអនុម័តជាសកល យើងអាចចាប់ផ្ដើមមើលឃើញពីសញ្ញានៃក្ដីសង្ឃឹម ប៉ុន្តែក្ដីសង្ឃឹមមិនអាចស្ដារឡើងវិញបានដោយពឹងលើថ្នាំបង្ការមួយមុខនោះទេ។ ប្រទេសនានាត្រូវការការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនលើផ្នែកប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពត្រជាក់ និងប្រព័ន្ធផ្គត់ផ្គង់ បណ្ដុះបណ្ដាលភ្នាក់ងារសុខាភិបាល និងធ្វើការងារជាមួយនឹងសហគមន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត និងការកសាងជំនឿទុកចិត្តលើថ្នាំបង្ការ។ ប្រសិនបើពុំមានការផ្ដល់ថវិកា និងការគាំទ្របន្ទាន់នោះទេ ប្រទេសក្រីក្រជាងគេជាច្រើនប្រាកដជាប្រឈមនឹងហានិភ័យ និងត្រូវបានគេទុកចោលជាមិនខាន”។
######
សូមទាញយករូបថត និងវីដេអូនៅតំណភ្ជាប់នេះ៖https://weshare.unicef.org/Package/2AM408J6YP9G
អំពី COVAX
COVAX គឺជាកម្មវិធីដែលផ្ដោតលើថ្នាំបង្ការនៃភាពជាដៃគូ ACT-Accelerator។ កម្មវិធីនេះដឹកនាំដោយសម្ព័ន្ធនវានុវត្តន៍ត្រៀមឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺ (CEPI) និង Gavi ដែលជាសម្ព័ន្ធថ្នាំបង្ការសកល និងអង្គការសុខភាពពិភពលោក – ដោយសហការក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនផលិតថ្នាំបង្ការនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ យូនីសេហ្វ ធនាគារពិភពលោក អង្គការសង្គមស៊ីវិល និងស្ថាប័នដទៃទៀត។ COVAX គឺជាគំនិតផ្ដួចផ្ដើមសកលតែមួយគត់ដែលធ្វើការងារជាមួយនឹងរដ្ឋាភិបាល និងក្រុមហ៊ុនានា ដើម្បីធានាឲ្យមានថ្នាំបង្ការជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស សម្រាប់គ្រប់បណ្ដាប្រទេសទាំងអស់នៅទូទាំងសកលលោក មិនថាប្រទេសទាំងនោះមានមធ្យោបាយហិរញ្ញវត្ថុបែបណានោះឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
អ្នកស្រី សាប៊ីនណា ស៊ីឌូ យូនីសេហ្វនាទីក្រុងញូវយ៉ក
ទូរសព្ទ៖ +១ ៩១៧ ៤៧៦១៥៣៧ ឬសារអេទ្បិកត្រូនិក៖ ssidhu@unicef.org
អ្នកស្រី អាន សូហ្វី បូណឺហ្វេល យូនីសេហ្វផ្នែកផ្គត់ផ្គង់
ទូរសព្ទ៖ +៤៥ ២៤៦៩៤៦៧៦ ឬសារអេទ្បិកត្រូនិក៖abonefeld@unicef.org
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.