យូនីសេហ្វ៖ ស្ថានភាពពិភពលោក កំពុងបង្កមហន្តរាយលើបញ្ហាខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរសម្រាប់កុមារ
ការឡើងតម្លៃស្បៀងអាហារ និងការកាត់បន្ថយថវិកាសម្រាប់ប្រយុទ្ធនឹងជំងឺរាតត្បាត នឹងបង្កើននូវករណីខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ស្របពេលដែលជំនួយនៃការព្យាបាលសង្រ្គោះជីវិត កំពុងធ្លាក់ចុះ

- Available in:
- English
- Khmer
ទីក្រុងញ៉ូវយ៉ក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២៖ នៅថ្ងៃនេះយូនីសេហ្វបានព្រមាននៅក្នុងសេចក្ដីប្រកាសបន្ទាន់របស់ខ្លួនថា ចំនួនកុមារដែលមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ មានការកើនឡើងតាំងពីនៅមុនពេលមានសង្រ្គាមនៅប្រទេសអ៊ុយក្រែន ហើយសង្រ្គាមក៏បានកំពុងធ្វើឲ្យពិភពលោកធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិស្បៀងអាហារសកល ហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗ។
តាមរយៈការចេញផ្សាយនៅថ្ងៃនេះនូវរបាយការណ៍ដែលមានចំណងជើងថា ភាពស្គមស្គាំងធ្ងន់ធ្ងរ៖ គ្រោះអាសន្នលើការរស់រានមានជីវិតរបស់កុមារ ដែលត្រូវបានមើលរំលង បានបង្ហាញថា ថ្វីបើកម្រិតកាន់តែខ្ពស់នៃភាពស្គមស្គាំងធ្ងន់ធ្ងរលើកុមារ និងតម្លៃនៃការព្យាបាលសង្រ្គោះជីវិតមានការកើនទ្បើងក្ដី ការផ្ដល់ហិរញ្ញប្បទានជាសាកលនៅតែមិនបានឆ្លើយតប ដែលជានិន្នាការគួរឲ្យបារម្ភ គំរាមកំហែងដល់ជីវិតកុមាររាប់លាននាក់។
បញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ពោលគឺស្ថានភាពកុមារស្គមខ្លាំងពេកបើធៀបនឹងកម្ពស់ខ្លួន ដែលបង្កឡើងដោយប្រព័ន្ធការពាររាងកាយខ្សោយ គឺជាទម្រង់នៃការខ្វះអាហារូបត្ថម្ភចំពោះមុខ អាចមើលឃើញយ៉ាងច្បាស់ និងកំពុងគំរាមកំហែងដល់អាយុជីវិត។ នៅទូទាំងពិភពលោក កុមារអាយុក្រោមប្រាំឆ្នាំ យ៉ាងហោចណាស់ចំនួន ១៣,៦លាននាក់ មានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ដែលបង្កឲ្យកុមារម្នាក់ក្នុងចំណោមកុមារ ៥នាក់នៅក្នុងក្រុមអាយុនេះបានបាត់បង់ជីវិត។
តំបន់អាស៊ីខាងត្បូងនៅតែបន្តជា “ចំណុចរាតត្បាត” នៃបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ជាកន្លែងដែលកុមារម្នាក់ក្នុងចំណោម ២២នាក់ មានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ដែលចំនួននេះខ្ពស់ជាងបីដងបើធៀបនឹងអនុតំបន់សាហារ៉ាអាហ្រ្វិក។ នៅប្រទេសកម្ពុជា កុមារចំនួន ១០ភាគរយមានបញ្ហាស្គមស្គាំង។ កុមារទាំងនោះច្រើនមកពីគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមងាយរងគ្រោះ។ ពួកគេពុំសូវទទួលបានទឹកស្អាត និងលក្ខខណ្ឌអនាម័យប្រកបដោយសុវត្ថិភាព និងខ្វះការអនុវត្តល្អក្នុងការផ្ដល់អាហារដល់ទារក និងកុមារតូច គួបផ្សំជាមួយនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបច្ចុប្បន្នបង្កឡើងដោយការរាតត្បាតជំងឺកូវីដ-១៩ ដែលកាន់តែបង្កហានិភ័យធ្ងន់ធ្ងរលើអសន្តិសុខស្បៀង និងការខ្វះអាហារូបត្ថម្ភសម្រាប់គ្រួសារងាយរងគ្រោះ។
រួមផ្សំនឹងវិបត្តិអាហារូបត្ថម្ភនេះ យ៉ាងហោចណាស់មានកុមារស្គមស្គាំងធ្ងន់ធ្ងរចំនួន ១០លាននាក់ ឬកុមារ ២នាក់ក្នុងចំណោម ៣នាក់ មិនមានលទ្ធភាពទទួលបានការព្យាបាលភាពស្គមស្គាំងដែលមានប្រសិទ្ធភាពបំផុត ពោលគឺមិនបានទទួលអាហារព្យាបាលផលិតរួចស្រេច (RUTF) ឡើយ។ យូនីសេហ្វព្រមានថា ការរួមបញ្ចូលគ្នានៃការប៉ះទង្គិចជាសកលចំពោះសន្តិសុខស្បៀងដោយសារសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការលំបាកផ្នែកសេដ្ឋកិច្ចជាមួយនឹងការស្តារទ្បើងវិញពីជំងឺរាតត្បាត និងគ្រោះរាំងស្ងួតជាប់ៗគ្នានៅក្នុងប្រទេសមួយចំនួនដោយសារបម្រែបម្រួលអាកាសធាតុ កំពុងបង្កើតលក្ខខណ្ឌនានាធ្វើឲ្យបញ្ហាស្គមស្គាំងធ្ងន់ធ្ងរកាន់តែកើនទ្បើងគួរឲ្យកត់សម្គាល់នៅកម្រិតពិភពលោក។
ទន្ទឹមនឹងនេះដែរ តម្លៃនៃអាហារព្យាបាលផលិតរួចស្រេច ត្រូវបានព្យាករថានឹងកើនឡើងរហូតដល់ ១៦ភាគរយនៅក្នុងរយៈពេល៦ខែបន្ទាប់ ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃគ្រឿងផ្សំជាវត្ថុធាតុដើម។ ចំណែកឯតម្លៃនៃការដឹកជញ្ជូនក៏ត្រូវបានរំពឹងថា នឹងបន្តនៅមានកម្រិតខ្ពស់ផងដែរ។
របាយការណ៍នេះបន្តព្រមានទៀតថា ជំនួយសម្រាប់បញ្ហាស្គមស្គាំងនៅតែមានកម្រិតទាបយ៉ាងខ្លាំង ព្រមទាំងត្រូវបានព្យាករថានឹងធ្លាក់ចុះយ៉ាងខ្លាំងទៀតនៅឆ្នាំខាងមុខ ជាមួយនឹងក្ដីសង្ឃឹមតិចតួចនៃការស្ដារឡើងវិញទៅរកស្ថានភាពមុនមានជំងឺរាតត្បាត នៅមុនឆ្នាំ២០២៨។ ជំនួយពិភពលោកដែលត្រូវបានចំណាយលើបញ្ហាស្គមស្គាំងមានចំនួនស្មើនឹងត្រឹម ២,៨ភាគរយតែប៉ុណ្ណោះនៃ ODA (ជំនួយអភិវឌ្ឍន៍ផ្លូវការ) សរុបសម្រាប់វិស័យសុខាភិបាល និង ០,២ភាគរយនៃការចំណាយ ODA សរុប។
នៅកម្ពុជា មូលនិធិដើម្បីប្រយុទ្ធនឹងបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ គឺមានចំនួនមិនគ្រប់គ្រាន់ទ្បើយដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែកើនទ្បើង។ ផែនទីបង្ហាញផ្លូវជាតិសម្រាប់ឆ្លើយតបនឹងបញ្ហាស្គមស្គាំងរបស់កុមារត្រូវបានកំណត់តម្លៃថាមានចំនួនសរុបស្មើនឹង ២៥លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការនៃបញ្ហាខ្វះអាហារូបត្ថម្ភនៅក្នុងរយៈពេលបីឆ្នាំខាងមុខ។ ទោះបីជាយ៉ាងណាក៏ក្ដី ៦៩% (១៧,២ដុល្លារ) នៃមូលនិធិត្រូវការសម្រាប់ការអនុវត្ថពេញលេញនូវផែនការសកម្មភាពនេះ គឺមិនទាន់មានថវិកាគ្រប់គ្រាន់នៅទ្បើយ។
នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានលើកឡើងថា “អាហារូបត្ថម្ភ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវ័យកុមារតូច និងមានឥទ្ធិពលយ៉ាងសំខាន់លើសមត្ថភាពរបស់កុមារក្នុងការរស់រាន ចម្រើនពេញវ័យ រៀនសូត្រ និងរីកចម្រើន។ យូនីសេហ្វកំពុងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់អាទិភាពលើបញ្ហាស្គមស្គាំងនៅក្នុងគោលនយោបាយ និងថវិកាជាតិ ដើម្បីបិទភ្ជិតគម្លាតនេះ ជាពិសេស ដោយស្វែងរកមតិគាំទ្រឲ្យមានការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព សម្រាប់ធានាឲ្យមានអាហារព្យាបាលផលិតរួចស្រេច (RUTF) ដើម្បីព្យាបាលបញ្ហាខ្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរក្នុងវ័យកុមារភាព។ យើងក៏កំពុងគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងសកម្មភាពចុះដល់សហគមន៍ផងដែរ ដោយសារហេតុនេះ ករណីនៃបញ្ហាស្គមស្គាំងធ្ងន់ធ្ងរត្រូវបានកំណត់ឃើញតាំងពីដំបូង ហើយអ្នកថែទាំដឹងអំពីសេវាសុខភាព និងអាហារូបត្ថម្ភនៅក្នុងតំបន់របស់ពួកគេ នឹងចូលរួមនៅក្នុងការប្រើប្រាស់សេវាទាំងនោះជាប្រចាំ សម្រាប់ការបង្ការបញ្ហាខ្វះអាហារូបត្ថម្ភ។
ដើម្បីឆ្លើយតបនឹងវិបត្តិសកលនេះ យូនីសេហ្វ សូមស្នើដល់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានានៅជុំវិញពិភពលោក ត្រូវចាត់អាទិភាពលើការផ្ដល់មូលនិធិបន្ទាន់ សម្រាប់អន្តរាគមន៍ផ្តល់អាហារព្យាបាល និងការព្យាបាល សម្រាប់កុមារមានបញ្ហាស្គមស្គាំង និងធានាឲ្យមាននូវមូលនិធិសម្រាប់តម្រូវការរយៈពេលវែងនៃកុមារដែលងាយរងគ្រោះបំផុត។
###
កំណត់សម្គាល់សម្រាប់និពន្ធនាយក
អំពីអាហារព្យាបាលផលិតរួចស្រេច (RUTF)
អាហារព្យាបាលផលិតរួចស្រេច(RUTF) គឺជាអាហារសារធាតុលីពីដសម្បូរទៅដោយថាមពល ល្បាយមីក្រូជីវជាតិ ដោយប្រើប្រាស់សណ្ដែកដី ស្ករស ប្រេង និងម្សៅទឹកដោះគោរួមបញ្ចូលគ្នា ដែលត្រូវបានខ្ចប់ទៅជាកញ្ចប់ៗ។ យូនីសេហ្វ ដែលជាស្ថាប័ននាំមុខសកលផ្នែកលទ្ធកម្ម RUTF បានទិញ និងចែកចាយការផ្គត់ផ្គង់នេះចំនួនប្រមាណ ៧៥ ទៅ ៨០ភាគរយនៃការផ្គត់ផ្គង់សរុបនៅជុំវិញពិភពលោក ពីរោងចក្រចំនួនជាង ២០ ដែលមានទីតាំងនៅទូទាំងពិភពលោក។
អំពី ODA
ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) គឺជាជំនួយដល់រដ្ឋាភិបាល ដែលលើកកម្ពស់ និងផ្ដោតគោលដៅជាក់លាក់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រទេសកំពុងអភិវឌ្ឍ។ គណៈកម្មាធិការជំនួយអភិវឌ្ឍន៍ (DAC) នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានអនុម័តODA ថាជាឧបករណ៍ចម្បងនៃជំនួយបរទេសនៅឆ្នាំ១៩៦៩ ហើយវានៅតែជាប្រភពចម្បងនៃហិរញ្ញប្បទានសម្រាប់ជំនួយអភិវឌ្ឍន៍។ ទិន្នន័យ ODA ត្រូវបានប្រមូល ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយជាសាធារណៈដោយ OECD។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/ ។
សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook