យូនីសេហ្វ៖ កុមារអាយុក្រោម៥ឆ្នាំចំនួន ៦,៧ លាននាក់បន្ថែមទៀតនៅទូទាំងពិភពលោក អាចរងគ្រោះពីបញ្ហាស្គមស្គាំង (ទម្ងន់ស្រាលធៀបនឹងអាយុ) នៅឆ្នាំនេះ ដែលបណ្តាលមកពីផលប៉ះពាល់ពីជំងឺកូវីដ១៩

អត្រាខ្ពស់នៃភាពស្គមស្គាំង និងការខ្វះអាហារូបត្ថម្ភរបស់កុមារកម្ពុជា ត្រូវគេរំពឹងទុកថានឹងកើនទ្បើង ដែលបណ្តាលមកពីបញ្ហាសង្គមសេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ១៩។

03 សីហា 2020
©UNICEF/2020/Chhin Sothy/AFP-Services
UNICEF/2020/Chhin Sothy/AFP-Services

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០៖ ក្នុងឆ្នាំ២០២០ នៅទូទាំង​ពិភព​លោក មានកុមារអាយុក្រោម៥ឆ្នាំចំនួន ៦,៧ លាននាក់បន្ថែមទៀត អាចរងគ្រោះពី​បញ្ហាស្គមស្គាំង ដែលបណ្តាលឲ្យពួកគេជួបប្រទះនឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រហូត​ដល់កម្រិត​គ្រោះថ្នាក់ ដោយសារ​តែ​ផលប៉ះពាល់សង្គមសេដ្ឋកិច្ចបង្កឡើងដោយ​ការ​រាតត្បាត​ជា​សកលនៃជំងឺកូវីដ១៩។ នាយិកាប្រតិបត្តិយូនីសេហ្វ លោកស្រី ហិនរីតា ហ្វ័រ  បានមានប្រសាសន៍នៅក្នុងសេចក្តីរាយការណ៍ Lancet analysis កាលពីថ្ងៃទី២៧ កក្កដាថា “វាមានរយៈ​ពេល​៧ខែកន្លងមកហើយ​ ចាប់តាំង​ពីមានការរាយការណ៍ពីករណីជំងឺកូវីដ១៩​ដំបូងៗ ហើយ​ភស្តុតាងបានបង្ហាញ​កាន់​តែច្បាស់ថា ផលប៉ះពាល់​ចេញពី​ការរាតត្បាត​ជា​សកលនេះកំពុង​បង្ក​គ្រោះថ្នាក់​ដល់​កុមារ ​ច្រើនជាង​គ្រោះថា្នក់ដែល​បង្កដោយ​ជំងឺនេះផ្ទាល់”។

នៅតាមបណ្ដាប្រទេស​នានាដូចជាប្រទេសកម្ពុជាជាដើម ផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច កំពុងបំផ្លាញសន្តិសុខស្បៀង ជីវភាពរស់នៅ និងសេដ្ឋកិច្ចប្រទេស។ កត្តានេះបណ្តាលឲ្យធនធាននៃគ្រួសារកាន់តែមានតិចទៅ និងជាហេតុនាំឲ្យប៉ះពាល់អវិជ្ជមានដល់អាហារូបត្ថម្ភកុមារ។ការបាត់បង់ការងារ ​ជាទូទៅធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ខ្ចី​បុលអ្នកដទៃ​សម្រាប់ទិញអាហារហូបចុក កាត់បន្ថយការ​ទទួលទានអាហាររបស់ពួកគេ និងផ្លាស់ប្ដូរប្រភេទអាហារ​ដែលពួកគេ​ធ្លាប់បរិភោគ។ តម្លៃស្បៀង ជាពិសេសសាច់ ស៊ុត និង​ត្រី​មួយចំនួននៅ​ទីក្រុងភ្នំពេញ និងបន្លែស្រស់​នៅក្នុងផ្សារតាមបណ្តា​ខេត្ត ក៏មានការកើនឡើងផងដែរ នេះបើតាមព័ត៌មាន​បច្ចុប្បន្នភាពសេដ្ឋកិច្ច​ប្រទេសកម្ពុជា ដែលចេញផ្សាយ​ដោយធនាគារពិភពលោកនៅដើមឆ្នាំ២០២០កន្លងមកនេះ។​​

នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារ តាមរយៈការកាត់បន្ថយអត្រាក្រិសក្រិន (កម្ពស់ទាបធៀបនឹងអាយុ) ពី ៤២% ក្នុងឆ្នាំ២០០៥ មកនៅ ៣២% នៅឆ្នាំ២០១៤។  ទោះជាយ៉ាងនេះក្តី ទិន្នន័យដែលមានស្រាប់នៃបញ្ហាស្គមស្គាំង (ទម្ងន់ស្រាលធៀបនឹងកម្ពស់) បង្ហាញថាមានការកើនទ្បើងពី ៨% ក្នុងឆ្នាំ២០០៥ ទៅ ៩,៦% នៅឆ្នាំ២០១៤។ សេចក្តីរាយការណ៍ ​The Lancet បានរកឃើញថា អត្រាប្រេវ៉ាឡង់នៃភាព​ស្គមស្គាំង​របស់កុមារអាយុក្រោម៥ឆ្នាំនៅទូទាំង​សកលលោកនៅឆ្នាំនេះ អាចកើនឡើង ១៤,៣% នៅតាមប្រទេស​ដែលមានចំណូលទាប និង​ចំណូមមធ្យម ព្រោះតែ​ផលប៉ះពាល់សង្គម សេដ្ឋកិច្ចដែលបង្កឡើងដោយ​ជំងឺកូវីដ១៩។  

បញ្ហាខ្វះអាហារូបត្ថម្ភ​ស្រួចស្រាវ នៅតែ​ជាមូលហេតុចម្បងមួយដែលបណ្តាលឲ្យកុមារអាយុក្រោម៥ឆ្នាំ ក្នុងប្រទេសកម្ពុជា​បាត់បង់ជីវិត (ការ​អង្កេត​ប្រជាសាស្ត្រ​​ និងសុខភាពឆ្នាំ២០១៤)។ នៅក្នុងករណីខ្វះអាហាររូបត្ថម្ភស្រួចស្រាវប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា មានអត្រាចំនួន ២,៥% (ឬចន្លោះពី ៦ម៉ឺន ទៅ៩ម៉ឺនករណី) នឹងត្រូវការការព្យាបាលផ្នែកវេជ្ជសាស្រ្តជំនាញ រួមទាំងការផ្តល់អាហារព្យាបាល នៅក្នុងតម្លៃ ១១៣ដុល្លាសហរដ្ឋអាមេរិក ចំពោះករណីកុមារម្នាក់។ អត្រានៃការព្យាបាលការខ្វះអាហារូបត្ថម្ភស្រួចស្រាវបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា គឺមានតិចជាង ៦% នៃករណីដែលប៉ាន់ប្រមាណទាំងអស់។  

នាយករងយូនីសេហ្វប្រចាំកម្ពុជា លោក​ចាឡាក់ អាប់ឌិលវ៉ាហាប់ បានមានប្រសាសន៍ថា៖ “ការខកខាន​ពុំបាន​ព្យាបាល​ករណី​ខ្វះអាហារូបត្ថម្ភស្រួចស្រាវ បន្ថែមនូវ​បន្ទុកនៃករណី​ឈឺ និងស្លាប់របស់​កុមារអាយុក្រោម៥ឆ្នាំនៅ
កម្ពុជា។ វាជាតម្រូវការបន្ទាន់ក្នុងការបង្កើនធនធានពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មបង្ការ និងព្យាបាលការខ្វះអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងគោលបំណងពង្រីក នូវវិសាលភាព និងគុណភាពរបស់កម្មវិធី។ ចំណុចនេះគួរត្រូវបានផ្តល់អាទិភាពនៅក្នុងការងាររបស់យើង ដើម្បី កាត់បន្ថយ និងបង្ការផលប៉ះពាល់យូរអង្វែងពីជំងឺរាតត្បាតកូវីដ១៩ មកលើកុមារកម្ពុជា។​ យូនីសេហ្វ ក្នុងភាព ជាដៃគូជាមួយក្រសួងសុខាភិបាល កំពុងខិតខំប្រឹងប្រែងគាំទ្រដល់ការព្យាបាលបញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាវ ដើម្បីឲ្យកុមារគ្រប់រូបអាចចម្រើនលូតលាស់ និងអភិវឌ្ឍខ្លួនឈានទៅសម្រេចសក្តានុពលពេញលេញរបស់ខ្លួន។”

លោកអាប់ឌិលវ៉ាហាប់ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ទៅដល់ការដឹកនាំដ៏ល្អរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចំពោះការសម្របសម្រួលអន្តរវិស័យ អន្តរាគមន៍ពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងចលនាបង្កើនអាហារូបត្ថម្ភសហប្រជាជាតិនៅកម្ពុជា(UN-SUN) ដែលយូនីសេហ្វជាសមាជិក អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការសុខភាពពិភពលោក។

នៅក្នុងកិច្ចសម្ភាសន៍នៃសេចក្តីរាយការណ៍ The Lancet​ report ប្រធាន​​យូនីសេហ្វ អង្គការ​ស្បៀង និងកសិកម្មសហប្រជាជាតិ អង្គការ​ស្បៀងអាហារពិភពលោក និងអង្គការ​សុខភាព​ពិភព​លោក នៅកម្រិតសកល​ បានអំពាវនាវទៅដល់​​រដ្ឋាភិបាល​ សាធារណជន អ្នកផ្ដល់ជំនួយ និងវិស័យ​ឯកជននៅទូទាំង​សកលលោក ឲ្យការពារ​សិទ្ធិរបស់កុមារ​ក្នុងការទទួល​បាន​សេវា​​អាហារូបត្ថម្ភនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ តាមរយៈ៖

  • ការពារ និងធានាលទ្ធភាពទទួលបាន​អាហារ​ដែលមានសារជាតិ​ចិញ្ចឹមមានសុវត្ថិភាព និងមានតម្លៃសមរម្យ សម្រាប់ជាសកម្មភាពគន្លឹះនៃការឆ្លើយតបចំពោះជំងឺកូវីដ១៩
  • វិនិយោគ​ឱ្យបានច្រើនបំផុតលើការគាំទ្រ​ដល់​ការ​លើកកម្ពស់​អាហារូបត្ថម្ភមាតា និងកុមារ តាមរយៈការការពារ​ការ​បំបៅកូន​ដោយទឹកដោះម្ដាយ ការទប់ស្កាត់ការផ្សព្វផ្សាយលក់​ផលិតផល​អាហារទារក​មិនសមស្រប និងធានា​ឱ្យ​កុមារ និងស្ត្រីទទួលបាន​អាហារចម្រុះប្រកបដោយជីវជាតិ
  • អនុវត្ត​ឱ្យ​កាន់តែសកម្ម និង​ពង្រីក​វិសាលភាព​នៃ​សេវាកំណត់រក និង​ផ្ដល់ការព្យាបាល​ឱ្យបានទាន់ពេលវេលាដល់ករណី​កុមារស្គមស្គាំង
  • រក្សា​ការ​ផ្ដល់អាហារ​តាមសាលា​រៀនប្រកបដោយ​ជីវជាតិ និង​សុវត្ថិភាព និង
  • ពង្រីកសេវាគាំពារ​សង្គម ដើម្បី​ការពារ​លទ្ធភាពទទួលបាន​របបអាហារប្រកបដោយជីវជាតិ និងសេវា​ចាំបាច់​សំខាន់ៗ​ក្នុងចំណោមគ្រួសារ​ដែលមានជីវភាព​ក្រីក្រជាងគេ និងរងផលប៉ះពាល់ជាងគេ។ 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook