យូនីសេហ្វ៖ កសាងទំនុកចិត្តលើថ្នាំបង្ការ ឆ្លើយតបចំពោះវិបត្តិសុខភាពផ្លូវចិត្តរបស់យុវជន និងតភ្ជាប់គម្លាត ឌីជីថល គឺជាឱកាសសំខាន់ៗសម្រាប់កុមារពិភពលោក នៅក្រោយការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩

នៅក្នុងលិខិតចំហអំពីការគិតគូរជាថ្មីពីពិភពលោកក្រោយវិបត្តិជំងឺកូវីដ១៩ នាយិកាប្រតិបត្តិយូនីសេហ្វ បានគូសបញ្ជាក់ពីមេរៀនចំនួន៥ ដែលទទួលបានពីការឆ្លងរាលដាលជាសកលនៃជំងឺនេះ។

17 កុម្ភៈ 2021
UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2021/Antoine Raab

ទីក្រុងញ៉ូវយ៉ក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១៖ ការបន្តបង្កើនទំនុកចិត្តរបស់សកលលោកលើថ្នាំបង្ការ ការឆ្លើយតបចំពោះបញ្ហាសុខភាព និងសុខមាលភាពផ្លូវចិត្តរបស់យុវជន ការប្រយុទ្ធប្រឆាំងនឹងការរើសអើង ការឆ្លើយតបចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់គម្លាតឌីជីថល សុទ្ធតែជាឱកាសធំៗបំផុតសម្រាប់កុមារ ដែលជាមេរៀនទទួលបានពីការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ សម្រាប់សហគមន៍អន្តរជាតិ នេះបើតាមប្រសាសន៍លោកស្រី ហិនរីតា ហ្វរ  នាយិកាប្រតិបត្តិយូនីសេហ្វ នៅក្នុងលិខិតចំហប្រចាំឆ្នាំ របស់លោកស្រីដែលផ្ញើចេញនៅថ្ងៃនេះ។

នៅក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយក្នុងឱកាសយូនីសេហ្វ ចាប់ផ្ដើមប្រារព្ធខួបលើកទី៧៥ ឆ្នាំរបស់ខ្លួននៅទូទាំងសកលលោក លោកស្រី ហ្វរ បានគូសបញ្ជាក់ថា ខណៈពេលដែលពិភពលោក កំពុងបន្តប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ យើងទាំងអស់គ្នាចាំបាច់ត្រូវតែចាប់យកឱកាសសំខាន់ៗដែលមាន ដើម្បីគិតគូរជាថ្មីពីពិភពលោកមួយដែលកាន់តែល្អប្រសើរសម្រាប់កុមារ។

លោកស្រី ហ្វរ បានសរសេរនៅក្នុងលិខិតថា៖ ”ខណៈពេលដែលយើងចាប់ផ្ដើមអបអរសាទរខួបលើកទី៧៥ឆ្នាំរបស់យូនីសេហ្វ មានការរំឮកប្រាប់យើងថាស្ថាប័ននេះត្រូវបានបង្កើតឡើងចំពេលដែលមានវិបត្ដិជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោយសង្គ្រាមលោកលើកទី ២។ កាលពីពេលនោះ យើងងាយនឹងបោះបង់ចោលនូវក្តីសង្ឃឹម ដោយសារទំហំនៃបញ្ហាដែលកុមារជួបប្រទះ នៅក្នុងពិភពលោកត្រូវបានទទួលរងការបំផ្លាញខ្ទេចខ្ទី ដោយសង្គ្រាម។ ប៉ុន្តែយើងបានគិតគូរទ្បើងវិញពីសកម្មភាព ដែលអាចធ្វើទៅបាន។ យើងបានកសាង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសុខមាលភាពថ្មីៗនៅទូទាំងពិភពលោក។ យើងបានយកឈ្នះលើជំងឺអុតធំ និងគ្រុនស្វិតដៃជើង។ យើងបានកសាងអង្គការសហប្រជាជាតិ។ ឥឡូវនេះប្រវត្តិសាស្ដ្រកំពុងដង្ហើយហៅយើងជាថ្មីម្ដងទៀត”។

ពាក់ព័ន្ធនឹងថ្នាំបង្ការ លោកស្រីហ្វរបានលើកឡើងថាភាពស្ទាក់ស្ទើរ ក្នុងការចាក់ថ្នាំបង្ការ នឹងបង្កប៉ះពាល់ធ្ងន់ធ្ងរមកលើលទ្ធភាពរបស់យើងក្នុងការយកឈ្នះជំងឺកូវីដ១៩។ បើទោះជាយើងសហការជាមួយរដ្ឋាភិបាលដៃគូ និងអ្នកផ្ដល់ជំនួយដើម្បីជួយអនុវត្តកិច្ចការលទ្ធកម្ម ដឹកជញ្ជូន និងផ្ដល់ថ្នាំបង្ការនៅទូទាំងសកលលោកយ៉ាងណាក៏ដោយ យើងក៏ត្រូវកសាងទំនុកចិត្តលើថ្នាំបង្ការផងដែរ ដើម្បីឱ្យសាធារណៈជនទូទៅអាចទទួលយកថ្នាំបង្ការទាំងនេះ។ លោកស្រី ហ្វរ បានបន្តទៀតថា៖ “ប្រសិនបើពុំមានទំនុកចិត្តលើថ្នាំបង្ការនោះទេ ថ្នាំបង្ការទាំងនេះគ្រាន់តែជាដបតូចៗដ៏មានតម្លៃថ្លៃ ដែលគេរក្សាទុកក្នុងទូរដាក់ឱសថរបស់គ្រូពេទ្យតែប៉ុណ្ណោះ”។

ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តវិញ លោកស្រី ហ្វរ បានមានប្រសាសន៍ថា៖ “ជំងឺកូវីដ១៩ ធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តកាន់តែមានការកើនឡើងគួរឱ្យបារម្ភនៅក្នុងចំណោមកុមារ និងយុវជន និងបានជំរុញឱ្យសហគមន៍អន្តរជាតិខិតខំបន្ថែមទៀត។” លោកស្រីបានបន្តថា៖ “ប្រទេសនានាចាំបាច់ត្រូវធ្វើការវិនិយោគ ដើម្បីដោះស្រាយបញ្ហានេះ ដែលជាបញ្ហាមួយដ៏សំខាន់ ដោយត្រូវពង្រីកសេវាសុខភាពផ្លូវចិត្ត និងសេវាគាំទ្រដល់យុវជននៅក្នុងសហគមន៍ និងសាលារៀនឱ្យបានឆាប់រហ័ស និងអនុវត្តកម្មវិធីអប់រំអំពីរបៀបចិញ្ចឹមបីបាច់កូន ដើម្បីឱ្យកុមារមកពីគ្រួសារងាយរងគ្រោះ អាចទទួលបានការគាំទ្រ និងការការពារដែលពួកគេត្រូវការ នៅក្នុងផ្ទះ”។

ពាក់ព័ន្ធនឹងការតភ្ជាប់គម្លាតឌីជីថល លោកស្រីហ្វរបានលើកឡើងថា ការអនុវត្តវិធានការបិទទីក្រុងនៅទូទាំងសកលលោក បានស្តែងចេញឱ្យយើងឃើញពីវិសមធម៌ ដែលកើតឡើងដោយសារគម្លាតឌីជីថល។ ក្នុងពេលដែលមានការបិទសាលារៀន ច្រើនបំផុតក្នុងឆ្នាំ២០២០ សិស្សប្រមាណ ៣០% នៅក្នុងពិភពលោក ពុំអាចទទួលបានការរៀនសូត្រពីចម្ងាយឡើយ ហើយពួកគេក៏ជាកុមារដែលមិនទំនងជាបានទទួលការអប់រំប្រកបដោយគុណភាពផងដែរ។ លិខិតនេះបានអំពាវនាវឱ្យមានការគិតគូរជាថ្មីអំពីការអប់រំ និងការតភ្ជាប់គម្លាតឌីជីថល ដើម្បីឱ្យយើងអាចទាញប្រយោជន៍ពីឧបករណ៍ឌីជីថល សម្រាប់គិតគូរជាថ្មីពីការអប់រំ និងបោះជំហានទៅមុខកាន់ សម្រាប់វិស័យអប់រំនាពេលអនាគត។

ជាចុងក្រោយ លិខិតនេះបានលើកឡើងពីសារៈសំខាន់ នៃឱកាសនាពេលបច្ចុប្បន្ន។ លោកស្រី ហ្វរ បានសរសេរថា “សហគមន៍អន្តរជាតិ ត្រូវគាំទ្រដល់ការស្ដារឡើងវិញប្រកបដោយបរិយាបន្ន ដោយត្រូវចាត់ទុកការវិនិយោគលើកុមារជាអាទិភាព”។ “នៅឆ្នាំនេះ ខណៈពេលយូនីសេហ្វអបអរសាទរខួប៧៥ឆ្នាំ នៃការគិតគូរជាថ្មីពីអនាគតរបស់កុមារគ្រប់រូប យើងទាំងអស់គ្នាត្រូវប្រមូលផ្ដុំគាំទ្រកុមារ និងយុវជន ជាមួយនឹងស្មារតីថ្មី ដោយចាត់ទុកការងារដែលត្រូវធ្វើទាំងនេះជាការងារបន្ទាន់ ខណៈពេលដែលយើងកំពុងបង្កើតឱកាស បំផុសក្ដីសុបិន្តពួកគេ និងផ្តល់គាំទ្រ នៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ”។

###

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook