យូនីសេហ្វចេញសេចក្តីណែនាំស្ដីពីកិច្ចការពារក្មេងជំទង់ ពីហានិភ័យតាមប្រព័ន្ធអនឡាញនៅក្នុងអំទ្បុងពេលរាតត្បាតនៃជំងឺកូវីដ១៩

24 មេសា 2020
Tips for parents and care givers
UNICEF/UN014968/Estey

ទីក្រុងបាងកក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០៖ ការរាតត្បាត​ជាសកលនៃ​ជំងឺកូវីដ១៩ ធ្វើឱ្យកុមារត្រូវស្នាក់នៅ​​ផ្ទះ និងមិនបានទៅរៀន។ កុមារ និងយុវជនជាច្រើនកំពុងចំណាយពេល​ភាគច្រើន​របស់ខ្លួនលើប្រព័ន្ធអនឡា​ញ និងកំពុងប្រឈមនឹង​ហានិភ័យនៃការរំលោភបំពាន។ ដើម្បីជួយដល់ឪពុកម្ដាយ និង​ក្មេងជំទង់ ការិយា​ល័យ ​យូនីសេហ្វ​ប្រចាំអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក បានសហការជាមួយនឹងលោក ប៉ាទ្រីក ប៊ើតុន​ អ្នកជំនាញមកពី មជ្ឈមណ្ឌល​យុត្តិធម៌ និងបង្ការបទល្មើស (CJCP) និងបណ្ឌិត ម៉ូនីកា ប៊ុលហ្គើ មកពីអង្គការអក្ខរកម្មអនឡាញ (Literacy Online) បានរៀបចំសេចក្តីណែនាំ​អំពីវិធីសាស្ត្រ​សម្រាប់មនុស្សវ័យក្មេង​អាចប្រើប្រាស់​ដើម្បីការពារ​ខ្លួននៅអនឡាញ និងវិធីសាស្ត្រ​ដែលឪពុកម្ដាយ និងអាណាព្យាបាលអាច​ប្រើប្រាស់ ដើម្បីជួយ​ឱ្យ កូនៗរបស់ខ្លួននៅតែ​មានសុវត្ថិភាពនៅពេលប្រើអ៊ីនធឺណិត។

អ្នកស្រី រ៉ាឈែល ហាវី ទីប្រឹក្សាថ្នាក់តំបន់ផ្នែកកិច្ចការពារកុមារនៃការិយាល័យយូនីសេហ្វ​ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “សម្រាប់កុមារ និងក្មេងជំទង់ជាច្រើននាក់ ការចំណាយពេលអនឡាញ គឺជា​ការបន្តទំនាក់ទំនង​ក្នុងសង្គម​ និងជាមធ្យោបាយសម្រាប់បន្ត​ទទួលបានការអប់រំ។ ខណៈពេលដែលវិធីសាស្រ្តនេះមានសារៈសំខាន់ ការចំណាយពេលកាន់តែច្រើនតាមប្រព័ន្ធអនឡាញ បានធ្វើ​ឱ្យពួកគេកាន់តែ​ងាយទទួល​រង​ការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញផងដែរ។”

មានកុមារ និងមនុស្សវ័យក្មេងជាង ៣២០លាននាក់ រងផលប៉ះពាល់ ​ដោយសារ​ការ​បិទសាលារៀន​នៅ​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនេះ។ បច្ចុប្បន្ននេះ កុមារ​ជាច្រើននាក់កំពុង​រៀនសូត្រ និង​ទំនាក់ទំនង​ជាមួយអ្នកដទៃក្នុងសង្គមកាន់តែច្រើនតាមប្រព័ន្ធអនឡាញ ប្រសិនបើពួកគេអាច​ធ្វើបែបនេះបាន។ ប្រការនេះធ្វើឱ្យកុមារងាយ​រងការ​កេងប្រវ័ញ្ចផ្លូវភេទ និងការល្បួង​តាមប្រព័ន្ធអនឡាញ ត្បិតជន​ដែលប្រព្រឹត្តិ​អំពើ​បែបនេះ ព្យាយាម​ទាញប្រយោជន៍ពីការរាតត្បាត​ជាសកលនៃ​ជំងឺកូវីដ១៩។ ការខ្វះ​ទំនាក់ទំនង​ផ្ទាល់ជាមួយនឹង​មិត្តភក្តិ និងដៃគូ អាច​ធ្វើឱ្យ​កុមារកាន់តែ​ហ៊ានប្រថុយប្រថាន ដូចជាប្រថុយផ្ញើ​រូបភាពដែលមានលក្ខណៈផ្លូវភេទ ហើយម៉្យាងទៀត ការ​ចំណាយ​ពេលតាមប្រព័ន្ធអនឡាញកាន់តែច្រើនដោយគ្មានការគ្រប់គ្រង​ត្រឹមត្រូវ​ អាច​ធ្វើឱ្យ​កុមារ​អាច​មើលឃើញរូបភាព និងវីដេអូ​ដែលមានលក្ខណៈហិង្សា និង​អាច​បង្ក​ការឈឺចាប់ ក៏ដូចជាកាន់តែប្រឈម​នឹង​ការ​សម្លុតគំរាម​តាមប្រព័ន្ធអនឡាញជាដើម។

ឪពុកម្ដាយ និង​អាណាព្យាបាល អាចមានការលំបាកក្នុងការ​ជួយ និង​តាមដានកូនៗរបស់ខ្លួន រួមទាំងការ តាមដានសកម្មភាពតាមអនឡាញរបស់កូនជាដើម។ ពួកគេអាចកំពុង​ជួបការលំបាក ព្រោះត្រូវទទួលរង​បន្ទុកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងភាពមិនប្រាកដប្រជា។ ដោយសារ​តែ​បញ្ហាស្ត្រេស ពួកគេក៏អាច​ជួបនឹងការលំបាក​ក្នុងការ​បន្ត​ និងរក្សា​សកម្មភាព​ជាប្រក្រតីក្នុងគ្រួសារ​ ក្នុងអំឡុងពេល​នេះផងដែរ។

លោកប៉ាទ្រីក ប៊ើតុន អ្នកជំនាញមកពីមជ្ឈមណ្ឌល CJCP បានមានប្រសាសន៍ថា “ក្រៅ​ពី​បញ្ហា​ដែលនាំ​ឱ្យមានភាពតានតឹង និង​ភាពមិនប្រាកដប្រជាខាងផ្នែកសេដ្ឋកិច្ច និងសង្គម បច្ចុប្បន្នឪពុកម្ដាយ និងអាណាព្យាបាល ត្រូវ​ជួបប្រទះនឹង​បញ្ហា​ប្រឈម​បន្ថែមមួយទៀត ក្នុងការរក្សាសុវត្ថិភាព​កូនៗតាមប្រព័ន្ធអនឡាញ ដោយសារ​តែ​ពួកគេមានចំណេះដឹង​ និង​ជំនាញបច្ចេកទេស​តិចតួចក្នុងផ្នែកនេះ។ ស្របពេលដែលនេះជាបញ្ហា​មួយដ៏លំបាក វាក៏អាចជា​ឱកាស​មួយដ៏សំខាន់ ដើម្បីចាប់ផ្ដើមការ​សន្ទនាជា​មួយកូនអំពីវិធីសាស្ត្រដែលល្អបំផុត ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេតាមប្រព័ន្ធអនឡាញផងដែរ។”

សេចក្តីណែនាំថ្មីនេះនឹង​ជួយ​ធានាឱ្យកុមារ​នៅតែមាន​សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងទទួលបានបទពិសោធវិជ្ជមាននៅក្នុងអំឡុងពេលនៃ​ការរាតត្បាតនៃ​ជំងឺកូវីដ១៩នេះ។ ជំហានងាយៗ​ដែលក្មេងជំទង់អាច​ធ្វើ​បាន ដូចជា៖

  • ពិនិត្យ​មើល​ការកំណត់​ភាពឯកជន (privacy settings) 
  • ធានាថាពុំមានអ្នកដទៃទៀតអាចដឹងពីទីតាំង​របស់ពួកគេ
  • ការបិទមិន​ឱ្យអ្នកដែល​ធ្វើ​ឱ្យពួកគេពុំ​មានអារម្មណ៍កក់ក្ដៅ អាចទាក់ទងបាន
  • ដឹងពីកន្លែងដែលពួកគេ​អាច​ស្វែងរក​ជំនួយ។

ហើយក្នុងពេលជាមួយគ្នានេះ ឪពុកម្ដាយ និងអាណាព្យាបាល អាច៖

  • និយាយទៅកាន់កូនៗអំពី​សុវត្ថិភាព​តាមប្រព័ន្ធ​អនឡាញ
  • ស្វែងយល់​ពីឧបករណ៍រក្សា​សុវត្ថិភាព​តាមប្រព័ន្ធអនឡាញ
  • ស្វែងយល់ពីហានិភ័យ​ ដែលកុមារអាច​ជួបប្រទះនៅពេល​ប្រើប្រាស់ប្រព័ន្ធអនឡាញ
  • សម្គាល់ដឹងពី​សញ្ញា​ពិបាកចិត្ត ដែលកើតចេញពីការប្រើប្រាស់ប្រព័ន្ធ​អនឡាញ និងដឹងពី​កន្លែង ​ស្វែងរកជំនួយ។

សេចក្តីការណែនាំនេះស្រប​តាម​ឯកសារ​បច្ចេកទេសថ្មីមួយ ដែល​យូនីសេហ្វ និងដៃគូរបស់ខ្លួនទើបប្រកាសផ្សព្វផ្សាយកាល​ពីដើម​សប្ដាហ៍មុន ក្នុងគោលបំណង​ឱ្យ​រដ្ឋាភិបាល​ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកអប់រំ និងឪពុកម្ដាយ ចេះសម្គាល់ដឹង និងចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយហានិភ័យ​ ដែលកុមារអាចជួបប្រទះនៅពេលដែលពួកគេ​ប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងអំឡុងពេល​នៃការររាតត្បាត​ជាសកលនៃជំងឺកូវីដ១៩។ 

####

 កំណត់សម្គាល់សម្រាប់និពន្ធនាយក៖  

សម្រាប់ឪពុកម្ដាយ និងអ្នកថែទាំ៖ សេចក្តីណែនាំសម្រាប់ឪពុកម្ដាយ និងអ្នកផ្តល់ការថែទាំ

សម្រាប់ក្មេងជំទង់៖ សេចក្តីណែនាំសម្រាប់មនុស្សវ័យក្មេង

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook