យូនីសេហ្វចាប់ដៃគូជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអនុវត្តសាកល្បង បច្ចេកវិទ្យាទឹកស្អាត និងអនាម័យដែលមានភាពធន់ចំពោះអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា

29 សីហា 2023
UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

រាជធានីភ្នំពេញ/ទីក្រុងប៉េកាំង ថ្ងៃទី ២៩ ខែសីហា - គណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន យូនីសេហ្វប្រចាំកម្ពុជា និងយូនីសេហ្វប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចចុះមូលដ្ឋានរយៈពេលបីថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សាលទ្ធភាពនៃការសាកល្បងបច្ចេកវិទ្យា និងដំណោះស្រាយទឹកស្អាតនិងអនាម័យដែលធន់នឹងអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ។

ដោយសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន យូនីសេហ្វ កំពុងតែអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទឹកស្អាតនិងអនាម័យទូលំទូលាយមួយ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានភាពធន់នឹងអាកាសធាតុ និងសន្សំសំចៃថាមពល ។ បេសកកម្មសិក្សាលទ្ធភាពនៅកម្ពុជា មានគោលដៅប្រើប្រាស់ជំនាញបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមកនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដើម្បីជួយកំណត់ពីចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារមួយ ។ សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ ​(Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជាជាប្រទេសទីបីក្នុងចំណោមប្រទេសនានាដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត ។ “យើងសូមអរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន និង យូនីសេហ្វប្រចាំប្រទេសចិន ដែលបានផ្តល់ការគាំទ្រក្នុងការអនុវត្តការឆ្លើយតបប្រកបដោយនវានុវត្តន៍ និងមានភាពធន់ចំពោះអាកាសធាតុ ដែលបង្កើតបរិស្ថានប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត” ។

នៅក្នុងប្រទេសកម្ពុជា ប្រជាជនម្នាក់ក្នុងចំណោមបួននាក់នៅតាមទីជនបទ នៅតែមិនអាចទទួលបានប្រភពទឹកស្អាត និងអនាម័យប្រសើរជាងមុន ដែលបង្កហានិភ័យដល់សុខភាពសាធារណៈ រារាំងដល់ការអភិវឌ្ឍ និងបណ្តាលឱ្យមានហានិភ័យនៃភាពកខ្វក់ចំពោះធនធានទឹក ។ សេវាទឹកស្អាត​ និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជននៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះ​ចំនួន ២២ ភាគរយ ប្រៀបធៀបនឹង ២ ភាគរយនៅក្នុងតំបន់ទីប្រជុំជន ។

លោក ណេណាដ រ៉ាដុនជិក (Nenad Radonjic) នាយកស្តីទីរបស់យូនីសេហ្វប្រចាំប្រទេសចិន បានមានប្រសាសន៍ថា "យូនីសេហ្វប្រចាំសាធារណរដ្ឋប្រជាមានិតចិន កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីជំរុញសហប្រតិបត្តិការអន្តរជាតិស្តីពីសិទ្ធិកុមារ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។  “កិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននេះ គឺជាគំរូដ៏ល្អមួយនៃរបៀបដែលយើងអាចដើរតួជាអ្នកសម្របសម្រួលសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យទឹកស្អាត និងអនាម័យ អាកាសធាតុ និងបរិស្ថាន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរួម និងធ្ងន់ធ្ងរដែលប៉ះពាល់ដល់កុមារនៅទូទាំងសកលលោក” ។

គេបានប៉ាន់ស្មានថា ជាងមួយភាគបួននៃប្រជាជនកម្ពុជារងផលប៉ះពាល់ដោយបញ្ហាបរិស្ថានអនាម័យ រស់នៅក្នុងតំបន់ដែលប៉ះពាល់ដោយទឹកជំនន់ ទឹកក្រោមដីកម្រិតខ្ពស់ និងប្រឈមមុខនឹងឧបសគ្គផ្សេងៗទៀតក្នុងការទទួលបានអនាម័យប្រកបដោយប្រសិទ្ធភាព រួមទាំងការគ្រប់គ្រងសំណល់លាមកមិនបានត្រឹមត្រូវ ។

គណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយតំណាងយូនីសេហ្វប្រចាំកម្ពុជា និងសមភាគីរាជរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន និង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយក្នុងរាជធានីភ្នំពេញ ហើយបន្ទាប់មកនឹងធ្វើការចុះទស្សនកិច្ចទៅកាន់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់វិមជ្ឈការខ្នាតតូចដែលគាំទ្រដោយយូនីសេហ្វនៅក្នុងខេត្ត តាកែវ និងរោងចក្រប្រព្រឹត្តកម្មសំណល់លាមកមួយនៅជាយរាជធានីភ្នំពេញ ។

ជំហានបន្ទាប់ គឺការកៀរគរធនធាន ជំនាញ និងភាពជាដៃគូដែលចាំបាច់ដើម្បីអនុវត្ត និងពង្រីកគម្រោងនេះ ។ គម្រោងសហប្រតិបត្តិការកម្ពុជា-ចិន លើផ្នែកទឹកស្អាត និងអនាម័យដែលមានភាពធន់ចំពោះអាកាសធាតុ គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង (South-South Cooperation Programme) រវាងប្រទេសទាំងពីរ និងយូនីសេហ្វ ។

###

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

លោក អាឌ្រាន បូណូ (Hadrien Bonnaud)
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា 
ទូរសព្ទ ៖ +៨៥៥២៣២៦០២០៤ អ៊ីមែល ៖ hbonnaud@unicef.org

អាន់ឌ្រូ ប្រោន (Andrew Brown)
ប្រធានផ្នែកទំនាក់ទំនង និងតស៊ូមតិ យូនីសេហ្វប្រចាំប្រទេសចិន 
ទូរសព្ទ ៖ +៨៦១៧៨០០២២៨៤៩៤ អ៊ីមែល ៖ ambrown@unicef.org

 

UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
ចាន់ ទី
មន្ត្រីទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +855 92 284 262
អ៊ីម៉ែល: tchan@unicef.org

Additional resources

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook