យុវជនទាមទារបរិស្ថានចំណីអាហារល្អជាងមុនសម្រាប់សុខភាពនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
យុវជនរួមគ្នាបង្កើត និងធ្វើយុទ្ធនាការដើម្បីគាំទ្រគម្រោង “កែលម្អអាហារខ្ញុំ” របស់យូនីសេហ្វ

- Available in:
- English
- Khmer
ទីក្រុងបាងកក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ ប្រព័ន្ធចំណីអាហារនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលត្រូវបានគេស្គាល់ថាមានវប្បធម៌អាហារចម្រុះ និងរស់រវើកនោះ កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ របបអាហារស្រស់ដែលល្អសម្រាប់សុខភាពតាមប្រពៃណី កំពុងត្រូវបានជំនួសដោយការប្រើប្រាស់កាន់តែច្រើននូវអាហារកែច្នៃដែល 'អន់គុណភាព' និងភេសជ្ជៈដែលសម្បូណ៌ដោយជាតិស្ករ អំបិល និងខ្លាញ់មិនល្អចំពោះសុខភាព។
កុមារនៅក្នុងតំបន់នេះទាំងមូល កំពុងតែរស់នៅក្នុងបរិស្ថានអាហារដែលជំរុញការលក់ និងការបរិភោគអាហារ និងភេសជ្ជៈ 'អន់គុណភាព' ជាជាងអាហារដែលមានសុខភាពល្អ។ ជាផលវិបាក ក្មេងជំទង់លើសពីម្នាក់ក្នុងចំណោមបីនាក់ កំពុងតែទទួលទានភេសជ្ជៈដែលមានជាតិស្ករយ៉ាងតិចមួយប្រភេទក្នុងមួយថ្ងៃ ជាងពាក់កណ្តាលនៃក្មេងជំទង់ទាំងនេះទទួលទានអាហារចម្អិនរហ័សយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ហើយតិចជាងពាក់កណ្តាលនៃពួកគេទទួលទានផ្លែឈើ និងបន្លែបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ។
លោកស្រី ដេបូរ៉ា កូមីនី នាយិកាប្រចាំតំបន់នៃយូនីសេហ្វនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “បច្ចុប្បន្ន កុមារ និងយុវវ័យត្រូវបានហ៊ុំព័ទ្ធដោយការផ្សព្វផ្សាយលក់អាហារអន់គុណភាពនៅគ្រប់ទីកន្លែងដែលពួកគេទៅ៖ នៅតាមអនឡាញ តាមផ្លូវទៅសាលារៀន នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ តាមទូរទស្សន៍ និងសូម្បីតែនៅខណៈពេលឈរក្នុងជួរពេលចេញពីហាងលក់ទំនិញគ្រឿងទេសផងដែរ។ ជាលទ្ធផល កុមារជាច្រើនលើសលប់នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលទានរបបអាហារដែលអន់គុណភាព និងមិនល្អចំពោះសុខភាព ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាព និងសុខុមាលភាពរបស់ពួកគេ ។ វាដល់ពេលហើយដែលយើងត្រូវដោះស្រាយបញ្ហានេះ» ។
យូនីសេហ្វ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូនានា ដើម្បីដាក់ចេញគោលនយោបាយ និងច្បាប់ សំដៅបញ្ឈប់ការកើនឡើងនៃសកម្មភាពផ្សព្វផ្សាយលក់ចំណីអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព ដូចជាការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការលក់អាហារដែលមិនល្អចំពោះសុខភាពនៅក្នុង និងជុំវិញបរិវេណសាលារៀន ការដាក់ស្លាកសម្គាល់
អាហារូបត្ថម្ភនៅខាងមុខកញ្ចប់ឲ្យបានច្បាស់លាស់ និងការយកពន្ធលើភេសជ្ជៈដែលមានជាតិស្ករ និងវិធានការផ្សេងៗទៀត ។
ដើម្បីជំរុញឲ្យមានតម្រូវការចាំបាច់បន្ថែមទៀតសម្រាប់បរិស្ថានចំណីអាហារដែលល្អចំពោះសុខភាពជាងមុន យូនីសេហ្វ គាំទ្រយុទ្ធនាការ "កែលម្អអាហារខ្ញុំ" ដែលដឹកនាំដោយយុវវ័យដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពចាំបាច់ក្នុងការបង្កើតបរិស្ថានចំណីអាហារដែលកាន់តែល្អចំពោះសុខភាពនៅក្នុងប្រទេសចិន កម្ពុជា សហព័ន្ធរដ្ឋមីក្រូនេស៊ី ហ្វ៊ីជី ម៉ុងហ្គោលី កោះសូឡូម៉ុន ទីម័រខាងកើត និងវៀតណាម ។
យុវជន រួមជាមួយនឹងតារាល្បីៗ និងអ្នកមានឥទ្ធិពល មកពីប្រទេសទាំងប្រាំបីនេះ បានចូលរួមក្នុងសិក្ខាសាលាបង្កើតឡើងរួមគ្នាស្តីពី “កែលម្អអាហារខ្ញុំ” រយៈពេលពីរថ្ងៃនៅក្នុងទីក្រុងបាងកក - ដោយពិភាក្សាបំផុសគំនិត និងកំណត់អត្តសញ្ញាណដៃគូជាសក្តានុពលដើម្បីជួយរៀបចំយុទ្ធនាការនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ។
លោកស្រី រស់ រតនៈ ឬ Chef Nak មេចុងភៅស្រ្តីដំបូងបង្អស់របស់កម្ពុជា និងបវរកញ្ញាវៀតណាមប្រចាំឆ្នាំ ២០១៩ កញ្ញា Luong Thuy Linh ក៏បានចូលរួមក្នុងសិក្ខាសាលាបង្កើតឡើងរួមគ្នានេះ និងពិធីប្រកាសផ្សព្វផ្សាយនេះ ផងដែរ ។
ដោយចែករំលែកនូវគំនិតរបស់លោកស្រី ចុងភៅ រតនៈ បានលើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំក្នុងការថែរក្សា អភិវឌ្ឍ និងលើកកម្ពស់ម្ហូបខ្មែរបុរាណ ជាប្រពៃណីធ្វើម្ហូបដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក ។ អាហារគឺមានលើសពីអ្វីដែលយើងញ៉ាំ។ អាហារជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌យើង គ្រួសារយើង និងសហគមន៍យើង ។ ខ្ញុំសប្បាយចិត្តក្នុងការគាំទ្រយុវជនឆ្នើមទាំងនេះ ដើម្បីថែរក្សា ការពារ និងធានាថាបរិស្ថានចំណីអាហាររបស់យើងគឺសម្រាប់ទាំងអស់គ្នា និងផ្តល់អត្ថប្រយោជន៍ដល់គ្រប់គ្នា»។
កញ្ញា Luong Thuy Linh បវរកញ្ញាពិភពលោកវៀតណាមប្រចាំឆ្នាំ២០១៩ បានបញ្ជាក់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំលើការទទួលទានអាហារដែលល្អចំពោះសុខភាព និងរបៀបរស់នៅដែលមានសុខភាពល្អ និងបានចូលរួមក្នុងយុទ្ធនាការនេះ ដោយសង្ឃឹមថា យើងទាំងអស់គ្នានឹងអាចផ្លាស់ប្តូរប្រព័ន្ធអាហារដែលមិនល្អរបស់យើងបាន។ យើងត្រូវតែធានាថា ប្រជាជន ជាពិសេសកុមារ និងយុវវ័យ មានឱកាស និងសិទ្ធិក្នុងការជ្រើសរើសចំណីអាហារដែលល្អចំពោះសុខភាព មិនថាពួកគេនៅទីណាឡើយ នៅផ្ទះ នៅក្នុងនិងជុំវិញសាលារៀន និងនៅក្នុងសហគមន៍របស់ពួកគេ» ។
ដោយមានយុវជនដឹកនាំយុទ្ធនាការ “កែលម្អអាហារខ្ញុំ” និងការគាំទ្រពីតារាល្បីៗ និងអ្នកមានឥទ្ធិពល យូនីសេហ្វ សង្ឃឹមថា នឹងបង្កើតការយល់ដឹងអំពីផលប៉ះពាល់នៃបរិស្ថានចំណីអាហារដែលកំពុងមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ក្មេងស្រី និងក្មេងប្រុស និងតម្រូវការបន្ទាន់ដែលរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ត្រូវចាត់វិធានការរួមគ្នាដើម្បីកសាងបរិស្ថានចំណីអាហារដែលកាន់តែមានសុខភាពល្អថែមទៀតនៅទូទាំងតំបន់នេះ ។
ថ្លែងនៅឯព្រឹត្តិការណ៍នេះ យុវជន រីកាដូ វ៉ាឡង់តេ អាយុ ២៤ ឆ្នាំ មកពីប្រទេសទីម័រខាងកើត បានលើកឡើងថា “យុទ្ធនាការនេះគឺខុសប្លែកគេ ដោយរៀបចំ និងដឹកនាំដោយពួកយើង ហើយនឹងត្រូវអនុវត្តដោយពួកយើងម្នាក់ៗ នៅពេលពួកយើងវិលត្រឡប់ទៅកាន់ប្រទេសយើងវិញ។ យើងមានក្តីរំភើបដោយបានចូលរួមនៅក្នុងកម្មវិធីនេះ ដើម្បីធ្វើឲ្យបរិស្ថានចំណីអាហារកាន់តែល្អចំពោះសុខភាព និងកាន់តែសម្បូណ៌បែបសម្រាប់កុមារគ្រប់រូប និងយុវវ័យគ្រប់រូបនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក” ។
ជាផ្នែកមួយនៃការងាររបស់យូនីសេហ្វ ដើម្បីកៀរគរ និងផ្តល់ភាពអង់អាចដល់យុវវ័យក្នុងការធ្វើសកម្មភាព គម្រោងនេះនឹងត្រូវបានអនុវត្តនៅក្នុងប្រទេសដែលចូលរួមចំនួនប្រាំបី ហើយនឹងត្រូវគាំទ្រដោយការិយាល័យប្រចាំប្រទេសរបស់យូនីសេហ្វ និងដៃគូ ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម និងព័ត៌មានបច្ចុប្បន្នភាពស្តីពីគម្រោង “កែលម្អអាហារខ្ញុំ” សូមចូលមើលវេបសាយ៖ Fix My Food! | UNICEF East Asia and Pacific

###
កំណត់ចំណាំសម្រាប់និពន្ធនាយក៖
អំពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)
យូនីសេហ្វ បំពេញបេសកកម្មនៅតាមទីកន្លែងលំបាកៗបំផុត ដើម្បីផ្តល់ជំនួយទៅដល់កុមារដែលជួបប្រទះការលំបាកបំផុត ក្នុងពិភពលោក។ យើងធ្វើការនៅក្នុងដែនដី និងប្រទេសជាង ១៩០ សម្រាប់កុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោក ដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសូមចូលទៅកាន់៖ www.unicef.org/eap
សូមតាមដានយូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកតាមរយៈ Twitter Facebook Instagram និង LinkedIn
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី មូមីតា ដាស្ទីដារ ទឹប្រឹក្សាផ្នែកទំនាក់ទំនង យូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
ទូរសព្ទ៖ +៦៦(០) ៩៧៣១០៣៧៧៩ ឬសារអេទ្បិកត្រូនិក mdastidar@unicef.org
លោកស្រី ហ្ស៊ីម៉ា អ៊ីស្លាម ប្រធានស្តីទីផ្នែកទំនាក់ទំនង យូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
ទូរសព្ទ៖ +៦៦(០) ២៣៥៦៩៤០៧ ឬសារអេទ្បិកត្រូនិក ssislam@unicef.org
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.