យុទ្ធនាការ “គ្រួសាររឹងមាំ”ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា

19 កុម្ភៈ 2020
Strong Family Campaign
UNICEF Cambodia/2020/Bunsak But

រាជធានីភ្នំពេញ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅថ្ងៃនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា បានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែក​កុមារចេញ ពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ជាយុទ្ធនា​ការ​ផ្សព្វផ្សាយថ្នាក់ជាតិលើកជាលើកដំបូង។​​ នេះគឺជា​ព្រឹត្តិការណ៍ដ៏សំខាន់ ​ដែលរៀបចំឡើង​ដោយ​មានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការ ចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលមានគោលដៅរួមគ្នាក្នុងការលុបបំបាត់ អំពើហិង្សាលើ​កុមារ។ យុទ្ធនាការនេះជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ដើម្បី បញ្ចប់រាល់​ទម្រង់នៃ​អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។

យុទ្ធនាការ គ្រួសាររឹងមាំ មានគោលបំណងដោះស្រាយនូវបញ្ហាសង្គម​ និង​វប្បធម៌​ ដែល​ធ្វើឱ្យមាន​អំពើហិង្សា លើកុមារនិងធ្វើឱ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។​ អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ​ ដែលមានកុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ​ធ្លាប់ទទួលរង​អំពើហិង្សាយ៉ាង​ហោច​​​ណាស់​ ក៏មានមួយទម្រង់ផងដែរ មុនពេលពួកគេអាយុ១៨ឆ្នាំ។ អំពើហិង្សាលើកុមារអាចជះឥទ្ធិពល​អវិជ្ជមាន​​យូរអង្វែងដល់​សុខុមាល​​ភាពកុមារក្នុងទិដ្ឋភាពផ្សេងៗ ទាក់ទងនឹងអាកប្បកិរិយា ផ្លូវចិត្ត និងរាងកាយនៅ​ក្នុងវ័យជំទង់ និងនៅពេលពេញវ័យ។​

ក្រសួងសង្គមកិច្ច​អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងអាជ្ញាធរ រាជធានី ខេត្តអាទិភាពទាំង៥ បានបង្កើត និងអនុវត្តផែនការ​សកម្មភាព និងផែនការប្រតិបត្តិរាជធានី ខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំ​កុមារ​ និងសមាហរណកម្មកុមារចំនួន៣០ភាគរយ ​ពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសាររបស់ពួកគេវិញដោយ​សុវត្ថិភាព​​​​​នៅត្រឹមឆ្នាំ២០១៦-២០១៨។ ជាលទ្ធផល​ចំនួនមណ្ឌលថែទំាកុមារត្រូវបានកាត់បន្ថយគួរឲ្យកត់​សម្គាល់​។ ទោះបីយ៉ាងណាក៏ដោយ នៅមានកុមារ​ប្រមាណជា​១៧០០០នាក់ កំពុងតែរស់នៅតាមមណ្ឌលថែទាំ​នៅឡើយ​នៅ​ក្នុងឆ្នាំ២០១៨។

ខណៈពេលដែលមានភាពក្រីក្រ កង្វះខាតការទទួលបានការអប់រំ និងការគាំទ្រសុខុមាលភាពសង្គម​ជំរុញ​ឱ្យ​ក្រុមគ្រួសារមួយចំនួន​ បានយកកុមារ​ទៅដាក់នៅមណ្ឌលថែទាំ។ កត្តាជំរុញមួយទៀត ​អាចបណ្តាលមកពីជំនឿ​ដែលយល់ថា កុមារនឹងទទួលបានការថែទាំ និងការអប់រំល្អប្រសើរពីមណ្ឌលថែទាំផងដែរ។ ការដាក់កុមារនៅ​មណ្ឌលថែទាំ ធ្វើឱ្យកុមារប្រឈមមុខនឹងហានិភ័យនៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការមិនអើពើ ដែលអាចបង្ករ ផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍកុមារ។

ដោយមើលឃើញពីសារសំខាន់ទាំងនេះ ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ បាន​គាំទ្រ យុទ្ធសាស្រ្តប្រាស្រ័យទាក់ទង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ​​ និងទប់ស្កាត់ការបំបែកកុមារចេញ​ពីគ្រួសារ​​ដោយ​មិនចាំបាច់នៅកម្ពុជា ឬហៅថា (យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង Cambodia PROTECT) យុទ្ធនាការគ្រួសាររឹងមាំ បង្កើតឡើងដោយផ្អែកលើយុទ្ធសាស្រ្តCambodia PROTECT ។​

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍​ថា៖ “យុទ្ធសាស្រ្តប្រាស្រ័យទាក់ទង Cambodia PROTECT បានសហការរៀបចំដោយក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិ សម្បទា ជាមួយយូនីសេហ្វ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ដើម្បី​លុបបំបាត់​អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ និងធានាឲ្យ​ប្រជាជន​យល់ដឹង​ថា បរិយាកាសគ្រួសារមានសុវត្ថិភាពគឺជាទីកន្លែង​​ដ៏ល្អប្រសើរបំផុត​ សម្រាប់​កុមារលូតលាស់ និង​អភិវឌ្ឍ”។

តាមរយៈយុទ្ធនាការគ្រួសាររឹងមាំ សារអប់រំសំខាន់ៗនឹងផ្សព្វផ្សាយទៅដល់ទូទាំងប្រទេស​ តាមប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌មាន ប្រព័ន្ធឆ្លើយតបតាមបច្ចេកវិជ្ជាព័ត៌មានវិទ្យា សកម្មភាពផ្សព្វផ្សាយនៅតាមសហគមន៍ និងការស្វែង​រក​​មតិ​​គាំទ្រជាដើម។​​ យុទ្ធនាការនេះគឺផ្តោតសំដៅទៅលើកុមារ ឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំកុមារ ប្រជាពលរដ្ឋ​​​នៅក្នុងសហគមន៍ អ្នកផ្តល់សេវា អ្នកធ្វើគោលនយោបាយ អ្នកធ្វើការលើវិស័យយុត្តិធម៌ និងអ្នកសារ ព័ត៌មានជាដើម។​

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “យើងត្រូវធ្វើ យុទ្ធនាការនេះឱ្យទៅដល់ប្រជាពលរដ្ឋ​គ្រប់ក្រុមគ្រួសារ​ គ្រប់សាលារៀន​ គ្រប់សហគមន៍ គ្រប់បណ្តាញផ្សព្វផ្សាយ ព័ត៌មាន”។  លោកស្រីបានបន្តទៀតថា៖ ​​“​​អំពើហិង្សាប៉ះពាល់យើងគ្រប់គ្នា! យុទ្ធនាការនេះជាឱកាស​ដើម្បី កៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យនិយាយ​ថា​ ទេ ចំពោះអំពើហិង្សា​ និងថែរក្សាបរិស្ថានឱ្យមានសុវត្ថិភាព​  និងសុខភាពល្អសម្រាប់កូនៗ​ និងក្រុមគ្រួសារ​​របស់ពួកគេ”។

រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា​ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ​​ តាមរយៈ​ការប្រកាសចូលជាសមាជិក​​ទី២៦ នៃប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលជាផ្នែកមួយ​នៃចលនា សកល​ដែលកំពុងបន្តអនុវត្ត ដើម្បីបញ្ចប់អំពើហិង្សា​លើកុមារ​ (GPEVAC) កាលពីចុងឆ្នាំ២០១៩នេះ។ កម្ពុជាបានពង្រឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាព​ដើម្បីទប់ស្កាត់ និង​និងឆ្លើយតបចំពោះ​អំពើហិង្សា​​​លើ​កុមារ​ ដែលក្នុងនោះយុទ្ធនាការ “គ្រួសាររឹងមាំ” គឺជា​សកម្មភាពអាទិភាពចម្បងមួយ។

ក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារបច្ចេកទេដែលមកពីអន្តរក្រសួង​សម្របសម្រួលការអនុវត្តយុទ្ធនាការគ្រួសាររឹងមាំ។​ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា​ បានសង្កត់ធ្ងន់ពីសារសំខាន់នៃការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិជាមួយដៃគូ​ពាក់ព័ន្ធ​សំខាន់ៗថា៖ “ខ្ញុំសូមស្វាគមន៍ចំពោះភាពដៃគូពីបណ្តាទីភ្នាកងារអង្គការ​សហប្រជាជាតិ អង្គការជាតិ និង​អន្តរជាតិ ព្រមទាំងដៃគូ​អភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អាជ្ញាធររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមទាំង លោកគ្រូ អ្នកគ្រូ​​ មាតាបិតា អាណាព្យាបាល​ និងក្មួយៗកុមារ ដែលជាកម្លាំងមិនអាចខ្វះបាន ដើម្បីធ្វើឱ្យយុទ្ធនាការនេះ​ទទួល​បានជោគជ័យ​ដ៏ធំធេងទៅបាន។​ យើងរួមគ្នាបញ្ឈប់អំពើហិង្សាលើកុមារ​ និងការបំបែកកុមារចេញពីគ្រួសារ​ដោយពុំចាំបាច់នៅ​កម្ពុជា”។

កំណត់ចំណាំសម្រាប់និពន្ធនាយក៖

អំពីការអនុវត្តផែនការសកម្មភាព​ ដើម្បីការពា ​និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ​​ ២០១-២០២១

កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានសិក្សាអង្កេតថា្នក់ជាតិស្តីពីអំពើ​ហិង្សា​​លើ​កុមារ​ តាមរយៈភាពជាដៃគូជាមួយមជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្កា​ជំងឺឆ្លង(CDC)សហរដ្ឋអាមេរិក​ និង យូនីសេហ្វ។​ ​ ការអង្កេតនេះធ្វើឡើងក្នុងឆ្នាំ ២០១៣ ជាលើកដំបូងដែលបានផ្តល់ទិន្នន័យគួរឱ្យ​ទុកចិត្ត ​​និង ការប៉ាន់​ស្មាន​ជាតិដែលបង្ហាញពីទំហំ​ និងធម្មជាតិនៃអំពើហិង្សាប្រឆាំងនឹងកុមារនៅទូទាំង​ប្រទេស។​​ ដើម្បីឆ្លើយ ​​ត​​​បនឹងរបកគំហើញនៃការសិក្សាស្រាជ្រាវស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា​២០១៣​​ (CVACS)​ រាជរដ្ឋា ភិបាលបានប្តេជ្ញាចាត់វិធានការលើបញ្ហានេះ និងបានរៀបចំផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ ២០១៧-២០២១​(ផែនការសកម្មភាព)។ ​ការបង្កើត​ផែនការសកម្មភាព​នេះ  គឺផ្អែកលើ​គោលការណ៍ និងយុទ្ធសាស្រ្ត INSPIRE​​​។ 

សូមចូលទាញយកឯកសារផែន​ការសកម្មភាពតាមរយៈតំណភ្ជាប់នេះ​https://www.unicef.org/cambodia/results_for_children_27251.html

អំពីយូនីសេហ្វ

យូនីសេហ្វ ធ្វើការងារទាំងអស់ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាភាពរបស់កុមារគ្រប់រូប។​ ជាមួយនឹងដៃគូ យូនីសេហ្វ​ ធ្វើការនៅក្នុងប្រទេសចំនួន១៩០ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តឱ្យទៅ​ជាសកម្មភាពអនុវត្តជាក់ស្តែង​ ដោយផ្តោតយកចិត្តទុកដាក់ជាពិសេសលើកុមារដែលងារយរងគ្រោះ និង​ផ្តល់ផលប្រយោន៍ដល់កុមារគ្រប់រូបនៅ គ្រប់ទីកន្លែង។​ 

សូមចូលរួមជាមួយយុទ្ធនាបញ្ឈប់អំពើហិង្សាពិភពលោក #ENDviolence Global របស់យូនីសេហ្វ ដោយចុចត្រង់នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងអំពីការងារគាំទ្រកុមារ​។ 

សូមចូលទៅកាន់ www.unicef.org និងតាមដានតាមរយៈ​ Twitter and Facebook។ 
 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

ក្រសួងសង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា
លោក ភី ណូ ប្រធាននាយកដ្ឋានសុខុមាភាពកុមារ
សារអេទ្បិកត្រូនិក: phino.cwd@gmail.com ទូរស័ព្ទ: +៨៥៥ ៩២ ៤៦២ ២៦៣ 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook