យន្តការកូវ៉ាក់នឹងដឹកជញ្ជូនវ៉ាក់សាំងដូសទី ៦៥ លានរបស់ខ្លួននៅ សប្ដាហ៍នេះ។ ប៉ុន្តែមកដល់ពេលនេះ វ៉ាក់សាំងដែលត្រូវដឹក គួរតែបានដល់ចំនួនដូសទី ១៧០លាន។ ពេលវេលាត្រូវឧបត្ថម្ភវ៉ាក់សាំងដែលនៅសល់ គឺគួរធ្វើឡើងឥឡូវនេះ។

សេចក្ដីថ្លែងការណ៍របស់លោកស្រី ហិនរីតា ហ្វ័រ នាយិកាប្រតិបត្តិយូនីសេហ្វ ស្របពេលដែលប្រទេស G7 កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលក្នុងខែមិថុនា ខាងមុខនេះ

28 ឧសភា 2021
The COVAX Facility will deliver its 65 millionth vaccine dose this week. It should’ve been at least its 170 millionth. The time to donate excess doses is now.
UNICEF 2021

ទីក្រុងញូយ៉ក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖ យន្តការកូវ៉ាក់ ដែលជាយន្តការចែកចាយវ៉ាក់សាំងប្រកប​ដោយ​សមធម៌ទូទាំងសកលលោក នឹងដឹកជញ្ជូនវ៉ាក់សាំងដូសទី៦៥លាន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ បើតាមការជាក់ស្តែង វ៉ាក់សាំងដែលត្រូវដឹក គឺ​យ៉ាងហោចណាស់គួរតែបានដល់ចំនួនដូសទី១៧០លាន។ ទម្រាំដល់ពេលដែលមេដឹកនាំប្រទេស G7 ជួបប្រជុំគ្នានៅចក្រក្រភពអង់គ្លេសនាខែខាងមុខនេះ​ ហើយស្របពេលដែលរលកទី២នៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងផ្តាច់ ជីវិតមនុស្សជាច្រើនសែននាក់ ទំនងជាបន្តវាយប្រហារទូទាំងប្រទេសឥណ្ឌាទាំងមូល ក៏ដូចជាប្រទេសជិតខាងក្នុងតំបន់អាស៊ីខាងត្បូងនោះ ការខ្វះវ៉ាក់សាំងនឹងកើនដល់ជិត១៩០លានដូស។

“យើងបានធ្វើសេចក្តីថ្លែងការព្រមានជាច្រើនលើកច្រើនសាអំពីហានិភ័យនៃការបន្ធូរបន្ថយវិធានការការពារខ្លួនរបស់យើង និងការបង្កជាឧបសគ្គនានាដែលជា​ហេតុធ្វើឲ្យប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម ពុំអាចទទួលបានវ៉ាក់សាំង ឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យ និងថ្នាំព្យាបាលប្រកបដោយសមធម៌។ យើងបារម្ភថា ការកើនឡើងយ៉ាងស្រួចស្រាវនូវចំនួនមនុស្សស្លាប់ក្នុងប្រទេសឥណ្ឌា គឺជាសញ្ញាដែលបង្ហាញជាមុនពីអ្វីដែលនឹងកើតឡើង ប្រសិនបើនៅតែមានការបន្តព្រងើយកន្តើយចំពោះការព្រមានទាំងនេះ។ ខណៈ​ដែល​សោកនាដកម្ម​កំពុង​កើតឡើង​ក្នុងប្រទេសឥណ្ឌា ស្ថានភាពបែបនេះ​មិនមែនកើតឡើងតែនៅក្នុងប្រទេសនេះតែឯងឡើយ។  នៅប្រទេសជិតខាង ដូចជា នេប៉ាល់ ស្រីលង្កា និងម៉ាល់ឌីវ ក៏ដូចជានៅប្រទេសឆ្ងាយៗពីឥណ្ឌាឯទៀត ដូចជាអាហ្សង់ទីន និងប្រេស៊ីលជាដើម ចំនួនករណីឆ្លងកូវីដកំពុងកើនឡើងសន្ធឹកសន្ធាប់ ហើយប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងនោះកំពុងជួបការលំបាក។ កុមារ និងក្រុមគ្រួសារ ទទួលរងការខាតបង់យ៉ាងធំសម្បើមដែលមិនអាចគណនាបាន។

“នៅពេលដែលការចម្លងមេរោគនេះនៅតែបន្តរីករាលដាលដោយគ្មានការទប់ស្កាត់កាន់តែយូរ នោះហានិភ័យនៃការលេចឡើងនូវពពួកមេរោគបំប្លែងខ្លួនដែលអាចឆក់យកជីវិតមនុស្សយ៉ាងឆាប់រហ័ស ឬដែលងាយចម្លងខ្លាំង ក៏កាន់តែមានកម្រិតខ្ពស់ផងដែរ។

“ដំណោះស្រាយដ៏ច្បាស់បំផុត ដើម្បីងើបចេញពីការរាតត្បាតជាសកលនៃជំងឺនេះ គឺការបែងចែកវ៉ាក់សាំង ឧបករណ៍ធ្វើរោគវិនិច្ឆ័យ និងថ្នាំព្យាបាលប្រកបដោយសមធម៌ នៅទូទាំងសកលលោក។ យន្តការកូវ៉ាក់ ដែលដឹកនាំដោយ WHO Gavi និង CEPI ដែលមានយូនីសេហ្វជាដៃគូអនុវត្ត គឺជាដំណោះស្រាយ។ ប៉ុន្តែយន្តការកូវ៉ាក់ ពុំបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់នៅឡើយ។

“ក្នុងចំណោមផលវិបាកដែលកើតមាននៅទូទាំងសកលលោកដោយសារស្ថានភាពនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេស​ផលិតវ៉ាក់សាំងផ្គត់ផ្គង់ទៅទូទាំងសកលលោក គឺការថយចុះយ៉ាងធ្ងន់ធ្ងរនូវចំនួនវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ជូនយន្តការកូវ៉ាក់។ ការកើនឡើងនូវតម្រូវការក្នុងស្រុក មានន័យថាយន្តការកូវ៉ាក់ ពុំបានទទួលវ៉ាក់សាំងចំនួន១៤០លានដូស ដែលត្រូវចែកជូនប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមឲ្យបានមុនចុងខែឧសភា បានឡើយ។ យន្តការនេះក៏ទំនងជាខកខានពុំបានទទួលវ៉ាក់សាំង៥០លានដូសទៀតនៅក្នុងខែមិថុនា ផងដែរ។ បន្ថែមលើននិន្នាការជាតិនិយមវ៉ាក់សាំង បញ្ហានេះដាក់កំហិតលើសមត្ថភាពផលិតកម្ម ហើយការខ្វះថវិកាគាំទ្រគឺជាមូលហេតុដែលការផ្ដល់វ៉ាក់សាំងកូវីដ មានភាពយឺតយ៉ាវជាងកាលវិភាគដែលបានគ្រោងទុក។

“មេដឹកនាំប្រទេស G7 នឹងជួបប្រជុំគ្នានៅខែក្រោយនេះ ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តវិធានការបំពេញការខ្វះខាត ក្នុងស្ថានភាពអាសន្ន។ ការវិភាគទិន្នន័យថ្មីមួយដែលផ្ដល់ដោយ Airfinity ដែលជាយន្តការស្រាវជ្រាវពីវិទ្យាសាស្រ្តជីវិត ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិយូនីសេហ្វប្រចាំចក្រភពអង់គ្លេស បានបង្ហាញថា ប្រជាជាតិ G7 និង “ក្រុមប្រទេសនៅអឺរ៉ុប” ដែលមានសមាជិកជារដ្ឋនៃសហភាពអឺរ៉ុប អាចផ្ដល់អំណោយវ៉ាក់សាំងប្រមាណ ១៥៣លានដូស ប្រសិនបើពួកគេចែករំលែកត្រឹមតែ ២០​ភាគរយនៃវ៉ាក់សាំងដែលពួកគេអាចទទួលបានក្នុងខែមិថុនា កក្កដា និងសីហាខាងមុខនេះ។ អ្វីដែលសំខាន់ គឺប្រទេសទាំងនេះអាចធ្វើបែបនេះបាន ហើយនៅតែអាចបំពេញតាមការប្ដេជ្ញាចិត្តក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន។

“ខណៈពេលដែលសមាជិកមួយចំនួនរបស់ប្រទេស G7 បានទទួលការផ្គត់ផ្គង់ច្រើនជាងប្រទេសដទៃទៀត ហើយប្រទេសមួយចំនួនបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនជាច្រើននាក់រួចទៅហើយនោះ ការប្ដេជ្ញាចិត្តរួមគ្នា បន្ទាន់ ដើម្បីប្រមូលវ៉ាក់សាំងដែលនៅសល់ និងរំលែកបន្ទុកនៃការទទួលខុសត្រូវ អាចការពារមិនឲ្យប្រទេសដែលងាយរងគ្រោះក្លាយជាតំបន់ក្ដៅបន្ទាប់ទៀតនៅក្នុងសកលលោក។

“ចុងក្រោយ គេនឹងយកឈ្នះការប្រណាំងប្រជែងផ្គត់ផ្គង់វ៉ាក់សាំងសកល នៅពេលដែលរដ្ឋជាសមាជិករៀបចំផែនការប្រកបដោយចីរភាព ដើម្បីផ្ដល់ថវិកាគាំទ្រឲ្យបានពេញលេញ និងផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីឆ្លើយតបចំពោះការប្ដេជ្ញាចិត្តជាមុនរបស់យន្តការកូវ៉ាក់ ហើយក្នុងពេលជាមួយគ្នា ជួយគាំទ្រដល់ការពង្រីកសមត្ថភាពផលិតវ៉ាក់សាំង ដូចជាតាមរយៈការផ្ដល់អាជ្ញាបណ្ណកម្មសិទ្ធិបញ្ញាជាមុន និងការផ្ទេរបច្ចេកវិទ្យាជាដើម។ វិធានការទាំងនេះសុទ្ធតែជាវិធានការសំខាន់ ប៉ុន្តែវាមិនអាចធ្វើឲ្យអ្វីៗមានការប្រែប្រួលភ្លាមៗនោះឡើយ។ ការចែករំលែកវ៉ាក់សាំងដែលនៅសល់ជាបន្ទាន់ គឺជាវិធានការភ្ជិតគម្លាតក្នុងស្ថានភាពបន្ទាន់ ដែលជារឿងចាំបាច់សំខាន់ ដែលត្រូវធ្វើក្នុងកម្រិតតិចតួចបំផុត ហើយវាគឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើឥទ្បូវនេះ។”

###

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អ្នកស្រី ណាវ៉ា ម៊េឃី យូនីសេហ្វ ញូវយ៉ក ទូរសព្ទ៖ +១ ៩១៧ ២០៩ ១៨០៤ ឬ nmekki@unicef.org

 

កំណត់សម្គាល់សម្រាប់និពន្ធនាយក

តួលេខដែលបង្ហាញពីការខ្វះវ៉ាក់សាំងនេះ គឺផ្អែកតែទៅតាមការពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងពីវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា (SII) តែប៉ុណ្ណោះ។ គេរំពឹងថា នឹងមានការពន្លឿនបន្ថែមឲ្យបានមុនចុងខែមិថុនា ដើម្បីបំពេញការខាតបង់ពេលផ្សេងទៀតពាក់ព័ន្ធនឹងកាលវិភាគដឹកជញ្ជូនវ៉ាក់សាំង ដែលគ្រោងពីដំបូងរបស់យន្តការកូវ៉ាក់។ បច្ចុប្បន្ននេះ ពុំមានកាលវិភាគ ដើម្បីដោះស្រាយបញ្ហាយឺតយ៉ាវរបស់វិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌានោះឡើយ។

ការវិភាគរបស់ Airfinity ធ្វើឡើងដោយប្រើប្រាស់ទិន្នន័យព្យាករណ៍ពីការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់សមាជិកនៃប្រទេស G7 ផ្អែកទៅតាមចំនួនដូសដែលមានរួចជាស្រេច។ ព្យាករណ៍ពីការផ្គត់ផ្គង់ ធ្វើឡើងផ្អែកតាមកិច្ចសន្យាដែលមានស្រាប់រវាងប្រទេស និងអ្នកផលិតវ៉ាក់សាំងដែលបានទទួលការឯកភាព លើកលែងតែមានការបញ្ជាក់ថា មានបញ្ចូលវ៉ាក់សាំងដែលកំពុងឋិតក្នុងការសាកល្បងដំណាក់កាលទី III។ តួលេខសរុប ១៥៣ លានដូស គឺជាតួលេខសរុបនៃចំនួនដូសដែលមាន ប្រសិនបើសមាជិក G7 ផ្ដល់អំណោយ ២០ ភាគរយនៃចំនួនវ៉ាក់សាំងដែលពួកគេមាននៅក្នុងខែមិថុនា កក្កដា និងសីហា ឆ្នាំ២០២១ ដកវ៉ាក់សាំង Novovax ចេញ (ដោយសារបញ្ហាផ្គត់ផ្គង់ដែលគេរំពឹងថានឹងអាចកើតមានឡើង ដែលបង្កផលប៉ះពាល់ដល់វ៉ាក់សាំង Novovax)។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook