ប្រទេសស៊ុយអែត និងយូនីសេហ្វ ប្រកាសចាប់ផ្ដើមអនុវត្តគម្រោងភាពជាដៃគូក្នុងទឹកប្រាក់ ៨,៣ លានដុល្លារ ដើម្បីលើកកម្ពស់ការអប់រំសម្រាប់កុមារនៅកម្ពុជា

19 កុម្ភៈ 2020
Sweden and UNICEF launch an $8.3 million partnership to improve education for Cambodia’s children.
UNICEF Cambodia/2020/Chansereypich Seng

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០៖ នៅថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា រាជរដ្ឋាភិបាលប្រទេសស៊ុយអែត និងយូនីសេហ្វ បានប្រកាសចាប់ផ្ដើមអនុវត្តគម្រោង ភាពជាដៃគូ ដើម្បីគាំទ្រដល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន។ 

ជាមួយនឹងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលស៊ុយអែត គម្រោងភាពជាដៃគូក្នុងទឹកប្រាក់ ៨,៣ លានដុល្លារនេះនឹងត្រូវអនុវត្តក្នុង   រយៈពេល៤ឆ្នាំ (២០២០-២០២៣) ដើម្បីផ្ដល់ការគាំទ្រដោយផ្ទាល់ដល់កំណែទម្រង់ជាអាទិភាព និងកម្មវិធីនានាក្នុងវិស័យ អប់រំ ដូចដែលត្រូវបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា។ 
ភាពជាដៃគូនេះនឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដូចជាគោលដៅពាក់ព័ន្ធនឹងគុណភាពនៃការអប់រំ និងបរិយាបន្ន សមភាពយេនឌ័រ ក៏ដូចជាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យនៅតាមសាលារៀន ដែលផ្ដល់អត្ថប្រយោជន៍ដល់កុមារាកុមារី ជាពិសេសកុមារដែលកំពុងជួបការលំបាក ឱ្យអាចសម្រេចសក្ដានុពលរបស់ពួកគេ​។     

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យមានសារៈសំខាន់ខ្ពស់ ក្នុងក្របខ័ណ្ឌអាទិភាពនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា ដោយ​វិស័យ​អប់រំត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ សម្រាប់ជំរុញការបង្កើនគុណភាពរបស់ធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច។ តាមរយៈភាពជាដៃគូថ្មីជាមួយនឹងប្រទេសស៊ុយអែត និងយូនីសេហ្វនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពង្រឹងប្រព័ន្ធអប់រំ ដើម្បីអាចឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការការអប់រំរបស់កុមារគ្រប់រូបនៅកម្ពុជា”។

ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ពីភាពជាដៃគូដ៏សំខាន់ និងមានលក្ខណៈយូរអង្វែងរវាងក្រសួងអប់រំ យុវជន និងកីឡា ប្រទេសស៊ុយអែត និងយូនីសេហ្វ ក្នុងកិច្ចសហការ​គ្នាដើម្បីលើកកម្ពស់គុណភាព និងបរិយាបន្ននៃការអប់រំនៅកម្ពុជា។ 

ឯកឧត្តមបានមានប្រសាសន៍ថា៖“ប្រទេសស៊ុយអែត មានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើជាដៃគូរយៈពេលវែងជាមួយនឹងយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងឡើងវិញ និងពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា។ តាមរយៈការបន្តភាពជាដៃគូនេះ យើងនឹងបន្តជួយដល់កុមារគ្រប់រូបនៅកម្ពុជា ជាពិសេសកុមារមកពីក្រុមជនជាតិដើមភាគតិច កុមារមានពិការភាព​ និងកុមារមកពីតំបន់ជនបទ និងតំបន់ក្រីក្រក្នុងទីប្រជុំជន ដើម្បីឱ្យពួកគេអាចទទួលបានការអប់រំប្រកបដោយគុណភាព 
បរិយាបន្ន និងសមធម៌។ ការងារដែលធ្វើឡើងតាមរយៈភាពជាដៃគូនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីជួយឱ្យ

ប្រទេសកម្ពុជា​ អាចសម្រេច​អាទិភាពនៃការអភិវឌ្ឍជាតិ និងបោះជំហានទៅសម្រេចចំណុចដៅសំខាន់ៗនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ​​ចីរភាព។”

លោកស្រី គ្រីស្ទៀន ម៉ុនឌ័តេ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូថ្មីនេះ ក្នុងការពង្រីកសក្ដានុពល និងមាគ៌ាជីវិតសម្រាប់កុមារនៅកម្ពុជា។ 

លោកស្រីបានមានប្រសាសន៍ថា៖ “ទោះបីជាមានការសម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុងវិស័យអប់រំយ៉ាងណាក៏ដោយ កុមារជាច្រើននាក់នៅកម្ពុជានៅតែបន្តទទួលបានលទ្ធផលសិក្សាទាបក្នុងសាលារៀន ដោយសារមូលហេតុជាច្រើន ដូចជាបរិយាកាសបង្រៀន និងរៀននៅមានគុណភាពទាបជាដើម។ ភាពជាដៃគូនេះនឹងជួយគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីសំខាន់ៗដែលផ្ដល់ការអប់រំកាន់តែមានគុណភាព និងសមធម៌ដល់កុមារគ្រប់រូបនៅកម្ពុជា។ ភាពជាដៃគូនេះក៏នឹងជួយឱ្យកុមារ និងក្មេងជំទង់ដែលមានសមត្ថភាព និងមានសាវតារសង្គមខុសៗគ្នា​ អាចទទួលបានការអប់រំប្រកបដោយ
បរិយាបន្ន គុណភាព និងឆ្លើយតបតាមតម្រូវការ ដើម្បីឱ្យពួកគេអាចអភិវឌ្ឍ​ និងសម្រេចបានសក្ដានុពលរបស់ខ្លួនបាន
ពេញលេញ។” 

កំណត់សម្គាល់សម្រាប់និពន្ធនាយក៖ 

អំពីកម្មវិធីភាពជាដៃគូនេះ៖

កម្មវិធីភាពជាដៃគូដើម្បីគាំទ្រដល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន (២០២០-២០២៣) គឺជាគម្រោងភាពជាដៃគូរវាងប្រទេសស៊ុយអែត និងយូនីសេហ្វ គឺជាភាពជាដៃគូក្នុងទឹកប្រាក់ ៨,៣លានដុល្លារ ដែលមានគោលបំណងជួយឱ្យ​កម្ពុជា​​សម្រេចបាននូវការអប់រំកាន់តែមានគុណភាព​ សមធម៌ និងបរិយាបន្ន ដើម្បីឆ្លើយតបចំពោះតម្រូវការរ​បស់កុមារគ្រប់រូប រួមទាំងរកុមារ និងក្មេងជំទង់ដែលងាយរងគ្រោះផងដែរ។ 

កម្មវិធីភាពជាដៃគូនេះនឹងផ្ដល់ការគាំទ្រដោយផ្ទាល់ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្រេចនូវអាទិភាពសំខាន់ៗ​ក្នុងការកែទម្រង់វិស័យអប់រំ ព្រមទាំងកម្មវិធីនានាដែលត្រូវបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ (២០១៩-២០២៣) ក៏ដូចជាគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យនានាដែលពាក់ព័ន្ធជាមួយនឹងគុណភាព 
និងបរិយាបន្ននៃការអប់រំ សមភាពយេនឌ័រ សុខភាព អាហារូបត្ថម្ភ និងទឹកស្អាត ព្រមទាំងអនាម័យនៅតាមសាលារៀន។

កម្មវិធីភាពជាដៃគូនេះត្រូវបានរៀបចំឡើងជុំវិញសមសភាគសំខាន់ៗចំនួន៤គឺ៖  (i) ជួយឱ្យកុមារទទួលបានការអប់រំកាន់តែមានគុណភាព និងសមធម៌ (ii) ជួយឱ្យកុមារដែលមានសមត្ថភាព​និងសាវតារសង្គមខុសៗគ្នា អាចទទួលបានប្រយោជន៍ពីការអប់រំប្រកបដោយបរិយាបន្ន (iii) ជួយឱ្យក្មេងជំទង់សម្រេចបានសក្ដានុពលរបស់ពួកគេតាមរយៈការទទួលបានការអប់រំដែល

ឆ្លើយតបតាមតម្រូវការ (iv) និងជំរុញឱ្យមានការផលិតចំណេះដឹង ស្វែងរកការគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ។ 

លទ្ធផលសំខាន់ៗរំពឹងទុកពីកម្មវិធីភាពជាដៃគូនេះគឺចង់ឲ្យកុមារី និងកុមារានៅកម្ពុជា ជាពិសេសកុមារដែលងាយរងគ្រោះជាង គេ កាន់តែមានលទ្ធភាពក្នុងការទទួលបានធនធានសិក្សា ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ពួកគេ ទទួលបានការរៀនសូត្រដែលឆ្លើយតបប្រកបដោយគុណភាព ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព ទទួលបានការការពារ និងបរិយាបន្ន រួមទាំងក្នុងពេលអាសន្នផងដែរ ព្រមទាំងការទទួលបានការទំនុកបម្រុងពីឪពុកម្ដាយ និងសហគមន៍ ដើម្បីឱ្យពួកគេអាចរស់រាន និងបញ្ចប់ការអប់រកុមារតូច និងការអប់រំកម្រិតមូលដ្ឋាន ព្រមទាំងអាចចាប់ផ្ដើមការរៀនសូត្រពេញមួយជីវិត។ 

អំពីយូនីសេហ្វ៖

យូនីសេហ្វកម្ពុជា ធ្វើការដើម្បីលើកកម្ពស់ការអភិវឌ្ឍកុមារឱ្យមានសុខភាពល្អ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចបាននូវសក្ដានុពលរបស់ពួកគេចាប់ពីវ័យកុមារតូច រហូតដល់វ័យជំទង់។ 

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook