ប្រទេសកម្ពុជា អបអរសាទរខួបទី៣០ឆ្នាំនៃកិច្ចការពារសិទ្ធិកុមារ ដោយរៀបចំយុទ្ធនាការ #ផ្តល់សិទ្ធិគ្រប់យ៉ាងដើម្បីកុមារគ្រប់រូប

- Available in:
- English
- Khmer
ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩- អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានឈានដល់ខួបទី៣០ឆ្នាំនៅថ្ងៃនេះ ហើយដើម្បីប្រារព្ធពិធីដ៏សំខាន់នេះ ភាគីពាក់ព័ន្ធសំខាន់ៗ បានមកជួបជុំគ្នានៅក្នុងប្រព្រឹត្តិការណ៍មួយដ៏ធំនៅ The Factory Phnom Penh ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការផ្តល់សិទ្ធិកុមារថ្នាក់ជាតិរយៈពេលបីខែ ដែលរៀបចំរួមគ្នាដោយ សហភាពអឺរ៉ុប យូនីសេហ្វ អង្គការ Save the Children ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) និងអង្គការ Child Rights Now ។ យុទ្ធនាការនេះមានបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងជំរុញឱ្យអនុវត្តសកម្មភាពជាក់ស្តែងសម្រាប់កុមារកម្ពុជា។
អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាក្របខណ្ឌច្បាប់អន្តរជាតិដែលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការលើកស្ទួយជីវិតកុមារនៅទូទាំងពិភពលោក។ អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាសន្ធិសញ្ញាសិទ្ធិមនុស្សដែលទទួលបានសច្ចាប័នច្រើនជាងគេបំផុតនៅទូទាំងពិភពលោក។ អនុសញ្ញានេះមានគោលបំណងធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានសុខភាព ការអប់រំ លេងកម្សាន្ត ការការពារ ចូលរួមក្នុងសង្គម និងនយោ-បាយ។ អនុសញ្ញានេះកំណត់និយមន័យថា មនុស្សគ្រប់រូបក្រោមអាយុ១៨ឆ្នាំ ជាម្ចាស់នៃសិទ្ធិមនុស្ស ហើយត្រូវទទួលបានកិច្ចការពារ និងការផ្តល់អំណាចដើម្បីឱ្យសិទ្ធិទាំងនេះក្លាយជាការពិតសម្រាប់កុមារគ្រប់រូប។
ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើឲ្យជីវិតកុមារប្រសើរទ្បើង។ កុមារា និងកុមារីជាង ៩៧% បានចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សា ដែលជាអត្រាមិនធ្លាប់មានពីមុនមក។ អត្រាស្លាប់របស់ទារក និងកុមារក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះជាង៧០% ហើយលទ្ធភាពទទួលបានប្រភពទឹកស្អាតបានកើនឡើងបីដង ចាប់តាំងពីឆ្នាំ១៩៩០មក។
ប៉ុន្តែ មិនមែនកុមារគ្រប់រូបសុទ្ធតែទទួលបានកុមារភាពល្អប្រសើរនោះទេ។ នៅមានកុមារច្រើនណាស់ដែលនៅតែខ្វះខាត។ នៅក្នុងប្រទេសកម្ពុជា អត្រាខ្វះអាហារូបត្ថម្ភ ស្ថិតនៅក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងតំបន់។ កុមារមិនទទួលបានស្តង់ដារគុណភាពសិក្សាត្រឹមត្រូវតាមវ័យរបស់ខ្លួន។ បញ្ហាទាក់ទងនឹងកិច្ចការពារកុមារ នៅកើតមានច្រើននៅទ្បើយ ដោយមានកុមារម្នាក់ក្នុងចំណោមបួននាក់ ធ្លាប់រងគ្រោះពីអំពើហិង្សាក្នុងមួយទម្រង់។
ខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាឱកាសមួយដ៏ពិសេសដើម្បីជំរុញឱ្យមានការផ្តល់អាទិភាពដល់សិទ្ធិកុមារនៅក្នុងផែនការជាតិ និងផែនការអភិឌ្ឍន៍។
ភ្ញៀវកត្តិយសរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំមកពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានថ្លែងសុន្ទកថាបើកកម្មវិធី រួមជាមួយនឹងការសម្តែងចំណាប់អារម្មណ៍ពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ អ្នកឧបត្ថម្ភកម្មវិធី និងមន្ត្រីនានាមកពីយូនីសេហ្វ
អង្គការ Save the Children និង USAID។
លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ឆ្នាំ២០១៩នេះ គឺជាខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សទទួលបានសច្ចាប័នច្រើនជាងគេបំផុត។ ពិធីគម្រប់ខួបនេះគឺជាឱកាសដ៏ពិសេសដើម្បីនិយាយអំពីសិទ្ធិកុមារជាឯកច្ឆន្ទ ព្រមទាំងលើកកម្ពស់ការយល់ដឹងថាសិទ្ធិកុមារជាសិទ្ធិមិនអាចមើលរំលងឡើយ។ សហភាពអឺរ៉ុប ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរអំពីវឌ្ឍនភាពដ៏ធំធេងដែលសម្រេចបានលើសិទ្ធិកុមារ ហើយក៏សូមបញ្ជាក់ឡើងវិញអំពីការបេ្តជ្ញាចិត្តរួមគ្នាដើម្បីឱ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍពេញសក្តានុពលរបស់ខ្លួន ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាបន្ន”។
លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យូនីសេហ្វ មានមោទនភាពដែលបានធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រវឌ្ឍនភាពឆ្ពោះទៅរកការបំពេញសិទ្ធិកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ អនុសញ្ញាស្តីពីសិទ្ធិកុមារ និងគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាព ត្រូវដើរទន្ទឹមគ្នា។ សិទ្ធិកុមារ មិនអាចសម្រេចបានឡើយប្រសិនបើគ្មានការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយដូចគ្នានេះដែរ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏មិនអាចសម្រេចបានដែរប្រសិនបើសិទ្ធិកុមារមិនអាចសម្រេចបាននោះ។ ហេតុនេះ អនុសញ្ញានេះ កាន់តែមានសារៈសំខាន់នាពេលបច្ចុប្បន្ន ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កុមារដែលតែងតែមិនទទួលបានការគាំទ្រ កុមារត្រូវគេផាត់ចោល ឬមិនយកចិត្តទុកដាក់”។
លោកស្រី អេលីហ្សាប៊ែត ភៀស នាយិកាប្រចាំប្រទេសអង្គការ Save the Children បានលើកឡើងថា៖ “ព្រឹត្តិការណ៍ដ៏ពិសេសនេះគឺជាឱកាសដែលយើងអាចឆ្លុះបញ្ចាំងពីលទ្ធផលសម្រេចបានក្នុងកិច្ចការពារសិទ្ធិកុមារក្នុងប្រទេសកម្ពុជា និងបង្កើតអនាគតមួយដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់រូបក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ”។ លោកស្រីបានបន្ថែមទៀតថា៖ “នៅក្នុងពិធីខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ អង្គការ Save the Children សូមបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការលើកស្ទួយសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយចីរភាព និងជួយដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ។ យើងសូមអបអរសាទរដល់កិច្ចសហការយ៉ាងរឹងមាំពីគ្រប់ក្រសួងរបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត ក្នុងការជួយឱ្យកុមារទទួលបាននូវសិទ្ធិពេញលេញនៅក្នុងប្រទេសកម្ពុជា”។
ព្រឹត្តិការណ៍ #ផ្តល់សិទ្ធិគ្រប់យ៉ាងដើម្បីកុមារគ្រប់រូប មានសកម្មភាពកំម្សាន្តជាច្រើនសម្រាប់កុមារ និងក្រុមគ្រួសារ។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង ១២ រសៀល រហូតដល់ម៉ោង ៦យប់។ អ្នកចូលរួមអាចទស្សនាការប្រគុំតន្ត្រីផ្ទាល់ និងការសម្តែងនានាដោយ DJ ណាណា MC សុខ សេរី អង្គការ Tiny Toones អង្គហ្វារពន្លឺសិល្បៈ និងអង្គការដៃផ្សេងទៀត។
នៅពេលមកដល់កម្មវិធីនេះ កុមារនឹងទទួលបានសម្ភារក្រដាសល្បែងខ្លែង ដែលតំណាងឱ្យសេចក្តីសង្ឃឹម អាចលេងកម្សាន្ត និងបង្ហាញពីសមិទ្ធផល។ ក្នុងកម្មវិធីនេះ កុមារអាចកែច្នៃខ្លែងរបស់ខ្លួនទៅតាមសិល្បៈ និងសិប្បកម្មរបស់ខ្លួន។
ក្នុងចំណោមកិច្ចការហត្ថកម្មគួរឱ្យចាប់អារម្មណ៍ជាច្រើន កុមារក៏អាចលេងល្បែងកម្សាន្ត និងចូលរួមសកម្មភាពនានាពេញមួយថ្ងៃផងដែរ ដូចជាការគូររូប ផ្លុំប៉ើតប៉ោងជារូបផ្សេងៗ ល្បែងល្បងប្រាជ្ញាផ្សេងៗ តុក្កតា សិល្បៈ សិប្បកម្ម ការបង្ហោះខ្លែង ការប្រកួតរាំ ជំនាញលេងសៀកកម្សាន្តជាមួយនឹងក្រុមសៀកហ្វារ និងការប្រលងរាំជាមួយនឹងអង្គការ Tiny Toones។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៦យប់ សាលារាជធានីភ្នំពេញ នឹងបញ្ចាំងភ្លើងពណ៌ខៀវនៅរមណីដ្ឋានវត្តភ្នំ ដើម្បីជានិមិត្តសញ្ញានៃការប្រារព្ធពិធីគម្រប់ខួបទី៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងទិវាកុមារពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
សហភាពអឺរ៉ុប
មន្ត្រីព័ត៌មាន៖ អ្នកស្រី ពូន ប៉ុក
អ៊ីមែល៖ Pok.POUN@eeas.europa.eu ទូរស័ព្ទ៖ (+៨៥៥) ២៣ ២១៦ ៩៩៧
អង្គការយូនីសេហ្វកម្ពុជា
លោក មាស ប៊ុនលី មន្រ្តីជំនាញផ្នែកទំនាក់ទំនង
អ៊ីមែល៖ bmeas@unicef.org ទូរស័ព្ទ៖ (+៨៥៥) ១២ ៧៣៣ ៩០៩
អង្គការ Save the Children
លោកស្រី Gloria Doñate នាយកផ្នែកយុទ្ធសាស្ត្រ ការគ្រប់គ្រងរង្វាន់ និងទំនាក់ទំនង
អ៊ីមែល៖ gloria.donate@savethechildren.org ទូរស័ព្ទ៖ (+៨៥៥) ៩៩ ៤៧៧ ៨៧១
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីអង្គការយូនីសេហ្វ
អង្គការយូនីសេហ្វ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org
តាមដានព័ត៌មាន និងដំណឹងផ្សេងៗពីយូនីសេហ្វ លើ Twitter និង Facebook