ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX

01 មីនា 2021
UNICEF Cambodia/2021/Antoine Raab
Unicef Cambodia/2021/Anotine Raab

នៅថ្ងៃទី០២ ខែមីនា វ៉ាក់សាំង AstraZeneca/SII ដែលទទួលអាជ្ញាបណ្ណផលិតដោយ Serum Institute of India (SII) ចំនួន ៣២៤.000 ដូស នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាទីសំចតដំបូងមុនពេលផ្តល់ជូនក្រុមពលរដ្ឋអាទិភាព ដូចជាក្រុមដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគកូរ៉ូណា និងអ្នកងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារមេរោគនេះ។ វ៉ាក់សាំងកូវីដ-១៩ បន្ថែមទាំងនេះនឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយ​ដ៏មានអនុភាពមួយទៀតក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី វ៉ាក់សំាងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។  ការ​បន្តអនុវត្តន៍វិធានការសុខភាពសាធារណៈដើម្បីទប់ស្កាត់ការចម្លងជំងឺនេះនៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។

វ៉ាក់សាំងចំនួន ៣២៤.000 ដូស គឺជាចំនួនដូសមកដល់ដំបូងក្នុងចំណោមវ៉ាក់សំាងសរុបចំនួន ១,១ លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជាជាដំណាក់កាលនៅត្រឹមដំណាច់ខែឧសភា។ ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថានឹងទទួលបានបរិមាណវ៉ាក់សាំង​សម្រាប់ ២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកលដែលមិនធ្លាប់មានពីមុនមកដើម្បីផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពក្នុងការទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីបង្ការជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមអាចធ្វើទៅបាន។​ យន្តការ COVAX គឺជាកម្មវីធីដឹកនាំដោយ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ។ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលទទួលបានវ៉ាក់សំាងពីយន្តការ COVAX ។

ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិ​បាលកម្ពុជាកំពុងធ្វើលទ្ធកម្មវ៉ាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីការពារប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងដំបូងបង្អស់ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយគិតមកដល់ពេលនេះ មានមនុស្សជាង ៦៥.000 នាក់បានចាក់វ៉ាក់សាំង។ ការមកដល់នៃវ៉ាក់សាំងបន្ថែមនេះគឺជាជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “នៅដំណាក់កាលដំបូងៗនៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សំាងនេះ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺសង្គ្រោះជីវិតតាមរយៈការការពារបុគ្គលិកសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ-១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែមេរោគកូរ៉ូណា។ នេះគឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីប្រើប្រាស់វ៉ាក់សាំងដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិតក្នុង​គោលបំណងសម្រេចឱ្យបានលទ្ធផលជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយជីវិតប៉ុណ្ណោះទេវាថែមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ ” ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏មានប្រសាសន៍ផងដែរថា “ខ្ញុំសូមទទូចឱ្យអ្នកគ្រប់គ្នាបន្តអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ និង៣កុំ។ វិធីការពាររួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំងបីរួមមាន កុំទៅ កន្លែងបិទជិត កន្លែងមានមនុស្សកុះករ និងកុំប៉ះពាល់គ្នាជាដើម។ សូមនៅផ្ទះប្រសិនបើអ្នកមានជំងឺ គ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ ឬទូរសព្ទទៅលេខ ១១៥។”   

បើតាមផែនការជាតិស្តីពីការផ្តល់ និងការចាក់វ៉ាក់សាំងរបស់កម្ពុជា (NDVP) ក្រុមអាទិភាពរួមមាន បុគ្គលិកសុខាភិបាល និងបុគ្គលិកបំពេញការងារសំខាន់ចាំបាច់ដែលកំពុងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សំាង ពលរដ្ឋចាស់ជរា និងមនុស្សពេញវ័យដែលមានជំងឺប្រចាំកាយជាដើម។ ដោយសារតែការផ្គត់ផ្គង់វ៉ាក់សំាងនៅមានកម្រិតព្រោះតែតម្រូវការខ្ពស់នៅទូទាំងសកលលោក ការចាក់វ៉ាក់សំាងដល់ក្រុមអាទិភាពទាំងនេះ នឹងធ្វើឡើងជាបណ្តើរៗ និងជាដំណាក់កាល។ រាជរដ្ឋាភិបាលនឹងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពដល់ប្រជាពលរដ្ឋ សំដៅឱ្យក្រុមអាទិភាពទទួលបានព័ត៌មានថ្មីៗបំផុតអំពីរបៀបទទួលបានវ៉ាក់សាំង និងពេលវេលា នៅពេលដល់វេនពួកគេ។

ការអភិវឌ្ឍវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងរយៈពេលមិនដល់មួយឆ្នាំបន្ទាប់ពីការផ្ទុះទ្បើងនៃមេរោគនេះ គឺជាភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យដ៏អស្ចារ្យជាងគេក្នុងវិស័យវេជ្ជសាស្ត្រទំនើប។ វ៉ាក់សំាងដែលនឹងត្រូវប្រើនៅកម្ពុជាសុទ្ធតែបានឆ្លងកាត់និតិវិធីអភិវឌ្ឍន៍ និងការធ្វើតេស្តសុវត្ថិភាពដ៏តឹងរ៉ឹង​ ដោយរដ្ឋាភិបាលបានធ្វើការវាយតម្លៃលើភស្តុតាង អត្ថប្រយោជន៍ និងហានិភ័យនានាដែលពាក់ព័ន្ធ។ វ៉ាក់សាំង AstraZeneca/SII ដែលផ្តល់ដោយយន្តការ COVAX បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងស្ថានភាពបន្ទាន់ ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២២​ ខែកុម្ភៈ ក្រោយពេលដែលអង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានមានប្រសាសន៍ថា “អង្គការសុខភាពពិភពលោក កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹង Gavi CEPI និង យូនីសេហ្វ ដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំង ប្រកបដោយយុត្តិធម៌ និងសមធម៌។ យើងមានមោទនភាពដែលបានចូលរួមបំពេញការងារក្នុងស្ថានភាពដ៏ពិសេសនេះ។ បន្ថែមលើការអនុវត្តវិធានការសុខភាពសាធារណៈ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ថ្មីមួយទៀតដ៏សំខាន់សម្រាប់ការពារប្រជាពលរដ្ឋ ការពារប្រព័ន្ធសុខាភិបាល មិនឱ្យរងសម្ពាធខ្លាំងពេក និងជួយសង្គ្រោះជីវិតមនុស្ស។”

បន្ថែមលើកិច្ចសហការក្នុងការផ្តល់វ៉ាក់សាំងតាមរយៈយន្តការ COVAX រាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាង​ជិតស្និទ្ធជាមួយនឹងអង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រីកនូវសមត្ថភាព និងវិសាលភាពនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យូនីសេហ្វមានមោទនភាព ដែលមានប្រវត្តិសហការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការផ្តល់វ៉ាក់សាំងនៅកម្ពុជាជាយូរឆ្នាំមកហើយ។ វ៉ាក់សាំងថ្មីនេះបង្កើតឱកាសដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរ​ទិសដៅនៃការឆ្លងរាលដាលជាសកលនេះ។ ដោយសារតែបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខដទៃទៀតនឹងទទួលបានវ៉ាក់សាំង យើងនឹងអាចមើលឃើញជាបណ្តើរៗនូវការវិលទៅរកជីវិតជាប្រក្រតីថ្មីមួយ រួមទាំងការទទួលបានសេវាសុខភាព ការអប់រំ និងការពារកាន់តែប្រសើរ។ ស្របតាមស្មារតីពង្រីកការគ្របដណ្តប់សេវាសុខភាពជាសកល យើងមិនត្រូវទុកអ្នកណាម្នាក់ចោលឡើយ។”

ផ្អែកតាមភស្តុតាងដែលមានបច្ចុប្បន្ននេះ យើងដឹងថាវ៉ាក់សាំងកូវីដ-១៩ អាចការពារមនុស្សពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ បើទោះជាមនុស្សបានចាក់វ៉ាក់សំាងក៏ដោយ ពួកគេគួរបន្តអនុវត្តតាមវិធានការការពារនានាដូចជារក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងសម្អាតដៃជាដើម។  យើងត្រូវបំពេញភារកិច្ចរបស់យើងរៀងៗខ្លួន​ក្នុងការប្រើប្រាស់វិធីសាស្រ្តនិងឧបករណ៍ទាំងអស់ដែលមានដើម្បីយកឈ្នះការឆ្លងរាលដាលជាសកលនៃជំងឺនេះ។

សម្រាប់ព័ត៌មានបន្ថែម៖

ឯកឧត្តម វេជ្ជបណ្ឌិត ស៊ុង វិនតាក់
ទីប្រឹក្សា និងប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល
ទូរសព្ទ៖ ០៧៧ ៩៣៩ ៥៩៨ 

លោក ឱក វិជិត
អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារសុខភាពមាតានិងទារក និងជាប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការ
ទូរសព្ទ៖ ០១២ ៨៣០ ៥៤៨

លោក មាស ប៊ុនលី មន្រ្តីជំនាញ​ផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា
ទូរសព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ ext=៤៣៥
សារអេទ្បិកត្រូនិក៖ bmeas@unicef.org

អ្នកស្រី អាលីសាន់ ស្មីត មន្រ្តីទំនាក់ទំនង អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា
ទូរសព្ទ៖ +៨៥៥ ១២ ៧៦០ ៨៩៤

សារអេទ្បិកត្រូនិក៖ alsmith@who.int 

កំណត់ចំណាំសម្រាប់និពន្ធនាយក៖
សម្រាប់បញ្ជីនៃដៃគូអភិវឌ្ឍន៍ដែលបានចូលរួមបរិច្ចាគក្នុងកម្មវិធី Gavi COVAX AMC  សូមចុចទីនេះ
សម្រាប់ព័ត៌មានបន្ថែមនៃមជ្ឈមណ្ឌលសូមមើលវេបសាយនេះ

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook