ប្រទេសកម្ពុជា ប្តេជ្ញាបញ្ចប់អំពើហិង្សាលើកុមារ ដោយក្លាយជាប្រទេសនាំមុខទី៤ នៅក្នុងតំបន់
សេចក្តីប្រកាសព័ត៌មានរួម
- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩៖ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកទី២៦នៃប្រទេសជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងជាប្រទេសឈានមុខនៅក្នុងតំបន់ ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារ។ ថ្ងៃនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ (GPEVAC) បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ និងបានប្រកាសជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកប្រទេសនៃភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
ប្រទេសកម្ពុជាគឺជាប្រទេសទី៤នៅក្នុងតំបន់ ដែលបានក្លាយជាប្រទេសនាំមុខបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសម៉ុងហ្គោលី។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងខណៈដែលកម្ពុជាកំពុងពន្លឿន កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចចក្ខុវិស័យ ប្រែក្លាយពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមការសិក្សាអង្កេតថ្នាក់ជាតិស្ដីពីអំពើហិង្សាលើកុមារនៅកម្ពុជាក្នុងឆ្នាំ២០១៣ បានបង្ហាញថាក្នុងចំណោមកុមារចំនួន២នាក់ មានម្នាក់បានទទួលរងយ៉ាងហោចណាស់មួយទម្រង់នៃអំពើហិង្សា មុនពេលពួកគេឈានដល់វ័យ១៨ឆ្នាំ[1]។ អំពើហិង្សាលើកុមារ គឺជាបញ្ហាសកលដែលបង្កផលវិបាកធ្ងន់ធ្ងរស្ទើរពេញមួយជីវិតដល់សង្គមជាតិ។ អំពើហិង្សាលើកុមារបានធ្វើឱ្យកុមារ និងគ្រួសារទទួលរងនូវការឈឺចាប់ និងអាចបង្កផលវិបាករយៈពេលវែងដូចជា ការអភិវឌ្ឍរូបរាងកាយយឺត បញ្ហាឥរិយាបថ បញ្ហាសុខភាពផ្លូវកាយ និងបញ្ហាសុខភាពផ្លូវចិត្តជាដើម។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា “ក្នុងទិសដៅឆ្លើយតបនឹងបញ្ហាអំពើហិង្សាលើកុមារ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីអាចឱ្យកុមាររស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវវិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើនដើម្បីធានាដល់កិច្ចការពារកុមារឱ្យកាន់តែប្រសើរឡើង។”
ឯកឧត្តមក៏បានបន្ថែមទៀតថា “ស្ថិតក្នុងបរិការណ៍នេះ កម្ពុជាបានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាព អំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្តដែលកុមារបានជួបប្រទះ និងកំពុងជួបបញ្ហាប្រឈម។ ផ្អែកលើលទ្ធផលនៃការអង្កេតនេះ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ ត្រូវបានរៀបចំឡើង ក្នុងទិសដៅធានាដល់ការដោះស្រាយ និងមានវិធានការទាន់ពេលវេលាលើបញ្ហាអំពើហិង្សាលើកុមារគ្រប់រូបភាព ក៏ដូចជា ដើម្បីលើកកម្ពស់ការការពារ និងការអភិវឌ្ឍសិទ្ធិកុមារប្រកបដោយចីរភាព។”
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញា ពិធីសារបន្ថែម និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ។ រាជរដ្ឋាភិបាលអាណត្តិទី៦ បានដាក់បញ្ចូលបញ្ហាកុមារជាបញ្ហាអាទិភាពទៅក្នុងកម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក្នុងយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្ស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលសុទ្ធតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានសូចនាករ លទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ព្រមទាំងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយតាមវិស័យដទៃទៀត។
លោកជំទាវបានគូសបញ្ជាក់ថា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គឺតម្រូវឱ្យមានទំនួលខុសត្រូវរួមគ្នា និងការកៀរគរអ្នកពាក់ព័ន្ធទាំងអស់ និងសង្គមទាំងមូល គឺចាំបាច់បំផុតស្របទៅតាមបទដ្ឋានជាតិ ដែលមាននិងកំពុងដាក់ឱ្យអនុវត្តជាធរមានរួមទាំងអនុសញ្ញា របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរនោះ ទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធទាំងអស់។
លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “កិច្ចការពារកុមារពីអំពើហិង្សាគ្រប់រូបភាព ត្រូវបានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ។ ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាជំហានដ៏មានសារៈសំខាន់ ដើម្បីឆ្ពោះទៅសម្រេចសិទ្ធិរបស់កុមារកម្ពុជាគ្រប់រូប ដើម្បីឱ្យពួកគេអាចធំដឹងក្ដីប្រកបដោយសុវត្ថិភាព និងទទួលបានការការពារ។ គ្មានហេតុផលណាមួយនាំឱ្យពួកគេត្រូវប្រព្រឹត្តអំពើហិង្សាលើកុមារឡើយ ហើយអំពើហិង្សាលើកុមារគឺជាទង្វើដែលមិនត្រូវអត់ឱនឲ្យជាដាច់ខាត។ ការបញ្ចប់អំពើហិង្សាលើកុមារ គឺជាសកម្មភាពដែលអាចធ្វើទៅបាន ហើយការបញ្ចប់អំពើហិង្សាលើកុមារគឺជាការទទួលខុសត្រូវរួមរបស់យើង”។
ក្នុងឆ្នាំ២០១៣ ប្រទេសកម្ពុជាបានក្លាយជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំការសិក្សាអង្កេតថ្នាក់ជាតិស្ដីពីអំពើហិង្សាលើកុមារ។ ជាការឆ្លើយតបចំពោះលទ្ធផលនៃការអង្កេតនោះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងអនុវត្តផែនការសកម្មភាពអន្តរក្រសួង ដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ ក្នុងឆ្នាំ២០១៨ សន្និសីទថ្នាក់តំបន់ឆ្ពោះទៅអនុវត្តយុទ្ធសាស្រ្ត INSPIRE ដែលជាយុទ្ធសាស្រ្ត ៧ ចំណុចដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ត្រូវបានប្រារព្ធឡើងក្នុងរាជធានីភ្នំពេញ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយការគាំទ្រពីយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ សេចក្តីសម្រេចចិត្តនេះ ជាកត្តាជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីការពារកុមារពីអំពើហិង្សា។
លោក ហូវើដ ថាយល័រ នាយកប្រតិបត្តិនៃភាពដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ បានមានប្រសាសន៍ថា៖ “នៅថ្ងៃនេះ យើងបានចាប់ផ្តើមភាពជាដៃគូថ្មីជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន រួមទាំងក្រុមការងារ និងបុគ្គលសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ យើងរួមគ្នាក្នុងគោលដៅតែមួយគឺយើងចង់បានសង្គមមួយដែលកុមារគ្រប់រូបចម្រើនពេញវ័យប្រកបដោយសុវត្តិភាព និងសន្តិសុខ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង គឺជាការវិនិយោគដ៏ឆ្លាតវៃទៅលើកុមារគ្រប់រូបនៅថ្ងៃនេះ ហើយវានឹងផ្តល់ត្រលប់វិញនូវលទ្ធផលវិជ្ជមានជាច្រើនជំនាន់ទៅខាងមុខ។”
ការសម្រេចចិត្តរបស់កម្ពុជា ក្នុងប្រទេសភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ។ ពិធីប្រកាសជាផ្លូវការនាថ្ងៃនេះ មានអ្នកចូលរួមប្រមាណ៣០០នាក់ មកពីតំណាងអង្គទូត ក្រសួង ស្ថាប័ន រាជធានី ខេត្ត សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកជំនាញ វិស័យឯកជន និងអ្នកសារព័ត៌មាន។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន បានប្រកាសផ្ដល់ការគាំទ្រដល់គំនិតផ្ដួចផ្តើមសុវត្ថិភាពក្នុងការរៀនសូត្រ (Safe to Learn) ជាគំនិតផ្តួចផ្តើមអន្តរជាតិ ដែលមានគោលបំណងរក្សាសុវត្ថិភាពកុមារនៅក្នុងបរិវេណ និងជុំវិញបរិវេណសាលារៀន ព្រមទាំងលើកកម្ពស់លទ្ធផលនៃការរៀនសូត្ររបស់ពួកគេ ដែលនឹងនាំមកនូវផលជាវិជ្ជមានលើកុមារ និងប្រទេសទាំងមូល។
កំណត់សម្គាល់ចំពោះនិពន្ធនាយក៖
យុទ្ធសាស្រ្ត INSPIRE៖ យុទ្ធសាស្រ្តទាំង ៧ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ[2]
សន្និសីទថ្នាក់តំបន់ឆ្ពោះទៅអនុវត្តយុទ្ធសាស្រ្ត INSPIRE៖ “យុទ្ធសាស្រ្ត ៧ ចំណុចដើម្បីបញ្ចប់អំពើហិង្សាលើកុមារ” ត្រូវបានរៀបចំឡើងនៅចុងឆ្នាំ២០១៨ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការគាំទ្រពីយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ ប្រទេសចំនួន២១ ដែលតំណាងដោយអ្នកចូលរួមជាង១៦០នាក់ បានចូលរួមក្នុងសន្និសីទនេះ ដើម្បីរួមគ្នាឆ្លើយតបចំពោះបញ្ហាជាច្រើន ដែលកុមារកំពុងជួបប្រទះក្នុងទម្រង់ជាអំពើហិង្សាក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទាំងមូល ក៏ដូចជានៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។
ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១[3]
ប្រទេសកម្ពុជាគឺជាប្រទេសដំបូងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំការសិក្សាអង្កេតថ្នាក់ជាតិ ស្ដីពីអំពើហិង្សាលើកុមារ តាមរយៈភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក និងយូនីសេហ្វ។ ជាការឆ្លើយតបចំពោះលទ្ធផលនៃការអង្កេតស្ដីពីអំពើហិង្សាលើកុមារនៅកម្ពុជា (CVACS) រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចាត់វិធានការ ដើម្បីឆ្លើយតបចំពោះបញ្ហាទាំងនេះ និងបានដាក់ចេញនូវផែនការសកម្មភាពអន្តរក្រសួង ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១។ ផែនការសកម្មភាពនេះត្រូវបានរៀបចំឡើងផ្អែកតាមគោលការណ៍ និងយុទ្ធសាស្រ្ត INSPIRE។
ទំនាក់ទំនងព័ត៌មាន៖
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
លោក ភី ណូ ប្រធាននាយកដ្ឋានសុខុមាលភាពកុមារ
សារអេឡិកត្រូនិក៖ phino.cwd@gmail.com, ទូរស័ព្ទចល័ត៖ (+៨៥៥) ៩២ ៤៦២ ២៦៣
[1]សូមទាញយករបាយការណ៍៖ https://drive.google.com/drive/folders/1rK1TyC7znybhQUaCafOzMOtF68Sz5S3U
[2] សូមទាញយកឯកសារ ៖ https://uni.cf/2KQoAmo
[3]សូមទាញយកឯកសារ៖ https://www.unicef.org/cambodia/reports/action-plan-prevent-and-respond-violence-against-children-2017-2021
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
អំពីអង្គការយូនីសេហ្វ
អង្គការយូនីសេហ្វ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។
សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org
តាមដានព័ត៌មាន និងដំណឹងផ្សេងៗពីយូនីសេហ្វ លើ Twitter និង Facebook