ប្រទេសកម្ពុជានឹងវាយតម្លៃការសិក្សាសិស្សានុសិស្ស ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញក្រោយជំងឺរាតត្បាតកូវីដ

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២៖ នៅក្នុងខែមិថុនាឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានចូលរួមនៅក្នុងកម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្វែងយល់អំពីលទ្ធផលសិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងដែលអ្នកសិក្សាបានចេះដឹង ដោយវាស់វែងទៅលើការត្រៀមខ្លួនរបស់យុវជនកម្ពុជាសម្រាប់ពេលអនាគត និងដោយតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ លទ្ធផលទាំងនេះត្រូវបានរំពឹងទុកថានឹងទទួលបាននៅដើមឆ្នាំ២០២៣ ។
ដោយបានដាក់ឱ្យដំណើរការដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) កម្មវិធីវាយតម្លៃ PISA ធ្វើតេស្តិ៍សមត្ថភាពសិស្សានុសិស្សដែលមានអាយុ១៥ឆ្នាំ ទៅលើការប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់ពួកគេលើអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ សម្រាប់យកមកប្រើប្រាស់ដើម្បីជំនះរាល់បញ្ហាប្រឈមនានាក្នុងជីវិតពិតរបស់ខ្លួន។ លទ្ធផលទាំងនេះនឹងត្រូវផ្សព្វផ្សាយដោយអង្គការ OECD សម្រាប់ប្រទេសទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីវាយតម្លៃ PISA នេះ។ ចាប់តាំងពីការចាប់ផ្ដើមនៅក្នុងឆ្នាំ២០០០មក កម្មវិធី PISA បានក្លាយជាស្តង់ដារសាកលនៅក្នុងការវាយតម្លៃលើសមិទ្ធផល និងវឌ្ឍនភាពរបស់សាលា ហើយបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយ ពីការផ្តោតការយកចិត្តទុកដាក់លើធាតុចូលអប់រំ ទៅលើការយកចិត្តទុកដាក់ចំពោះលទ្ធផលសិក្សាវិញ នៅក្នុងសម្រេចចិត្តរបស់រដ្ឋាភិបាល និងការរៀបចំគោលនយោបាយ។
នេះគឺជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីនេះ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានដឹកនាំ និងផ្ដល់ថិវកាមួយផ្នែកដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងវិភាគទានហិរញ្ញវត្ថុបន្ថែមពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) គាំទ្រដោយប្រទេសមួយចំនួន រួមមានសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ផងដែរ ។
ទិន្នន័យរបស់កម្មវិធី PISA នឹងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកំណត់គោលដៅអន្តរាគមន៍ និងកំណត់អំពីវិធីសាស្ត្រល្អបំផុតសម្រាប់ផ្ដល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សទាំងអស់ ក៏ដូចជាជួយដល់ពួកគេក្នុងការស្ដារឡើងវិញពីការបាត់បង់ការសិក្សាបង្កដោយជំងឺឆ្លងរាតត្បាតនេះ ។ ការវិភាគនាពេលថ្មីៗនេះលើការវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិសិស្សថ្នាក់ទី៦ ដែលក៏ត្រូវបានគាំទ្រដោយមូលនិធិ CDPF ដែរនោះ បានរកឃើញយ៉ាងច្បាស់នូវការបាត់បង់ការសិក្សាយ៉ាងធ្ងន់ធ្ងររបស់សិស្សានុសិស្ស ដោយសារតែការបិទសាលារៀនបណ្ដាលមកពីជំងឺកូវីដ-១៩ ។ ការស្វែងយល់អំពីកម្រិតសិក្សាបច្ចុប្បន្នរបស់កុមារ ពិតជាអាចជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ អាចវាស់វែងបាននូវវឌ្ឍនភាពទៅតាមកាលវេលា ប៉ុន្តែចំណុចសំខាន់ជាងនេះទៀតនោះ គឺវាបានផ្ដល់នូវទិន្នន័យផ្អែកលើភស្ដុតាង សម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីគាំទ្រកាន់តែប្រសើរដល់សាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស នៅក្នុងការផ្តល់នូវទិសដៅ និងបង្ហាញនូវមាគ៌ាស្ដារការសិក្សាឡើងវិញ ហើយជាលទ្ធផលគឺសំដៅទៅរកការបង្រៀន និងការរៀនសូត្រនាពេលអនាគតដ៏មានគុណភាពប្រសើរជាងមុន។
ដៃគូរបស់មូលនិធិ CDPF កំពុងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា លើគ្រប់ទិដ្ឋភាពនៃការស្ដារការសិក្សាឡើងវិញ ដោយចាប់ផ្ដើមពីការគាំទ្រផ្ទាល់ដល់កុមារ បង្កលទ្ធភាពឱ្យពួកគេអាចចូលរៀនទ្បើងវិញ និងបន្តរៀននៅក្នុងសាលា។ កម្មវិធីមូលដ្ឋានគ្រឹះសិក្សា “អំណានថ្នាក់ដំបូង” និង “គណិតវិទ្យាថ្នាក់ដំបូង” បាននឹងកំពុងអនុវត្តនៅក្នុងខេត្តចំនួន១២ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជួយកុមារកម្ពុជាបង្កើននូវជំនាញអំណាន និងជំនាញគិតលេខរបស់ពួកគេ ហើយតាមរយៈការផ្អែកលើជំនាញកម្រិតដំបូងទាំងនេះ នោះពួកគេនឹងអាចសិក្សាបន្តទៅមុខទៀតបាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា
“កម្ពុជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងក្របខ័ណ្ឌវាយតម្លៃជាសាកលនេះ។ យើងរំពឹងទុកនូវការយល់ដឹងកាន់តែប្រសើរអំពីកម្រិតការសិក្សារបស់សិស្សានុសិស្ស ព្រោះវាមានសារៈសំខាន់ណាស់ ដើម្បីធានាថាអន្តរាគមន៍នានារបស់យើងនឹងធ្វើឡើងចំគោលដៅយ៉ាងត្រឹមត្រូវ។ ក្រសួងអប់រំ យុវជន និងកីឡា កំពុងវិនិយោគជាច្រើនលើការសិក្សារបស់សិស្សនៅថ្នាក់ដំបូង លើកកម្ពស់ជំនាញគ្រូបង្រៀន និងការអប់រំតាម
ឌីជីថល ដែលការវិនិយោគទាំងអស់នេះនឹងជួយយើងឱ្យជំនះបញ្ហាប្រឈមនានាចំពោះការសិក្សាដែលបង្កឡើងដោយការបិទសាលារៀនដោយសារជំងឺកូវីដ-១៩ ។”
លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ទិន្នន័យ និងការស្រាវជ្រាវប្រកបដោយគុណភាព គឺមានសារសំខាន់ណាស់សម្រាប់ការរៀបចំគោលនយោបាយល្អ ។ យើងពិតជាអាចដោះស្រាយបញ្ហាបាន នៅពេលយើងអាចកំណត់ដឹងពីបញ្ហាទាំងនោះបានច្បាស់លាស់។ ទិន្នន័យជាពិសេសការស្រាវជ្រាវដែលអាចប្រៀបធៀបគ្នាបានជាមួយប្រទេសផ្សេងៗ អាចជួយយើងនៅក្នុងការស្វែងយល់អំពីបញ្ហានានាកាន់តែប្រសើរឡើង។ ដើម្បីធានាថាថវិកាសាធារណៈត្រូវបានចំណាយចំគោលដៅកាន់តែប្រសើរ យើងត្រូវវាយតម្លៃលើអន្តរាគមន៍ និងគោលនយោបាយ ថាពិតជាសម្រេចបាននូវលទ្ធផលដែលយើងបានរំពឹងទុកដែរឬយ៉ាងណា ។ ជាថ្មីម្ដងទៀត ទិន្នន័យ និងភស្ដុតាងទាំងនេះធ្វើឱ្យយើងមានភាពខ្លាំង ហើយវាជួយយើងនៅក្នុងការសម្រេចចិត្តថាតើដំណោះស្រាយដែលបានស្នើឡើងនោះ អាចប្រព្រឹត្តទៅតាមទិសដៅត្រឹមត្រូវឬទេ។ ដូច្នេះមានន័យថាយើងបានចំណាយត្រឹមត្រូវ សម្រាប់លទ្ធផលដែលយើងចង់បាន។ សហភាពអឺរ៉ុប (EU) មានមោទនភាពនៅក្នុងការធ្វើជាដៃគូជាមួយកម្ពុជានៅក្នុងការរៀបចំគោលនយោបាយផ្អែកលើភ័ស្ដុតាងនេះ”។
លោកស្រី រីបេខា ប្លេក នាយិកាបេសកកម្មស្ដីទីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីសប្បាយរីករាយនៅក្នុងការតាមដានវឌ្ឍនភាពយ៉ាងទៀងទាត់នៃកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាចាប់តាំងពីឆ្នាំ២០១៣មក។ កម្មវិធីវាយតម្លៃ PISA ពិតជាបំពេញបន្ថែមឱ្យការវាយតម្លៃអំណានថ្នាក់ដំបូងយ៉ាងប្រសើរ ដែល USAID បាននឹងកំពុងអនុវត្តការវាយតម្លៃនេះជាមួយនឹងអ្នកជំនាញកម្ពុជា ដើម្បីពិនិត្យមើលការសិក្សារបស់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា ។ យើងខ្ញុំមានមោទនភាពដែលបានធ្វើជាដៃគូ នៅក្នុងគំនិតផ្ដួចផ្ដើមដ៏សំខាន់នេះ នៅក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យដោយតម្លាភាព នៅក្នុងវិស័យអប់រំ ។”
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “យើងបានឃើញផល ប៉ះពាល់ធ្ងន់ធ្ងរបង្កដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានវិសមភាពកាន់តែខ្លាំងឡើងនៅទូទាំងសកលលោក។ ការវិនិយោគលើការអប់រំ ជាពិសេសការចាត់វិធានការសមស្រប និងបន្ទាន់ ដើម្បីឆ្លើយតបនឹងការបាត់បង់ ការសិក្សាធ្ងន់ធ្ងររបស់កុមារ ដោយសារការរិតត្បឹតនានាបណ្ដាលមកពីជំងឺកូវីដ គឺមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ និងស្តារស្ថានភាពឱ្យប្រសើរទ្បើងវិញនេះ។ ការទទួលបានដោយសមធម៌នូវការអប់រំប្រកបដោយ គុណភាពមានតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងធានាថាកុមារគ្រប់រូប អាចទទួលបានចំណេះដឹង ជំនាញ និងសមត្ថភាពមូលដ្ឋាន ដែលពួកគេត្រូវការ ដើម្បីត្រាយផ្លូវសម្រាប់អនាគត របស់ខ្លួននាអនាគតខាងមុខ ។”
សាវតា៖
មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ(CDPF)៖
មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) គឺជាភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡានៅកម្ពុជា (MoEYS) និងសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (SIDA) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងយូនីសេហ្វ។ តាមរយៈយន្តការផ្ដល់មូលនិធិរួម CDPF ផ្ដល់ការគាំទ្រក្នុងការអនុវត្តអាទិភាព
អភិវឌ្ឍន៍សមត្ថភាពនៅក្នុងវិស័យអប់រំ។ CDPF បានឈានចូលដល់ដំណាក់កាលទីបីរបស់ខ្លួននៅឆ្នាំ២០១៨ ដែលនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដោយគាំទ្រដល់គំនិតផ្ដួចផ្ដើមកសាងសមត្ថភាពនៅក្នុងវិស័យអប់រំជាមួយនឹងមូលនិធិចំនួនប្រមាណ៣៧លានដុល្លារអាមេរិក។ ដំណាក់កាលថ្មីនេះពង្រឹងបន្ថែមលើភាពជោគជ័យនៃដំណាក់កាលចំនួនពីរដំបូង ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១១ ដោយមានមូលនិធិសរុបចំនួន ២៤លានដុល្លារអាមេរិក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីទ្បា
ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦ ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com - អ្នកស្រី រូឌីណា វ៉ូវ៉ូដា ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វ
ទូរសព្ទ៖ (+៨៥៥) ៩២ ៥៥៥ ២៩៤ ឬ សារអេឡិកត្រូនិក៖ rvojvoda@unicef.org - លោក មាស ប៊ុនលី មន្រ្តីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វ
ទូរសព្ទ៖ +៨៥៥ ១២ ៧៣៣ ៩០៩ ឬសារអេទ្បិកត្រូនិក៖ bmeas@unicef.org
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.