បទចម្រៀងថ្មីស្តីអំពីបម្រែបម្រួលអាកាសធាតុគាំទ្រដោយយូនីសេហ្វ នឹងត្រូវចាក់ផ្សាយលើរលកធាតុអាកាស និងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃស្អែក!

26 មករា 2022
UNICEF Cambodia/2022/Bunsak But
UNICEF Cambodia/2022

ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២៖ នៅថ្ងៃនេះ បទចម្រៀងហ៊ីបហបដ៏គួរឲ្យទាក់ទាញអារម្មណ៍ និងប្រកបដោយភាពច្នៃប្រឌិតក្រោមចំណងជើងថា "អាកាសធាតុ" នឹងត្រូវចាក់ផ្សាយតាមស្ថានីយ៍វិទ្យុ និងបណ្តាញទំនាក់ទំនងសង្គមនៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញការយកចិត្តទុកដាក់បន្ថែមចំពោះវិបត្តិអាកាសធាតុជាសកល និងកៀងគរសកម្មភាពរួមគ្នាពីប្រជាជនកម្ពុជាក្នុងការការពារបរិស្ថាន។ បទចម្រៀងដ៏មានអត្ថន័យនេះ ត្រូវបានផលិតឡើងដោយសហការរវាងតារាចម្រៀងរ៉េប សាំង សុខសេរី ដែលអ្នកចម្រៀងគិតគូរពីបញ្ហាសង្គម និងកញ្ញាជិន សូនីតា អាយុ ២១ឆ្នាំ ដែលជាអ្នកធ្វើយុទ្ធនាការស្តីពីបម្រែបម្រួល អាកាសធាតុ រួមជាមួយអង្គការមិនមែនរដ្ឋាភិបាល Tiny Toones ដែលធ្វើការលើវិស័យចម្រៀងហ៊ីបហបសម្រាប់សហគមន៍។ បទចម្រៀងនេះត្រូវបានបង្កើត និងនិពន្ធឡើងបន្ទាប់ពី សេរី និងសូនីតា បានចូលរួមកម្មវិធី ជំនាន់ថ្មីរបស់យូនីសេហ្វ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនដែលមានគំនិតល្អៗក្នុងការផ្លាស់ប្តូរសង្គមប្រកបដោយភាពវិជ្ជមាន និងគ្រូណែនាំដែលមានបទពិសោធ ដើម្បីជួយឲ្យគំនិតល្អៗរបស់ពួកគេអាចសម្រេចបានតាមគោលដៅរបស់ខ្លួន។

អរគុណដល់ការខ្នះខ្នែងគាំទ្រពីក្រុមហ៊ុនទូរសព្ទ Smart បទចម្រៀងថ្មីនេះ កំពុងត្រូវបានដាក់ឲ្យស្តាប់នៅលើសេវាតន្ត្រី Pleng របស់ក្រុមហ៊ុននេះ។ បទចម្រៀងនេះក៏នឹងត្រូវចាក់ផ្សាយតាមស្ថានីយ៍វិទ្យុនៅទូទាំងប្រទេស រួមមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ សៀមរាប បាត់ដំបង និងពោធិ៍សាត់ ដែលអាចឮទៅដល់យុវជនចាប់ពីអាយុ ១៥ឆ្នាំ ដល់ ២៤ឆ្នាំ ប្រមាណជា ២៥០.០០០ នាក់។ ខ្សែវីដេអូដ៏រស់រវើកនៃចម្រៀង ក៏នឹងត្រូវផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិតផងដែរ រួមទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យូនីសេហ្វ និងយូធូបផងដែរ។ គោលបំណងសំខាន់នៃបទចម្រៀងនេះ គឺដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជនជាច្រើននៅក្នុងទីក្រុង និងនៅទីជនបទ ជាមួយនឹងសារសព្ទបទចម្រៀងស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងសកម្មភាពជាក់ស្តែងដែលគ្រប់គ្នាអាចអនុវត្តបានដើម្បីកាត់បន្ថយផលប៉ះពាល់។

ប្រទេសកម្ពុជាស្តិតនៅក្នុងចំណោមប្រទេស ១ ភាគ ៣ ដែលកុមារ​ប្រឈមហានិភ័យខ្ពស់ទៅនឹងបម្រែបម្រួលអាកាសធាតុ បើផ្អែកសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមាររបស់យូនីសេហ្វ។ របាយការណ៍នេះបានចេញផ្សាយនៅឆ្នាំ២០២១ ហើយបានរកឃើញថាប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី៤៦ ជាប្រទេសដែលងាយរងគ្រោះពីហានិភ័យជាងគេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពខ្ពស់លើការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយបានប្តេជ្ញាចិត្តចំពោះគោលដៅនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួល អាកាសធាតុ (UNFCCC)។ រាជរដ្ឋាភិបាលបានធ្វើការជាមួយដៃគូនានា រួមទាំងយូនីសេហ្វក្នុងការចងក្រងរបាយការណ៍នៃការចូលរួមចំណែករបស់ជាតិ (NDC) ហើយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១កន្លងមក កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេ ដែលអនុម័តយល់ព្រមលើគោលដៅនៃការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។

យូនីសេហ្វ បានចាប់ផ្តើមកម្មវិធីជំនាន់ថ្មីក្នុងឆ្នាំ២០២១ ដោយមានគោលដៅជួយយុវជនប្រែក្លាយគំនិត ដើម្បីប្រយោជន៍សង្គមរបស់ពួកគេ ឲ្យទៅជាគម្រោងពិតប្រាកដ។ យុវជនជាច្រើននាក់ បានជ្រើសរើសប្រធានបម្រែបម្រួលអាកាសធាតុធ្វើជាបញ្ហាដែលពួកគេយកចិត្តទុកដាក់បំផុត ហើយគំនិតផ្តួចផ្តើមរបស់សូនីតា គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១២ ដែលយូនីសេហ្វបានជ្រើសរើសដើម្បីគាំទ្របន្ថែម ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់យូនីសេហ្វក្នុងការគាំទ្រគម្រោងនានាដែលប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមសកលនេះ។

បទចម្រៀង និងខ្សែវីដេអូនេះ គ្រាន់តែជាដំណាក់កាលចុងក្រោយក្នុងយុទ្ធនាការ The Cli-Mates ដែលសូនីតា បានបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីសេរី ដែលជាគ្រូណែនាំក្នុងគម្រោងជំនាន់ថ្មី។ ក្រៅពីបទចម្រៀងនេះក៏មានការបង្កើតនូវទំព័រយុទ្ធនាការនៅលើបណ្តាញសង្គម ផ្ទាំងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ខ្សែវីដេអូសប្បាយៗ កម្មវិធីជជែកកំសាន្ត និងបញ្ហាប្រឈមនានានៅលើបណ្តាញសង្គម ដែលបានបើកឱកាសឲ្យយុវជនអាចចែករំលែកពីសកម្មភាពដែលពួកគេអាធ្វើឲ្យមានការផ្លាស់ប្តូរទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។

សូនីតា បានឲ្យដឹងពីយុទ្ធនាការនេះថា "បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយវាប៉ះពាល់ដល់យើងទាំងអស់គ្នា ដោយសារយើងទាំងអស់គ្នារស់នៅលើផែនដីនេះ។ “ខ្ញុំបានដាក់ពាក្យស្នើសុំក្នុងគម្រោងជំនាន់ថ្មីរបស់យូនីសេហ្វ ពីព្រោះខ្ញុំយល់ឃើញថាវាជាកម្មវិធីដ៏ល្អមួយដើម្បីជួយឲ្យខ្ញុំអាចអភិវឌ្ឍគំនិតរបស់ខ្លួនលើសកម្មភាពទាក់ទងនឹងអាកាសធាតុ និងអាចបង្កើតលទ្ធផលវិជ្ជមានបាន។ ខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះការចេញផ្សាយ នេះ ព្រោះក្រុមការងាររបស់ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការរៀបចំបទចម្រៀង និងវីដេអូនេះឡើង ដោយទទួលបានការគាំទ្រដ៏អស្ចារ្យពីយូនីសេហ្វ។ យើង​ទន្ទឹងរង់ចាំចំណាប់អារម្មណ៍របស់ប្រិយមិត្ត ហើយ​សង្ឃឹម​ថា​បន្ទាប់​ពី​បាន​ស្តាប់បទចម្រៀងនេះ ​មនុស្សកាន់តែ​ច្រើន​នឹង​ចូល​រួម​កអនុវត្តសកម្មភាពទាក់ទងនឹង​អាកាសធាតុ»។

គំនិតល្អៗទាំង១២ នៃកម្មវិធីជំនាន់ថ្មី ក៏បានកំពុងបង្កើតឲ្យមានលទ្ធផលធំធេងផងដែរ ដោយទទួលបាននូវការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងការចូលទស្សនាចំនួនរាប់សែននាក់តាមប្រព័ន្ធអ៊ីនធឺណិតលើប្រធានបទនានាទៅលើប្រធានបទសុខភាពផ្លូវចិត្ត និងសារៈសំខាន់នៃការអប់រំ។ គម្រោងទាំងនេះ នឹងបន្តដំណើរការពេញមួយឆ្នាំ២០២២នេះ ហើយដោយឡែកកម្មវិធីជំនាន់ថ្មីនឹងត្រូវពង្រីកឡើងនិងទទួលយកបេក្ខជនថ្មីៗទៀតនៅពេលក្រោយក្នុងឆ្នាំនេះ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា  "ការចេញផ្សាយបទចម្រៀងដ៏គួរឲ្យរំភើបចិត្តជាមួយនឹងសារដ៏មានអានុភាព គឺជាសក្ខីភាពបង្ហាញពីតួនាទីដ៏សំខាន់របស់យុវជនដែលកំពុងធ្វើ សកម្មយ៉ាងសកម្មប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ “គ្មានអ្វីត្រូវឆ្ងល់ទេដែលថាកុមារ និងយុវជនដែលជាអ្នក កំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុ។ ពួកគេនឹងត្រូវទទួលមរតកភពផែនដីនេះ ដូច្នេះសារសំឡេងរបស់ពួកគេពិតជាសំខាន់ខ្លាំងណាស់។ យូនីសេហ្វបានប្តេជ្ញាចិត្តគាំទ្រឲ្យសំទ្បេងរបស់យុវជនត្រូវបានគេស្តាប់ឮ និងចាត់វិធានការលើបម្រែបម្រួលអាកាសធាតុ ស្របពេលដែលយើង កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះនៅថ្នាក់ជាតិ”៕

កំណត់សម្គាល់ចំពោះនិពន្ធនាយក៖
បទចម្រៀង “អាកាសធាតុ” និងសម្ភារផ្សព្វផ្សាយដទៃទៀតអាចទាញយកបានតាមតំណភ្ជាប់នេះ

 

អំពីកម្មវិធីជំនាន់ថ្មី

កម្មវិធីជំនាន់ថ្មី (Generation Future) គឺជាកម្មវិធីរបស់យូនីសេហ្វសម្រាប់យុវជនកម្ពុជានៅទូទាំងប្រទេស ក្នុងការប្រែក្លាយសក្តានុពលរបស់ពួកគេឲ្យទៅជាសកម្មភាព និងសមិទ្ធផលជាក់លាក់។ វាគឺជាការអញ្ជើញយុវជនមកពីគ្រប់មជ្ឈដ្ឋាន ឲ្យប្រមើលមើលខ្លួនឯងថាជាអ្នកនាំមកនូវការផ្លាស់ប្តូរវិជ្ជមាននាពេលអនាគត ក្នុងនាមជាអ្នក មានគំនិតនវានុវត្តន៍ សហគ្រិន សិល្បៈករដែលគិតគូរពីបញ្ហាសង្គម និងអ្នកប្រាស្រ័យទាក់ទងដែលបំផុសការចូលរួមពីអ្នកដទៃទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីជំនាន់ថ្មី សូមអាននៅតណភ្ជាប់នេះ

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វ៖

យូនីសេហ្វនៅកម្ពុជា បំពេញការងារដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខមាលភាពសម្រាប់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយគាំទ្រការសម្រេចនូវសក្ដានុពលពួកគេចាប់ពីវ័យកុមារតូច រហូតដល់ក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារយូនីសេហ្វដើម្បីកុមារ សូមចូលទៅកាន់គេហទំព័រ www.unicef.org.kh ឬតាមរយៈ Twitter និង Facebook។