នៅជុំវិញពិភពលោក ពីរភាគបីនៃគ្រួសារដែលមានកុមារជាសមាជិក បានបាត់បង់ប្រាក់ចំណូលនៅក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩

របាយការណ៍របស់យូនីសេហ្វ និងធនាគារពិភពលោក រកឃើញថា ការបាត់បង់ប្រាក់ចំណូលបានធ្វើឱ្យមនុស្សពេញវ័យនៅក្នុងគ្រួសារមួយក្នុងចំណោមគ្រួសារចំនួន ៤ ដែលមានកុមារជាសមាជិក ត្រូវអត់អាហារមួយថ្ងៃ ឬច្រើនថ្ងៃ

10 មីនា 2022
© UNICEF Cambodia/2022/Bunsak But
UNICEF Cambodia/2022/Bunsak But

ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២   យ៉ាងហោចណាស់ ពីរភាគបីនៃគ្រួសារដែលមានកុមារជាសមាជិក ​បានបាត់បង់ប្រាក់ចំណូល តាំងពី​មានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ដោយយោងតាម​របាយការណ៍​សកល​​ថ្មីមួយ បានបោះពុម្ពផ្សាយនៅថ្ងៃនេះ​ដោយ​យូនីសេហ្វ និងធនាគារពិភពលោក។

របាយការណ៍ស្ដីពី ផលប៉ះពាល់​នៃជំងឺកូវីដ ១៩​ ទៅលើសុខុមាលភាព​របស់គ្រួសារដែលមានកុមារជាសមាជិក បង្ហាញ​នូវរបកគំហើញពី​ទិន្នន័យដែលបានប្រមូល​នៅក្នុងប្រទេសចំនួន ៣៥ រួមទាំងកម្ពុជាផងដែរ។ គួរកត់សម្គាល់ថា គ្រួសារដែលមានកុមារបីនាក់ ឬលើសពីនេះ ​ទំនងជាបាត់បង់ប្រាក់ចំណូលច្រើនជាងគេបំផុត ​ជាងបីភាគបួននៃក្រុមនេះ​​កំពុងតែជួបប្រទះនឹង​ការធ្លាក់ចុះនូវប្រាក់ចំណូល។ តួលេខនេះគឺធៀបនឹង​ ៦៨% នៃគ្រួសារដែលមានកូនម្នាក់ ឬពីរនាក់។

របាយការណ៍​នេះក៏បានកត់សម្គាល់​ថា ការបាត់បង់ប្រាក់ចំណូល​បានធ្វើឱ្យមនុស្សពេញវ័យ​នៅក្នុងគ្រួសារមួយ​​ក្នុងចំណោមបួនគ្រួសារដែលមានកូន ​ត្រូវអត់អាហារមួយថ្ងៃ ឬច្រើនថ្ងៃ។ ​មនុស្សពេញវ័យស្ទើរតែ​​ជិតពាក់កណ្ដាលនៃគ្រួសារដែលមានកុមារជាសមាជិកទាំងនោះ បានរកឃើញថា ខកខានទទួលទានអាហារនៅពេលខ្លះ ដោយសារមូលហេតុខ្វះខាតលុយកាក់ទិញម្ហូបអាហារ។ មនុស្សពេញវ័យ​ប្រហែល​មួយភាគបួន​នៅក្នុងគ្រួសារដែលមាន ឬគ្មានកូន បានបានរកឃើញថា ឈប់ធ្វើការងារ​ (ឬគ្មានការងារធ្វើ)​ ចាប់តាំងពី​មាន​ការ​រាតត្បាតនៃជំងឺកូវីដ១៩។

នៅប្រទេសកម្ពុជា យូនីសេហ្វ កម្មវិធីស្បៀងអាហារពិភពលោក និងធនាគារអភិវឌ្ឍន៍​អាស៊ី​ក៏បានធ្វើការអង្កេត​អំពីសេដ្ឋកិច្ចសង្គម​ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជាប្រចាំ​នៃអំឡុងការរាតត្បាតនេះ ដើម្បីពិនិត្យ​តាមដាន​ផលប៉ះពាល់ទៅលើ​គ្រួសារងាយរងគ្រោះ។ លទ្ធផលបញ្ជាក់ថា គ្រួសារ​កម្ពុជាដែលមានកុមារជាសមាជិកទំនង​ជាបាត់បង់ប្រាក់ចំណូល​ជាង​គ្រួសារដែលគ្មានកុមារ។ គ្រួសារ​ដែលមានកុមារជាសមាជិក ចំនួន ៧៧%​ បានជួបប្រទះ​នឹង​ការបាត់បង់ប្រាក់ចំណូល​ ធៀបនឹងគ្រួសារដែលគ្មានកុមារជាសមាជិក ចំនួន ៦៨%។ ស្រដៀងគ្នានេះដែរ ៦៩% នៃគ្រួសារដែលមានកុមារបានជ្រើសរើស​យុទ្ធ​សាស្រ្តដោះស្រាយបែប​អវិជ្ជមានពាក់ព័ន្ធនឹងរបបអាហារ នៅក្នុងអំឡុង​នៃការរាតត្បាតនេះ ដូចជា កាត់បន្ថយ​បរិមាណអាហារ ឬ ជ្រើសរើស​គ្រឿងផ្សំដែលមិនសូវមានជីវជាតិ។

លោកស្រី Foroogh Foyouzat នាយិកា​យូនីសេហ្វ​ប្រចាំកម្ពុជាបានឱ្យដឹងថា “របាយការណ៍​ស្រាវជ្រាវសកល និង​ការសិក្សារបស់យើងផ្ទាល់​បង្ហាញថា កុមារ​បានប្រឈមមុខ​នឹង​ការលំបាក​ខ្លាំងបំផុត ដោយសារការរាតត្បាតនៃជំងឺនេះ”។ “កិច្ចខិតខំគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹង​ការរាតត្បាតនេះ និងក្នុងការកាត់​​ប​ន្ថយ​ផលប៉ះពាល់អវិជ្ជមាន តាមរយៈការណែនាំនៃ​កិច្ចគាំពារសង្គម​គ្រប់ជ្រុងជ្រោយ ពិតជាបានសម្រាលនូវ​ផលប៉ះពាល់ ​ចំពោះ​កុមារ ប៉ុន្តែមិនបានលុបបំបាត់ផលប៉ះពាល់ទាំងស្រុងនោះឡើយ។ យើងត្រូវ​ពង្រីក​សេវាកិច្ចគាំពារសង្គម សម្រាប់​កុមារងាយរងគ្រោះបំផុត ដើម្បី​ផ្ដល់ឱកាសដល់កុមារ​ក្នុងការស្ដារឡើងវិញ​ពី​ការរាតត្បាតជំងឺនេះ និង​ទទួលបាន​ការអប់រំ​ ការថែទាំសុខភាព អាហារូបត្ថម្ភ និងសេវា​សង្គមដទៃទៀត ដែលពួកគេសមនឹងទទួលបាន និងដែលពួកគេត្រូវការ សម្រាប់ការធំលូតលាស់។ យើងប្តេជ្ញាចិត្តធ្វើការងារ​ជាប្រព័ន្ធជាមួយ​រដ្ឋាភិបាល និងដៃគូដទៃទៀត ដើម្បីអនុវត្ត​ការពង្រីកសេវានេះឲ្យចេញជារូបរាងឡើង។”

របាយការណ៍​សកលនេះ​រកឃើញថា កុមារ​នៅជុំវិញពិភពលោក​ត្រូវដកហូតនូវសេចក្តីត្រូវការជា​មូលដ្ឋាននានា​នៅក្នុងអំឡុង​នៃការរាត​ត្បាតជំងឺនេះ ដោយ​កុមារនៃគ្រួសារចំនួន​ ៤០ភាគរយ​ មិនបានចូលរួម​នៅក្នុង​ទម្រង់ណាមួយ​នៃសកម្មភាពអប់រំ នៅពេល​សាលារៀនបិទទ្វារ។ នៅកម្ពុជា កុមារចំនួន ៥០% គ្មានលទ្ធភាពទទួលបាន​ការរៀនសូត្រ​តាមប្រព័ន្ធអនឡាញនៅក្នុង​អំឡុង​ការបិទសាលារៀន។ ជាលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា​បានរៀបចំវិធានការបំប៉ន ដើម្បី​ជួយ​កុមារ​ឱ្យរៀនទាន់គ្នា និងកំពុងធ្វើការងារជាមួយយូនីសេហ្វ ដើម្បីវាយតម្លៃទំហំនៃការបាត់បង់ការរៀនសូត្រ។

Carolina Sánchez-Páramo នាយកសកល​ផ្នែកភាពក្រីក្រ និងសមធម៌ នៃធនាគារពិភពលោក បានឱ្យដឹងថា “ការរំខានចំពោះ​ការអប់រំ និងការថែទាំសុខភាព​សម្រាប់​កុមារ រួមជាមួយនឹង​ការចំណាយថវិកាខ្លួនឯងលើ ​សុខភាព ដែលជះឥទ្ធិពលលើ​មនុស្សជាងមួយពាន់លាននាក់ អាចពន្យឺត​ការអភិវឌ្ឍ​ធនធានមនុស្ស ពោលគឺ កម្រិតនៃការអប់រំ សុខភាព និងសុខុមាលភាព ដែល​មនុស្សត្រូវការ ដើម្បីក្លាយ​ទៅជាសមាជិក​សហគមន៍​ប្រកបដោយ​ផលិតភាព។ “បញ្ហានេះ​អាចបង្កឱ្យមានកំណើន​វិសម​ភាព​ សម្រាប់ជំនាន់ខាងមុខ ដែលទំនងជាមិនសូវធ្វើឱ្យកុមារ​មានភាពល្អប្រសើរជាង​ឪពុកម្ដាយ ឬជីដូនជីតារបស់ពួកគេឡើយ។”

របាយការណ៍​នេះបង្ហាញថា គ្រួសារដែលមានកូនបីនាក់ ឬលើសពីនេះ ទំនងជាក្រុមដែលជួបប្រទះ​នឹងការបាត់បង់ប្រាក់ចំណូលជាងគេទាំងអស់ប៉ុន្តែពួកគេ​ក៏ទំនងជាទទួលបាន​ជំនួយពីរដ្ឋាភិបាលជាងគេផងដែរ ដោយ ២៥ភាគរយនៃក្រុមនេះ ​​ទទួលបាន​កិច្ចគាំទ្រនេះ ធៀប​នឹង ១០ភាគរយនៃគ្រួសារដែលគ្មានកុមារជាសមាជិក ។ របាយការណ៍នេះ​កត់សម្គាល់ថា កិច្ចគាំទ្រនេះ​បានជួយកាត់បន្ថយ​ផលប៉ះ​ពាល់អវិជ្ជមាន​នៃវិបត្តិនេះ​ទៅលើ​គ្រួសារដែលទទួលបាន​កិច្ចគាំទ្រផងដែរ។

របាយការណ៍​នេះកត់សម្គាល់​ថា មុនពេលមានជំងឺកូវីដ ១៩ កុមារមួយនាក់ក្នុងចំណោមប្រាំមួយនាក់នៅទូទាំងពិភពលោក ពោលគឺ​កុមារចំនួន ៣៥៦លាននាក់ បានជួបប្រទះនឹង​ភាពទីទ័លក្រខ្លាំង ដែល​សមាជិកគ្រួសាររបស់ពួកគេ​រស់នៅទាំងលំបាកដោយ​ប្រាក់​ចំណាយចំនួនតិចជាង ១,៩០ដុល្លារ​ក្នុងមួយថ្ងៃ។ ជាង ៤០ភាគរយ​នៃ​កុមារ​បានរស់នៅក្នុង​ភាពក្រីក្រ​កម្រិតមធ្យម។ ហើយ​កុមារចំនួន​ជិត​មួយ​ពាន់លាននាក់​បានរស់​នៅក្នុងភាពក្រីក្រក្នុងទិដ្ឋភាពខុសៗគ្នា​នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នេះជាតួលេខមួយ ដែលបានកើនឡើង​ចំនួន ១០ភាគរយ ដោយសារការរាតត្បាតនេះ។

ចាប់តាំងពីពេលចាប់ផ្ដើមមាន​ការរាតត្បាតនេះ ប្រទេស​ ឬដែនដីចំនួនជាង ២០០ បានដាក់ឱ្យអនុវត្ត​វិធានការ​កិច្ចគាំពារសង្គម​ចំនួនរាប់ពាន់ប្រភេទ ហើយធនាគារពិភពលោក​បានគាំទ្រ​ថវិកាចំនួន​ប្រមាណ ១២,៥ពាន់លានដុល្លារដល់ប្រទេសទាំងនោះ ដើម្បី​អនុវត្តវិធានការទាំងនោះ ដែលកំពុងគ្របដណ្ដប់​មនុស្សជិតមួយពាន់លាននាក់​នៅទូទាំងពិភពលោក។ យូនីសេហ្វ និងធនាគារ​ពិភពលោក​ជំរុញ​ការពង្រីកយ៉ាងឆាប់រហ័ស​នូវប្រព័ន្ធកិច្ចគាំពារសង្គម សម្រាប់​កុមារ និងគ្រួសាររបស់ពួកគេ។ កិច្ចគាំទ្រ​ ដែលរួមមាន​ការអនុវត្ត​ផ្ទេរសាច់ប្រាក់ និង​ភាពជាសកល​នៃការផ្តល់ប្រយោជន៍​ដល់កុមារ គឺជាវិនិយោគយ៉ាងចាំបាច់ ដែល​អាចជួយទាញគ្រួសារនានាចេញពី​ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងជួយពួកគេ​ក្នុងការត្រៀម​សម្រាប់ការប៉ះទង្គិច​នាពេលអនាគត។

 

###
 

កំណត់សម្គាល់សម្រាប់អ្នកពិនិត្យផ្ទៀងផ្ទាត់

របាយការណ៍​នេះបានប្រើប្រាស់​ព័ត៌មានពី​កម្រងមួយ​នៃ​ការស្ទង់មតិតាមទូរស័ព្ទអំពី ភាពញឹកញាប់កម្រិតខ្ពស់ (ពីប្រទេស​ចំនួន ៣៥) និង​ផ្តោតការយកចិត្តទុកដាក់តែម្យ៉ាងលើ​វិបត្តិចំពោះកុមារប៉ុណ្ណោះ។ នៅក្នុងឯកសារនេះ យើងវិភាគ​ផលប៉ះពាល់ដំបូង​នៃវិបត្តិនេះ (ជាមួយ​នឹងទិន្នន័យ​នៃការស្ទង់មតិ ដែលត្រូវបានប្រមូល​នៅក្នុងអំឡុងពេលចាប់ពីខែ មេសា ដល់ខែកញ្ញា ឆ្នាំ២០២០) ព្រមទាំង​ការវិវឌ្ឍជាបន្តបន្ទាប់​នៃ​ផលប៉ះពាល់របស់វិបត្តិនេះ (ជាមួយ​នឹងទិន្នន័យ​នៃការស្ទង់មតិ ដែលត្រូវបានប្រមូល​នៅក្នុងអំឡុងពេលចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១)។ យើងផ្ដោតការយក​ចិត្តទុកដាក់លើ​សូចនាករសំខាន់ៗប្រកបដោយសុខដុមនីយកម្ម​អំពី​សុខុមាលភាព​កុមារ ដែលគ្របដណ្ដប់លើ​ទាំង​ស្ថានភាព​ផ្ទាល់ខ្លួនរបស់កុមារ ព្រមទាំង​ស្ថានភាព​របស់គ្រួសារ ដែលពួកគេរស់នៅជាមួយ៖ (i) ការបាត់បង់ប្រាក់ចំណូល និងការបាត់បង់​ការងារ (ii) អសន្តិសុខស្បៀង (គ្រួសាររាយការណ៍អំពី សមាជិកជាមនុស្សពេញវ័យមិនទទួលទានអាហារពេញមួយថ្ងៃ ឬ​មិនទទួលទានអាហារមួយពេល ដោយសារកង្វះ​ថវិកា/ធនធាន) (iii) កម្មវិធីកិច្ចគាំពារសង្គម (តើគ្រួសារ​បានទទួល​ជំនួយណាមួយពីរដ្ឋាភិបាលដែរឬទេ ចាប់តាំង​ពីពេលចាប់ផ្ដើមមានការរាតត្បាតនេះ) និង (iv) ការអប់រំ (ការចូលរួម​នៅក្នុង​សកម្មភាពអប់រំ បន្ទាប់ពីការបិទសាលារៀន ដោយសារជំងឺកូវីដ ១៩)។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Georgina Thompson យូនីសេហ្វប្រចាំទីក្រុងញ៉ូវយ៉ក ទូរស័ព្ទ៖ +១ ៩១៧ ២៣៨ ១៥៥៩ gthompson@unicef.org

Elizabeth Howton ធនាគារពិភពលោក ទីក្រុងវ៉ាស៊ីនតោន ទូរស័ព្ទ៖ +១ ៧០៣ ៨៦៣​ ៤០៣០ ehowton@worldbankgroup.org

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វ

យូនីសេហ្វ​ធ្វើការងារ​នៅក្នុងតំបន់ពិបាកបំផុតមួយចំនួន​ក្នុងចំណោមតំបន់ពិបាកៗបំផុត​នៅក្នុងពិភពលោក ដើម្បី​គ្របដណ្ដប់ទៅដល់​កុមារដែលជួបប្រទះការលំបាកខ្លាំងបំផុត។ នៅទូទាំងប្រទេស និងដែនដីចំនួនជាង​ ១៩០ យើង​ធ្វើការងារ​​ដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បីកសាង​ពិភពលោកកាន់តែល្អប្រសើរមួយ សម្រាប់មនុស្សគ្រប់រូប។

សូមតាមដានអំពីយូនីសេហ្វ​នៅលើ Twitter និង Facebook.

សម្រាប់ព័ត៌មានបន្ថែមអំពី ជំងឺកូវីដ ១៩ និងសេចក្ដីណែនាំ​អំពី របៀបការពារ​កុមារ និងគ្រួសារ សូមចូលទៅកាន់៖ www.unicef.org/coronavirus