នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជប់អំពើហិង្សាលើកុមារនៅកម្ពុជា

11 ធ្នូ 2023
© UNICEF Cambodia/2023/Bunsak But
UNICEF Cambodia/2023/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣៖  នៅថ្ងៃនេះ នាយិកា​យូនីសេហ្វប្រចាំតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ លោកស្រី ដេបូរ៉ា ខូមីនី បានបញ្ចប់ទស្សនកិច្ច​នៅកម្ពុជារយៈពេលបីថ្ងៃ ដើម្បីលើកកម្ពស់​សិទ្ធិកុមារ និងសង្កេតមើល​ការងាររបស់យូនីសេហ្វ​ប្រចាំកម្ពុជា ក្នុងការគាំទ្រ​ប្រព័ន្ធកិច្ចការពារ​កុមារ និងការថែទាំកុមារ​ និងយុវជនងាយរងគ្រោះបំផុត។ ក្នុងអំឡុងពេលនៃ​បេសកកម្មនេះ លោកស្រី​បានជួបជាមួយមន្រ្តីរបស់ក្រសួងនានា និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកមតិគាំទ្រការបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការបញ្ចប់អំពើហិង្សា​លើកុមារ​នៅគ្រប់ទីកន្លែង និងបញ្ចប់​ការបំបែកកុមារចេញពីគ្រួសារ​ដោយមិនចាំបាច់។

លោកស្រី ដេបូរ៉ា​ ខូមីនី នាយិកាយូនីសេហ្វប្រចាំតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានថ្លែងថា៖ “មានកុមារចំនួនច្រើនពេកហើយនៅក្នុងតំបន់នេះ ដែលកំពុងជួបប្រទះអំពើហិង្សាក្នុងទម្រង់ដ៏គ្រោះថ្នាក់ រួមទាំង​ការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។ អំពើហិង្សាតែងកើតឡើង​នៅតាមទីកន្លែង ដែលកុមារគប្បីទទួលបានកិច្ចការពារខ្លាំងបំផុត ពោលគឺនៅផ្ទះរបស់ពួកគេ។ កុមារគ្រប់រូប នៅគ្រប់ទីកន្លែង​ មានសិទ្ធិ​ក្នុងការរស់នៅ​ក្នុងស្ថានភាព​ដែលគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន​គ្រប់ប្រភេទ។”

យោងតាម​ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១ - ២០២២ កុមារ ៦៦ភាគរយ​ អាយុ​ពី ១ ទៅ ១៤ឆ្នាំ​បានជួបប្រទះនឹងការដាក់វិន័យបែបហិង្សា​នៅផ្ទះ និង ២៧ភាគរយនៃអ្នកថែទាំ​ជឿជាក់ថា ទណ្ឌកម្មលើរាងកាយ គឺជាទណ្ឌកម្មចាំបាច់ សម្រាប់ការចិញ្ចឹម និងការអប់រំ​កុមារឲ្យបានត្រឹមត្រូវ​។

ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ និងលើកកម្ពស់​ការចិញ្ចឹមកូនបែបវិជ្ជមាន យូនីសេហ្វកម្ពុជា​គាំទ្រ​កម្មវិធីមួយដែលត្រូវបានអនុវត្តនៅតាម​វត្ត និងក្រោមការដឹកនាំ​របស់ក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះផ្ដោតលើ​ការពង្រឹងចំណេះដឹង និងជំនាញរបស់ព្រះសង្ឃពុទ្ធសាសនា ដើម្បីផ្លាស់ប្ដូរ​ឥរិយាបថ ជំនឿ និងអាកប្បកិរិយា​របស់គ្រួសារពាក់ព័ន្ធនឹង​អំពើហិង្សា និងបង្កើតបរិយាកាសកាន់តែមានសុវត្ថិភាព​នៅតាមសាលារៀន ផ្ទះ និង
សហគមន៍ សម្រាប់​កុមារចម្រើនលូតលាស់ និងអភិវឌ្ឍ។ គិតត្រឹមខែតុលា ឆ្នាំ២០២៣ មានព្រះសង្ឃចំនួន ១.១៣១​អង្គ​មកពី ៥៧១វត្ត បានទទួលការបណ្ដុះបណ្ដាល​អំពី​កិច្ចការពារ​កុមារ ដោយបានផ្សព្វផ្សាយទៅដល់​ប្រជាជនចំនួន ៧៦.០០០នាក់។

ក្នុងអំឡុងពេលនៃ​ទស្សនៈរបស់គាត់ទៅកាន់វត្តកំពូលត្រៃយ៍ភព​នៅរាជធានីភ្នំពេញ លោកស្រី ខូមីនី បានថ្លែងថា៖ “ខ្ញុំស្ងើចសរសើរ​ព្រះសង្ឃនៅវត្តនេះ ដែលជាអ្នកដឹកនាំឆ្នើមផ្នែកសិទ្ធិកុមារ និង​កំពុងធ្វើការងារ​ដើម្បីទប់ស្កាត់​អំពើហិង្សា​លើកុមារ។ ការចូលរួម​របស់ព្រះអង្គ ​ គឺជាការចាំបាច់ ដើម្បីបង្កើត​បរិយាកាសសុវត្ថិភាព​ ដែលកុមារត្រូវការ ដើម្បីចម្រើនលូតលាស់ រៀនសូត្រ និងមានអនាគតភ្លឺស្វាង។”

ក្នុងអំឡុងពេលនៃជំនួបជាមួយ​មន្រ្តីសំខាន់ៗ​របស់ក្រសួងនានា និងដៃគូអភិវឌ្ឍន៍ នាយិកាយូនីសេហ្វប្រចាំតំបន់​ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ លោកស្រី ដេបូរ៉ា ខូមីនី​ ក៏បានទទួលស្គាល់ការវិនិយោគរបស់រាជ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុងវិស័យ​គាំពារសង្គម អប់រំ និងជំនួយសង្គម រួមទាំង​តាមរយៈ​ការដាក់ឲ្យអនុវត្តក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកិច្ចខិតខំប្រឹងប្រែង ​ក្នុងការគ្របដណ្ដប់ទៅដល់​ប្រជាជនងាយរងគ្រោះបំផុត​នៅក្នុងប្រទេស រួមទាំង​កុមារ ស្រ្តី និងជនមានពិការភាពផងដែរ។ គាត់បានគូសបញ្ជាក់​អំពីសេចក្ដីត្រូវការក្នុង​ការពង្រឹង​ការវិនិយោគនានា ដើម្បីបង្កើន​ការស្ដារការរៀនសូត្រឡើងវិញ កំណែទម្រង់គ្រូបង្រៀន ការអប់រំអំពីអាកាសធាតុ និងដោះស្រាយ​ភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា៖ “គ្មានហេតុណាមួយ ដែលអាចយកបញ្ញាក់ជាហេតុផលដើម្បីបង្កអំពើហិង្សាលើកុមារបានទ្បើយ។ អំពើហិង្សាលើកុមារទាំងអស់​ គឺអាចទប់ស្កាត់បាន។ ទោះបីជាយ៉ាងណាក្ដី ដើម្បីសម្រេចបាននូវ​ការទប់ស្កាត់នេះ យើងទាំងអស់​គ្នា​សុទ្ធតែមានតួនាទី​ត្រូវធ្វើ។ អ្នកទាំងនេះរួមមាន​អ្នកពាក់ព័ន្ធ ឪពុកម្ដាយ សាច់ញាតិ គ្រូបង្រៀន សមាជិកសាសនា និងសមាជិកសហគមន៍។ កម្មវិធីជាមួយ​អ្នកដឹកនាំសាសនា គឺជាកម្មវិធីចាំបាច់ ដើម្បីប្រែក្លាយសង្គម​ឲ្យប្រកបដោយ​ចីរភាព។ យូនីសេហ្វ​នៅតែប្ដេជ្ញាចិត្ត​គាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ​នៅក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។”

នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ ក៏បានជំរុញ​រដ្ឋាភិបាល​ឲ្យអនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិកុមារ តាមរយៈ​ការអនុម័តពិធីសារបន្ថែមទី៣ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ ពាក់ព័ន្ធនឹង​នីតិវិធីបណ្ដឹង ដែលនឹងរួមចំណែកដល់​ការអនុវត្តគណនេយ្យភាពចំពោះសិទ្ធិកុមារ តាមរយៈការបង្កើតយន្តការនានា ដើម្បីអនុញ្ញាតឲ្យកុមារអាចស្វែងរកនូវសំណងពីការរំលោភបំពានលើសិទ្ធិរបស់ពួកគេ។​” 

ក្នុងអំឡុងពេលនៃ​ទស្សនកិច្ចនេះ លោកស្រី​ក៏បានជួបជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធអគ្គលេខាធិការ​​ក្រុមប្រឹក្សាជាតិ​គាំពារសង្គម​ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេង សុមុនី រដ្ឋលេខា​ធិការ​ក្រសួងធម្មការ និងសាសនា លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធាន​ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

Additional resources

អំពីយូនីសេហ្វ 

យូនីសេហ្វបំពេញការងារនៅតាមតំបន់ ដែលជួបការលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលជួបការលំបាកជាងគេនៅក្នុងពិភពលោក។ ជាមួយវត្តមាននៅក្នុងប្រទេស និងដែនដីជាង ១៩០ យើងធ្វើការដើម្បីកុមារគ្រប់រូបនៅគ្រប់ទិសទី ដើម្បីកសាងពិភពលោកកាន់តែប្រសើរសម្រាប់គ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វក្នុងប្រទេសកម្ពុជា សូមចូលមើលវេបសាយhttps://www.unicef.org/cambodia សូមតាមដានព័ត៌មានអំពីយូនីសេហ្វកម្ពុជាតាមរយៈ Facebook | Twitter | YouTube | Instagram | LinkedinThreads | TikTok