ទូបង្កករក្សាវ៉ាក់សាំង ដែលជាអំណោយរបស់ប្រទេសអូស្រ្តាលី ធ្វើឲ្យកម្ពុជាបន្តឈានមុខក្នុងកិច្ចខិតខំប្រឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ

28 កុម្ភៈ 2022
© UNICEF Cambodia/2022/Bunsak But
UNICEF Cambodia/2022/Bunsak But

រាជធានីភ្នំពេញ ថ្ងៃ២៨ ខែកុម្ភៈ៖ ទូបង្កក​ត្រជាក់ខ្លាំងចំនួន ៣៣គ្រឿង (សីតុណ្ហភាព -៨០អង្សាសេ) ដែល​​ជាឧបករណ៍ចាំបាច់ ដើម្បីពង្រឹងសមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់របស់កម្ពុជា ត្រូវបាន​ផ្ដល់ជូន​ឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល​នៅរាជធានីភ្នំពេញ។ ទូបង្កកត្រជាក់ខ្លាំង ​ដែលជាអំណោយ​របស់រាជរដ្ឋាភិបាល​​អូស្រ្តាលី និងត្រូវផ្ដល់ជូន​ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ បានទទួលស្វាគមន៍​ពីសំណាក់​​​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្រ្តាលី​ប្រចាំកម្ពុជា និងលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា។

ទូបង្កកទាំងនេះ ​នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសមធម៌របស់រាជ​រដ្ឋាភិបាលកម្ពុជា ចំពោះវ៉ាក់សាំងប្រភេទ Pfizer-BioNTech ដែលបានផ្ដល់ដោយប្រទេសអូស្រ្តាលី នាពេលកន្លងទៅថ្មីៗនេះ។ ទូបង្កកទាំងនេះ​ត្រូវបាន​ផ្ដល់​រួមជាមួយនឹង​ទូបង្កករក្សាវ៉ាក់សាំងចំនួន ១០០(សីតុណ្ហភាព -២០អង្សាសេ) គ្រឿងដទៃទៀត និង​បរិក្ខារប្រព័ន្ធត្រជាក់រក្សាវ៉ាក់សាំង​ដ៏ចាំបាច់ផ្សេងទៀត ដែលនឹងជួយពង្រឹង​ការគ្រប់គ្រងវ៉ាក់សាំង និង​ពង្រឹងសមត្ថភាពប្រព័ន្ធ​ត្រជាក់​នៅក្នុង​ប្រព័ន្ធថែទាំសុខភាពទាំងមូល។ ទូបង្កករក្សាវ៉ាក់សាំងចំនួន ១៣៣គ្រឿងនេះ គឺជាផ្នែកមួយនៃ​កញ្ចប់គាំទ្រចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ពីរាជរដ្ឋាភិបាលអូស្រ្តាលី ដែល​កំពុងត្រូវបានផ្ដល់​ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ។ កញ្ចប់គាំទ្រនេះ​រួមមាន​វ៉ាក់សាំងប្រភេទ Pfizer-BioNTech ចំនួន ២,៣៥លានដូស ដែលត្រូវបានផ្ដល់ជូនព្រះរាជាណាចក្រកម្ពុជា កាលពីខែ​ធ្នូ កន្លងមកនេះ។

ឯកអគ្គរាជទូតអូស្រ្តាលី ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា៖ “ជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាល​កម្ពុជា និងដៃគូបានចាប់ផ្ដើមអនុវត្តនូវកម្មវិធីផ្ដល់វ៉ាក់សាំង ប្រកបដោយភាព​ជោគជ័យយ៉ាងខ្លាំង។ កម្មវិធីនេះបានគ្របដណ្ដប់ទៅដល់​ប្រជាពលរដ្ឋពេញវ័យ​ស្ទើរតែទាំងអស់ ហើយ​ជាងពាក់កណ្ដាលនៃ​ពួកគេក៏បានទទួលបានវ៉ាក់សាំង​ដូសជំរុញដ៏សំខាន់ផងដែរ។” ឯកឧត្តម បានបន្ថែមទៀតថា “​ដូសជំរុញទាំងនេះ គឺជាផ្នែកយ៉ាងសំខាន់​នៃ​កិច្ចខិតខំផ្ដល់វ៉ាក់សាំងជាសាកល ដើម្បីកាត់បន្ថយ​ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការស្លាប់ពី​ជំងឺកូវីដ-១៩។ ខ្ញុំសូមលើកទឹកចិត្ត​ប្រជាពលរដ្ឋកម្ពុជា​ ដែលមានសិទ្ធិទទួលវ៉ាក់សាំង​ដូសជំរុញ ឲ្យ​ទៅទទួលដូសនេះ ដើម្បីការពារខ្លួន​អ្នក និងគ្រួសារ”។

ទូបង្កកត្រជាក់ខ្លាំងថ្មីៗទាំងនេះ​ នឹងជួយដល់ការរក្សាទុកវ៉ាក់សាំងប្រភេទ Pfizer-BioNTech
បានរយៈពេលវែង​ នៅតាមគ្រប់រាជធានីខេត្ត រួមទាំងខេត្តនៅឆ្ងាយៗផងដែរ។ ក្រុមការងារយូនីសេហ្វ នឹងជួយតម្លើង​បរិក្ខារទាំងនេះ ផ្ដល់ការប​ណ្ដុះបណ្ដាល​អំពីការប្រើប្រាស់ និងពិនិត្យតាមដាន​ផលប្រយោជន៍នៃការប្រើប្រាស់។ បរិក្ខារទាំងនេះ​នឹងបន្ត​ពង្រឹង​ប្រព័ន្ធថែទាំសុខាភិបាលជាតិ​នាពេលអនាគត។

ឯកឧត្តមឯកអគ្គរាជទូត  Kang ​បានកត់សម្គាល់ថា៖ “ប្រទេសអូស្រ្តាលី​កោតសរសើរដល់កិច្ចខិតខំរបស់​ក្រសួង​សុខាភិបាល និងយូនីសេហ្វ​ ក្នុងការធ្វើការងារ​ដោយផ្ទាល់ជាមួយសហគមន៍​នានា ដើម្បីកំណត់ និងជួយទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ យើងមានសេចក្ដីរីករាយ​ក្នុងការជួយដល់ក្រសួង​ ដើម្បីធានានូវយុទ្ធនាការ​មួយប្រកបដោយ​សមធម៌ និងបរិយាបន្ន​សង្គម។”

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “យូនីសេហ្វ មានមោទនភាព​ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជ​រដ្ឋាភិបាល និងដៃគូនានាដូចជាស្ថានទូតអូស្រ្តាលី​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឈានមុខក្នុងពិភពលោក​របស់ប្រទេសកម្ពុជា។ ជាមួយនឹងអំណោយសប្បុរសធម៌​របស់រាជរដ្ឋាភិបាលអូស្រ្តាលី យើងនឹងអាច​បន្ត​គាំទ្រ​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា និង​ពង្រឹង​​ប្រព័ន្ធ​សុខាភិបាល​ទាំងមូល ក្រោយបន្ទាប់ពីជំងឺរាតត្បាតនេះផងដែរ។ សមត្ថភាពបន្ថែមនៃបរិក្ខារប្រព័ន្ធត្រជាក់​នេះ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ​ចំពោះ​សេវាសុខាភិបាល សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ដូចជាការពង្រឹង​ការផ្ដល់វ៉ាក់សាំងជាប្រចាំដល់កុមារ និងការសង្រ្គោះអាយុជីវិតកុមារ​រាប់មិនអស់។ យើង​រីករាយណាស់ ដោយបានដើរតួនាទី​ជាផ្នែកមួយនៃ​កេរ្តិ៍ដំណែលនេះ​សម្រាប់អនាគត។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

© UNICEF Cambodia/2022/Bunsak But
UNICEF Cambodia/2022/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook