ទិវាសុវត្ថិភាពអ៊ីនធឺណេត៖ យូនីសេហ្វ អំពាវនាវឱ្យមានសកម្មភាពរួមគ្នាទប់ស្កាត់ការរករឿងឈ្លោះ និងបៀតបៀនលើយុវជនកម្ពុជា ៨៥,៧ ភាគរយ ដែលកំពុងប្រើប្រាស់អ៊ីនធឺណេត

៣០ឆ្នាំក្រោយពីការអនុម័តលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងការបង្កើតប្រព័ន្ធអ៊ីធឺណេត គឺដល់ពេលវេលាក្នុងការពិនិត្យមើលទ្បើងវិញនូវការយកចិត្តទុកដាក់អំពីសិទ្ធិប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់កុមារ

20 មីនា 2019
A group of children playing with the mobile phone
UNICEF/001/bunlymeas

រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០១៩៖ នៅថ្ងៃនេះ​ យូនីសេហ្វ បានប្រកាសឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអំពើហិង្សា ការរករឿងឈ្លោះ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត ចំពោះយុវជន ៨៥,៧ ភាគរយ ដែលមាន អាយុចាប់ពី១៥ ទៅ ២៥ឆ្នាំ ដែលកំពុងប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា និងបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ដើម្បីឆ្លើយតប និងទប់ស្កាត់អំពើហិង្សាលើកុមារ និងយុវជននៅតាមប្រព័ន្ធអ៊ីនធឺណេត។​

សេចក្តីប្រកាសក្នុងទិវាសុវត្ថិភាពអ៊ិនធឺណេតនេះ គឺបានធ្វើឡើងបន្ទាប់មានការស្ទាបស្ទង់មតិដែលយូនីសេហ្វបានរៀបចំ កាលពីពេលថ្មីៗនេះជាមួយនឹងយុវជន ដោយទទួលបានការឆ្លើយតបពីមនុស្សជាង ១លាននាក់ មកពីប្រទេសជាង១៦០ ក្នុង រយៈពេល ៥សប្តាហ៍ រួមទាំងសំណូមពរជាច្រើនដែល​បាន​លើក​ឡើងក្នុងកម្មវិធីជជែកពិភាក្សារបស់យុវជន អំពីការបញ្ចប់អំពើហិង្សា (#ENDviolence Youth Talks) ដែលដឹកនាំរៀបចំដោយសិស្សនិស្សិតនៅទូទាំងសកលលោក។​ នៅក្នុងការស្ទាបស្ទង់មតិនោះ យុវជនបានផ្តល់នូវការឆ្លើយតប្រកបដោយគំនិតគិតគូរវែងឆ្ងាយអំពីសកម្មភាពដែលពួកគេ និងឪពុកម្តាយ គ្រូបង្រៀន និងអ្នកតាក់តែងគោលនយោបាយ អាចធ្វើបាន ដើម្បីរក្សាសុវត្ថិភាពយុវជន។ សកម្មភាពប្រកបដោយក្តីមេត្តា គឺជាទង្វើដែលត្រូវបានលើកឡើងថាជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយដែលមានប្រសិទ្ធភាពជាងគេបំផុត ដើម្បទប់ស្កាត់ការរឿងរឿងឈ្លោះ និងបៀតបៀនយុវជនតាមប្រព័ន្ធអ៊ិនធឺណេត។

លោកស្រី ណាតាសា​ ផាឌីសុន នាយិកាស្តីទីយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងបានដឹងពី កុមារ និងយុវជននៅទូទាំងសកលលោកយ៉ាងច្បាស់ថា ប្រព័ន្ធអ៊ិនធឺណេតបានក្លាយជាប្រព័ន្ធគ្មានក្តីមេត្តា។ ដូច្នេះបានជាក្នុងទិវាសុវត្ថិភាពអ៊ិនធឺណេតនៅថ្ងៃនេះ យូនីសេហ្វបានចូលរួមជាមួយកុមារ និងយុវជន សំណូមពរឱ្យគ្រប់គ្នាមានក្តីសណ្តាសប្រណីដល់គ្នាទៅវិញទៅមកនៅតាមប្រព័ន្ធអនឡាញ និងអំពាវនាវឱ្យចាត់វិធានកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធ្វើឱ្យអ៊ិនធឺណេតក្លាយទៅជាប្រព័ន្ធកាន់តែមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។”

បើតាមទិន្នន័យពីយូណេស្កូ អំពីប្រេវ៉ាឡង់នៃការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត នៅក្នុងប្រទេសដែលមានចំណូលខ្ពស់ ភាគរយនៃកុមារ និងក្មេងជំទង់ដែលរងផលប៉ះពាល់ពីការរករឿងឈ្លោះតាមប្រព័ន្ធអ៊ិនធឺណេត មានចាប់ពី៥ រហូតដល់ ២១ ភាគរយ ហើយកុមារីហាក់បីដូចជាទទួលរងគ្រោះពីការធ្វើបាបតាមប្រព័ន្ធអ៊ិនធឺណេតច្រើនជាងកុមារា។

នៅកម្ពុជា ក្នុងចំណោមក្មេងស្រីអាយុពី១៥ ទៅ ២៤ឆ្នាំទាំងអស់ មាន ៨៤,៤ ភាគរយ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតហើយសម្រាប់កុមារាដែលស្ថិតក្នុងក្រុមអាយុដូចគ្នានេះគឺមាន ៩១,៥ ភាគរយ ។ នៅក្នុងសកលលោក ភាគរយនៃយុវជនអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ ដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតគឺ ៧០,៦ ភាគរយ។

ក្រុមប្រជាពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា គឺមានអាយុកាន់តែតិចទៅៗ ដោយក្នុងចំណោមកុមារអាយុ ១៥ ឆ្នាំទាំងអស់គឺមាន ៤,៥ ភាគរយកំពុងប្រើប្រាស់អ៊ីនធឺណេត។ ខណៈពេលដែលសិស្សដែលមានអាយុកាន់តែច្រើន កាន់តែងាយប្រឈមនឹងការសម្លុតគំរាមតាមប្រព័ន្ធអ៊ិនធឺណេត បើធៀបនឹងសិស្សដែលមានអាយុតិចជាង កុមារគឺជាក្រុមដែលងាយរងគ្រោះពីព័ត៌មានគ្រោះថ្នាក់ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ និងការសម្លុតគំរាមតាមប្រព័ន្ធអ៊ិនធឺណេតផងដែរ។

ការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អាចបង្កឱ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ហើយវាអាចកើតលើមនុស្សជាច្រើននាក់។ សកម្មភាព និងព័ត៌មានបៀតបៀនទាំងនោះនៅតែមានវត្តមាននៅលើប្រព័ន្ធអនឡាញដោយគ្មានពេលកំណត់ ពោលគឺវា “នៅតែតាមធ្វើបាប” ជនរងគ្រោះតាមប្រព័ន្ធអនឡាញពេញមួយជីវិត។ ការរករឿងឈ្លោះនៅខាងក្រៅ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត គឺជាសកម្មភាពអាក្រក់ពីរបំពេញគ្នាទៅវិញទៅមក ដោយបង្កើតជាឥរិយាបថបង្កការឈឺចាប់ និងខូចខាតតគ្នាពីមួយទៅមួយមិនចេះចប់។ ជនរងគ្រោះដោយសារការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អាចរងផលប៉ះពាល់ដោយទំនងជាឈានទៅប្រើប្រាស់គឿងស្រវឹង គ្រឿងញៀន និងគេចមិនចូលរៀនជាងសិស្សដទៃទៀត។ ពួកគេក៏ច្រើនតែទទួលបានពិន្ទុទាប និងផ្តល់តម្លៃឱ្យខ្លួនឯងទាប ក៏ដូចជាជួបប្រទះនឹងបញ្ហាសុខភាពជាច្រើន។ ក្នុងស្ថានភាពធ្ងន់ធ្ងរ ការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អាចនាំឱ្យមានការធ្វើអត្តឃាតក៏មាន។

លោកស្រី ណាតាសា​ ផាឌីសុន នាយិកាស្តីទីយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានបន្តទៀតថា “៣០ឆ្នាំ ក្រោយការអនុម័តលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងការបង្កើតប្រព័ន្ធអ៊ីនធឺណេត គឺដល់ពេលដែលរដ្ឋាភិបាល គ្រួសារ ស្ថាប័នសិក្សាស្រាវជ្រាវ និងជាពិសេសវិស័យឯកជន គិតពិចារណាពីកុមារ និងយុវជន ដោយចាត់ទុកពួកគេជាស្នូលនៃគោលនយោបាយឌីជីថល។ តាម     រយៈការការពារពួកគេពីហេតុការណ៍អាក្រក់បំផុតដែលកើតចេញពីការប្រើប្រាស់អ៊ិនធឺណេត និងពង្រីកការប្រើប្រាស់អ៊ិនធឺណេតរបស់ពួកគេ យើងម្នាក់ៗអាចជួយឱ្យមានតុល្យភាព ដើម្បីឧត្តមប្រយោជន៍របស់កុមារ និងយុវជន។”

###

អំពីព័ត៌មាន និងទិន្នន័យរបស់ ITU ICT
ទិន្នន័យអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងចំណោមកុមារ និងយុវជន ទទួលបានពីព័ត៌មាន និងទិន្នន័យឆ្នាំ ២០១៧ របស់ ITU ICT  ដែលបង្ហាញពីតួលេខប៉ាន់ប្រមាណនៅចុងឆ្នាំ២០១៧ សម្រាប់សូចនាករសំខាន់ៗនៃទូគមនាគមន៍/ICT។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook