ទារក ទារិកា ប្រមាណ ១,០០០ នាក់ ចាប់កំណើតនៅក្នុងប្រទេសកម្ពុជានៅថ្ងៃចូលឆ្នាំសកលថ្មី ដែលជាការចាប់ផ្ដើមជីវិតថ្មីពោពេញដោយក្ដីសង្ឃឹម

យូនីសេហ្វ ចាត់ទុកឆ្នាំ២០២១ ដែលជាខួបទី៧៥ឆ្នាំរបស់ខ្លួន ជាឆ្នាំដើម្បីគិតគូរសារជាថ្មីអំពីពិភពលោកកាន់តែប្រសើរសម្រាប់កុមារ

01 មករា 2021
©UNICEF/UN0188815/Njiokiktjien
UNICEF/UN0188815/Njiokiktjien

ទីក្រុងញូវយ៉ក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០២១នេះ មានទារក ទារិកាចំនួន ៩៧១នាក់ កើតនៅក្នុងប្រទេសកម្ពុជា នេះបើតាមការប៉ាន់ប្រមាណរបស់យូនីសេហ្វ ។ ពួកគេទាំងនេះ ស្ថិតក្នុងក្រុមទារក ទារិកចំនួន ៣៧១.៥០៤ នាក់ ដែលកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅទូទាំងពិភពលោក។ មានព្យាករណ៍ថា ទារក ទារិកាកម្ពុជាទាំងនេះ នឹងមានអាយុកាលរំពឹងទុកច្រើនជាងមនុស្សជំនាន់មុនៗ ជាមួយនឹងអាយុកាលរំពឹងទុក ៨១,២ ឆ្នាំ។

ឆ្នាំ២០២១នេះ ក៏ជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតយូនីសេហ្វផងដែរ។ នៅកម្ពុជា យូនីសេហ្វបានបំពេញការងារលើកកម្ពស់កម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារចាប់តាំងពីឆ្នាំ១៩៥២ មក។ ក្នុងឆ្នាំ២០២០ យូនីសេហ្វបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បីឆ្លើយតបចំពោះវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈការផ្ដល់លទ្ធភាពឲ្យសិស្សរាប់សែននាក់ អាចរៀនសូត្រពីចម្ងាយ គាំទ្រដល់ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពសម្រាប់កុមារ ៣,២ លាននាក់ ធានាឲ្យមានការផ្សព្វផ្សាយសារអប់រំអំពីសុវត្ថិភាពពីជំងឺកូវីដ១៩ ដល់មនុស្សជាង១០លាននាក់ ព្រមទាំងផ្ដល់សម្ភារអនាម័យចាំបាច់សំខាន់ៗ ដល់មនុស្សចំនួន ៤លាននាក់។

ក្នុងឆ្នាំ២០២១ ការឆ្លើយតបរបស់យូនីសេហ្វ ចំពោះជំងឺរាតត្បាតជាសកល និងបន្តទៅដំណាក់កាលបន្ទាប់ទៀត ពោលគឺសហការជាមួយរាជរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់ថ្នាំបង្ការជំងឺកូវីដ១៩ នៅកម្ពុជាតាមរយៈកម្មវិធី COVAX។ ស្របពេលជាមួយគ្នានេះ កម្មវិធីនានារបស់យូនីសេហ្វដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ក៏នឹងនៅតែបន្ត ហើយត្រូវរក្សានូវវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដើម្បីឈានទៅរកការលើកកម្ពស់ ជីវិតកុមារនៅកម្ពុជាឲ្យកាន់តែប្រសើរ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ​ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងសូមស្វាគមន៍ទារក ទារិកាដ៏ស្រស់ស្អាតប្រមាណ ១,០០០ នាក់ ដែលកើតនៅថ្ងៃចូលឆ្នាំថ្មីនេះ។ ឆ្នាំ២០២០ គឺជាឆ្នាំដ៏សែនលំបាកសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល និងរក្សាចំនួនករណីជំងឺកូវីដ១៩ ឲ្យនៅទាបជាងបណ្ដាប្រទេសភាគច្រើន ហើយយើងសង្ឃឹមជឿជាក់ថា និន្នាការដូចគ្នានេះ អាចនឹងនៅតែបន្តទៀត។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រជាជនកម្ពុជា យូនីសេហ្វនឹងបន្តគិតគូរសារជាថ្មីអំពីពិភពលោកកាន់តែប្រសើរសម្រាប់កុមារកម្ពុជាក្នុងការចម្រើនវ័យ។ កុមារម្នាក់ៗសមនឹងទទួលបានឱកាស­­សម្រេចសក្ដានុពលក្នុងជីវិតរបស់ខ្លួន ហើយយើងសន្យាថា នឹងខិតខំធ្វើការ ដោយមិនខ្លាចនឿយហត់ ដើម្បីឈានទៅសម្រេចគោលដៅនេះនៅក្នុងឆ្នាំខួបទី៧៥ របស់យើង ក៍ដូចជាក្នុងឆ្នាំបន្តបន្ទាប់។”

សកលលោកទាំងមូល នៅបន្តជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់កើតមាន ដែលបង្កដោយការឆ្លងរាលដាលនៃជំងឺរាតត្បាតជាសកល ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ការកើនឡើងនូវភាពក្រីក្រ និងវិសមភាព។ បញ្ហាទាំងអស់នេះ ទាមទារនូវសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមធ្វើការជាមួយកុមារក្នុងការផ្តល់ និងការពារសិទ្ធិរបស់ពួកគេ ដូច្នេះទើបទារក ទារិកា​ ដែលបានចាប់កំណើតក្នុងឆ្នាំ២០២១នេះ និងឆ្នាំក្រោយៗទៀត ទទួលបាននូវឱកាសយុត្តិធម៌ និងស្មើៗភាពគ្នា ដើម្បីរស់រានមានជីវិត និងរីកចម្រើន។  

ទារក ទារិកាដែលកើតនៅថ្ងៃចូលឆ្នាំថ្មី៖ ទិន្នន័យសកលលោក
ប្រទេសហ្វីជី នៅក្នុងតំបន់ប៉ាស៊ីហ្វិក នឹងស្វាគមន៍ទារកដែលកើតសម្រាប់ឆ្នាំ២០២១ មុនគេ។

សហរដ្ឋអាមេរិក នឹងស្វាគមន៍ទារកដែលកើតនៅថ្ងៃចូលឆ្នាំថ្មីក្នុងឆ្នាំ២០២១ ក្រោយគេនៅក្នុងសកលលោក។

នៅទូទាំងសកលលោក មានព្យាករណ៍ថា ទារក ទារិកា​ពាក់កណ្ដាល ក្នុងចំណោមចំនួន ៣៧១.៥០៤ នាក់ ដែលកើតនៅថ្ងែចូលឆ្នាំថ្មី នឹងកើត ក្នុងប្រទេសតែ ១០ ប៉ុណ្ណោះ៖

ឥណ្ឌា (៥៩.៩៩៥)

ចិន (៣៥.៦១៥)

នីហ្សេរីយ៉ា (២១.៤៣៩)

ប៉ាគីស្ថាន (១៤.១៦១)

ឥណ្ឌូនេស៊ី (១២.៣៣៦)

អេត្យូពី (១២.០០៦)

សហរដ្ឋអាមេរិក (១០.៣១២)

អេហ្ស៊ីប (៩.៤៥៥)

បង់ក្លាដែស (៩.២៣៦)

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (៨.៦៤០)

#####

កំណត់សម្គាល់សម្រាប់និពន្ធនាយក
សម្រាប់ការប៉ាន់ប្រមាណលម្អិតអំពីកំណើតទារក ទារិកានៅក្នុងប្រទេស និងដែនដីចំនួន២៣៦ សូមចុចនៅត្រង់នេះ

សម្រាប់ការប៉ាន់ប្រមាណនេះ យូនីសេហ្វប្រើប្រាស់ទិន្នន័យដែលបានពីការចុះអត្រានុកូលដ្ឋាន និងទិន្នន័យដែលបានមកពីការអង្កេតតាមខ្នងផ្ទះ ដែលតំណាងឲ្យប្រទេសទាំងមូល ដើម្បីធ្វើការប៉ាន់ប្រមាណពីភាគរយ នៃការសម្រាលកូនប្រចាំខែ និងប្រចាំថ្ងៃ។ យូនីសេហ្វ​បានប្រើប្រាស់តួលេខនៃការសម្រាលកូនប្រចាំឆ្នាំ ដែលត្រូវបានផ្សាយបន្តផ្ទាល់ និងអាយុកាលរំពឹងទុក ចេញពីគេហទំព័រប្រជាជនពិភពលោករបស់អង្គការសហប្រជាជាតិ UN’s World Population Prospects (2019)​  ដើម្បីប៉ាន់ប្រមាណពីចំនួនទារកដែលកើតនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ និងអាយុកាលរំពឹងទុករបស់ពួកគេ។

ដើម្បីទាញយករូបភាព សម្រាប់ចុះផ្សាយជាមួយសេចក្តីប្រកាសព័ត៌មាននេះ សូមចូលទៅកាន់តំណភ្ជាប់នេះ

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook