ជួយសង្គ្រោះជីវិត និងអនាគត - មូលហេតុនៃការបើកសាលាឡើងវិញនាពេលនេះ ជាពេលវេលាដ៏ត្រឹមត្រូវ

ដោយលោកស្រី ហ្វ័រូហ្គ ហ្វ័យូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត លី អាយទ្បាន នាយិកាអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា

13 កញ្ញា 2021
© UNICEF Cambodia/2020/Seng Chansereypich
UNICEF Cambodia/2020/Seng Chansereypich

ខ្ញុំពិតជារំភើបរីករាយណាស់ ដែលបានត្រលប់ទៅសាលារៀនវិញ។ ខ្ញុំនឹកមិត្តភក្តិ និងគ្រូរបស់ខ្ញុំ ហើយនឹកកន្លែងស្ងាត់ដែលខ្ញុំធ្លាប់អានសៀវភៅនៅសាលា”។ នេះគឺជាពាក្យសំដឺរបស់កុមារី ជា ដានីន អាយុ ១១ឆ្នាំ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សានុសិស្សកម្ពុជារាប់លាននាក់ ដែលបានសម្តែងការអបអរសាទរកាលពីសប្តាហ៍មុន នៅពេលដែលបានឮសេចក្តីប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី អំពីការបើកដំណើរការសាលារៀនឡើងវិញនៅខែនេះ។ យូនីសេហ្វ និងអង្គការសុខភាពពិភពលោក ក៏សូមស្វាគមន៍ចំពោះសេចក្តីប្រកាសនេះ ដែលអាចប្រព្រឹត្តទៅបានដោយផ្អែកលើជោគជ័យដ៏គួរឲ្យស្ងប់ស្ងែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងកូវីដ-១៩ រួមជាមួយនឹងការ អនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមដើម្បីទប់ស្កាត់ការចម្លង និងកាត់បន្ថយបន្ទុកសង្គម។

ការសិក្សា និងជីវិតទូទៅរបស់កុមារកម្ពុជា ត្រូវបានបង្អាក់ ឬបញ្ឈប់ដោយជំងឺរាតត្បាត ប៉ុន្តែឥឡូវនេះពួកគេអាចទ្បើងវិញដោយក្តីរីករាយ និងឈានឆ្ពោះទៅអនាគតខាងមុខបានវិញហើយ។ ទោះជាយ៉ាងនេះក្តី ប្រការនេះមិនមែនជាបុព្វហេតុសម្រាប់តែកុមារ និងមាតាបិតាអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជោគជ័យដែលប្រជាជាតិខ្មែរទាំងមូលត្រូវរួមគ្នាគាំទ្រ។ ការអភិវឌ្ឍជាច្រើនក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ គឺត្រូវបានជំរុញដោយសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងកែលម្អប្រព័ន្ធអប់រំ។ ជំងឺរាតត្បាតបានរារាំងដល់ការរីកចម្រើននេះក៏ពិតមែន ប៉ុន្តែការស្តារ និងអភិវឌ្ឍន៍ឥឡូវនេះ អាចដំណើរការទៅមុខជាធម្មតាវិញដោយពេញលេញ នៅពេលថ្នាក់រៀនត្រូវបានបើកដំណើរការឡើងវិញ។

ចាប់តាំងពីមានសេចក្តីប្រកាសឲ្យបើកសាលារៀនវិញរួចមក យើងទទួលបានសារ និងមតិជាច្រើនពីឪពុកម្តាយ។ ឪពុកម្តាយភាគច្រើនពិតជាមានក្តីរីករាយចំពោះព័ត៌មាននេះ ប៉ុន្តែក៏មានពួកគាត់ខ្លះ នៅតែព្រួយបារម្ភដដែល។ វិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជានៅមិនទាន់ចប់នៅឡើយទេ ហើយការលេចឡើងនិងការរីករាលដាលនៃមេរោគបំប្លែងថ្មី គឺជាកង្វល់ពិតប្រាកដ។ ប៉ុន្តែយើងជឿជាក់យ៉ាងមុតមាំថាការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព គឺពិតជាអាចធ្វើទៅបាន។ ៨០% នៃចំនួនប្រជាជនកម្ពុជាសរុបដែលមានអាយុលើសពី១២ឆ្នាំ ឥឡូវនេះបានចាក់វ៉ាក់សាំងរួចហើយ ហើយភាគរយនៃចំនួនគ្រូបង្រៀនដែលបានចាក់រួច ក៏មានអត្រាខ្ពស់ជាងនេះផងដែរ។ យើងដឹងថាមនុស្សខ្លះនៅតែអាចឆ្លងមេរោគនេះ បើទោះជាពួកគេបានចាក់វ៉ាក់សាំងរួចក៏ដោយ ប៉ុន្តែពួកគេទំនងជាមិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។ ប្រការនេះ ក៏ជាការពិតដូចគ្នាសម្រាប់កុមារ និងមនុស្សពេញវ័យផងដែរ។

វាមិនមានស្ថានភាពណាដែលគ្មានហានិភ័យសោះនោះទេ ប៉ុន្តែហានិភ័យទាំងនោះឥឡូវនេះពិតជាអាចគ្រប់គ្រងបាន។ យើងបានឃើញរួចមកហើយនៅក្នុងប្រទេសកម្ពុជា ដែលសាលារៀនត្រូវបានបើកដំណើរការឡើងវិញក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ដោយគ្មានករណីឆ្លងណាមួយឡើយ។ សំខាន់ជាងនេះទៅទៀត យើងបានឃើញករណីដូចគ្នានេះនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជំងឺកូវីដនៅទូទាំងពិភពលោក ដែលបានចាប់ផ្តើមបើកសាលារៀនឡើងវិញ។ ភស្តុតាងបានបង្ហាញថា សាលារៀនមិនមែនជាកត្តាចម្បងជំរុញឲ្យមានការចម្លងនៅក្នុងសហគមន៍ជុំវិញនោះទេ។ ការបើកសាលាទ្បើងវិញ មិនមែនជាសកម្មភាពនាំទៅរកហានិភ័យនោះទេ។

ទាំងនេះគឺជាមូលហេតុដែលរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានព្រមព្រៀងអនុម័តយកវិធីសាស្រ្តជាជំហានៗ និងដោយរួមបញ្ចូលគ្នា ដើម្បីបើកសាលារៀនឡើងវិញ។ សាលារៀននៅក្នុងតំបន់ដែលមានអត្រាឆ្លងទាប អាចត្រូវបានបើកដំណើរការមុនគេ ដោយមានការកំណត់ទំហំថ្នាក់រៀន និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុវត្ថិភាព ដែលកន្លងមកបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការការចម្លងមេរោគ។

លើសពីនេះទៅទៀត ឪពុកម្តាយ និងសហគមន៍អាចដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាហានិភ័យឲ្យនៅក្នុងកម្រិតទាប។ ប្រការនេះមានន័យថា យើងត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣​កុំ និងវិធានការសុខភាពសាធារណៈផ្សេងទៀត ដូចដែលបានណែនាំដោយក្រសួងសុខាភិបាល ប៉ុន្តែរួមទាំងចូលរួមជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន ដែលរាជរដ្ឋាភិបាលបានរៀបចំចាត់ចែងសម្រាប់ជា យុទ្ធសាស្រ្តក្នុងការបើកសាលារៀនឡើងវិញផងដែរ។ គណៈកម្មការទាំងនេះ នឹងធានាឲ្យសាលារៀននីមួយៗត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឲ្យបរិយាកាសសាលារៀនមានសុវត្ថិភាព រួមទាំងការសម្លាប់មេរោគជាប្រចាំ និងការធ្វើឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងធានាលើការផ្គត់ផ្គង់សម្ភារអនាម័យឲ្យបានគ្រប់គ្រាន់សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ យូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានធ្វើការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងផ្តល់ដំបូន្មានបច្ចេកទេស និងធានាចំពោះលទ្ធភាពលើការផ្គត់ផ្គង់សម្ភារចាំបាច់ ក៏ដូចជានឹងបន្តផ្តល់ការគាំទ្រដើម្បីរក្សាសាលារៀនឲ្យមានសុវត្ថិភាព។ ជាមួយនឹងចំណេះដឹងទាំងអស់ដែលយើងមានអំពីមេរោគនេះ យើងដឹងពីរបៀបបើកសាលារៀនឡើងវិញដោយមិនបង្កើតហានិភ័យធ្ងន់ធ្ងរណាមួយដល់គ្រូបង្រៀន សិស្សានុសិស្ស និងសហគមន៍ ក៏ដូចជាអាចត្រៀមខ្លួនសម្រាប់ការឆ្លើយតបតាមតម្រូវការជាក់ស្តែង។

© UNICEF Cambodia /2021/Socheata
UNICEF Cambodia /2021/Socheata
Chea Danin, 11, of Kandal Province, is eager to return to school

ហានិភ័យដែលធំនោះ គឺការទុកឲ្យកុមារនៅក្រៅសាលារៀនក្នុងរយៈយូរជាងនេះ។ យើងដឹងថាការបិទសាលារៀនយូរអង្វែង ពិតជាមានផលប៉ះពាល់យ៉ាងធំធេងមិនត្រឹមតែទៅលើការសិក្សារៀនសូត្រ និងសក្តានុពលអនាគតរបស់កុមារប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេទៀតផង។ ជាការពិតហើយការរៀនសូត្រពីចម្ងាយ បានជួយធានាដល់ការបន្តការអប់រំរបស់កុមារ ក្នុងអំឡុងពេលបិទសាលា ប៉ុន្តែភស្តុតាងបង្ហាញថាកុមារដែលជួបការលំបាករួចទៅហើយទំនងជាមិនទទួលបានអត្ថប្រយោជន៍ ជាពិសេសចំពោះអ្នកដែលគ្មានលទ្ធភាពរៀនអនឡាញ  និងគ្មានឪពុកម្តាយដែលអាចមានលទ្ធភាពជួយជ្រោមជ្រែងពួកគេបាន។

ជាការពិត នៅក្នុងចំណោមកុមារចំនួន ១,៦ ពាន់លាននាក់ ដែលរងផលប៉ះពាល់ពីការបិទសាលានៅទូទាំងពិភពលោក មានកុមារចំនួនមួយភាគបី ឬ ៤៦៣ លាននាក់ មិនមានលទ្ធភាពរៀនពីចម្ងាយ រួមទាំងកុមារជាច្រើននៅកម្ពុជាផងដែរ។ ភស្តុតាងក៏បង្ហាញផងដែរថា ទោះបីជាការរៀនពីចម្ងាយដំណើរការបានល្អប្រសើរក៏ដោយ ក៏វាមិនអាចផ្តល់លទ្ធផលនៃការរៀនសូត្រដូចរៀនផ្ទាល់ក្នុងថ្នាក់នោះដែរ។ នៅពេលសាលារៀនបើកដំណើរការឡើងវិញ គ្រូបង្រៀនគួរខិតខំផ្តល់ការគាំទ្រផ្នែកសិក្សាបន្ថែមដើម្បីជួយឲ្យសិស្សានុសិស្សអាចរៀនបានទាន់មេរៀនដែលខកខានកន្លងមក ក៏ដូចជាផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដើម្បីស្តារ និងការពារសុខុមាលភាពរបស់សិស្ស។

ហានិភ័យធំបំផុតលើសអ្វីៗទាំងអស់ គឺប្រសិនបើកុមារមិនត្រលប់ទៅសាលារៀនវិញឲ្យបានឆាប់ៗទេនោះ ពួកគេប្រហែលជាលែងទៅរៀនទៀតហើយ។ ភស្តុតាងពីជុំវិញពិភពលោកបង្ហាញថា ក្មេងៗដែលនៅក្រៅសាលាកាន់តែយូរទៅៗ គឺមានឱកាសតិចណាស់ដែលពួកគេត្រលប់មកចូលរៀនវិញ។ ពួកគេអាចមានអារម្មណ៍ថារៀនមិនទៅមុខ ឬរៀនមិនទាន់គេ ឬថាក្រុមគ្រួសាររបស់ពួកគេប្រហែលជាត្រូវពឹងផ្អែកខ្លាំងលើប្រាក់ចំណូលបន្ថែម ដែលពួកគេរកបានតាមរយៈការធ្វើការងារផ្សេងៗ។ ជារៀងរាល់ថ្ងៃនៅពេលយើងពន្យារពេលបើកសាលាទ្បើងវិញ ឧបសគ្គទាំងនេះក៏កើនឡើងជាលំដាប់ផងដែរ។

ការអប់រំ គឺប្រៀបដូចជាទ្វារទៅរកឱកាសថ្មីៗសម្រាប់កុមារ។ ប្រសិនបើសាលារៀននៅបន្តបិទ ទ្វារឱកាសនោះ ក៏នឹងត្រូវបិទសម្រាប់កុមារជាច្រើនផងដែរ។ ជាសំណាងល្អ ដំណឹងក្នុងការបើកសាលារៀនទ្បើងវិញនេះ មានន័យថាយើងទាំងអស់គ្នាអាចធ្វើការរួមគ្នាដើម្បីឲ្យសាលាអាចនៅបន្តដំណើរការទៅបាន ដោយធានាថាកុមារត្រូវបានផ្តល់ការគាំទ្រ និងការលើកទឹកចិត្តទាំងអស់ដែលពួកគេត្រូវការ ដើម្បីត្រលប់ទៅថ្នាក់រៀនវិញ និងឆ្ពោះទៅអនាគតមួយដ៏ប្រសើរ៕

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook