ជប៉ុនផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ

រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។

20 មីនា 2019
A signature ceremony between Japan embassy, UNICEF and MoSOVY
UNICEF Cambodia/2019/Bunly Meas

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩៖ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ គម្រោងថ្មីនេះមានគោលបំណងពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល កុមារកម្ពុជាងាយរងគ្រោះជាងមួយលាននាក់ នឹងទទួលបានកិច្ចការពារកាន់តែខ្លាំងពីអំពើហិង្សា។

ក្រោមកិច្ចគាំទ្រថវិកាពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន២លានដុល្លារអាមេរិក គម្រោងនេះនឹងជួយ​បង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ ពង្រីកអន្តរាគមន៍សំខាន់ៗ សាកល្បងវិធានការច្នៃប្រឌិតថ្មីៗ និងអនុវត្តក្របខ័ណ្ឌ INSPIRE ដែលជាកម្រងយុទ្ធសាស្ត្រ៧ចំណុច ដើម្បីបញ្ចប់អំពើហិង្សាលើកុមារប្រកបដោយប្រសិទ្ធភាព។

នៅប្រទេសកម្ពុជា មានកុមារជាងពាក់កណ្តាលក្នុងចំណោមកុមារទាំងអស់ បានទទួលរងអំពើហិង្សាយ៉ាងហោចណាស់ក្នុងមួយទម្រង់ មុនពេលពួកគេឈានដល់អាយុ១៨ឆ្នាំ។ បើទោះជាមានបញ្ហាធ្ងន់ធ្ងរជាច្រើនទាក់ទងនឹងកិច្ចការពារដែលកុមារបានជួបប្រទះក៏ដោយ ប្រព័ន្ធកិច្ចការពារកុមាររបស់កម្ពុជាភាគច្រើនមិនទទួលបានមូលនិធិគាំទ្រគ្រប់គ្រាន់ឡើយ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា “ដើម្បីរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ។ ការបង្កើតឱ្យមាននូវប្រព័ន្ធកិច្ចការពារកុមារមួយ ដែលមានការសម្របសម្រួលទូទាំងប្រទេស ព្រមជាមួយបុគ្គលិកមានជំនាញ និងសមត្ថភាព នឹងជួយដល់កុមារដែលបានទទួលរងអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន  ឱ្យទទួលបានការថែទាំ និងកិច្ចគាំទ្រដែលពួកគេត្រូវការ ព្រមទាំងនឹងជួយបង្ការអំពើហិង្សានៅពេលអនាគតផងដែរ។”

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីនូជី (Hidehisa HORINOUCHI) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ថា កិច្ចការពារកុមារគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រដ្ឋាភិបាលជប៉ុន។

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីនូជី បានមានប្រសាសន៍ថា “ភាពចាំបាច់នៃកិច្ចការពារកុមារ ត្រូវបានបញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលជប៉ុន គាំទ្រដល់សកម្មភាពផ្សេងៗគ្នានៃគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្រោមកិច្ចដឹកនាំរបស់នាយករដ្ឋមន្ត្រី អាបេ (Abe)។ នៅកម្ពុជា ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្សព្វផ្សាយផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១។ ដោយផ្តោតលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងនៅក្នុងវិស័យនេះរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាទឹកប្រាក់ចំនួន២២៣លានយ៉េនជប៉ុន ស្មើនឹង២លានដុល្លារអាមេរិក ជូនដល់អង្គការយូនីសេហ្វ ដើម្បីគាំទ្រដល់ក្រសួងពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពកិច្ចការពារកុមារ នៅក្នុងផែនការសកម្មភាពនេះ។ ខ្ញុំជឿថាហិរញ្ញប្បទានឥតសំណងនេះ មានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍមួយដ៏ល្អដល់ស្មារតីកុមារជាច្រើន​ ដែលពួកគេនឹងរួមចំណែកអភិវឌ្ឍអនាគតរបស់​ប្រទេសកម្ពុជា”។

លោកស្រី ណាតាឆា ផាឌីសុន ប្រធានស្តីទីយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “គម្រោងនេះ នឹងបន្តពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានប្រព័ន្ធកិច្ចការពារកុមារមួយដែលដំណើរការ និងមានសម្របសម្រួលល្អ ដើម្បីអាចបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផល កុមារងាយរងគ្រោះជាង១លាននាក់ នឹងទទួលបានកិច្ចការពារកាន់តែប្រសើរពីអំពើហិង្សា តាមរយៈក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌច្បាប់ដែលល្អជាងមុន សេវាកិច្ចការពារកុមារប្រកបដោយគុណភាព  និងបរិយាកាសសហគមន៍ដែលផ្តល់កិច្ចគាំទ្រ។ ក្រសួងជាច្រើន រួមមានក្រសួងសុខាភិបាល យុត្តិធម៌ មហាផ្ទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ នឹងដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវលទ្ធផលគន្លឹះទាំងនេះ។ ការអនុវត្តគម្រោងនេះប្រកបដោយជោគជ័យ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ សម្រាប់ការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។

###

កំណត់សម្គាល់សម្រាប់និពន្ធនាយក៖

អំពី “ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១”

ប្រទសកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើការអង្កេតថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារ​ ក្រោមភាពជាដៃគូជាមួយមជ្ឈមណ្ឌលសម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក និងយូនីសេហ្វ។ ការអង្កេតត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៣ ជាលើកដំបូង ដោយបានរកឃើញនូវទិន្នន័យគួរឱ្យជឿជាក់បាន និងការប៉ាន់ប្រមាណថ្នាក់ជាតិ ដែលបង្ហាញឱ្យដឹងអំពីកម្រិតវិសាលភាព និងចរិកលក្ខណៈនៃអំពើហិង្សាលើកុមារទូទាំងប្រទេស។ ឆ្លើយតបទៅនឹងគំហើញដែលទទួលបានពីការអង្កេតស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា (CVACS) ឆ្នាំ២០១៣ ​រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចាត់វិធានការលើបញ្ហានេះ ព្រមទាំងបានអភិវឌ្ឍនូវ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ (ហៅកាត់ថាផែនការសកម្មភាព)។ ផែនការសកម្មភាពនេះ កំពុងត្រូវបានអនុវត្តក្នុងខេត្តចំនួន៩ ក្នុងប្រទេសកម្ពុជា។ អន្តរាគមន៍សំខាន់ៗ រួមមាន យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង PROTECT សម្រាប់ប្រទេសកម្ពុជា ការផ្តល់សេវាកិច្ចការពារកុមារ ការបណ្តុះបណ្តាលគ្រូបង្រៀន អំពីការអនុវត្តដាក់ពិន័យបែបវិជ្ជមាន សៀវភៅស្តីពីការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬ អំពើរំលោភបំពានផ្លូវភេទ និងយុទ្ធសាស្ត្រស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន។ ផែនការសកម្មភាពនេះត្រូវបានរៀបចំឡើងក្រោមមូលដ្ឋានព័ត៌មានដែលទទួលបានពីគោលការណ៍ និងយុទ្ធសាស្ត្រ INSPIRE។

ផែនការសកម្មភាពនេះអាចទាញយកបាន តាមរយៈតំណភ្ជាប់ខាងក្រោម៖ https://www.unicef.org/cambodia/results_for_children_27251.html

អំពី ‘INSPIRE៖ យុទ្ធសាស្ត្រទាំង៧សម្រាប់បញ្ចប់អំពើហិង្សាលើកុមារ

សន្និសីទថ្នាក់តំបន់សំដៅបោះជំហានឆ្ពោះទៅរកការអនុវត្ត INSPIRE៖ “យុទ្ធសាស្ត្រទាំង៧ សម្រាប់បញ្ចប់អំពើហិង្សាលើកុមារ” ត្រូវបានធ្វើឡើងនៅចុងឆ្នាំ២០១៨ ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកដឹកនាំរៀបចំ និងទទួលបានការឧបត្តម្ភគាំទ្រពីយូនីសេហ្វ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្នាក់តំបន់ និងថ្នាក់ជាតិ។ មានប្រទេសចំនួន២១ ដែលមានអ្នកតំណាងជាង១៦០រូប បានចូលរួមនៅក្នុងសន្និសីទមួយដែលមានលក្ខណៈជាកិច្ច        សហការ សំដៅធ្វើការដោះស្រាយបញ្ហាជាច្រើនដែលកុមារជួបប្រទះ ក្នុងទម្រង់ជាអំពើហិង្សា នៅក្នុងតំបន់អាស៊ីបូព៌ា និង និងប៉ាស៊ីហ្វិក ព្រមទាំងតំបន់ប៉ាស៊ីហ្វិកភាគខាងលិចផងដែរ។ នៅឯពិធីបើកសន្និសីទ INSPIRE រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញឱ្យឃើញអំពីចំណាប់អារម្មណ៍របស់កម្ពុជាក្នុងការក្លាយខ្លួនជាប្រទេសត្រួសត្រាយផ្លូវសម្រាប់ប្រទេសដទៃទៀត។ បណ្តាប្រទេសដែលបានធ្វើការត្រួសត្រាយផ្លូវ ក្រោមភាពជាដៃគូ សកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ បានប្តេជ្ញាចិត្តពន្លឿនចំណាត់ការដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ បណ្តាប្រទេស​ដែលបានធ្វើការត្រួសត្រាយផ្លូវនៅក្នុងតំបន់អាស៊ីបូព៌ា ប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង រួមមាន៖ ជប៉ុន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ហ្វីលីពីន និង ស្រីលង្កា។ សម្រាប់ឯកសារបច្ចេកទេសរបស់ INSPIRE សូមទាញយកពីតំណភ្ជាប់៖ https://uni.cf/2KQoAmo

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda

Chief of Communication

UNICEF Cambodia

ទូរស័ព្ទ: +85523260204;ext=434

លោក​ មាស ប៊ុនលី

មន្ត្រីជំនាញផ្នែកទំនាក់ទំនង

យូនីសេហ្វកម្ពុជា

ទូរស័ព្ទ: +85523260204;ext=435

មាតិកាពហុព័ត៌មាន

A young boy looks is caught in thought as he looks at what he wrote on the chalkboard at Russey Chroy Primary School in Sa’ang district, Kandal province on July 3, 2018.

ផែនការសកម្មភាពនេះអាចទាញយកបាន តាមរយៈតំណភ្ជាប់ខាងក្រោម៖  
https://www.unicef.org/cambodia/results_for_children_28044.html

 ទាញយកសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណ PDF ខាងក្រោម៖

 

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook

ច្រើនទៀតដើម្បីស្វែងយល់