កុមារ និងយុវជនស្វែងរកមតិគាំទ្រសម្រាប់សិទ្ធិកុមារ និងសកម្មភាពឆ្លើយតបនឹងវិបត្តិអាកាសធាតុនៅក្នុងទិវាកុមារពិភពលោកនៅកម្ពុជា

17 វិច្ឆិកា 2023
Unicef Cambodia/2023/Bunsak But
Unicef Cambodia/2023/Bunsak But

ខេត្តក្រចេះ ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២៣៖ កុមារ យុវជន អាជ្ញាធរ សិល្បករ អង្គការសង្គមស៊ីវិល និង​ដៃគូអភិវឌ្ឍន៍​មកពីគ្រប់វិស័យ​នៅកម្ពុជា មកជួបជុំគ្នា​នៅថ្ងៃនេះ ដើម្បីចាប់ផ្ដើម​ពិធីអបអរសាទរទិវា​កុមារពិភពលោក​ឆ្នាំ២០២៣ រយៈពេលបីថ្ងៃ ដែលប្រារព្ធជាផ្លូវការ​នៅថ្ងៃទី២០ ខែវិច្ឆិកា។ នៅឆ្នាំនេះ យូនីសេហ្វ​ប្រចាំកម្ពុជា​ នឹងបង្កើនសំឡេងរបស់កុមារ និងយុវជន​ ក្នុងនាមជាអ្នកស្វែងរកមតិគាំទ្រ​សិទ្ធិកុមារ​នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍ទិវា​កុមារពិភពលោកថា៖ “យើងកំពុងស្ថិតនៅខេត្តក្រចេះ ដើម្បី​អបអរសាទរ​ចំពោះ​សក្ដានុពល និងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រកុមារ និងយុវជននៅកម្ពុជា។ ​ “ប៉ុន្តែថ្ងៃនេះ​ក៏រំលឹកយើង​អំពីបញ្ហាប្រឈមដ៏ពិបាកៗដែលកុមារកំពុងជួបប្រទះ ដូចជាការរងគ្រោះពី​កំណើននៃជម្លោះ និងគ្រោះមហន្តរាយបរិស្ថាន​នៅទូទាំងពិភពលោកផងដែរ។”

លោកបានបន្តទៀតថា ខណៈដែលយើងកំពុងប្រារព្វពិធីនេះក្នុងពេលកុមារស្ថិតក្នុងស្ថានភាពលំបាកទាំងអស់នេះក៏ដោយ ខ្ញុំ​សូមចែករំលែកនូវសារនៃក្ដីសង្ឃឹម។  ព្រឹត្តិការណ៍នេះ​បានផ្ដល់ដល់យើងនូវ​ឲ្យកាសដើម្បីបង្កើតភាពជាដៃគូថ្មី​ៗ​ជាមួយ​បណ្ដាញយុវជន សិល្បករ និងអាជ្ញាធរមូលដ្ឋាន ដែលបានមករួមកម្លាំងគ្នា ដើម្បីលើកកម្ពស់​ការយល់ដឹង​អំពីសិទ្ធិកុមារ។ តាមរយៈការចូលរួម និងបរិយាបន្ន​យុវជន យើងទាំងអស់គ្នា​ទទួលបាន​ផលប្រយោជន៍​ពី​សក្ដានុពលមិនគួរឱ្យជឿ​របស់ពួកគេ ក្នុងនាមជា​អ្នកបង្កើតការផ្លាស់ប្ដូរវិជ្ជមាន សម្រាប់អភិវឌ្ឍសង្គម។”

ភាពជាដៃគូជាមួយពិធី​បុណ្យភូមិមានជើង ដែលជាពិធីវប្បធម៌ដ៏មានប្រជាប្រិយមួយ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឲ្យកាសចូលរួមដល់កុមារ និងយុវជន​នៅខេត្តក្រចេះ ដែលជាខេត្តមួយ​នៅភាគឦសាន​នៃប្រទេស។ យុវជនស្ម័គ្រចិត្តជាង ២០០នាក់បាន​ទទួលឲ្យកាស ដើម្បីសហការរៀបចំ និងត្រួតពិនិត្យ​​ព្រឹត្តិការណ៍នេះ ដែលនឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅជុំវិញបរិវេណវត្តរការកណ្ដាល ដោយរួមមានការដឹកនាំសកម្មភាព​ស្ដីពីសិទ្ធិកុមារ។

 កញ្ញា រិទ្ធី លំអរពេជ្យ ស្ថាបនិកក្រុមយុវជនភ្លើងគុបដែលរៀបចំពិធីបុណ្យភូមិបានមានប្រសាសន៍ថា៖ “ពិធីបុណ្យភូមិមានជើង​បានសហការជាមួយយូនីសេហ្វ ដើម្បីអបអរសាទរ​ទិវាកុមារពិភពលោក។ ជាផ្នែកមួយនៃ​ព្រឹត្តិការណ៍​នេះ យើងបានបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្ត ដើម្បីផ្តល់ឲ្យ ពួកគេនូវ​ចំណេះដឹង និងជំនាញ​អំពីធុរកិច្ច ការធ្វើការងារជាក្រុម និងស្វ័យយល់ដឹងពីខ្លួនឯងសម្រាប់​ការដាក់ពាក្យ​ស្នើសុំអាហារូបករណ៍។ ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ យើងក៏នឹងរៀបចំ​សិក្ខាសាលានានា​អំពី សុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ សម្រាប់​អ្នកស្ម័គ្រចិត្ត ដែលកំពុងរៀបចំ​ព្រឹត្តិការណ៍នេះផងដែរ។”​

យុវជនក៏នឹងដឹកនាំសកម្មភាព​ដាំដើមឈើ សម្អាតប្លាស្ទិក និងសំណល់ និងចូលរួម​នៅក្នុងការ​ប្រកួតប្រជែងសម្តែងតន្រ្តី និងការសម្ដែងសិល្បៈផងដែរ។ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា សិល្បករ​ខ្មែរដ៏ល្បីល្បាញមួយចំនួនរួមមាន វណ្ណដា វណ្ណថាន់ សុភា ចម្រើន កេសរ និង សាយ នឹងមកសម្ដែងនៅលើឆាកនៅមាត់ទន្លេមេគង្គ​។

យុវជនផាន់ណា អាយុ២១ឆ្នាំ សិស្សស្ម័គ្រចិត្ត​នៅភូមិយូនីសេហ្វ ជាកន្លែងផ្តល់​សិក្ខាសាលា និងល្បែងកម្សាន្តសម្រាប់​យុវជន និងកុមារ​នៅថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា បានមានប្រសាសន៍ថា៖ “ក្នុងនាមជាយុវជនស្ម័គ្រចិត្ត ខ្ញុំកំពុងរៀនសូត្រ​បានយ៉ាងច្រើនទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍​ផ្សេងៗ រហូតដល់​ការដឹកនាំវគ្គនានា​អំពីសិទ្ធិកុមារ របៀបធ្វើសកម្មភាពរក្សាបរិស្ថានរបស់យើង និងកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិកផងដែរ។ វាជារឿងអស្ចារ្យណាស់ ដែលខ្ញុំមានឲ្យកាសធ្វើសេចក្ដីសម្រេចអំពីសកម្មភាពនានា និងអនុវត្តសកម្មភាពទាំងនោះ ដែលយើងគិតថាមានសារប្រយោជន៍ និងគួរជាទីរីករាយ។ តាមរយៈ​ល្បែងកម្សាន្ត និងសិល្បៈ យើងអាចបង្កការចូលរួមរបស់មិត្តភក្តិរបស់យើងកាន់តែច្រើន ដើម្បីធ្វើសកម្មភាពលើកកម្ពស់សិទ្ធិកុមារ និងឆ្លើយតបនឹងវិបត្តិអាកាសធាតុ។”

លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ​មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្តក្រចេះ ឯកឧត្តមឯកអគ្គរាជទូតប្រទេសគុយវេត និងមន្រ្តីមកពីស្ថានទូតបារាំង ក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT) នៃប្រទេសអូស្រ្តាលី ព្រមទាំងអ្នកតំណាងមកពី​អង្គការមិនមែនរដ្ឋាភិបាល បានចូលរួមនៅក្នុង​ពិធីបើកទិវានេះ​នៅសាលមហោស្រពខេត្តក្រចេះ។

បណ្ឌិត វីល ផាកស៍ បានបន្ថែមទៀតថា៖ “ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្ត​​ក្នុងការពង្រឹង​សិទ្ធិកុមារ។ បញ្ហាប្រឈម​នៅតែមាននៅក្នុងប្រទេស ហើយយូនីសេហ្វ​មានការប្តេជ្ញាចិត្តពេញលេញ​ក្នុងការដោះស្រាយ​បញ្ហាទាំងនេះ ដោយលើកកម្ពស់​សិទ្ធិ និងពង្រឹង​សុខុមាលភាពរបស់កុមារដែលងាយរងគ្រោះបំផុត។”

ទិវាកុមារពិភពលោក គឺជាទិវាសកម្មភាព​ជាសកលសម្រាប់កុមារ ដឹកនាំដោយកុមារ។ ទិវាកុមារពិភពលោករំលឹកអំពីការអនុម័ត​អនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលបានប្រព្រឹត្តទៅ​នៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ១៩៨៩ ហើយប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ​នៅឆ្នាំ១៩៩២។ យូនីសេហ្វ និងដៃគូ​កំពុងអំពាវនាវឲ្យមានពិភពលោករួមគ្នាមួយ ដែលគ្មានការទុកកុមារណាម្នាក់ចោល ដែលសិទ្ធិរបស់ពួកគេត្រូវបានទទួលការការពារ និងសំឡេងរបស់ពួកគេត្រូវបានគាំទ្រដើម្បីឈានទៅសម្រេចបាននូវ អនាគតរបស់ខ្លួន។

Unicef Cambodia/2023/Bunsak But
Unicef Cambodia/2023/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អាឌ្រាន បូណូ
ប្រធានផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85592555294
អ៊ីម៉ែល: hbonnaud@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វ 

យូនីសេហ្វបំពេញការងារនៅតាមតំបន់ ដែលជួបការលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលជួបការលំបាកជាងគេនៅក្នុងពិភពលោក។ ជាមួយវត្តមាននៅក្នុងប្រទេស និងដែនដីជាង ១៩០ យើងធ្វើការដើម្បីកុមារគ្រប់រូបនៅគ្រប់ទិសទី ដើម្បីកសាងពិភពលោកកាន់តែប្រសើរសម្រាប់គ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វក្នុងប្រទេសកម្ពុជា សូមចូលមើលវេបសាយ៖ https://www.unicef.org/cambodia  

សូមតាមដានព័ត៌មានអំពីយូនីសេហ្វកម្ពុជាតាមរយៈ Facebook | Twitter | YouTube | Instagram | LinkedinThreads | TikTok