កុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះមហន្តរាយអាកាសធាតុ
កុមារនៅក្នុងតំបន់នេះប្រឈមនឹងគ្រោះមហន្តរាយអាកាសាធាតុបន្ទាន់ៗដល់ទៅប្រាំមួយដង ច្រើនជាងជីដូនជីតារបស់ ពួកគេដែលជាហេតុធ្វើឲ្យចុះខ្សោយដល់សមត្ថភាពទប់ទល់របស់ខ្លួន និងធ្វើឲ្យមានវិសមភាពកាន់តែខ្លាំងថែមទៀត

- Available in:
- English
- Khmer
បាងកក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ – កុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតជាជាងតំបន់ណាៗទាំងអស់ ពីមុខសញ្ញាគ្រោះថ្នាក់ និងគ្រោះមហន្តរាយបន្ទាន់របស់អាកាសធាតុ និងបរិស្ថាន នេះបើយោងតាមរបាយការណ៍ប្រចាំតំបន់ចុងក្រោយបំផុតរបស់យូនីសេហ្វ ដែលមានចំណងជើងថា “លើសពីចំណុចគ្រោះថ្នាក់” ។ របាយការណ៍បានបង្ហាញពីតម្រូវការបន្ទាន់ដែលត្រូវវិនិយោគលើសេវាសង្គម និងគោលនយោបាយប្រកបដោយភាពវៃឆ្លាតផ្នែកអាកាសធាតុ ដើម្បីការពារកុមារ ។
បច្ចុប្បន្ន កុមារដែលកើតនៅក្នុងតំបន់នេះកំពុងតែទទួលរងគ្រោះមហន្តរាយនានាទាក់ទងនឹងអាកាសធាតុកើនឡើងដល់ទៅប្រាំមួយដង បើធៀបនឹងជីដូនជីតារបស់ពួកគេ។ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ តំបន់នេះបានទទួលរងការកើនឡើងនូវទឹកជំនន់ចំនួន ១១ដង ខ្យល់ព្យុះចំនួន ៤ដង គ្រោះរាំងស្ងួតចំនួន ២,៤ ដង និងគ្រោះបាក់ដីចំនួន ៥ដង។
ដោយសារសីតុណ្ហភាព និងនីវ៉ូទឹកសមុទ្រកើនឡើង និងអាកាសធាតុធ្ងន់ធ្ងរខ្លាំង ដូចជាខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ធ្ងន់ធ្ងរ គ្រោះបាក់ដី និងគ្រោះរាំងស្ងួតកំពុងតែកើនឡើងនោះ កុមាររាប់លាននាក់កំពុងតែប្រឈមនឹងហានិភ័យ។ កុមារជាច្រើន និងក្រុមគ្រួសាររបស់ពួកគេប្រឈមមុខនឹងការផ្លាស់ប្តូរទីលំនៅ និងខិតខំតស៊ូដើម្បីរស់រានមានជីវិត ដោយមានឱកាសតិចតួច ឬគ្មានឱកាសក្នុងការទទួលបានសេវាថែទាំសុខភាព ការអប់រំ ទឹក និងអនាម័យ។
លោកស្រី ដេបូរ៉ា ខូមីនី ប្រធានយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ស្ថានភាពរបស់កុមារក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គឺស្ថិតក្នុងភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ វិបត្តិអាកាសធាតុកំពុងតែបង្កហានិភ័យដល់អាយុជីវិតពួកគេ ដោយធ្វើឲ្យពួកគេបាត់បង់កុមារភាព និងសិទ្ធិរបស់ពួកគេចំពោះការរស់រានមានជីវិត និងការចម្រើនវ័យធំធាត់។ យើងត្រូវការវិធានការបន្ទាន់ និងកិច្ចសហការពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយឧបសគ្គធំៗមួយចំនួនក្នុងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ និងផ្តល់សេវាដែលមានភាពវៃឆ្លាតចំពោះអាកាសធាតុ ដើម្បីឲ្យកុមារអាចធំធាត់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខភាពល្អ” ។
យោងតាមការវិភាគចុងក្រោយបំផុតផ្អែកលើសន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កុមារជាង ២១០ លាននាក់ ប្រឈមុខយ៉ាងខ្លាំងទៅនឹងព្យុះស៊ីក្លូន កុមារ ១៤០លាននាក់ បានប្រឈមុខយ៉ាងខ្លាំងទៅនឹងបញ្ហាខ្វះខាតទឹក កុមារចំនួន ១២០លាននាក់ បានរងគ្រោះយ៉ាងខ្លាំងទៅនឹងទឹកជំនន់តាមឆ្នេរសមុទ្រ ហើយកុមារចំនួន ៤២០លាននាក់ ត្រូវប៉ះពាល់ដោយការបំពុលខ្យល់។
សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលំដាប់ទី៤៦ ក្នុងចំណោមប្រទេស ១៦៣ ដែលស្ថិតក្នុងចំណោម១ភាគបី ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ របាយការណ៍បានរកឃើញថា កុមារកម្ពុជាងាយរងគ្រោះខ្ពស់ពីបញ្ហាខ្វះទឹក ទឹកជំនន់ទន្លេ និងជំងឺឆ្លងនានា។
ជាងនេះទៅទៀត កុមារជាច្រើនបានប្រឈមមុខចំពោះគ្រោះបន្ទាន់ ភាពតានតឹង ឬមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ និង
បរិស្ថានលើសពីមួយប្រភេទ៖
- កុមារចំនួន ៤៤៣លាននាក់ ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពីបីប្រភេទឡើងទៅ ៨៩ភាគរយ ធៀបនឹង ៧៣ភាគរយ ក្នុងសកលលោក
- កុមារចំនួន ៣២៥លាននាក់ ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពីបួនប្រភេទឡើងទៅ ៦៥ភាគរយ ធៀបនឹង ៣៧ភាគរយ ក្នុងសកលលោក
- កុមារចំនួន ២០៤លាននាក់ ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពីប្រាំប្រភេទឡើងទៅ ៤១ភាគរយ ធៀបនឹង ១៤ភាគរយ ក្នុងសកលលោក
- កុមារចំនួន ៦៣លាននាក់ ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពីប្រាំមួយប្រភេទឡើងទៅ ១២ភាគរយ ធៀបនឹង ៣ភាគរយ ក្នុងសកលលោក
នៅពេលដែលគ្រោះមហន្តរាយបន្ទាន់ទាំងនេះកើតឡើងព្រមពេលជាមួយវិបត្តិផ្សេងៗទៀតដូចជា អសន្តិសុខស្បៀង បញ្ហាខ្វះអាហារូបត្ថម្ភ និងការរីករាលដាលជំងឺឆ្លង វាបង្កការលំបាកជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត ជាពិសេសកុមារមកពីសហគមន៍ក្រីក្រនិងដាច់ស្រយាល និងកុមារមានពិការភាព ក្នុងការទប់ទល់ និងស្តារឡើងវិញ ។ ទីបំផុត ផលប៉ះពាល់ទាំងនេះធ្វើឲ្យរឹតតែធ្ងន់ធ្ងរដល់វិសមភាពដែលកុមារប្រឈមមុខរួចទៅហើយ ដោយរុញច្រានអ្នកដែលក្រីក្របំផុតឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត។
យូនីសេហ្វ អំពាវនាវឲ្យមានវិធានការបន្ទាន់ពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងដៃគូអភិវឌ្ឍន៍ ដើម្បីវិនិយោគលើការផ្តល់
សេវាសង្គមប្រកបដោយភាពវៃឆ្លាតផ្នែកអាកាសធាតុ រួមទាំងការអប់រំ ការថែទាំសុខភាព និងការផ្គត់ផ្គង់ទឹក និងអនាម័យ ប្រព័ន្ធជូនដំណឹងជាមុន និងកិច្ចគាំពារសង្គមដែលឆ្លើយតបនឹងអាកាសធាតុ ដូចជាការផ្ទេរសាច់ប្រាក់ជាដើម។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “វិបត្តិបម្រែបម្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិ កុមារ ដោយវាប៉ះពាល់ដល់សុខុមាលភាពកុមារខ្លាំងជាងគេ។ ស្ថានភាពគ្រោះមហន្តរាយដូចជារលកកម្តៅ ទឹកជំនន់ ការបំពុលខ្យល់ និងទឹកទន្លេ គឺត្រូវបានគេរំពឹងទុកថាមានសភាពកាន់តែធ្ងន់ធ្ងរ បើសិនពុំមានសកម្មភាពឆ្លើយតបបន្ទាន់ និងជាបន្តបន្ទាប់ រួមគ្នាពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងសហគមន៍ ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ យូនីសេហ្វកំពុងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូនានាបង្កើនសមត្ថភាពភាពស៊ាំនឹងអាកាសធាតុនៃ សហគមន៍ងាយរងគ្រោះ និងលើកកម្ពស់សិទ្ធិអំណាចដល់យុវជន ដើម្បីឲ្យពួកគេធ្វើសកម្មភាពវិជ្ជមានសម្រាប់ទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ។“
យូនីសេហ្វកម្ពុជា គាំទ្រអាជ្ញាជាតិ និងមូលដ្ឋាន ដើម្បីលើកកម្ពស់សេវាសំខាន់ៗឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់កុមារ និងយុវជន តាមរយៈការផ្តល់ការអប់រំជំនាញជីវិតនៅតាមសាលារៀនដែលផ្តោតលើបញ្ហាអាកាសធាតុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទឹក និងអនាម័យដែលធន់នឹងអាកាសធាតុ ដោយប្រើប្រាស់ថាមពលកកើតទ្បើងវិញ និងធានាថាកុមារត្រូវបានការពារពីផល ប៉ះពាល់អាក្រក់លើសុខភាពដែលបង្កដោយគ្រោះមហន្តរាយធម្មជាតិ។
បម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកបរិស្ថាន រួមទាំងការបំពុល និងការបាត់បង់ព្រៃឈើ កំពុងតែគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយបង្កផលប៉ះពាល់ពេញមួយជីវិត និងមិនអាចត្រឡប់ក្រោយវិញបាន ទៅលើជីវិត និងជីវភាពរស់នៅរបស់កុមារ និងយុវជន។
###
កំណត់ចំណាំសម្រាប់និពន្ធនាយក៖
សូមទាញយករបាយការណ៍“លើសពីចំណុចគ្រោះថ្នាក់” តាមរយៈតំណភ្ជាប់នេះ។
អំពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)
យូនីសេហ្វ បំពេញបេសកកម្មនៅតាមទីកន្លែងលំបាកៗបំផុត ដើម្បីផ្តល់ជំនួយទៅដល់កុមារដែលជួបប្រទះការលំបាកបំផុត ក្នុងពិភពលោក។ យើងធ្វើការនៅក្នុងដែនដី និងប្រទេសជាង ១៩០ សម្រាប់កុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោក ដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសូមចូលទៅកាន់៖ www.unicef.org/eap
សូមតាមដានយូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកតាមរយៈ Twitter Facebook Instagram និង LinkedIn
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី ហ្ស៊ីម៉ា អ៊ីស្លាម ប្រធានស្តីទីផ្នែកទំនាក់ទំនង យូនីសេហ្វតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
ទូរសព្ទ៖ +៦៦(០) ២៣៥៦៩៤០៧ ឬសារអេទ្បិកត្រូនិក ssislam@unicef.org
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.