ការសិក្សាស្រាវជ្រាវថ្មីបានបញ្ជាក់ថា កុមារកម្ពុជាបានជួបប្រទះនឹង “ការបាត់បង់ការរៀនសូត្រ” យ៉ាងច្រើន នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលទាមទារឱ្យបង្កើនការវិនិយោគលើវិស័យអប់រំ

05 មេសា 2022
© UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២៖ ក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អយក) បានបង្ហាញនូវ​លទ្ធផលថ្មីគួរឱ្យភ្ញាក់ផ្អើល អំពីការបាត់បង់ការរៀនសូត្រ​របស់សិស្សានុសិស្សកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ។ លទ្ធផល​គឺបានមកពី​ការវាយតម្លៃ​ជាតិចុងក្រោយ​របស់ក្រសួង អយក ទៅលើការរៀនសូត្រនៅថ្នាក់ទី៦ ដែលត្រូវបានធ្វើឡើង​នៅខែវិច្ឆិកា ឆ្នាំ២០២១ និង​បានប្រកាសផ្សព្វផ្សាយ​នៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពី​មានការវិភាគយ៉ាងលម្អិត។ នាយកដ្ឋានធានាគុណភាពអប់រំ (EQAD) របស់ក្រសួង បានវាយតម្លៃ​លើសិស្សានុសិស្ស​ចំនួនជាង ៦.០០០នាក់​នៅក្នុង​សាលារៀនចំនួន ២៣០ ​នៅទូទាំងប្រទេសកម្ពុជា ហើយបានរកឃើញថា ការសិក្សារបស់កុមារ​បានធ្លាក់ចុះ​នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ ដោយប្រៀបធៀប​ជាមួយ​ការវាយតម្លៃដូចគ្នានៅឆ្នាំ២០១៦ ភាគរយ​នៃសិស្សានុសិស្ស ដែលមិនអាចបង្ហាញអំពី​ជំនាញចំណេះដឹងមូលដ្ឋាន​ផ្នែកភាសាខ្មែរបានកើនឡើងពី ៣៤% ទៅ ៤៥% និងផ្នែកគណិតវិទ្យា​បានកើនឡើង​ពី ៤៩% ទៅ ៧៤%។

សាលារៀននៅប្រទេសកម្ពុជា​ត្រូវបានបិទទ្វារអស់រយៈពេល ២៥០ថ្ងៃនៅឆ្នាំ២០២០ និង២០២១ ​ដែលចំនួននេះស្ទើរតែស្មើនឹង​ពីរភាគបី​នៃឆ្នាំសិក្សាចំនួនពីរឆ្នាំ។ លទ្ធផលនៃការវាយតម្លៃ​លើការរៀនសូត្រនេះ​បង្ហាញថា ទោះបីជា​សិស្សានុសិស្ស​ទាំងអស់​បានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រ បន្ទាប់ពីការបិទសាលារៀនទាំងនេះក្ដី ផលប៉ះពាល់​មិនមានលក្ខណៈដូចៗគ្នាឡើយ។ កុមារាបានបាត់បង់ការរៀនសូត្រច្រើនជាងមុន និង​ទទួលលទ្ធផលខ្សោយជាងមុននៅក្នុងការធ្វើតេស្ត៖ កុមារាចំនួន ៥៥% ត្រូវបានវាយតម្លៃថា មិនសម្រេចបាន​ជំនាញចំណេះដឹង​មូលដ្ឋានផ្នែកភាសាខ្មែរឡើយ​នៅឆ្នាំ២០២១ ធៀបនឹងកុមារីចំនួន ៣៤%។​

ការវាយតម្លៃលើការរៀនសូត្រនេះ​ត្រូវធ្វើឡើង​នៅខែវិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់​មក ត្រូវបានវិភាគ និងបោះពុម្ព​នៅខែមីនា ឆ្នាំ២០២២។ ការវាយតម្លៃនេះ​ត្រូវបានធ្វើឡើងដោយ​ក្រសួង អយក​ និងគាំទ្រ​ដោយ​យូនីសេហ្វ និងដៃគូនៃមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) រួមមានសហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់អភិវឌ្ឍន៍​អន្តរជាតិ (SIDA) និងទីភ្នាក់ងារ​សហរដ្ឋ​អាមេ​រិក​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងភាពជាដៃគូសាកល​សម្រាប់ការអប់រំ (GPE)។

លទ្ធផលដទៃទៀតបានបង្ហាញថា បើទោះជា​សាលារៀននៅទីក្រុង​បានសម្រេចលទ្ធផលល្អជាង​សាលារៀននៅជនបទ​ទាំងក្នុងឆ្នាំ២០១៦ និង២០២១ យ៉ាងណាក្ដី លទ្ធផល​ក៏បានបង្ហាញ​នូវការបាត់បង់​ការរៀនសូត្រ​ក្នុងកម្រិតកាន់តែធ្ងន់ធ្ងរផងដែរ។ លទ្ធផលក៏មានភាពខុសគ្នាយ៉ាងច្បាស់មួយចំពោះភាពធ្ងន់ធ្ងរនៃការបាត់បង់ការរៀនសូត្រ​នៅក្នុងមុខវិជ្ជាស្នូលទាំងពីរនេះ ពោលគឺ​គណិតវិទ្យា និងភាសាខ្មែរ។ លទ្ធផល គណិត​វិទ្យា​មានលក្ខណៈអន់ជាង​លទ្ធផលភាសាខ្មែរគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការពិតថាមុខវិជ្ជាគណិតវិទ្យា តែងតែទាមទារនូវការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់ ក្នុងការរៀនសូត្រក្នុងថ្នាក់ដោយផ្ទាល់ (មិនមែនពីចម្ងាយ) ជាជាងភាសាខ្មែរ ដែលជាកត្តាលំបាកអាចធ្វើបាននៅពេលសាលាបិទទ្វារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់  ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “លទ្ធផលទាំងនេះ​គឺជាលទ្ធផលគួរឱ្យបារម្ភ”។ “យើងបានខិតខំប្រឹងប្រែងធ្វើការងារ​ជាមួយ​ដៃគូទាំងអស់របស់យើង ដើម្បីដាក់ចេញនូវ​វិធានការរៀនសូត្រពីចម្ងាយ នៅពេលសាលារៀនបិទទ្វារក្នុងអំឡុងពេល​នៃជំងឺរាតត្បាត​។ ការសិក្សានានា​ក៏បានបង្ហាញថា វិធានការទាំងនេះ​ពិតជាបានជួយ​រក្សាការរៀនសូត្រ​សម្រាប់​កុមារជាច្រើន ប៉ុន្តែ​លទ្ធផលនៃការវាយតម្លៃលើការរៀនសូត្របាន​បញ្ជាក់ថា សកម្មភាពទាំងនេះ​មិនទាន់គ្រប់គ្រាន់ ដើម្បីមកបង្គ្រប់មកវិញ​ចំពោះ​សកម្មភាពទាំងអស់ ដែលកុមារបានបាត់បង់ នៅពេល​ពួកគេ​មិនបានរៀនសូត្រ​នៅក្នុងថ្នាក់។ ឥលូវនេះ​គឺជាពេលដែល​យើងទាំងអស់គ្នាត្រូវ​ព្យាយាម និងជួយ​កុមារកម្ពុជា​តាមឱ្យទាន់ការរៀនសូត្រ ដែល​ពួកគេ​បានបាត់បង់ ដែលនេះជាដំណើរការមួយ ដែលបានចាប់ផ្ដើមរួចហើយ ប៉ុន្តែ​នៅពេលនេះ វាត្រូវតែ​ពន្លឿនបន្ថែមជាមួយនឹង​ការគាំទ្រ​ពីដៃគូទាំងអស់​នៅក្នុង
វិស័យ​អប់រំ។”

ជាលទ្ធផលពីរបកគំហើញមិនគួរឲ្យពេញចិត្ត ក្រសួង អយក បានរៀបចំ​កិច្ចប្រជុំ​របស់​ក្រុមការងារបច្ចេកទេសរួម​ជាមួយនឹងដៃគូវិស័យអប់រំទាំងអស់របស់ខ្លួន ដើម្បីរៀបចំជំហានបន្ទាប់។ ក្រសួង​ក៏បានចាត់វិធានការចាំបាច់មួយចំនួនដូចជា ការកំណត់ការបង្រៀនមេរៀនបំប៉ននៅពេលសាលារៀន​បើកឡើងវិញភ្លាម ប៉ុន្តែក្រុម​ការងារបច្ចេកទេសបានព្រមព្រៀងថា វិធានការទាំងនេះ​ចាំបាច់​ត្រូវបានពង្រីក និងពង្រឹង ដើម្បីជួយ​សិស្សានុសិស្ស​ឱ្យតាមទាន់ការរៀនសូត្រ ជាមួយការបង្កើន​ការផ្ដោតគោលដៅទៅលើសិស្សានុសិស្ស​នៅក្នុងស្ថានភាពលំបាក​បំផុត ដែលបានបាត់បង់ការរៀនសូត្រច្រើនបំផុត។ យូនីសេហ្វ​បានធ្វើការងារជាមួយ​ដៃគូនានារួមមាន​ ក្រសួង អយក អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAP) អង្គការ VVOB និង​ភាពជាដៃគូ​សាកល​សម្រាប់ការអប់រំ (GPE) ដើម្បីផលិត​កម្រងធនធាន​បោះពុម្ព និងក្រៅអនទ្បាញ(Offline) ដើម្បីគាំទ្រដល់ការរៀនសូត្របំប៉ននេះ។ គ្រូបង្រៀនចំនួនពីរពាន់នាក់​បានទទួលការបណ្ដុះបណ្ដាល​អំពី​ការប្រើប្រាស់​ធនធានទាំងនេះ ប៉ុន្តែជាការចាំបាច់ វាត្រូវមានការណែនាំ​ដល់គ្រូបណ្ដុះបណ្ដាល​ជាច្រើននាក់​បន្ថែមទៀត។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ​ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “នៅក្នុងសកលលោក ការ​បាត់បង់​ការរៀនសូត្រ​ត្រូវបានគេយល់ឃើញថាជា​ផលវិបាកដ៏​អាក្រក់បំផុតមួយ​ក្នុងចំណោម​ផលវិបាកដ៏អាក្រក់បំផុតនានា​ដែលបង្កដោយជំងឺរាតត្បាត ប៉ុន្តែប្រទេសកម្ពុជា គឺជាប្រទេស​មួយ​ក្នុងចំណោមប្រទេសតិចតួច ដែលបានបង្ហាញ​ទំហំនៃការបាត់បង់នេះ​ជាមួយនឹងទិន្នន័យ​ដែលអាចជឿទុកចិត្តបាន។ ខ្ញុំសូមទទួលស្គាល់នូវ​ជំហានដ៏សំខាន់ៗ ដែល​ក្រសួង អយក បានដាក់ចេញ ដើម្បីបង្កើត
ភស្តុតាងយ៉ាងសំខាន់នេះសម្រាប់ផ្ដល់ជាភស្តុតាង និងជាមគ្គុទ្ទេសក៏​ដល់គោលនយោបាយ និងវិធានការចាំបាច់ដើម្បីផ្លាស់ប្ដូរទិសដៅ​នៃនិន្នាការនេះ”។ “កិច្ចការនេះ​រួមមាន​ការបង្កើន​ការផ្ដល់ រយៈពេល និងប្រសិទ្ធភាព​នៃការរៀនសូត្របំប៉ននេះ។ សិស្សានុសិស្ស​គប្បីទទួលបាន​ការគាំទ្រ​ដែលចាំបាច់ ដើម្បីជួយឱ្យ​​ពួកគេតាមទាន់ការអប់រំរបស់ខ្លួន។ យើងក៏ត្រូវតែ​វិនិយោគច្រើនទៀត​លើ​គណិតវិទ្យា និងចំណេះដឹងភាសាខ្មែរនៅថ្នាក់ដំបូងផងដែរ។ សិស្សានុសិស្សក្មេងៗ​ត្រូវការមូលដ្ឋានរឹងមាំ​លើមុខវិជ្ជាស្នូលទាំងនេះ ដើម្បីទទួលបានលទ្ធផលកាន់តែល្អ​នៅថ្នាក់​ក្រោយៗទៀត។ សម្រាប់យូនីសេហ្វ យើងប្តេជ្ញាចិត្ត​ផ្ដល់កិច្ចខិតខំប្រឹងប្រែងអតិបរមា​ជាមួយ​ដៃគូទាំងអស់ ដើម្បីជួយធ្វើឱ្យ​កិច្ចខិតខំប្រឹងប្រែងទាំងនេះសម្រេចបាន។

នៅពេលនេះ ក្រសួង អយក យូនីសេហ្វ និងដៃគូនៃមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) កំពុងធ្វើការងារ​លើ​របាយការណ៍ទាំងមូល​អំពី​ការបាត់បង់ការរៀនសូត្រ និងវិធានការនានាដែលត្រូវតែធ្វើ ដើម្បីដោះស្រាយបញ្ហានេះ។ របាយការណ៍​នេះ​នឹង​ត្រូវបោះពុម្ពនៅ​ចុងខែមីនា ហើយវានឹង​ជួយបង្កើតនូវ​ផែនទីបង្ហាញផ្លូវមួយ ដើម្បីជួយសិស្សានុសិស្ស​ស្ដារឡើងវិញពី​ការបាត់បង់​ការរៀនសូត្រ​ដែលពួកគេបានជួបប្រទះ។

 

ព័ត៌មានបន្ថែមពីលទ្ធផល៖

សាលារៀននៅទីក្រុងបានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រក្នុងកម្រិតខ្ពស់ជាង បើទោះជានៅតែមានលទ្ធផលនាំមុខក៏ដោយ។ ឧទា​ហរណ៍​ ចំនួន​សិស្សានុសិស្ស​ ដែលមិនសម្រេចបាននូវ​ស្តង់ដារកម្រិតមូលដ្ឋាន​ក្នុងមុខវិជ្ជាគណិតវិទ្យា​បានកើនឡើងពី​​ចំនួន ៣០% ទៅ ៦២% ​នៅសាលារៀននៅទីក្រុង ក្នុងខណៈដែលសាលារៀននៅជនបទ មានសិស្សានុសិស្សមិនបានសម្រេចនូវស្តង់ដារទាំងនោះបានកើនទ្បើងពី ៥៤% ទៅ ៧៧%។

សិស្សានុសិស្សកាន់តែច្រើនត្រូវបានរកឃើញធ្លាក់មុខវិជ្ជាគណិតវិទ្យា ជាជាងមុខវិជ្ជាភាសាខ្មែរ។ ​ ចំពោះមុខវិជ្ជាគណិតវិទ្យា មានសិស្សចំនួន ៤៩% បានធ្លាក់កម្រិតស្តង់ដារមូលដ្ឋានក្នុងឆ្នាំ២០១៦ ធៀបនឹង ៧៤% ក្នុងឆ្នាំ២០២១។ សម្រាប់ភាសាខ្មែរ ភាគរយខុសគ្នាគឺមានកម្រិតតិចជាងគឺ ៣៤% មិនបានជាប់កម្រិតស្តង់ដារមូលដ្ឋានក្នុងឆ្នាំ២០១៦ ធៀបនឹង ៤៥% ក្នុងឆ្នាំ២០២១។

កំណត់សម្គាល់សម្រាប់និពន្ធនាយក៖
របាយការណ៍ស្តីពី “ការ​បាត់បង់​ការរៀនសូត្រ” នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ អាចទាញយកពីតំណភ្ជាប់នេះ។  

អំពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)
ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) គឺជាភាពជាដៃគូ​រវាង​ក្រសួងអប់រំ យុវជន និងកីឡានៅកម្ពុជា (ក្រសួង អយក) និងសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (SIDA) ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និង​យូនីសេហ្វ។ តាមរយៈ​យន្តការផ្ដល់មូលនិធិរួម CDPF ផ្ដល់ការគាំទ្រ​ក្នុងការអនុវត្ត​អាទិភាពអភិវឌ្ឍន៍​សមត្ថភាព​នៅក្នុងវិស័យអប់រំ។CDPF ​បាន​ឈានចូលដល់ដំណាក់កាលទីបីរបស់ខ្លួន​នៅឆ្នាំ២០១៨ ដែលនឹងបន្តរហូតដល់​ខែមិថុនា ឆ្នាំ២០២៣ ដោយគាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើមកសាងសមត្ថភាព​នៅក្នុងវិស័យអប់រំ​ជាមួយនឹងមូលនិធិចំនួន​ប្រមាណ ៣៧ លានដុល្លារអាមេរិក។ ដំណាក់កាលថ្មីនេះ​ពង្រឹងបន្ថែមលើ​ភាពជោគជ័យ​នៃដំណាក់កាលចំនួនពីរដំបូង ដែលត្រូវបានអនុវត្ត​ចាប់តាំងពីឆ្នាំ២០១១ ដោយមានមូលនិធិសរុបចំនួន ២៤លានដុល្លារអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ឯកឧត្តមបណ្ឌិត រស់ សុវាចា
    អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីទ្បា
    ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦
    សារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com​​
  • អ្នកស្រី រូឌីណា វ៉ូវ៉ូដា
    ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វ
    ទូរសព្ទ៖ (+៨៥៥) ៩២​ ៥៥៥​ ២៩៤
    សារអេឡិកត្រូនិក៖ rvojvoda@unicef.org
  • លោក មាស ប៊ុនលី
    មន្រ្តីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វ
    ទូរសព្ទ៖ +៨៥៥ ១២ ៧៣៣ ៩០៩ 
    សារអេទ្បិកត្រូនិក៖ bmeas@unicef.org

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វ៖
យូនីសេហ្វកម្ពុជាធ្វើការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/

សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebook