ការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាការថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យ អនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់ឆ្នាំសិក្សា២០២១

- Available in:
- English
- Khmer
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីយូនីសេហ្វ បានប្រកាសចាប់ផ្ដើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។ ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្ដើម ហើយជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមក្នុងសកលលោកនៅឡើយយុទ្ធនាការថ្មីនេះ មានសារៈសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ យុទ្ធនាការក៏មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួនត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេផ្ដល់អាទិភាពដល់ការរៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ។
យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមានបរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជាវីដេអូ ផ្ទាំងរូបភាព ស្ព៉ត់វិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់រំអាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗ សម្រាប់ចែកជូនសាលារៀនជាង ១៦.៥០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចចាប់ផ្ដើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាលត្បាតជាសកលកូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឱ្យនៅតិចបំផុត បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នា ធានាឱ្យមានការរៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន។ ឯកឧត្តមបានបន្តទៀតថា “ឥលូវនេះ ឆ្នាំសិក្សាថ្មីបានចាប់ផ្ដើម ហើយយើងចង់បញ្ជាក់ពីសាររបស់យើងឱ្យបានច្បាស់ថា យើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ។ ពួកគេក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំដែលផ្សព្វផ្សាយក្នុងយុទ្ធនាការនេះ”។
យុទ្ធនាការនេះទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ យុទ្ធនាការនឹងត្រូវអនុវត្តដោយផ្អែកលើជោគជ័យ ដែលទទួលបានពីយុទ្ធនាការដែលក្រសួង និងយូនីសេហ្វបានអនុវត្តកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមកក្នុងគោលបំណងប្រកាសបើកដំណើរការសាលារៀនឡើងវិញ ក្រោយពីបានបិទទ្វារអស់រយៈពេល ៦ខែមក។
លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើនដល់វិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនទ្បាញ ត្រូវបានដាក់ឱ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីទ្បា វានៅតែមិនអាចជំនួសឱ្យការបង្រៀននៅក្នុងថ្នាក់បានទ្បើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារគ្រប់រូប គួរត្រូវបានជំរុញឱ្យត្រលប់ចូលរៀនវិញ ជាមួយនឹងអារម្មណ៍មានសុវត្ថិភាព។ ហេតុដូចនេះ ខ្ញុំសូមស្នើដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងកម្ពុជា នៅក្នុងវិស័យអប់រំដែលបានចាប់ផ្តើមកាលពីជាង១៥ឆ្នាំមុន ដោយបានចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាតិ ក្នុងគោលបំណងធានាថាកុមារកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព។ លោកជំទាវបានបញ្ចប់មតិរបស់ខ្លួនថា៖ “ការអប់រំគឺជា សិទ្ធិជាមូលដ្ឋាន និងចាំបាច់ ដើម្បីធានាឱ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន។”
លោកស្រី អាលីស អលប៊្រៃធ៍ នាយិកាប្រតិបត្តិនៃភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតបាននឹងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់កុមារក្នុងការនៅបន្តការរៀនសូត្រ។ ស្របពេលដែលការសិក្សាពីចម្ងាយត្រូវបានផ្តល់ឱ្យសិស្សសម្រាប់បន្តការរៀនសូត្រ វានៅតែមិនមែនជាមធ្យោបាយជំនួសឱ្យការប្រាស្រ័យទាក់ទងគ្នារវាងសិស្ស និងគ្រូនៅក្នុងថ្នាក់រៀនទ្បើយ។ ការគាំទ្ររបស់ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពដើម្បីឱ្យកុមារអាចការពារខ្លួនបានពីការឆ្លងជំងឺកូវីដ-១៩ នៅពេលពួកគេត្រលប់ចូលរៀនវិញនៅសាលា។”
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាល ក៏ដូចជាកុមារ និងយុវជន។ រាល់សម្ភារផ្សព្វផ្សាយសុទ្ធតែមានលក្ខណៈ
បរិយាបន្ន ដោយមានការបកប្រែជាភាសាជនជាតិដើមភាគតិចចំនួនបួនភាសា។ ការផ្សព្វផ្សាយ នឹងត្រូវធ្វើទ្បើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការផ្ញើសារឱ្យចំមនុស្សគោលដៅដូចជាប្រើកម្មវិធី Whatsapp Telegram និង Facebook Messenger ជាដើម។ យូនីសេហ្វ នឹងផ្ដល់សម្ភារផ្សព្វផ្សាយទាំងនេះទៅដល់ដៃគូ ដែលកំពុងបំពេញការងារក្នុងវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យដៃគូអាចយកទៅប្រើប្រាស់ និងកែសម្រួលទៅតាមភាពសមស្រប ដើម្បីធានាឱ្យមានការទទួលសម្រេចបានលទ្ធផលជាអតិបរមានៅទូទាំងប្រទេស។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “កុមារកម្ពុជា ទទួលរងនូវការរំខានធ្ងន់ធ្ងរចំពោះការអប់រំរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់បានខកខានពុំបានរៀនសូត្រនោះឡើយ។ ខណៈពេលយើងឈានមកដល់ឆ្នាំ២០២១ និងកំពុងគិតគូរជាថ្មីអំពីពិភពលោកក្រោយមានជំងឺរាតត្បាត វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើការងាររួមគ្នា ដើម្បីឱ្យសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងត្រូវបញ្ចៀសកុំឱ្យមានវិបត្តិការអប់រំ។ យើងជឿជាក់ថា យុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ព្រមទាំងបង្កើនទំនុកចិត្តលើសុវត្ថិភាពនៅក្នុងសាលារៀន និងគូសបញ្ជាក់ជាថ្មីពីគុណតម្លៃនៃការអប់រំ សម្រាប់កុមារកម្ពុជាគ្រប់រូប”។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Melon Rouge Agency ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ។ រាល់សម្ភារផ្សព្វផ្សាយដែលប្រើប្រាស់ក្នុងយុទ្ធនាការនេះ អាចរកបានតាមរយៈបណ្តាញសង្គម ក្រសួងអប់រំ យុវជន និងកីទ្បា
និងវេបសាយយូនីសេហ្វកម្ពុជា។
កំណត់សម្គាល់សម្រាប់និពន្ធនាយក៖
អំពីសហភាពអឺរ៉ុប៖
សហភាពអឺរ៉ុប គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយនៃបណ្តាប្រទេសអឺរ៉ុបចំនួន២៧។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់កម្ពុជា ហើយរួមជាមួយនឹងរដ្ឋជាសមាជិករបស់ខ្លួន ក៏ជាដៃគូអភិវឌ្ឍន៍ដ៏ធំជាងគេ ក្នុងចំណោមដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសកម្ពុជា។ អស់ជាច្រើនឆ្នាំមកហើយ សហភាពអឺរ៉ុប បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងចូលរួមចំណែកគាំទ្រដល់ការងារអភិវឌ្ឍន៍ របស់ប្រទេស ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ កម្មវិធីរបស់សហភាពអឺរ៉ុប កំពុងអនុវត្តនៅក្នុងវិស័យមួយចំនួនដូចជា វិស័យអប់រំ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ច សិទ្ធិមនុស្សការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន និងបម្រែបម្រួលអាកាសធាតុ។ ប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងភ្នំពេញ គឺជាតំណាងនៃសហភាពអឺរ៉ុបក្នុងកិច្ចការទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល កម្ពុជាសម្រាប់គ្រប់ កិច្ចការនៅក្នុងយុត្តាធិការរបស់សហភាពអឺរ៉ុប។ សូមតាមដានព័ត៌មានអំពីប្រតិភូសហភាពអឺរ៉ុប តាមរយៈទំព័រ Facebook។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន កីទ្បា
ទូរសព្ទ៖ +៨៥៥ ៧៨ ៧៥៥ ៥៥៦ ឬសារអេទ្បិកត្រូនិក៖ soveacha2002@yahoo.com - អ្នកស្រី ប៉ុក ពូន មន្ត្រីព័ត៌មាន ប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ៖ (+៨៥៥) ១២ ៣៤៧ ៧១៦ ឬសារអេឡិកត្រូនិក៖ Pok.POUN@eeas.europa.eu
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
មាតិកាពហុព័ត៌មាន
About UNICEF
UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.
For more information about UNICEF and its work for children, visit www.unicef.org.