ការប្រកាសចាប់ផ្តើមគម្រោង “សាសនាចម្រុះរបស់សកលលោកដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩”

ជំនឿ និងការផ្លាស់ប្តូរវិជ្ជមានសម្រាប់កុមារ គ្រួសារ និងសហគមន៍

10 មេសា 2020

សេចក្ដីប្រកាស​រួមគ្នា​រវាងយូនីសេហ្វ និងអង្គការ​សាសនាដើម្បីសន្តិភាព

ទីក្រុងញូវយ៉ក ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២០ – ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បាននាំ​មក​ឱ្យយើងនូវ​បញ្ហា​ប្រឈមជា​សកល ដែលពុំធ្លាប់មានកន្លងមក ហើយដែលកំពុង​បង្កផលប៉ះពាល់ដល់គ្រប់សហគមន៍ក្នុងគ្រប់ប្រជាជាតិទាំងអស់ ក្នុងពិភព​លោក។ ការរាតត្បាតជាសកលកំពុងធ្វើឱ្យ​ប្រព័ន្ធការងារ​ ប្រព័ន្ធអប់រំ ប្រព័ន្ធហិរញ្ញវត្ថុ និង​ទម្លាប់​តាមផ្ទះ ត្រូវផ្អាកមួយរយៈ ដែលបង្កផលប៉ះពាល់ដល់​ស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃ​ជីវិត​របស់មនុស្ស។

ខណៈពេលដែល​ការរាតត្បាត​ជាសកលបន្ត​ធ្វើឱ្យមានករណីឈឺ ក្នុងស្ថានភាពធ្ងន់ធ្ងរ​ហួសពីអ្វីដែល​គេអាច​​ស្រមៃឃើញបាន និងបង្កើនចំនួន​ករណីបាត់បង់ជីវិត​ យើងទាំងអស់គ្នាសុទ្ធតែ​បានដឹង​ច្បាស់​ពី​ការកើនឡើង​នូវ​ភាព​ងាយរងគ្រោះរបស់កុមារ​ គ្រួសារ និង​ជាពិសេស ក្មេងស្រី។ កុមារ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ពាក់ព័ន្ធនឹង​សុខភាព និង​សុវត្ថិភាពរបស់ពួកគេ៖ ការបិទសាលារៀន, បញ្ហា​តានតឹងអារម្មណ៍ក្នុងកម្រិតខ្ពស់, ការកើនឡើង​នូវ​ហានិភ័យប្រឈមនឹង​អំពើហិង្សា និងការ​កើនឡើងនូវ​បញ្ហា​អសន្តិសុខស្បៀង។ យើងក៏កំពុងមើលឃើញ​ការ​កើនឡើង​នូវ​ចំនួនកុមារកំព្រា និងករណី​ជំងឺផ្សេងទៀត ដែលកើតឡើងដោយសារ​ការ​អាក់ខាននៃ​ការ​ផ្ដល់    សេវា​វ៉ាក់សាំង​ផងដែរ។ លើសពីនេះ យើងក៏កំពុង​មើលឃើញពី​ការ​កើនឡើង​នូវ​តម្រូវការ​ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារ សម្រាប់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ និង​កាន់តែ​ជួបការលំបាក ដោយសារតែពួកគេបាត់​បង់ប្រាក់ចំណូល។

ថ្ងៃនេះ​ ខណៈពេលដែល​មនុស្សជាច្រើនកំពុងព្រៀមគោរព​បូជាតាមជំនឿសាសនារៀងៗខ្លួន (ដូចជា ពិធីបុណ្យ Passover, Easter, រ៉ាម៉ាដាន់ និង Vaisakhi (Vesak) និង Ridván), អង្គការ​សាសនាដើម្បីសន្តិភាព (RfP) និងមូលនិធិសហប្រជាជាតិដើម្បីកុមារ កំពុង​រួមគ្នា​ប្រកាសដាក់​ឱ្យអនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​សកលមួយ​ ដែល​មានឈ្មោះថា គំនិត​ផ្ដួចផ្ដើមជំនឿសាសនាចម្រុះ ដើម្បីប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ (Multi-Religious Faith-in-Action Covid-19 Initiative) ក្នុងគោលបំណង​បង្កើនការយល់ដឹងអំពី​ផលប៉ះពាល់ដែលការរាតត្បាត​ជា​សកលនេះកំពុងមានមកលើប្រជាពលរដ្ឋវ័យក្មេង​បំផុតរបស់ពិភព​លោក។

គំនិត​ផ្ដួចផ្ដើមនេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់​ និងពិសេស​របស់​អ្នកដឹកនាំសាសនា និងតួអង្គសាសនា ក្នុងការមានឥទ្ធិពលលើគុណតម្លៃ ឥរិយាបថ អកប្បកិរិយា និងសកម្មភាព​ដេល​ប៉ះពាល់ការអភិវឌ្ឍ និងសុខុមាល​ភាព​របស់កុមារ​នៅក្នុងពិភព​លោក។ ការសម្របសម្រួលគំនិត​ផ្ដួចផ្ដើមនេះ នឹង​ធ្វើឡើងដោយភាពជាដៃគូសកលស្ដីពីជំនឿសាសនា និងការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់កុមារ គ្រួសារ និងសហគមន៍ ដែល​មានការចូលរួមពី​ក្រុមប្រឹក្សា​សាសនាដើម្បី​សន្តិភាពអន្តរសាសនា​ ដែលមាន​សមាសភាព​ជាថ្នាក់ដឹក​នាំជាន់ខ្ពស់នៃ​ក្រុមជំនឿសាសនា និង​​ប្រពៃណី​របស់ពិភព​លោក ដូចជា - សាសនាបាហៃ, ព្រះពុទ្ធសាសនា, គ្រិស្ដសាសនា, សាសនាហិនឌូ, សាសនា​​អ៊ិស្លាម, សាសនាជែន (Jain), សាសនាជេហ្វីស (Jewish), សាសនាស៊ីក (Sikh), សាសនាហ្សូរ៉ូសស្ទ្រៀន (Zoroastrian) និងក្រុមអ្នកកាន់សាសនា​ជនជាតិដើមភាគតិច។ គំនិតផ្ដួចផ្ដើមនេះក៏មានការ​ចូលរួមពី​បណ្ដាញយុវជន និងស្ត្រីដែល​មកពីសាសនា​ចម្រុះ ដោយមានការ​សហការ​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើមរៀនសូត្ររួម គ្នានៃសហគមន៍សាសនា​មូលដ្ឋាន (JLI) រួមនឹង​សមាជិកនៃអង្គការសាសនាអន្តរជាតិផងដែរ។

បច្ចុប្បន្ននេះ ភាពជាដៃគូ​សកលនេះបាន​ប្ដេជ្ញា​ពង្រឹងសកម្មភាព​អន្តរសាសនា និងការកៀរគរសហគមន៍​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការរាតត្បាត​ជាសកលនៃជំងឺកូវីដ-១៩។ គំនិត​ផ្ដួចផ្ដើម​សកល​សាសនា​ចម្រុះប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ អំពាវនាវឱ្យសហគមន៍ទាំងអស់ក្នុងសកលលោក​ រួមគ្នាជាមួយនឹង​រដ្ឋាភិបាល ស្ថាប័ន​អង្គការ​សហប្រជាជាតិ និងអង្គការសង្គមស៊ីវិលពួតកម្លាំងគ្នា​ដើម្បី៖                                        

កែសម្រួល

...ការជួបជុំសាសនា ការប្រារព្ធពិធីបុណ្យ និងការ​ផ្ដល់សេវា​នានា​ឱ្យស្របតាម​សេចក្ដីថ្លែងការណ៍ជា​សកល​​នៃសម្ព័ន្ធ RfP-ACT និងសេចក្ដីណែនាំ​របស់អង្គការសុខភាព​ពិភព​លោកស្ដីពីការ​ប្រមូលផ្ដុំ​ជួបជុំគ្នា​ជាទ្រង់​ទ្រាយធំ សម្រាប់​ប្រារព្ធពិធីសាសនា ពិធី​បញ្ចុះសព និង​ការ​ប្រារព្ធពិធីបុណ្យផ្សេងៗ ដើម្បី៖

គោរពតាមការ​ណែនាំរបស់​អាជ្ញាសុខាភិបាល​អន្តរជាតិ និងអាជ្ញាធរសុខាភិបាលជាតិស្ដីពីការ​ជួបប្រជុំគ្នាជាសាធារណៈ ការរក្សា​គម្លាត​ពីគ្នា និង​ការណែនាំផ្សេងទៀត​ ដែលមានសារៈសំខាន់ផ្នែកសុខភាព​សាធារណៈ ពាក់ព័ន្ធនឹង​ការ​ជួបជុំគ្នា និងការប្រារព្ធពិធីសាសនា​តាមសហគមន៍ ដូចជា ពិធីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធី​សាសានាក្រោយ​ពេលសម្រាលកូន ដើម្បី​រក្សា​សុខភាព​ និងសុវត្ថិភាពរបស់អ្នកគោរពជំនឿសាសនា ហើយក្នុងពេលជាមួយគ្នា រិះរក​ជម្រើស​ផ្សេងទៀត ដើម្បីឱ្យមានការ​បន្ត​គោរព​ជំនឿសាសនា។

លើកកម្ពស់   

...ពង្រឹង​ការ​យកចិត្តទុកដាក់លើ​ការធ្វើអនាម័យខ្លួនប្រាណ និង​អនាម័យបរិស្ថាន ស្រប​តាម​ការ​បង្ហាត់​បង្រៀនផ្នែកសាសនា និង​អត្ថបទ​ប្រៀនប្រដៅរបស់សាសនា ដែល​ចាត់ទុកភាពស្អាតថាជាធាតុផ្សំមួយនៃការគោរពបូជាសាសនា។

...ស្ដាប់កុមារ និងគ្រួសារ តាមរយៈការរៀបចំ​កន្លែង​សន្ទនាគ្នា​តាមប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធផ្សព្វ​ផ្សាយ និង​ក្នុងករណីមានការអនុញ្ញាត សន្ទនាតាមផ្ទះ និង​ក្នុងវេទិកា​ក្រុមតូច (ដោយមានការ​រក្សា​គម្លាត​ពីគ្នា)។

...កិច្ចពិគ្រោះ​យោបល់អន្តរជំនាន់ ដើម្បីផ្ដល់សំឡេង​ឱ្យ​ក្មេង​ស្រី ក្មេង​ប្រុស រួមគ្នានឹង​មាតាបិតា និងសហគមន៍ ដម្បីស្វែងរកដំណោះស្រាយ​ចំពោះបញ្ហា​ជុំវិញការឆ្លងរាលដាលនៃជំងឺនេះ។

...សំឡេងសាសនា​ និង​ជំរុញ​ឱ្យមានការ​ចូលរួមពីសហគមន៍ទូទៅ ដើម្បីផ្ដល់ព័ត៌មាន​ដល់ការឆ្លើយតប​នៅ​ក្នុងមូលដ្ឋាន ព្រមទាំង​ការ​តាក់តែង​គោល​នយោបាយ និង​ការរៀបចំ​កម្មវិធីនៅថ្នាក់ជាតិ។

ប្រយុទ្ធប្រឆាំង

...រាល់ទម្រង់ទាំងអស់នៃការមាក់ងាយ និងការរើសអើងដែលពាក់ព័ន្ធនឹង​ការ​ចម្លងជំងឺនេះ ដោយមានការ​ផ្សព្វផ្សាយ​ឱ្យបានសកម្មអំពីអាកប្បកិរិយា និងឥរិយាបថ ដែលត្រូវ​ធ្វើដើម្បីគោរព​សេចក្ដីថ្លៃថ្នូរ និង​សិទ្ធិរបស់មនុស្សគ្រប់រូប។

ផ្ដល់

...ការចូលរួម​ឱ្យបានសកម្មពីបណ្ដាញសហគមន៍សាសនា រាប់បញ្ចូល​ទាំងស្ត្រី​ និងយុវជន​ដែលកំពុង​គោរព​ជំនឿសាសនា     ដោយសហការជាមួយនឹង​រចនាសម្ព័ន្ធអភិបាលកិច្ចមូលដ្ឋាន   ដើម្បី​ផ្ដល់សេវា​ស្ម័គ្រចិត្ត      ​ផ្សេងៗ ដូចជា៖

ការផ្ដល់ការថែទាំ និងផ្ដល់ការគាំទ្រ​ផ្នែកសតិអារម្មណ៍ និងផ្លូវចិត្ត​ដល់ឪពុកម្ដាយ កុមារ និង​ចាស់ជរា និងអ្នក​ដែល​ជួបប្រទះនឹងការរំខាននឹង​បញ្ហា​តាមដាននានា​ ដើម្បីផ្ដល់នូវប្រភពគាំទ្រ​សន្តិភាព​ ភាព​កក់ក្ដៅ និង​ក្ដី     សង្ឃឹម។ ​​

ផ្ដល់ការណែនាំអំពី​ការចិញ្ចឹមបីបាច់កូន​តាមបែបវិជ្ជមាន សមស្រប​តាមអាយុ និងឆ្លើយតបចំពោះយេនឌ័រ និង​គាំទ្រ​ដល់​គ្រួសារ​ពាក់ព័ន្ធនឹង​សុខភាព ការអភិវឌ្ឍ ការការពារ និងសុខុមាលភាព​សង្គម និង​ផ្លូវចិត្ត​ដល់កុមារ​ និងយុវជន ជាពិសេស ​អ្នកដែលមកពី​គ្រួសារ​មានចំណូលទាប អ្នកដែលងាយរងគ្រោះជាងគេ និងអ្នកដែលពិបាកទៅដល់ជាងគេ។

ធ្វើការអប់រំផ្សព្វផ្សាយ និងជំរុញឱ្យមានការចូលរួមពីយុវជន​ ដូចជា សូមឱ្យពួកគេផ្ដល់ការគាំទ្រ​ តាមរយៈការ​ប្រើប្រាស់​បច្ចេកវិទ្យា និងបណ្ដាញទំនាក់ទំនង​សង្គម ជាលក្ខណៈជាប្រព័ន្ធ ជាវេទិកាទំនាក់ទំនង​ជាមួយនឹង​សហគមន៍ក្នុងអំឡុងពេល​ដែលត្រូវ​រក្សា​គម្លាត​ពីគ្នា និងរយៈពេល​បន្តបន្ទាប់ទៀត។

យើងរួបរួមគ្នាប្រកបដោយក្ដីសង្ឃឹម និង​សាមគ្គីភាពអន្តរសាសនាជាសកល ដើម្បីភាពរស់រាន ការការពារ និងការអភិវឌ្ឍកុមារ គ្រួសារ និងសហគមន៍របស់យើង។


###

កំណត់សម្គាល់​សម្រាប់និពន្ធនាយក៖

នៅកម្ពុជា យូនីសេហ្វកំពុងធ្វើការងារជាមួយនឹងក្រសួង​ធម្មការ និងសាសនា ដើម្បី​បង្កើនការយល់ដឹង​អំពីជំងឺកូវីដ-១៩។ សារវីដេអូពីព្រះសង្ឃជាន់ខ្ពស់នៅក្នុងប្រទេស​ ត្រូវ​បានផលិតឡើង និង​កំពុងផ្សព្វផ្សាយតាមវត្តអារាម និងតាមប៉ុសិ៍្តទូរទស្សន៍ជាច្រើន។ គណៈសង្ឃក៏កំពុង​ចែងចាយ​ឯកសារ​អប់រំផ្សព្វផ្សាយអំពីហានិភ័យតាមវត្តអារាមនានា​ក្នុងរាជធានីខេត្តទាំង​២៥ ទីរួមខេត្ត និង​ស្រុកដែលជា​តំបន់​ក្ដៅមួយចំនួន។

នេះជាសេចក្ដីប្រកាសរួមគ្នា ដែលចេញដោយនាយកប្រតិបត្តិយូនីសេហ្វ Henrietta Fore និង​សាសនាដើម្បីសន្តិភាព ដែលមានសមាសភាពដូចជា៖

អ្នកសម្របសម្រួលអង្គការសាសនា​ដើម្បីសន្តិភាព៖

បណ្ឌិត Vinu Aram
ប្រធាន Shanti Ashram
សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

Rev. Kosho Niwano
ប្រធានជាប់ឆ្នោត​, Rissho Kosei-Kai
សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

ឯកឧត្តម Shaykh Abdallah bin Bayyah
ប្រធានវេទិកាដើម្បី​សន្តិភាពក្នុងសង្គមមូស្លីម, ទីក្រុង Abu Dhabi
សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

ឯកឧត្តម Metropolitan Emmanuel
ទីក្រុង Metropolitan នៃប្រទេស, Ecumenical Patriarchate
សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

 

រួមនឹង​ថ្នាក់ដឹកនាំ​អង្គការ​សាសនាដើម្បីសន្តិភាព ដូចខាងក្រោម៖

លោកស្រី Bani Dugal, តំណាង​ប្រចាំអង្គការ​សហប្រជាជាតិនៃសហគមន៍អន្តរជាតិបាហៃ, សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

លោក Homi Gandhi, ប្រធាន, សហព័ន្ធ សមាគមអ្នកកាន់សាសនាហ្សូរ៉ូសស្ទ្រៀន (Zoroastrian) នៃអាមេរិកខាងជើង, សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

The Most Rev. Antje Jackelen, Archbishop of Uppsala, Primate of Sweden, ព្រះវិហារនៃប្រទេស    ស៊ុយអ៊ែត, សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

ឯកឧត្តម Sheikh Shaban Ramadhan Mubaje, Grand Mufti, ប្រទេសអូហ្កាន់ដា, សហអ្នកសម្របសម្រួលក្រុមប្រឹក្សា​អាហ្វ្រិកនៃមេដឹកនាំសាសនា, អង្គការសាសនាដើម្បីសន្តិភាព

ឯកឧត្តម John Cardinal Onaiyekan, Archbishop Emeritus of Abuja, នីហ្ស៊េរីយ៉ា, ប្រធានកិត្តិ​យស    អង្គការ​សាសនាដើម្បីសន្តិភាព

លោកស្រី Aruna Oswal, អនុប្រធានសហភាព​ពិភព​លោកនៃសាសនាជែន (Jain), សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

Grand-Father Dominique Rankin, Algonquin Hereditary Grand Chief; សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

Chief Rabbi David Rosen, KSG CBE, ប្រធាន​អន្តរជាតិទទួលបន្ទុកកិច្ចការ​អន្តរសាសនា, គណៈកម្មាធិការជេហ្វីស (Jewish) អាមេរិកាំង, សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

Bhai Sahib Mohinder Singh, OBE KSG, ប្រធាន, Guru Nanak Nishkam Sewak Jatha; សហអ្នក​សម្របសម្រួលសាសនាដើម្បី​សន្តិភាព

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីអង្គការយូនីសេហ្វ

អង្គការយូនីសេហ្វ​​ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធ្វើការនៅក្នុងប្រទេស និងទឹកដីចំនួន 190 ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនោះទៅជាសកម្មភាពជាក់ស្តែង​ ដោយផ្ដោតលើកិច្ចខិតខំប្រឹងប្រែងពិសេសចំពោះកុមារងាយរងគ្រោះបំផុត និងកុមារដែលមិនត្រូវបានគេរាប់បញ្ចូល​ ដើម្បីជាប្រយោជន៍ចំពោះកុមារទាំងអស់នៅគ្រប់ទីកន្លែង។

សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់យើងសម្រាប់កុមារ សូមទស្សនាគេហទំព័រ www.unicef.org

តាមដាន​ព័ត៌មាន​ និងដំណឹងផ្សេងៗពីយូនីសេហ្វ​​ លើ Twitter និង Facebook