កម្មវិធីផ្ដល់អាហារតាមសាលារៀននៅកម្ពុជា ចាប់ផ្ដើមសាជាថ្មី ក្រោយអាក់ខានមួយរយៈដោយសារជំងឺកូវីដ១៩

08 កុម្ភៈ 2021
UNICEF Cambodia/2020/Antoine Raab
UNICEF Cambodia/2020/Antoine Raab

ប្រទេសកម្ពុជា ថ្ងៃទៅ០៨ ខែកុម្ភៈ ឆ្នាំ២០២១៖ នៅទូទាំងសកលលោក ការផ្ដល់អាហារនៅតាមសាលារៀនប្រមាណជាង ៣៩ ប៊ីលានដង ត្រូវបានអាក់ខាន ចាប់តាំងពីមានការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ ព្រោះសាលារៀនត្រូវបិទទ្វារ នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ ការិយាល័យស្រាវជ្រាវ Innocenti របស់យូនីសេហ្វ  និងកម្មវិធីស្បៀងអាហារពិភពលោក។ របាយការណ៍ក្រោមចំណងជើងថាកូវីដ១៩ : ការខកខានលើសពីការមិនបានរៀនក្នុងថ្នាក់ ក៏បានកត់សម្គាល់ផងដែរថា កុមារ ៣៧០ លាននាក់នៅលើសកលលោក ដែលភាគច្រើនពឹងអាស្រ័យលើអាហារផ្ដល់នៅតាមសាលារៀនសម្រាប់ជាប្រភព
អាហារូបត្ថម្ភដ៏សំខាន់ប្រចាំថ្ងៃរបស់ពួកគេ គិតជាមធ្យម បានខកខាន​ពុំបានទទួលអាហារ ៤០% នៃចំនួនអាហារដែលផ្ដល់ឱ្យពួកគេនៅសាលារៀន  ដោយសារតែកត្តារារាំងបង្កដោយជំងឺកូវីដ១៩ ដែលនាំឱ្យមានការបិទសាលារៀន។

នៅកម្ពុជា កុមារប្រមាណ ២៨ម៉ឺននាក់ ដែលរៀននៅសាលាចំនួន ១.១១៣ កន្លែង នៅក្នុងខេត្តចំនួន ១០ ខកខាន​ពុំបានទទួលអាហារប្រកបដោយអាហារូបត្ថម្ភ ដែលផ្ដល់ដោយមិនគិតថ្លៃឱ្យពួកគេនៅសាលារៀន ក្នុងអំឡុងពេលមានការបិទសាលានៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ទិន្នន័យបានពីការវាយតម្លៃរួមគ្នាលើតម្រូវការអប់រំ ក្នុងអំឡុងពេលមានកូវីដ​១៩ នៅកម្ពុជាក្នុងឆ្នាំ២០២០ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា និងក្រុមការងារវិស័យអប់រំ បានបង្ហាញថា បច្ចុប្បន្ននេះ កុមារ ៤០% ញុំាអាហារប្រចាំថ្ងៃក្នុងបរិមាណតិចជាងមុន បើធៀបនឹងមុនពេលមានការឆ្លងរាលដាលនៃជំងឺនេះ។ ក្នុងចំណោមកុមារទាំងនេះ មានជាង ៥០% មកពីគ្រួសារមានជីវភាពក្រីក្រ និងជាអ្នកពឹងផ្អែកលើប្រព័ន្ធគាំពារសង្គម។

ការសិក្សាវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩ នៅកម្ពុជា របស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញផងដែរថា បើទោះជាភាពអាចមាន ឬរកបានស្បៀងពុំបានទទួលរងផលប៉ះពាល់ធំដុំក៏ដោយ ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានកាលៈទេសៈសេដ្ឋកិច្ចបង្ខំឱ្យប្រើប្រាស់យុទ្ធស្រាស្រ្តទប់ទល់ផ្សេងៗ  ដូចជាខ្ចីអាហារពីអ្នកដទៃ កាត់បន្ថយបរិមាណអាហារបរិភោគ និងពឹងអាស្រ័យខ្លាំងជាងមុនលើជម្រើសអាហារមានតម្លៃថោក និងមិនសូវមានអាហារូបត្ថម្ភ។ ជាភ័ព្វសំណាង កម្មវិធីផ្ដល់អាហារតាមសាលារៀន បានចាប់ផ្ដើមដំណើរការឡើងវិញ ទន្ទឹមពេលដែលសាលារៀននៅកម្ពុជាបានបើកដំណើរការជាថ្មី កាលពីដើមខែនេះ ដោយកម្មវិធីនេះនឹងត្រូវចាប់ផ្ដើមជាដំណាក់កាលៗ នៅគ្រប់សាលារៀនទាំងអស់ ដែលកំពុង     អនុវត្តកម្មវិធីផ្ដល់អាហារ ក្រោមការគាំទ្រពីរាជរដ្ឋាបាល និងកម្មវិធីស្បៀងអាហារពិភពលោក នៅត្រឹមខែមីនា ឆ្នាំ២០២១ ។

យូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោក ស្វាគមន៍ចំពោះការចាប់ផ្ដើមដំណើរការកម្មវិធីផ្ដល់អាហារសាលារៀនជាថ្មី ស្របពេលនឹងការបើកដំណើរការសាលារៀនឡើងវិញ  ។

លោកស្រី ក្លែរ ខូណាន់ តំណាង និងជានាយិកាអង្គការស្បៀងអាហារពិភពលោក បានកត់សម្គាល់ថា“កម្មវិធីសុខភាព និងអាហារូបត្ថម្ភ ដែលអនុវត្តនៅតាមសាលារៀន បានកាត់បន្ថយភាពអត់ឃ្លាន និងជាការលើកទឹកចិត្តដ៏មានឥទ្ធិពល ដើម្បីឱ្យកុមារវិលត្រឡប់មកសាលារៀនវិញ។ កម្មវិធីនេះកាន់តែមានលក្ខណៈពិសេសទៅទៀត សម្រាប់កុមារងាយរងគ្រោះ ដែលភាគច្រើនពឹងអាស្រ័យលើអាហារដែលផ្ដល់នៅតាមសាលារៀន និងមានជម្រើសសិក្សានៅផ្ទះតិចតួច ” ។

លោកស្រី ហ្វ័រូហ្គ​​ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “បច្ចុប្បន្ន សាលារៀនបើកដំណើរការជាថ្មី ដូច្នេះវាជាការសំខាន់ណាស់ ដែលកម្មវិធីគាំទ្រអាហារូបត្ថម្ភនៅតាមសាលារៀន ត្រូវបានដំណើរការឡើងវិញផងដែរ។ ខណៈដែលការអនុវត្តវិធានការកាត់បន្ថយហានិភ័យជំងឺកូវីដ១៩ គួរតែ​នៅបន្តធ្វើ សាលារៀនជាកន្លែងផ្ដល់នូវឱកាសប្រសើរបំផុតសម្រាប់ជួយដល់កុមារ ជាពិសេសកុមារតូចៗ ដើម្បីឱ្យពួកគេមានទម្លាប់ញ៉ាំអាហារ ដែលជួយទ្រទ្រង់សុខភាពឱ្យបានមាំមួន ដែលទម្លាប់បែបនេះអាចនៅជាមួយពួកគេពេញមួយជីវិត។ ការអប់រំអំពីអាហារូបត្ថម្ភ និងការផ្ដល់អាហារនៅតាមសាលារៀន  គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីជួយឱ្យកុមារមានសុខភាពមាំមួន និងរៀនសូត្រកាន់តែពូកែ”​។

កម្មវិធីស្បៀងអាហារពិភពលោក បាននឹងកំពុងគាំទ្រដល់រដ្ឋាភិបាលនៅទូទាំងសកលលោក ក្នុងការកែសម្រួលការ​អនុវត្តកម្មវិធីផ្ដល់អាហារតាមសាលរៀន ក្នុងអំឡុងពេលដែលសាលារៀនត្រូវបិទទ្វារបង្កដោយការឆ្លងរាតត្បាតជាសកលនេះ។ នៅកម្ពុជា កម្មវិធីស្បៀងអាហារពិភពលោកបានសហការជាដៃគូជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តផ្ដល់ការឧបត្ថម្ភដល់សិស្សានុសិស្សមកពីគ្រួសារមានជីវភាពក្រីក្រជាងគេចំនួន ៩ម៉ឺនគ្រួសារ តាមរយៈការផ្ដល់របបអាហារសម្រាប់ឱ្យពួកគេយកទៅផ្ទះ ក្នុងអំឡុងពេលដែលសាលារៀនបិទទ្វារ ។ យូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោក ក៏បានសហការជាមួយក្រសួង ក្នុងការបើកដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព តាមរយៈការផ្សព្វផ្សាយសារអប់រំអាហារូបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ។

យូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោក កំពុងជំរុញឱ្យរដ្ឋាភិបាលទូទាំងសកលលោកបើកដំណើរការ និងបន្តបើកសាលារៀន ដោយមានការអនុវត្តវិធានការការពារពីជំងឺកូវីដ១៩ឱ្យបានសមស្រប ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ ហើយក្នុងពេលជាមួយគ្នាធានាឱ្យមានការឆ្លើយតបចំពោះតម្រូវការសុខភាព តម្រូវការអាហារ និងតម្រូវការអាហារូបត្ថម្ភរបស់កុមារ តាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភ នៅក្នុងសាលារៀនដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព។

 

###

 

អំពីកម្មវិធីស្បៀងអាហារពិភពលោក

កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ធំជាងគេរបស់ពិភពលោក ដែលបាននឹងជួយសង្គ្រោះជីវិតក្នុងស្ថានភាពបន្ទាន់ កសាងវិបុលភាព និងគាំទ្រដល់អនាគតប្រកប​ដោយ
ចីរភាព សម្រាប់ប្រជាពលរដ្ឋដែលទើបងើបចេញពីជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អ្នកស្រី ជា​ ជូ មន្រ្តី​ទំនាក់ទំនង កម្មវិធីស្បៀងអាហារពិភពលោក

ទូរសព្ទ៖ +៨៥៥ ១៧​ ៥៦៥ ២៨៣
សារអេទ្បិកត្រូនិក៖ chou.chea@wfp.org

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

About UNICEF

UNICEF promotes the rights and wellbeing of every child, in everything we do. Together with our partners, we work in 190 countries and territories to translate that commitment into practical action, focusing special effort on reaching the most vulnerable and excluded children, to the benefit of all children, everywhere.

For more information about UNICEF and its work for children, visit www.unicef.org.

Follow UNICEF on Twitter and Facebook