យូនីសេហ្វផ្តល់ឱសថប្រឆាំងមេរោគដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

17 សីហា 2022
© UNICE Cambodia/2022/Bunsak But
UNICE Cambodia/2022/Bunsak But

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​ ២០២២ ថ្ងៃនេះឱសថប្រឆាំងមេរោគ Molnupiravir ចំនួន ៨២៦.៥៦០ គ្រាប់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ-១៩​ ត្រូវបានយូនីសេហ្វដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ឱសថ​ដ៏កម្រនេះ​នឹង​គាំទ្រ​ក្រសួង​សុខាភិបាល​កម្ពុជា​បន្ថែម​ទៀតដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។

ការផ្គត់ផ្គង់ឱសថ Molnupiravir គ្រប់គ្រាន់សម្រាប់ព្យាបាលមនុស្សចំនួន ២០.៦៦៤ នាក់ ដែលឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ឱសថទាំងនេះបានមកដល់កម្ពុជាក្រោមជំនួយពីយន្តការផ្គត់ផ្គង់បរិក្ខារ ហិរញ្ញប្បទាននៃយូនីសេហ្វ (ACT-A Supplies Facility (“ACT-A SFF”) ដោយមានការចូលរួមចំណែកថវិកាពី
រដ្ឋាភិបាលកាណាដា ។ ACT-A SFF ជាមូលនិធិរបស់យូនីសេហ្វ មានគោលដៅគាំទ្រដល់ប្រទេសដែលមានចំណូលទាប និងមធ្យមដើម្បីទទួលបានការផ្គត់ផ្គង់នានាដូចជាឱសថព្យាបាល ឧបករណ៍តេស្ត និងវ៉ាក់សាំងសម្រាប់ប្រយុទ្ធ និងព្យាលបាលជំងឺកូវីដ-១៩ ប្រកបដោយសមធម៌។

បទពិសោធកន្លងមកបង្ហាញថាឱសថ Molnupiravir អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរចំពោះអ្នកជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមក្រុមដែលងាយរងគ្រោះ ដែលរួមមានមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់។ ឱសថនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកជំងឺតាមរយៈមូលដ្ឋានសុខាភិបាលចាត់តាំង មួយចំនួនក្នុងប្រទេសកម្ពុជា ហើយនឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្មប្រកបដោយជោគជ័យរបស់ខ្លួនដើម្បីកាត់បន្ថយការរីករាលដាល និងផលប៉ះពាល់នៃជំងឺរាតត្បាតជាសកលមកលើប្រជាពលរដ្ឋរបស់ខ្លួន ។

តំណាងមកពីក្រសួងសុខាភិបាល និងយូសេហ្វកម្ពុជាបានរួមគ្នាមកទទួលឱសថនេះនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

 

អំពីយន្តការផ្គត់ផ្គង់ហិរញ្ញប្បទាន ACT-A Supplies Financing Facility

មូលនិធិនេះប្រើប្រាស់សេវាលទ្ធកម្មរបស់អង្គការយូនីសេហ្វដើម្បីជាវសម្ភារ បរិក្ខារ និងផ្តល់ឱកាសដល់ម្ចាស់ជំនួយដើម្បីចូលរួមប្រតិបត្តិការផ្គត់ផ្គង់សុខាភិបាល និងវ៉ាក់សាំងដ៏ធំបំផុតដែលពិភពលោកមិនធ្លាប់មានពីមុនមក ។ ព័ត៌មានបន្ថែមអាចស្វែងរកទីនេះ here

© UNICE Cambodia/2022/Bunsak But
UNICE Cambodia/2022/Bunsak But

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Rudina Vojvoda
Chief of Communication
UNICEF Cambodia
ទូរស័ព្ទ: +85523260204;ext=434
អ៊ីម៉ែល: rvojvoda@unicef.org
លោក​ មាស ប៊ុនលី
មន្ត្រីជំនាញផ្នែកទំនាក់ទំនង
យូនីសេហ្វកម្ពុជា
ទូរស័ព្ទ: +85523260204;ext=435
អ៊ីម៉ែល: bmeas@unicef.org

អំពីយូនីសេហ្វកម្ពុជា៖  

យូនីសេហ្វកម្ពុជាធ្វើការងារដើម្បីលើកកម្ពស់ការអភិវឌ្ឍល្អប្រសើររបស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងជួយឱ្យពួកគេសម្រេចសក្ដានុពលចាប់ពីវ័យកុមារតូច រហូតដល់វ័យក្មេងជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារដែលយូនីសេហ្វធ្វើដើម្បីកុមារ សូមចូលមើលគេហទំព័រwww.unicef.org/cambodia/

សូមតាមព័ត៌មានអំពីយូនីសេហ្វ Twitter និង Facebookសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖