អបអរសាទរវីរជនផ្តល់វ៉ាក់សាំងក្នុងទិវាសុខភាពពិភពលោក

ក្នុងឱកាសទិវាសុខភាពពិភលោក យើងសូមណែនាំមន្ត្រីសុខាភិបាលឆ្នើម ដែលកំពុងបំពេញភារកិច្ច ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានវ៉ាក់សាំងសុវត្ថិភាព និងការពារពីជំងឺកូវីដ-១៩

Jaime Gill
07 មេសា 2021
©UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But

សែម សូនី

“ការការពារ គឺជាដំណើរការដែលត្រូវធ្វើជាជំហានៗ” នេះបើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត សែម សូនី។ លោកស្រី សូនី គឺជាវេជ្ជបណ្ឌិតកម្ពុជាម្នាក់ ដែលឋិតក្នុងក្រុមវេជ្ជបណ្ឌិតដំបូងៗដែលបានទទួលការបណ្ដុះបណ្ដាលអំពីរបៀបគ្រប់គ្រង និងចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក៏បានចំណាយពេលជាច្រើនសប្ដាហ៍ធ្វើការងារនៅជួរមុខ ដើម្បីផ្ដល់ដំបូន្មានផ្នែកវេជ្ជសាស្រ្តដល់អ្នកជំងឺដែលមកចាក់វ៉ាក់សាំង។ “ជំហានដំបូង គឺខ្ញុំត្រូវចាក់វ៉ាក់សាំងឲ្យខ្លួនឯងសិន ព្រោះថាវានឹងការពារខ្ញុំ ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំអាចបំពេញការងាររបស់ខ្ញុំបាន និងជួយការពារគ្រួសារដទៃទៀត។ ហើយចុងក្រោយ វានឹងការពារសហគមន៍ទាំងមូល។”

បទពិសោធកាលពីពេលថ្មីៗរបស់លោកស្រីវេជ្ជបណ្ឌិត សូនី ជំរុញឲ្យលោកស្រីមានការតាំងចិត្តខ្ពស់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកស្រីបានចំណាយពេលភាគច្រើនក្នុងឆ្នាំ២០២០ ធ្វើការងារនៅប្រទេសបារាំង ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ជាងគេ  តាំងពីដើមដំបូងទីនៃការរាតត្បាតជាសកលនៃជំងឺនេះ ហើយលោកស្រីចង់ជួយការពារប្រទេសកម្ពុជាមិនឲ្យមានករណីឈឺធ្ងន់ធ្ងរដូចនៅក្នុងប្រទេសបារាំង។ “នៅទីនេះ សេដ្ឋកិច្ចបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ វ៉ាក់សាំងទាំងនេះអាចជួយយើងឲ្យបានធូរស្បើយមកវិញ ប៉ុន្តែវានឹងមានបញ្ហាប្រឈម និងឧបសគ្គជាច្រើនទៀតនាពេលខាងមុខ។ នេះគឺជាវ៉ាក់សាំងថ្មី មានន័យថាប្រាកដជាមានពាក្យចចាមអារ៉ាមច្រើន។ អ្វីដែលខ្ញុំអាចធ្វើបាន គឺផ្ដល់នូវព័ត៌មានពិតប្រាកដ ផ្អែកលើវិទ្យាសាស្រ្តពិត។ ខ្ញុំមានទំនុកចិត្តលើវិទ្យាសាស្រ្ត។”

Edit entity Vaccinations_-activities-at-CNPH_153A2745_20210217_33
UNICEF Cambodia/2021/Bunsak But

នឿន រីណា

“ខ្ញុំមិនភ័យរឿងវ៉ាក់សាំងនោះទេ វាគឺជារឿងធម្មតា ប្រសិនបើអ្នកគឺជានិស្សិតពេទ្យ” នេះគឺជាសម្ដីរបស់ នឿន រីណា បន្ទាប់ពីចាក់វ៉ាក់សាំងហើយបាន ១០នាទី។ លោក នឿន គឺជានិស្សិតពេទ្យវ័យ ២៥ឆ្នាំ ដែលប្រឈមនឹងហានិភ័យខ្ពស់អាចឆ្លងជំងឺ តាមរយៈការបំពេញតួនាទីរបស់គាត់ជានិស្សិតកម្មសិក្សា។ បើទោះជាពេលនេះលោក មានអារម្មណ៍សុទិដ្ឋិនិយមក៏ដោយ គាត់បានសារភាពថា ក្នុងមួយឆ្នាំនេះ គាត់មិនមែនសុទ្ធតែងាយស្រួលនោះឡើយ។ “ពេលខ្លះ វាពិតជាពិបាក។ ការសិក្សារបស់ខ្ញុំត្រូវអាក់ខាន ហើយខ្ញុំត្រូវចំណាយពេលនៅផ្ទះច្រើន ជាងរយៈពេលដែលខ្ញុំចង់ចំណាយនៅផ្ទះ។”

“ខ្ញុំបានសម្រេចចិត្តធ្វើជាវេជ្ជបណ្ឌិត ព្រោះថានៅក្នុងប្រទេសនេះ ជំនាញវេជ្ជសាស្រ្តមិនទាន់មានភាពជឿនលឿននៅគ្រប់ទីកន្លែងឡើយ។ តំបន់ប្រជុំជនមានសម្ភារបរិក្ខារទំនើប និងវេជ្ជបណ្ឌិតពូកែៗ ប៉ុន្តែនៅតំបន់ជនបទដូចស្រុកកំណើតរបស់ខ្ញុំជាដើម កម្រមានបរិក្ខារល្អៗ និងបុគ្គលិកសុខាភិបាលពូកែៗណាស់។ ខ្ញុំចង់ធ្វើការផ្លាស់ប្ដូរស្ថានភាពបែបនេះ។​ ខ្ញុំជឿថា គ្រប់គ្នាគួរទទួលបានផលពីសេវាថែទាំសុខភាពដែលល្អប្រសើរ ដែលហេតុផលនេះហើយ ទើបខ្ញុំចង់ឃើញវ៉ាក់សាំងនេះបានទៅដល់មិនត្រឹមតែក្រុមអាទិភាពប៉ុណ្ណោះទេ ថែមទាំងដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីជួយឲ្យប្រទេសរបស់ខ្ញុំក្លាយជាប្រទេសដែលមានសុវត្ថិភាពជាថ្មី។”

Edit entity COVAX-vaccine-rollout_March-11,-2021_42.jpg
UNICEF Cambodia/2021/Chansereypich Seng

ហុង រ័ត្នមុនី

“ជំងឺកូវីដ-១៩ បានធ្វើឲ្យអ្វីៗនៅកម្ពុជាប្រែប្រួល ហើយផលប៉ះពាល់របស់វាមានទំហំធំឆ្ងាយជាងអ្វីដែលគេរំពឹងទុក” នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ហុង រ័ត្នមុនី មន្រ្តីជំនាញសុខភាពរបស់យូនីសេហ្វ។ យូនីសេហ្វគឺជាដៃគូដ៏សំខាន់ ដែលកំពុងជួយគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់វ៉ាក់សាំង ប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំង និងការរៀបចំភស្តុភាសម្រាប់ចែកចាយវ៉ាក់សាំងកូវីដ-១៩។ “វាមិនមែនត្រឹមតែពាក់ព័ន្ធជាមួយសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាទាក់ទងនឹងសេដ្ឋកិច្ច និងសង្គមរបស់យើង។ កាលពីមុនមានមេរោគនេះ ប្រសិនបើមានមិត្តភក្តិណាម្នាក់មានជំងឺឈឹថ្កាត់ អ្នកអាចទៅសួរសុខទុក្ខ ដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគេបាន។ ប៉ុន្តែឥលូវនេះ យើងមានការភ័យខ្លាចមិនទាំងហ៊ានធ្វើបែបនេះផង។”

ព័ត៌មានដែលល្អនោះគឺ វ៉ាក់សាំងបានមកដល់ប្រទេសយើងហើយ ហើយវាគឺជាឧបករណ៍ដ៏សំខាន់ សម្រាប់គ្រប់គ្រងការរាតត្បាតជាសកលនេះ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកផ្ដល់ជំនួយ ដែលបានផ្ដល់ការឧបត្ថម្ភកន្លងមក។ ជាការពិត បញ្ហាប្រឈមនៅតែមាន។ បញ្ហាប្រឈមកំពុងកើតមាននៅទូទាំងសកលលោកទាំងមូល នៅពេលដែលប្រទេសនានាប្រកួតប្រជែងគ្នាដើម្បីដណ្ដើមវ៉ាក់សាំង ហើយក៏មានបញ្ហាប្រឈមនៅក្នុងប្រទេសផងដែរ ដូចជាការរៀបចំឲ្យមានការចែកចាយវ៉ាក់សាំងទៅខេត្តដទៃទៀតក្រៅពីទីក្រុងភ្នំពេញ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស។ ចុងក្រោយ បុគ្គលម្នាក់ៗក៏ជួបការលំបាកផងដែរ ជាពិសេសក្នុងការព្យាយាមឲ្យមនុស្សគ្រប់គ្នាមានទំនុកចិត្តក្នុងការចាក់វ៉ាក់សាំងនេះ។​ ប៉ុន្តែខ្ញុំអាចនិយាយចេញពីបទពិសោធន៍បានថា នេះគឺជាវ៉ាក់សាំងល្អ។ តាមពិត ខ្ញុំខ្លួនឯងក៏ងាយទទួលផលរំខានពីការចាក់វ៉ាក់សាំងដែរ ឧទាហរណ៍ វ៉ាក់សាំងផ្ដាសាយធ្វើឲ្យខ្ញុំឈឺមួយសប្ដាហ៍។ ប៉ុន្តែ វ៉ាក់សាំងនេះមិនបង្កជាបញ្ហាអ្វីឲ្យខ្ញុំឡើយ ហើយខ្ញុំមានអារម្មណ៍វិជ្ជមានអំពីអនាគត។”

©UNICEF Cambodia/2021/Bunsak But
UNICEF Cambodia/2021/Bunsak But Doctor Oung Sophal, the Deputy Principal of Cambodia’s National Pediatric Hospital.

អ៊ុង សុផល

លោក អ៊ុង សុផល អនុប្រធានមន្ទីរពទ្យកុមារជាតិកម្ពុជា មានប្រសាសន៍ថា “ប្រសិនបើខ្ញុំមិនធ្លាប់ធ្វើជាវេជ្ជបណ្ឌិត និងមិនទម្លាប់ជាមួយនឹងការងារមមាញឹកទេ អ្វីដែលបានកើតឡើងកាលពីឆ្នាំមុននេះ ប្រហែលជាធ្វើឲ្យខ្ញុំមានបញ្ហាថប់បារម្ភជាមិនខាន។ យើងធ្លាប់ឆ្លងកាត់ពេលដែលមានការផ្ទុះជំងឺគ្រុនឈាម ហើយយើងធ្លាប់មានអ្នកជំងឺ ៩០០នាក់ នៅពេលដែលយើងមានបុគ្គលិកសុខាភិបាលត្រឹមតែ ៣៥០ នាក់។ នេះគឺជាស្ថានភាពមួយដ៏អាក្រក់។ តាំងពីពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងដំណាក់កាលដំបូងៗ ខ្ញុំព្រួយបារម្ភអំពីអ្វីដែលនឹងអាចកើតឡើង ប្រសិនបើអត្រាឆ្លងជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ។ តើយើងអាចគ្រប់គ្រងស្ថានការណ៍នេះដោយរបៀបណា?”

សំណាងល្អ វេជ្ជបណ្ឌិត សុផល អាចចាត់វិធានការជាវិជ្ជមាន នៅពេលដែលគាត់ត្រូវបានចាត់តាំងឲ្យទទួលខុសត្រូវបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មួយ ក្នុងចំណោមទីតាំងដំបូងៗគេបង្អស់ ដោយលោកមានតួនាទីធានាយ៉ាងណាឲ្យបុគ្គលិកសុខាភិបាលនៅទីក្រុងភ្នំពេញបានទទួលការការពារគ្រប់ៗគ្នា។ “ឥឡូវនេះ ខ្ញុំចង់ឃើញថ្ងៃដែលមនុស្សគ្រប់គ្នាបានចាក់វ៉ាក់សាំង។ នោះហើយគឺជាពេលដែលប្រទេសនេះចាប់ផ្ដើមធូរស្បើយឡើងវិញពិតប្រាកដ។ ខ្ញុំក៏សង្ឃឹមផងដែរថា ប្រជាពលរដ្ឋនឹងមិនភ្លេចពីការអនុវត្តវិធានការការពារខ្លួន ដែលពួកគេបានរៀនចេះកន្លងមក ព្រោះថាការលាងសម្អាតដៃក៏អាចបង្ការឆ្លងជំងឺជាច្រើនផ្សេងទៀត។ ប្រសិនបើយើងនៅបន្តមានសុខភាពមាំមួន យើងអាចជួយឲ្យសេដ្ឋកិច្ចរបស់យើងបន្តរីកចម្រើន ហើយកត្តានេះធ្វើឲ្យប្រទេសរបស់យើងកាន់តែសម្បូរសប្បាយ និងក្លាយជាប្រទេសដែលកាន់តែអភិវឌ្ឍ។”