ស្វាយរៀងនាំមុខផ្នែកអនាម័យសម្រាប់ទាំងអស់គ្នា

នៅខែមករានេះ ខេត្តស្វាយរៀងបានក្លាយជាខេត្តទីមួយនៅកម្ពុជា ដែលលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល។

Jaime Gill
10 February 2022. Ms Yin Sophal, 53, a farmer and the ID poor household with five grandchildren under her care. She is one of many beneficiaries of Svay Rieng’s Open Defecation Free (ODF). She lives in Mrak Teab village, Tras Commune, Romeas Haek District, Svay Rieng Province.
UNICEF Cambodia/2022/Bunsak But
01 មីនា 2022

ផ្ទះឈើរបស់លោកស្រី យិន សុផល​ ស្ថិតនៅជាយភូមិ នៅក្នុងខេត្តស្វាយរៀង ដែលហ៊ុំព័ទ្ធទៅដោយ​វាលស្រែហួតហែង​ និងមានដើមត្នោតជាច្រើន។ ខណៈដែលគាត់អង្គុយចុះ ហើយនិយាយ មានកុមារតូចៗ​រត់ដេញគ្នា​សើចក្អាកក្អាយនៅក្នុងទីធ្លាផ្ទះរបស់គាត់​។ ក្នុងចំណោមកុមារទាំងនេះ កុមារប្រាំនាក់ គឺជាចៅរបស់គាត់ ដែល​គាត់កំពុង​ចិញ្ចឹម​នៅពេលឪពុកម្ដាយរបស់ពួកគេ​ទៅធ្វើការងារនៅខេត្តឆ្ងាយៗ និងកុមារដទៃទៀតគឺជាកូន​របស់អ្នកជិត​ខាង ដែលទទួលបានភាពកក់ក្ដៅពីគាត់។ ទិដ្ឋភាពនេះ​ស្រដៀងគ្នា​នឹងពេលដែល​គាត់នៅជាអ្នកម្ដាយវ័យ​ក្មេង ហើយកូនៗ​របស់គាត់លេងនៅក្នុងទីធ្លាផ្ទះនេះដែរ ប៉ុន្តែ​វាមានភាពខុសគ្នាយ៉ាង​ធំមួយ។ ឥទ្បូវនេះ​ គាត់មានបង្គន់​នៅក្នុងទីធ្លាររបស់គាត់ ដែលមានការបិទបាំងដើម្បីរក្សាឯកជនភាពធ្វើពីឫស្សី និងសំពត់តង់។

            “ខ្ញុំរីករាយខ្លាំងណាស់ នៅពេលយើងបានសាងសង់បង្គន់នេះ​នៅឆ្នាំមុន” នេះជាសម្ដីរបស់​អ្នកស្រី សុផល។ “ពីមុន យើងត្រូវទៅបន្ទោរបង់នៅតាមទីវាល​ នៅផ្ទះអ្នកជិតខាង ប៉ុន្តែវានៅឆ្ងាយពេក។ កូនៗ​ខ្លាច​នៅពេលទៅបង្គន់នោះនៅពេលយប់ ហេតុនេះខ្ញុំត្រូវនាំពួកគេទៅ។ ឥទ្បូវវាមានភាពងាយស្រួលជាងមុនច្រើនខ្លាំងណាស់។” សុផល ក៏បានរៀបចំកន្លែងលាងដៃផងដែរ។ “ចៅស្រីម្នាក់របស់ខ្ញុំ​មានពិការភាព និងមានសុខភាពខ្សោយ ហើយការលាងដៃ​មានសារសំខាន់ជាពិសេស​ចំពោះនាង។”

            ការកែលម្អផ្ទះរបស់អ្នកស្រី សុផល គឺជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់​ខេត្តស្វាយរៀង​ក្នុងការពង្រឹង​អនាម័យ​សម្រាប់ប្រជាពលរដ្ឋ​ទាំងអស់របស់ខ្លួន ដោយសហការជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ យូនីសេហ្វ អង្គការមិនមែនរដ្ឋាភិបាល និងជាមួយមូលនិធិពី​ការិយាល័យ​បរទេស  ខំមិនវែលស៍ និងអភិវឌ្ឍន៍​របស់​ចក្រភពអង់គ្លេស។ នៅចុងឆ្នាំ២០១៨ ក្រសួងអភិវឌ្ឍន៍​ជនបទ និងយូនីសេហ្វ បានព្រមព្រៀងគ្នាថា ខេត្តស្វាយរៀង​គប្បី​ទទួលបាន​ការគាំទ្រ ដើម្បីក្លាយជាខេត្តទីមួយ​នៅកម្ពុជា ដែលគ្មាន​ការបន្ទោរបង់ពាសវាលពាសកាល​ជាផ្លូវ​ការ។ កិច្ចការនេះ​អាចសម្រេចបាន​តាមរយៈ​កិច្ចខិតខំយ៉ាងខ្លាំងក្លានៅគ្រប់ក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិទាំងអស់​​នៅខេត្តស្វាយរៀង ដោយប្រើប្រាស់អភិក្រមមួយ ដែលបញ្ចូលគ្នា​នូវ​ការចូលរួម​របស់សហគមន៍ ការលើកកម្ពស់ការយល់ដឹង ការលើកទឹកចិត្ត និងការគាំទ្រហិរញ្ញវត្ថុ ដើម្បីជួយ​ដល់គ្រួសារក្រីក្របំផុត​ក្នុងការ​សាងសង់​បង្គន់។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ខេត្តស្វាយរៀង​បានសម្រេចមហិច្ឆិតារបស់ខ្លួន ដោយនៅទីបំផុត​ផ្ទះចំនួន​តិច​តួចនៅចុងក្រោយ ​មានលទ្ធភាពទទួលបាន​អនាម័យជា​មូលដ្ឋាន នៅខណៈដែលមានការផ្ទៀងផ្ទាត់​នៅថ្នាក់ជាតិ​នៅខែ​មករា ឆ្នាំ២០២២។​

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម តូច ប៉ូលីវ៉ា អាយុ ៤៤ឆ្នាំ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារការផ្គត់ផ្គត់ទឹក និងអនាម័យខេត្ត។ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ខេត្តរបស់គាត់បានក្លាយជាខេត្តដំបូងគេដែលគ្មានការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម តូច ប៉ូលីវ៉ា អាយុ ៤៤ឆ្នាំ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារការផ្គត់ផ្គត់ទឹក និងអនាម័យខេត្ត។ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ខេត្តរបស់គាត់បានក្លាយជាខេត្តដំបូងគេដែលគ្មានការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

“យើងមានមោទនភាពខ្លាំងណាស់” នេះជាសម្ដីរបស់ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធាន​ក្រុមការងារការផ្គត់ផ្គត់ទឹក និងអនាម័យខេត្ត​ ដែលបានដឹកនាំឲ្យទទួលនូវ​ភាពជោគជ័យនេះ។ “ខេត្តស្វាយរៀងមានប្រវត្តិជាខេត្តក្រីក្រមួយ។ រយៈពេលកន្លងទៅ ផ្ទះចំនួនតិចជាង ១០% មានបង្គន់ប្រើប្រាស់។ ប៉ុន្តែ​ការដោះស្រាយ​បញ្ហាអនាម័យ និង​ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល​ក៏អាចដោះស្រាយ​ភាពក្រីក្រផងដែរ។ វាជួយ​ពង្រឹងសុខភាព​របស់ប្រជាជន ដែល​ជួយកាត់បន្ថយ​ការចំណាយលើសុខភាព។ វាក៏មានន័យថា  ពួកគេមិនបានខក​ខានការទៅធ្វើការងារ​នៅពេលឈឺ​ផងដែរ និងមានន័យថាពួកគេចូលរួមវិភាគទានផ្នែកសេដ្ឋកិច្ចកាន់តែច្រើន​ចំពោះ​គោលដៅជាតិរបស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការបញ្ចប់ភាពក្រីក្រ។”

ឯកឧត្តម ប៉ូលីវ៉ា​ បានដឹកនាំ​ការងាររបស់ខេត្តឆ្ពោះទៅរកស្ថានភាពគ្មាន​ការបន្ទោរបង់ពាសវាលពាសកាល​ជាផ្លូវ​ការ ប៉ុន្តែវាគឺជាកិច្ចខិតខំប្រឹងប្រែងជាក្រុម​យ៉ាងពិតប្រាកដ។ “វាមិនអាចកើតឡើងដោយគ្មាន​រាជរដ្ឋាភិបាល​ និងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់បានឡើយ” នេះជាសម្ដីរបស់គាត់ នៅមុនពេលដែលគាត់សង្កត់ធ្ងន់​ថា ការងារសំខាន់បំផុត​គឺនៅកម្រិតមូលដ្ឋាន។ “ប្រធានភូមិ និងជនបង្គោលផ្នែកអនាម័យ​ពិតជាចាំបាច់ណាស់​ចំពោះ​សមិទ្ធផល​នេះ។ ខ្ញុំ​មិនហៅពួកគេថាជាជនបង្គោលផ្នែកអនាម័យឡើយ ខ្ញុំហៅថា វីរបុរសវីរនារីផ្នែកអនាម័យ។”

អ្នកស្រី ហ៊ុល សូដានី រស់​នៅឃុំត្រស់ ស្រុករមាសហែក​ គឺជាវីរនារីផ្នែកអនាម័យ​ម្នាក់​នៅក្នុងចំណោមវីរបុរសវីរនារីទាំងនោះ។ គាត់បានរៀបរាប់ពីបញ្ហាប្រឈមនានា ដែលសហគមន៍​របស់គាត់បានប្រឈមមុខ នៅក្នុងការធានាថា គ្រប់គ្រួសារទាំងអស់​មានបង្គន់ប្រើប្រាស់។ “យើងមានពលករចំណាកស្រុក​ជាច្រើន ដែលពិបាកទាក់ទងជាមួយ ហើយជាការពិត ជំងឺកូវីដ​គឺជាបញ្ហាប្រឈមមួយ។ មនុស្សជាច្រើន​បានបាត់បង់ការងារខ្លួន។ ខ្ញុំបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ​ខេត្ត និងក្រុងស្រុក ដើម្បីគាំទ្រដល់គ្រួសារទាំងនោះ និង​ជាមួយ​អង្គការមិនមែនរដ្ឋាភិបាល​ក្នុងមូលដ្ឋានផងដែរ។ មានគ្រួសារមួយទីទ័លក្រយ៉ាងខ្លាំង ដែលពិបាក​សម្រាប់ពួកគេ​ក្នុងការ​ចំណាយ​លើ​ការកែលម្អផ្ទះនេះ។ ពួកគេបានរួមវិភាគទានតិចតួច ដែលជាការរួមវិភាគទានយ៉ាងសំខាន់ ប៉ុន្តែខ្ញុំ​បានធ្វើការងារ​ជាមួយអ្នកធុរកិច្ចក្នុងមូលដ្ឋាន ដើម្បីរ៉ៃអង្គាសបានកាន់តែច្រើន។ ខ្ញុំបានបង្ហាញរូបថតស្ថានភាពលំបាករបស់ផ្ទះពួកគេ​ ហើយអ្នកភូមិបានផ្ដល់វិភាគទាន។ ការនាំយក​អនាម័យទៅកាន់គ្រួសារនេះ គឺជាសមិទ្ធផលក្នុងមូលដ្ឋានយ៉ាងល្អ។”

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ លោក ទេព យ៉ុត អាយុ៦៣ឆ្នាំ អនុប្រធានភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមូយប្រជាពលរដ្ឋក្នុងភូមិ ដើម្បីធានាថាគ្រប់ផ្ទះទាំងអស់មានបង្គន់ប្រើប្រាស់ ដើម្បីឲ្យឈានទៅសម្រេចការគ្មានការបន្ទោរបង់ពាសពាលពាសកាល។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ លោក ទេព យ៉ុត អាយុ៦៣ឆ្នាំ អនុប្រធានភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមូយប្រជាពលរដ្ឋក្នុងភូមិ ដើម្បីធានាថាគ្រប់ផ្ទះទាំងអស់មានបង្គន់ប្រើប្រាស់ ដើម្បីឲ្យឈានទៅសម្រេចការគ្មានការបន្ទោរបង់ពាសពាលពាសកាល។

អនុប្រធានភូមិដូចជាលោក ទេព យ៉ុត ក៏បានដើរតួនាទីយ៉ាងសំខាន់​នៅក្នុងការកៀរគរ​ធនធានសហគមន៍ និងធ្វើឲ្យកិច្ចប្រឹងប្រែងនានាដំណើរការទៅតាមការគ្រោងទុក​ផងដែរ។ “វាត្រូវការ​ការលើកទឹកចិត្តច្រើន និង​ការតាមដាន​បន្តជាច្រើន​ដង។ បញ្ហាប្រឈម​មិនមែនត្រឹមតែពាក់ព័ន្ធនឹងភាពក្រីក្រទេ។ នៅពេលខ្លះ គ្រួសារ​ទិញគ្រឿងបរិក្ខារ ប៉ុន្តែមិនសាងសង់​បង្គន់​ឡើយ។ នៅពេលខ្លះ ខ្ញុំបានរួមចំណែក​ជាសម្ភារមួយចំនួន ឬជួយ​ប្រមូលប្រជាពលរដ្ឋឲ្យជួយ​សាង​សង់ និងធ្វើអ្វីៗដែលត្រូវធ្វើ។”

ការលះបង់របស់លោក យ៉ុត មានភាពជ្រាលជ្រៅ ដោយសារ​គាត់បានមើលឃើញ​អត្ថប្រយោជន៍​នៃអនាម័យ​​កាន់តែល្អរួចហើយ។

“ខ្ញុំ​បានរស់នៅទីនេះ​ពេញមួយជីវិតខ្ញុំហើយ។ កាលពីយូរណាស់មកហើយ នៅទីនេះគ្មានបង្គន់ប្រើប្រាស់ឡើយ អ្នកគ្រប់គ្នា​បានទៅកាន់ព្រៃ​ ដើម្បីបន្ទោរបង់។ ប៉ុន្តែយូនីសេហ្វ បានចាប់ផ្ដើមជួយយើង​លើបញ្ហាមួយនឹងអនាម័យ ហើយខ្ញុំបានមើលឃើញថាអនាម័យ​បានធ្វើឲ្យជីវិតរបស់យើងមានលក្ខណៈកាន់តែល្អប្រសើរឡើង​។ បរិស្ថានស្អាតជាងមុន ហើយនៅពេលនៅអ្នកដើរជុំវិញភូមិ អ្នកមិនធុំក្លិនមិនល្អទៀតឡើយ។ វាជាការល្អសម្រាប់សុខភាព ល្អសម្រាប់អនាម័យ ល្អសម្រាប់កុមារ និងល្អសម្រាប់អ្នកមកលេង!”

លោក យ៉ុត រស់នៅក្នុងស្រុករមាសហែក ជាស្រុកចុងក្រោយនៅក្នុងខេត្តស្វាយរៀង​ដែលបានឆ្លងផុតដំណាក់កាល​ចុងក្រោយនៃភាពគ្មានការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការ។ លោក ព្រំ សារិន ​អភិបាលរងស្រុក បាននិយាយថា ការរៀបចំផែនការ និងកិច្ចសហការ​គឺជាគន្លឹះសម្រាប់ភាពជោគជ័យនេះ។ គាត់ពន្យល់ថា “អ្នកត្រូវមាន​អាទិភាពច្បាស់លាស់ និង​ក៏ត្រូវមានយន្តការដ៏ត្រឹមត្រូវ​ផងដែរ សម្រាប់​ការកំណត់អាទិភាពទាំងនោះ ដូចជា ក្រុមការងារ។ ទិន្នន័យ​ក៏សំខាន់ផងដែរ អ្នកត្រូវដឹងថា តើគ្រួសារដែលគ្មានបង្គន់ស្ថិតនៅទីណា និងមូលហេតុនៃការគ្មានបង្គន់។ ដរាបណាមានទិន្នន័យនេះ ទើបអ្នកអាចរៀបចំផែនការ កំណត់​កាលបរិច្ឆេទកំណត់ និងការចាប់ផ្ដើមធ្វើការងារជាមួយ​គ្នា ដើម្បីដោះស្រាយបញ្ហា។” លោក សារិន មានមោទនភាព ដែលស្រុករបស់គាត់​បានសម្រេចស្ថានភាពគ្មានការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការ​មុនពេលកាលកំណត់ ថ្វីបើមានបញ្ហាប្រឈម​អំពីជំងឺកូវី​ដក្ដី។ ការពិត គាត់គិតថា ជំងឺកូវីដបានជួយ​ក្នុងកិច្ចការនេះ តាមរយៈ​ការលើកកម្ពស់ការយល់ដឹង​អំពី​សារសំខាន់នៃការលាងដៃ។

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យខេត្ត។ ក្រុមការងាររបស់លោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យខេត្តបានសម្រេចនូវការគ្មានការបន្ទោរបង់ពាសវាលពាសកាល។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យខេត្ត។ ក្រុមការងាររបស់លោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យខេត្តបានសម្រេចនូវការគ្មានការបន្ទោរបង់ពាសវាលពាសកាល។

លោក សំ នីតូ ប្រធាន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តស្វាយរៀង យល់ស្របលើរឿងនេះ។ “ដំបូង យើងបានគិត​ថា ការរាតត្បាតជំងឺនេះ​បានរារាំង​ដល់​វឌ្ឍនភាពរបស់យើង ប៉ុន្តែយើងបានដឹងថា យើងអាចប្រើប្រាស់វាជាឱកាសមួយ។ ជំងឺកូវីដ បានផ្ដល់ឱកាសដើម្បីផ្លាស់ប្ដូរចិត្តរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការយល់ដឹង ដោយសារ​គ្រួសារនានា​ពិតជាបានយល់អំពីសារសំខាន់នៃ​អនាម័យ។ យើងជឿជាក់ថា​ការយល់ដឹងនេះនឹងបន្តមាន​ ទោះបីជា​បន្ទាប់ពីជំងឺកូវីដ​កន្លងហួសទៅក្ដី។”

លោក នីតូ រីករាយយ៉ាងខ្លាំងចំពោះ​សមិទ្ធិផលដែលសម្រេចបាន។ “ខ្ញុំមានមោទនភាព​ ដែលខេត្តស្វាយរៀង​បានឈានដល់ចំណុចនេះ។ ប្រទេសរបស់យើងមានប្រវត្តិដ៏លំបាក សង្គ្រាមស៊ីវិល និងភាពក្រីក្រ​ដែលបានកើតឡើងបន្ត បានបន្សល់នូវកេរ្តិ៍ដំណែល​នៃអនាម័យ​មិនល្អ ដែលនាំឲ្យមានសុខភាពខ្សោយ និងកាន់តែក្រីក្របន្ថែមទៀត។ ប៉ុន្តែ​យើងបានធ្វើការផ្លាស់ប្ដូរវា។ សមិទ្ធផលនេះនឹងកែលម្អសុខភាពផ្នែកសេដ្ឋកិច្ច​របស់​គ្រួសារ និងសហគមន៍​នានា ហើយ​វានឹងត្រូវបញ្ចូលទៅក្នុងយុទ្ធសាស្រ្តកាន់ទូលំទូលាយរបស់​រាជរដ្ឋាភិបាល​ក្នុងការបញ្ចប់ភាពក្រីក្រ និងបញ្ចូលទៅគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ប្រជាពលរដ្ឋគ្រប់រូប​នៅក្នុងគ្រប់ភូមិ​នៅខេត្តស្វាយ​រៀង​គប្បីមានអារម្មណ៍​មានមោទនភាព។”

វាពិតជាធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងចំពោះ​អ្នកស្រី មៀង សុភាព និងកូនប្រុសតូចរបស់គាត់ ដែលគ្មាន​អនាម័​យ​ទាល់តែសោះ​កាលពីឆ្នាំមុន។​ អ្នកស្រី សុភាព បាននិយាយថា “ខ្ញុំ​ធ្លាប់ខ្លាច នៅពេលចេញទៅទីវាល​នៅពេលយប់ ដើម្បីទៅបន្ទោរបង់ ខ្លាចក្រែងមានជនចម្លែកមុខ ឬត្រូវពស់ចឹក។” អ្វីដែលកាន់តែសំខាន់ជាងនេះ​ គឺ​ការកែលម្អ​អនាម័យ​គ្រួសាររបស់គាត់។ “មុនពេលយើងសាងសង់បង្គន់ និងមានទឹកប្រើប្រាស់នៅផ្ទះ យើងមិនបាន​លាងដៃ​របស់យើងនៅផ្ទះឡើយ។​ នៅពេលនេះ យើងអាចទាំខ្លួនបានកាន់តែប្រសើរ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត។”

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ អ្នកស្រី មៀង សុភាព គឺជាមេផ្ទះ ក្នុងគ្រួសារមានបណ្ណក្រីក្រ ហើយដែលប្តីរបស់គាត់ជាពលករចំណាកស្រុក។ គាត់គឺជាអ្នកទទួលផលម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋទទួលផលជាច្រើននាក់ទៀតពីកិច្ចខិតខំប្រឹងប្រែតលើកកម្ពស់អនាម័យរបស់ខេត្តស្វាយរៀង។ អ្នកស្រីរស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
UNICEF Cambodia/2022/Bunsak But
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៖ អ្នកស្រី មៀង សុភាព គឺជាមេផ្ទះ ក្នុងគ្រួសារមានបណ្ណក្រីក្រ ហើយដែលប្តីរបស់គាត់ជាពលករចំណាកស្រុក។ គាត់គឺជាអ្នកទទួលផលម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋទទួលផលជាច្រើននាក់ទៀតពីកិច្ចខិតខំប្រឹងប្រែតលើកកម្ពស់អនាម័យរបស់ខេត្តស្វាយរៀង។ អ្នកស្រីរស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។