វិធីការពារសុខភាពផ្លូវចិត្តសម្រាប់ក្មេងជំទង់ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩

យុទ្ធសាស្រ្តចំនួន ៦ សម្រាប់ក្មេងជំទង់ដែលកំពុងជួបប្រទះនឹងស្ថានភាពធម្មតាបែបថ្មី (ជាបណ្ដោះអាសន្ន)

UNICEF
 Bullying-covid19.jpg
UNICEF/UN0140097/Humphries
18 ឧសភា 2020

ការស្ថិតក្នុងវ័យជំទង់ គឺជាពេលមួយដ៏ពិបាកណាស់ទៅហើយ ជំងឺកូវីដ១៩ បានធ្វើឱ្យស្ថានភាពកាន់តែពិបាកថែមទៀត។ ដោយសារការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍នានា ក្មេងជំទង់ជាច្រើនកំពុងខកខានឱកាសធំៗមួយចំនួននៅក្នុងជីវិតយុវវ័យរបស់ពួកគេ ក៏ដូចជាពេលវេលាប្រចាំថ្ងៃ ដូចជា ការជជែកកម្សាន្តជាមួយនឹងមិត្តភក្តិ និងការចូលរួមសកម្មភាពនានានៅក្នុងថ្នាក់រៀនជាដើម។

សម្រាប់ក្មេងជំទង់ដែលជួបប្រទះនឹងការប្រែប្រួលក្នុងជីវិតដោយសារការផ្ទុះជំងឺ​ ហើយដែលកំពុងមានអារម្មណ៍អន្ទះអន្ទែង ឯកា និងមិនសប្បាយចិត្ត សូមចងចាំថា អ្នកមិនមែនឋិតក្នុងស្ថានភាពបែបនេះតែឯងនោះឡើយ។ យើងបាននិយាយជាមួយនឹងបណ្ឌិត Lisa Damour ដែលជាអ្នកឯកទេស​ខាងចិត្តសាស្រ្តក្មេងជំទង់ ជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត និងជាអ្នកសរសេរអត្ថបទបញ្ចេញមតិ (columnist) ប្រចាំខែឱ្យសារព័ត៌មាន New York Times  អំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីថែទាំខ្លួន និងថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។  

. ត្រូវដឹងថា អារម្មណ៍អន្ទះអន្ទែងរបស់អ្នក គឺជាអារម្មណ៍ធម្មតាសុទ្ធសាធ

ប្រសិនបើការបិទទ្វារសាលារៀន និងចំណងជើងព័ត៌មានគួរឱ្យព្រួយបារម្ភ ធ្វើឱ្យអ្នកអន្ទះអន្ទែង អ្នកមិនមែនជាមនុស្សតែឯងដែលមានអារម្មណ៍បែបនេះឡើយ។ ជាការពិត នេះគឺជាអារម្មណ៍ដែលអ្នកត្រូវ    មាន។ បណ្ឌិត Damour មានប្រសាសន៍ថា “អ្នកជំនាញខាងចិត្តសាស្រ្តបានដឹងជាយូរមកហើយថា អារម្មណ៍អន្ទះ​អន្ទែង គឺជាអារម្មណ៍ធម្មតា និងជាមុខងារមួយដ៏ល្អ សម្រាប់ពញ្ញាក់អារម្មណ៍របស់យើងឱ្យដឹងពីការគំរាមកំហែង និងជួយយើងឱ្យចេះចាត់វិធានការការពារខ្លួនឯង។ អារម្មណ៍អន្ទះអន្ទែងរបស់អ្នក នឹងជួយឱ្យអ្នកចេះធ្វើការសម្រេចចិត្ត ដែលអ្នកត្រូវធ្វើនៅពេលនេះ ពោលគឺមិនចំណាយពេលជាមួយនឹងមនុស្សផ្សេងទៀត ឬក្នុងក្រុមដែលមានមនុស្សច្រើន ត្រូវលាងសម្អាតដៃ និងមិនត្រូវយកដៃមកប៉ះមុខរបស់អ្នកជាដើម។” អារម្មណ៍ទាំងនេះមិនត្រឹមតែរក្សាសុវត្ថិភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងសុវត្ថិភាពរបស់អ្នកដទៃទៀតផងដែរ។ នេះក៏ជា “របៀបដែលយើងអាចជួយថែទាំសមាជិកសហគមន៍របស់យើង។ យើងក៏ត្រូវគិតពីមនុស្សដែលនៅជុំវិញខ្លួនយើងផងដែរ។”

ខណៈពេលដែលការមានអារម្មណ៍អន្ទះអន្ទែងជុំវិញជំងឺកូវីដ១៩ គឺជាអារម្មណ៍ដែលអាចយល់បាន អ្នកត្រូវធានាថា អ្នកកំពុងប្រើប្រាស់ “ប្រភពព័ត៌មានដែលអាចជឿទុកចិត្ត [ដូចជា គេហទំព័ររបស់យូនីសេហ្វ និងអង្គការសុខភាពពិភពលោក ជាដើម] ដើម្បីទទួលបានព័ត៌មាន ឬពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកអាចទទួលបាន តាមរយៈប្រភពដែលមិនសូវអាចជឿទុកចិត្តបាន” នេះបើតាមអនុសាសន៍ដែលផ្ដល់ដោយបណ្ឌិត Damour។

ប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងមានរោគសញ្ញា ជាការសំខាន់ណាស់ដែលអ្នកត្រូវនិយាយទៅកាន់ឪពុកម្ដាយរបស់អ្នកអំពីរឿងនេះ។ បណ្ឌិត Damour មានប្រសាសន៍ថា “សូមចាំថា ជំងឺដែលកើតឡើងដោយសារការឆ្លងវីរុសកូវីដ ១៩ ជាទូទៅចេញអាការៈស្រាល ជាពិសេស សម្រាប់កុមារ និងមនុស្សពេញវ័យដែលនៅវ័យក្មេងនៅឡើយ”។ ចំណុចសំខាន់មួយទៀតដែលត្រូវចងចាំនោះគឺថា រោគសញ្ញាជាច្រើននៃជំងឺកូវីដ១៩ គឺជារោគសញ្ញាដែលអាចព្យាបាលជា។ លោកស្រីផ្ដល់ជាអនុសាសន៍ថា អ្នកគួរប្រាប់ឪពុកម្ដាយរបស់អ្នក ឬមនុស្សពេញវ័យដែលអ្នកជឿទុកចិត្តឱ្យដឹងថាអ្នកមិនស្រួលខ្លួន ឬអ្នកកំពុងព្រួយបារម្ភអំពីវីរុសនេះ ដើម្បីឱ្យពួកគេអាចជួយអ្នកបាន។

លើសពីនេះ សូមចងចាំថា៖ “មានវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីរក្សាខ្លួនយើង និងអ្នកដទៃទៀតឱ្យមានសុវត្ថិភាព និងអាចគ្រប់គ្រងស្ថានការណ៍របស់យើងឱ្យកាន់តែប្រសើរ ដូចជា ឧស្សាហ៍លាងសម្អាតដៃ មិនត្រូវយកដៃមកប៉ះមុខ ឬអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពជាដើម។”

>> សូមអានដំបូន្មានអំពីការលាងសម្អាតដៃរបស់យើង

២. រកអ្វីធ្វើ ដើម្បីឱ្យអ្នកបែកអារម្មណ៍

បណ្ឌិត Damour មានប្រសាសន៍ថា៖ “អ្វីដែលអ្នកជំនាញខាងចិត្តសាស្ត្រដឹងគឺថា នៅពេលដែលយើងឋិតនៅក្នុងស្ថានភាពលំបាករ៉ាំរ៉ៃ អ្វីដែលមានប្រយោជន៍គឺត្រូវបែងចែកបញ្ហានេះជា ២ ប្រភេទ៖ អ្វីដែលខ្ញុំអាចធ្វើបានជុំវិញបញ្ហានេះ និងបន្ទាប់មកអ្វីដែលខ្ញុំមិនអាចធ្វើបាន”។

បច្ចុប្បន្ននេះ មានរឿងច្រើនណាស់ដែលឋិតនៅក្នុងប្រភេទទី ២ ។ ហើយវាមិនមែនជារឿងទាស់ខុសអ្វីនោះឡើយ ប៉ុន្តែរឿងមួយដែលជួយយើងឱ្យអាចទប់ទល់នឹងស្ថានការណ៍នេះបាន គឺរកអ្វីធ្វើ ដើម្បីឱ្យអ្នកបែកអារម្មណ៍។ បណ្ឌិត Damour ផ្ដល់ដំបូន្មានមួយចំនួន ដូចជា ធ្វើកិច្ចការផ្ទះ មើលភាពយន្តដែលអ្នកចូលចិត្ត ឬគេងកាន់សៀវភៅប្រលោមលោក ដើម្បីឱ្យធូរស្រាលក្នុងចិត្ត និងរក្សាអារម្មណ៍ឱ្យនឹងននៅក្នុងការរស់នៅប្រចាំថ្ងៃ។

. ស្វែងរកវិធីថ្មីៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់អ្នក

ប្រសិនបើអ្នកចង់ចំណាយពេលជាមួយនឹងមិត្តភក្តិពេលដែលអ្នកកំពុងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព បណ្ដាញទំនាក់ទំនងសង្គម គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ សូមមានភាពច្នៃប្រឌិត៖ សូមចូលរួមនៅក្នុងការប្រកួតប្រជែងតាម Tik-Tok ដូចជា #safehands ជាដើម។ បណ្ឌិត Damour មានប្រសាសន៍ថា៖ “ខ្ញុំមិនដែលមើលស្រាលភាពច្នៃប្រឌិតរបស់ក្មេងជំទង់នោះឡើយ។ ខ្ញុំជឿថា ពួកគេនឹងអាចរិះរកវិធី ដើម្បី [ភ្ជាប់ទំនាក់ទំនង] ជាមួយគ្នាតាមប្រព័ន្ធអនឡាញ តាមបែបផ្សេងខុសពីអ្វីដែលពួកគេធ្លាប់ធ្វើកន្លងមក”។

បណ្ឌិត Damour​ មានប្រសាសន៍បន្ថែមថា៖ “[ប៉ុន្តែ] វាមិនមែនជាគំនិតដ៏ល្អនោះឡើយ ដែលអ្នកអាចមើលអេក្រង់ និង/ឬ បណ្ដាញទំនាក់ទំនងសង្គម ដោយពុំមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវនោះ។ ការធ្វើបែបនេះមិនមែនជារឿងល្អ មិនមែនជារឿងវៃឆ្លាតនោះឡើយ ប៉ុន្តែវាអាចបង្កើនអារម្មណ៍អន្ទះអន្ទែងរបស់អ្នកទៅវិញ។” លោកស្រីផ្ដល់អនុសាសន៍ឱ្យអ្នករៀបចំកាលវិភាគមើលអេក្រង់ជាមួយនឹងឪពុកម្ដាយរបស់អ្នក។

. ផ្ដោតលើខ្លួនឯង

តើអ្នកធ្លាប់ចង់រៀនធ្វើអ្វីមួយថ្មី ចាប់ផ្ដើមអានសៀវភៅថ្មី ឬចំណាយពេលហ្វឹកហាត់លេងឧបករណ៍តន្ត្រីដែរឬទេ? នេះគឺជាពេលវេលាដែលអ្នកត្រូវធ្វើរឿងទាំងអស់នេះ។ សូមផ្ដោតការយកចិត្តទុកដាក់លើខ្លួនឯង និងរិះរកវិធីប្រើប្រាស់ពេលវេលាថ្មីៗ ដែលអ្នកទើបមានទាំងនេះឱ្យមានប្រយោជន៍ ដើម្បីមើលថែសុខភាពផ្លូវចិត្តរបស់អ្នក។ បណ្ឌិត Damour មានប្រសាសន៍ថា៖ “ខ្ញុំបានរៀបចំបញ្ជីសៀវភៅទាំងអស់ដែលខ្ញុំចង់អាន និងអ្វីដែលខ្ញុំចង់ធ្វើជាយូរមកហើយ។”

“នៅពេលដែលមានអារម្មណ៍ឈឺចាប់ ផ្លូវចេញតែមួយគត់គឺត្រូវឆ្លងកាត់អារម្មណ៍បែបនេះ។”

. ដាក់ចិត្តដាក់កាយនៅក្នុងអារម្មណ៍របស់អ្នក

បណ្ឌិត Damour មានប្រសាសន៍ថា៖ “ការខកខានព្រឹត្តិការណ៍នានាជាមួយនឹងមិត្តភក្តិ ការលេងកម្សាន្ត ឬការប្រកួតកីឡា ពិតជាធ្វើឱ្យអ្នកមិនសប្បាយចិត្ត។ ទាំងនេះគឺជាការបាត់បង់ក្នុងទ្រង់ទ្រាយធំ។ ការបាត់បង់ទាំងនេះពិតជាធ្វើឱ្យអ្នកមិនសប្បាយចិត្ត ជាពិសេសសម្រាប់ក្មេងជំទង់តែម្ដង។” អ្វីទៅដែលជាវិធីសាស្រ្តល្អបំផុត ដើម្បីដោះស្រាយបញ្ហាមិនសប្បាយចិត្តបែបនេះ? បណ្ដោយឱ្យខ្លួនអ្នកទទួលអារម្មណ៍បែបនេះ។ “នៅពេលដែលមានអារម្មណ៍ឈឺចាប់ ផ្លូវចេញតែមួយគត់គឺត្រូវឆ្លងកាត់អារម្មណ៍បែបនេះ។ សូមបណ្ដោយឱ្យខ្លួនអ្នកមានអារម្មណ៍សោកសៅចុះ ហើយប្រសិនបើអ្នកអាចឱ្យខ្លួនឯងមានអារម្មណ៍​សោកសៅ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ធូរស្បើយមកវិញកាន់តែឆាប់រហ័ស។”

របៀបឆ្លងកាត់អារម្មណ៍របស់អ្នក មានលក្ខណៈខុសៗគ្នា ទៅតាមមនុស្សម្នាក់ៗ។ “បណ្ឌិត Damour មានប្រសាសន៍ថា៖​ “កុមារមួយចំនួននឹងផលិតវត្ថុសិល្បៈ កុមារមួយចំនួនចង់និយាយទៅកាន់មិត្តភក្តិរបស់ពួកគេ និងប្រើអារម្មណ៍សោកសៅដែលពួកគេមានដូចគ្នា ជាវិធីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា នៅពេលដែលពួកគេមិនអាចនៅជាមួយគ្នាដោយផ្ទាល់ ហើយកុមារមួយចំនួនចង់រកវិធី ដើម្បីយកអាហារទៅផ្គត់ផ្គង់នៅធនាគារអាហារ (សម្រាប់ចែកឱ្យអ្នកខ្វះខាត)។” អ្វីដែលសំខាន់គឺ អ្នកធ្វើអ្វីដែលអ្នកគិតថាត្រូវសម្រាប់ខ្លួនឯង។

. សូមមានសេចក្តីសប្បុរសចំពោះខ្លួនឯង និងអ្នកដទៃ

ក្មេងជំទង់មួយចំនួនជួបប្រទះនឹងការរករឿងរំខាន និងការបំពារបំពាននៅសាលារៀន ដោយសារតែវីរុសកូរ៉ូណា។ បណ្ឌិត Damour  មានប្រសាសន៍ថា៖ “ការសុំជំនួយពីអ្នកមើលឃើញហេតុការណ៍ទាំងនេះ គឺជាវិធីល្អបំផុត ដើម្បីឆ្លើយតបចំពោះការរករឿងរំខានប្រភេទនេះ។ កុមារ និងក្មេងជំទង់ ដែលក្លាយជាមុខសញ្ញានៃការរករឿងរំខាន​ មិនគួរតតាំងជាមួយនឹងអ្នកដែលរករឿងរំខានអ្នកនោះឡើយ ផ្ទុយទៅវិញយើងគួរលើកទឹកចិត្តឱ្យពួកគេរកមិត្តភក្តិ ឬមនុស្សពេញវ័យឱ្យជួយ និងផ្ដល់ការគាំទ្រដល់ពួកគេ។”

ប្រសិនបើអ្នកឃើញមិត្តភក្តិណាម្នាក់ទទួលរងការរករឿងរំខាន សូមទៅជួបពួកគេ និងព្យាយាមផ្ដល់​ការគាំទ្រដល់ពួកគេ។ ការមិនធ្វើអ្វីសោះ អាចធ្វើឱ្យពួកគេគិតថាគ្រប់គ្នាកំពុងធ្វើអ្វីមួយប្រឆាំងនឹងពួកគេ ហើយពុំមាននរណាម្នាក់ខ្វល់ខ្វាយចំពោះពួកគេនោះឡើយ។ ពាក្យសម្ដីរបស់អ្នកអាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។

លើសពីនេះ សូមចាំថា៖ នេះគឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវចេះគិតពិចារណាអំពីអ្វីដែលយើងចែករំលែក ឬនិយាយ ព្រោះវាអាចធ្វើឱ្យអ្នកដទៃទៀតទទួលរងការឈឺចាប់។

>> សូមអានដំបូន្មានរបស់យើងអំពីការទប់ទល់ជាមួយនឹងការរករឿងរំខានតាមប្រព័ន្ធអនឡាញ។

សូមបន្តទទួលព័ត៌មានចុងក្រោយបំផុត អំពីវីរុសកូរ៉ូណា (ជំងឺកូវីដ-១៩)