លិខិតចំហផ្ញើជូនមាតាបិតាកម្ពុជា

ក្នុងទិវាកុមារអន្តរជាតិ និងខែនៃការចិញ្ចឹមថែទាំកូន នាយិកាយូនីសេហ្វសូមផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់មាតាបិតាកម្ពុជាក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

Foroogh Foyouzat
#
UNICEF Cambodia/2015/Giacomo Pirozzi
28 ឧសភា 2021

មាតាបិតាវីរជនលាក់មុខក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩

រយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺជាពេលដ៏សែនលំបាកសម្រាប់គ្រួសារកម្ពុជា ជាពិសេសសម្រាប់   ប្រជាពលរដ្ឋជាច្រើនពាន់នាក់ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់តឹងរ៉ឹង ដោយពួកគាត់ត្រូវព្យាយាមសម្របខ្លួននឹងវិធានការរឹតត្បិតនានា និងត្រូវរស់នៅជាមួយធនធានមានកម្រិតរបស់ពួកគាត់។ នៅរៀងរាល់យប់ មាតាបិតាជាច្រើននាក់ត្រូវចូលគេង ទាំងចិត្តបារម្ភពីការបាត់បង់ប្រាក់ចំណូល ឬពីគ្រោះថ្នាក់បង្កដោយមេរោគនេះ។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែក្រោកពីដំណេករៀងរាល់ព្រឹក និងបានទុកភាពភ័យខ្លាចទាំងនោះមួយអន្លើ ហើយបែរមកមើលថែទាំកូនៗ និងការពារពួកគេពីផលប៉ះពាល់ដ៏សែនអាក្រក់បំផុតនៃជំងឺរាតត្បាតសកលនេះ។ ខណៈដែលទិវាកុមារអន្តរជាតិ កំពុងខិតជិតមកដល់នៅថ្ងៃទី១ ខែមិថុនា ហើយខែបន្ទាប់គឺខែដែលផ្តោតលើការចិញ្ចឹមបីបាច់កូនផងនោះ ពេលនេះគឺជាពេលដ៏សមស្របបំផុត ដើម្បីអបអរសាទរមាតាបិតា​ និងអ្នកថែទាំ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុការពារកូនៗរបស់ពួកគាត់ឲ្យមានសុវត្ថិភាព។

នៅក្នុងការងាររបស់យើង យើងមានភ័ព្វសំណាងបានជួបជាមួយមាតាបិតាគួរឲ្យស្ងប់ស្ងែងបែបនេះ ហើយយើងបានសុំឲ្យពួកគាត់ប្រាប់ពីរឿងរ៉ាវរបស់ពួកគាត់ជាមួយគ្នាទៅវិញទៅមក និងជាមួយមនុស្សដទៃទៀតនៅក្នុងពិភពលោក។ ឧទាហរណ៍ យើងបានជួបជាមួយមាតាបិតាពីរនាក់នៅខេត្តរតនគិរី ដែលបានយកកូនស្រីខ្លួនទៅតូបលក់ក្នុងផ្សាររបស់ពួកគាត់ជារៀងរាល់ថ្ងៃក្នុងពេលសាលារៀនបិទទ្វារ និងជួយនាងក្នុងការសិក្សា ក្នុងចន្លោះពេលលក់ឲ្យអតិថិជន។ ពួកគាត់បានរំលឹកប្រាប់យើងពីជាងជួសជុលទោចក្រយានយន្តម្នាក់នៅទីក្រុងភ្នំពេញ​ ដែលត្រូវរៀបចំទីធ្លាដ៏តូចមួយសម្រាប់ដាក់តុ និងកៅអីនៅខាងក្រោយហាងជួសជុលទោចក្រយានយន្តរបស់គាត់ ដើម្បីឲ្យចៅស្រីរបស់គាត់ធ្វើកិច្ចការដែលសាលាដាក់ឲ្យធ្វើនៅផ្ទះ នៅទីកន្លែងការងាររបស់គាត់ ដែលគាត់ប្រាកដក្នុងចិត្តថា នាងពិតជាមានសុវត្ថិភាព។

យើងបានជួបម្តាយម្នាក់នៅក្នុងខេត្តបាត់ដំបង ដែលសុខចិត្តមិនទិញសំលៀកបំពាក់ដែលគាត់គ្រោងនឹងទិញ ប៉ុន្តែយកប្រាក់នោះទៅទិញកញ្ចប់សេវាអ៊ីនធឺណិត ដើម្បីឲ្យកូនៗរបស់គាត់អាចប្រើប្រាស់រៀនសូត្រ និងចូលរួមនៅក្នុងក្រុមសិក្សាតាមប្រព័ន្ធអនឡាញ ជាមួយនឹងមិត្តភ័ក្រ្តរបស់ពួកគេ។ យើងក៏បានឃើញមាតាបិតានៅស្ទឹងមានជ័យ​ ដែលគាត់ជិះកង់ចម្ងាយរាប់គីឡូម៉ែត្រមកយកកិច្ចការងារផ្ទះដែលគ្រូបោះពុម្ភឲ្យកូនរបស់ពួកគាត់ ព្រោះពួកគាត់ពុំមានអ៊ីនធឺណិតប្រើប្រាស់នៅផ្ទះ។

យើងបានមើលឃើញពីមោទកភាពរបស់ឪពុកវ័យក្មេងម្នាក់នៅក្នុងខេត្តកំពត ដែលបានបង្រៀនកូនប្រុសតូចរបស់គាត់ឲ្យចេះលាងសម្អាតដៃ ដើម្បីឲ្យកូនគាត់ចេះធ្វើខ្លួនឯងដោយមិនត្រូវវការគាត់រំលឹកទៀត ហើយគាត់ក៏បានប្រាប់ឪពុកម្តាយខ្លួន ឲ្យលាងសម្អាតដៃញឹកញាប់ជាងមុនផងដែរ។ នៅខេត្តស្វាយរៀង យើង​បានជួបនឹងម្តាយវ័យក្មេងម្នាក់ដែលជិះម៉ូតូរបស់គាត់រាប់សិបគីឡូម៉ែត្រ ទៅកាន់មណ្ឌលសុខភាព ដើម្បីយកកូនតូចរបស់គាត់ទៅចាក់វ៉ាក់សាំងកញ្ជ្រិល ដោយគាត់មិនភ័យខ្លាចឆ្លងជំងឺពេលទៅមន្ទីរពេទ្យនៅក្នុងរយៈពេលនេះ ហើយបានអនុវត្តវិធានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធានាថាកូនៗពិតជាមានសុវត្ថិភាព។

យើងបានជួបជាមួយឪពុកម្តាយជាច្រើននាក់ ដែលបានផ្តល់អាទិភាពដល់ការផ្តល់ម្ហូបអាហារល្អៗដល់កូន ខ្ពស់ជាងផាសុកភាពផ្ទាល់ខ្លួន ដោយសុខចិត្តមិនញុំាអាហារដែលខ្លួនចូលចិត្ត ដើម្បីឲ្យកូនៗរបស់ពួកគេទទួលបានអាហារដែលមានជីវជាតិ អាចជួយទ្រទ្រង់រាងកាយរបស់ពួកគេឲ្យរឹងមាំ។ នៅលើបណ្តាញសង្គមរបស់យើង យើងក៏បានឮពីអ្នកគាំទ្រថា មានឪពុកម្តាយជាច្រើននាក់បានយកចិត្តទុកដាក់ខ្លាំងលើសុខភាពផ្លូវចិត្តកូនៗរបស់ពួកគាត់ ដោយបានចំណាយពេលអង្គុយជាមួយកូន និងពន្យល់ដោយអត់ធ្មត់ពីបញ្ហាជំងឺកូវីដ-១៩ និងហានិភ័យដែលបង្កឡើងដោយមេរោគនេះ សំដៅជួយបន្ធូរបន្ថយភាពភ័យខ្លាចរបស់កូនៗ។

ពុំមានអ្វីអាចធ្វើតេស្តភាពរឹងមាំរបស់មាតាបិតា ជាងពេលដែលសេចក្តីភ័យខ្លាចដ៏សែនអាក្រក់បំផុតក្លាយជាការពិត និងនៅពេលដែលជំងឺកូវីដ-១៩ បានប៉ះពាល់ដល់គ្រួសាររបស់ពួកគាត់នោះឡើយ។ យ៉ាងណាក្តី ម្តងហើយម្តងទៀត សម្រាប់ពួកគាត់ កូនៗនៅតែជាអាទិភាពមុនគេនៅក្នុងកាលៈទេសៈដ៏ពិបាកបែបនេះ ដូចគ្នានឹងអ្នកម្តាយម្នាក់ ដែលយើងបានជួបនៅតំបន់ក្រហមក្នុងទីក្រុងភ្នំពេញ។ គាត់បានខិតខំប្រឹងប្រែងយ៉ាងច្រើន ដើម្បីឲ្យកូនស្រីរបស់ខ្លួនមានសុវត្ថិភាព និងទទួលបានការការពារ សូម្បីតែពេលគាត់ និងប្តីត្រូវសម្រាកនៅមន្ទីរពេទ្យដោយពួកគាត់មានរោគសញ្ញាកូវីដ-១៩ ធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិតរបស់ពួកគាត់ក៏ដោយ។

ការស្តាប់ឮរឿងរ៉ាវទាំងនេះ និងការប្រាប់ពីរឿងរ៉ាវទាំងនេះឲ្យគ្នាទៅវិញទៅមក បានរំលឹកប្រាប់យើងរាល់ថ្ងៃពីការរួមចំណែកដ៏ច្រើនរបស់មាតាបិតា និងអ្នកថែទាំ​ ក្នុងការត្រួសត្រាយផ្លូវ នាំនាវាកម្ពុជាឲ្យរួចផុតពីវិបិត្តដែលកំពុងបន្តកើតឡើងនាពេលនេះ។ ពួកគាត់មិនត្រឹមតែជួយដល់កូនៗខ្លួនប៉ុណ្ណោះទេ ត្បិតនេះជាក្តីស្រទ្បាញ់របស់ពួកគាត់ដែលត្រូវធ្វើបែបនេះក៏ដោយ ក៏ពួកគាត់បានជួយដល់ជាតិទាំងមូលផងដែរ។ តាមរយៈការបង្រៀនកូនៗឲ្យចេះប្រុងប្រយ័ត្ន ដើម្បីកុំឲ្យឆ្លងសាយភាយមេរោគនេះ និងតាមរយៈការថែទាំកូនៗ និងសមាជិកគ្រួសារឲ្យមានសុខភាពមាំមួន ដើម្បីកុំឲ្យមន្ទីរពេទ្យទទួលរងបន្ទុកធ្ងន់ធ្ងរខ្លាំងពេក ពួកគាត់គឺជាកម្លាំងពិសេសរបស់ប្រទេសកម្ពុជាគាំទ្រពីខាងក្រោយ។

យើងបានទទួលនូវកម្លាំងចិត្តជាច្រើនតាមរយៈរឿងរ៉ាវទាំងនេះ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ យើងក៏បានរៀនសូត្រពីរឿងរ៉ាវទាំងនេះផងដែរ។ យើងយល់កាន់តែច្រើនពីបញ្ហាប្រឈមដែលឪពុកម្តាយកំពុងជួបប្រទះ និងប្តេជ្ញាបន្តផ្តល់ការគាំទ្រសព្វបែបយ៉ាងដែលយើងអាចធ្វើទៅបាន។ យូនីសេហ្វនឹងបន្តជួយយុទ្ធនាការចាក់វ៉ាក់សំាងរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងសម្រាប់មាតាបិតាផងដែរ។ យើងក៏នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជួយដល់ការសិក្សាពីចម្ងាយ ហើយក្នុងពេលជាមួយគ្នា ជួយធានាយ៉ាងណាឲ្យសាលារៀនបើកដំណើរការឡើងវិញ ប្រកបដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ ហើយយើងនឹងផ្តល់ឲ្យមាតាបិតានូវឧបករណ៍បន្ថែមទៀត ដើម្បីជួយឲ្យ   កូនៗរបស់ពួកគេមានសុវត្ថិភាព។ ជាការពិត វិបត្តិនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែជារៀងរាល់ថ្ងៃ យើងកាន់តែធ្វើដំណើរទៅកៀកនឹងពេលមួយ ដែលកុមារនឹងមានសុវត្ថិភាពពីមេរោគនេះនៅទីបំផុត។ យើងសូមអបអរសាទដល់មាតាបិតាទាំងអស់ដែលបានថែទាំកូនៗរហូតមកដល់ពេលនេះ។ អ្នកទំាងអស់គ្នាគឺជាវីរជនរបស់យើង។