បទពិសោធ និងទស្សនវិស័យដ៏គួរឲ្យកោតសរសើរពីប្រទេសកម្ពុជា

លោក ហេង សន្តិភាពជាមន្ត្រីឯកទេសផ្នែកទឹកស្អាត និងអនាម័យនៃយូនីសេហ្វបានចែករំលែកអំពីប្រវត្តិ បទពិសោធផ្ទាល់ខ្លួន និងអត្ថប្រយោជន៍ដ៏ធំធេងនៃការអប់រំមកលើជីវិតរបស់គាត់

Simon Nazer
© UNICE Cambodia
UNICE Cambodia
09 ធ្នូ 2021

យូនីសេហ្វ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៤៦ ដើម្បីឆ្លើយតបទៅនឹងភាពភ័យរន្ធត់ដែលបានកើតឡើងលើកុមារដោយសារសង្គ្រាមលោកលើកទីពីរ។ ឆ្នាំ២០២១ គឺជាគម្រប់ខួបទី៧៥ នៃការអនុត្តសកម្មភាពការងាររបស់យូនីសេហ្វដើម្បីសិទ្ធិ និងសុខុមាលភាពរបស់កុមារនៅគ្រប់ទីកន្លែង និងចំពោះកុមារគ្រប់រូប។

ប្រទេសកម្ពុជាគឺជាប្រទេសដែលបានឆ្លងកាត់ភាពភ័យខ្លាចពីសង្រ្គាម ដោយបានរងគ្រោះពីអំពើប្រល័យ​​ពូជសាសន៍បង្កដោយក្រុមខ្មែរក្រហម បន្ទាប់ពីពួកគេទទួលជ័យជម្នះក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៧៥។

© UNICEF Cambodia
UNICEF Cambodia

ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី៧៥របស់យូនីសេហ្វ យើងបានធ្វើកិច្ចសម្ភាសន៍ជាមួយយុវវ័យជំនាន់ក្រោយ និងអ្នកជំនាន់មុនៗ ដើម្បីទទួលបានមេរៀនពីអតីតកាល និងបច្ចុប្បន្ន។ យើងបានសាកសួរ លោក ហេង សន្តិភាព ដែលជាកុមាររងគ្រោះពីរបបប្រល័យពូជសាសន៍ ហើយសព្វថ្ងៃគាត់គឺជាអ្នកឯកទេសផ្នែកទឹកស្អាត និងអនាម័យរបស់យូនីសេហ្វ ដោយលោកបានប្រាប់យើងអំពីបទពិសោធរបស់គាត់ក្នុងសម័យសង្គ្រាម អនុស្សាវរីយ៍កាលពីកុមារភាព ការងារយូនីសេហ្វរបស់គាត់ និងអត្ថប្រយោជន៍ដ៏ធំធេងនៃការអប់រំមកលើជីវិតរបស់គាត់។

© UNICEF Cambodia
UNICEF Cambodia

លោក ហេង សន្តិភាព កើតក្នុងឆ្នាំដែលខ្មែរក្រហមឡើងកាន់អំណាច ទោះយ៉ាងនេះក្តីលោកក៏នៅតែមានអនុស្សាវរីយ៍ល្អៗខ្លះៗពីអតីតកាលរបស់គាត់ផងដែរ។ 

Santepheap and his two sons like to go fishing together.
UNICEF Cambodia/2021/Antoine Raab
Santepheap and his two sons like to go fishing together.

គាត់បាន​និយាយថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​នេសាទ​ត្រី​ក្រោយពេល​ចេញពីសាលា ​ឬ​នៅពេល​​ព្រលឹមស្រាងៗ។ “ពេលយប់​មានភ្លៀង​ធ្លាក់ គឺជា​ពេល​វេលា​ល្អ​បំផុតសម្រាប់​ចេញចាប់​កង្កែប។ ខ្ញុំ​មាន​ឆ្កែ​មួយ​ក្បាល​ដែល​តែងតែរត់​តាម​ខ្ញុំនា​ពេល​យប់ ហើយ​វា​បានជួយ​ខ្ញុំឲ្យមានអារម្មណ៍​សុវត្ថិភាព និងកុំឲ្យខ្ញុំ​ខ្លាច»​។

 

“នៅពេលខែភ្លឺម្តងៗ ខ្ញុំនិងមិត្តភក្តិអាចរត់លេងកំសាន្តនៅពេលយប់បាន។ គ្រានោះគ្មានអគ្គិសនីប្រើប្រាស់ទេ ដូច្នេះក្មេងៗទាំងអស់គ្នាតែងតែរង់ចាំពន្លឺព្រះចន្ទ ហើយពេលឃើញព្រះចន្ទចេញមក យើងនឹងចេញមករត់លេងនៅតាមដងផ្លូវតែម្តង។ យើងពិតជាមានអារម្មណ៍​សោកសៅនៅ​ពេល​គ្មានពន្លឺ​ព្រះ​ចន្ទ»។

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab

យ៉ាង​ណា​មិញ ក្នុងនាម​លោក​សន្តិភាពគឺ​ជា​កូន​ច្បង ​​អនុស្សាវរីយ៍​កាលកុមារភាពដែលធ្លាប់រត់លេងកំសាន្តសប្បាយ​ទាំង​នេះបានបង្កប់នូវអាថ៌កំបាំងពីភាពម៉ឺងម៉ាត់របស់គាត់ផងដែរ។

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab

“ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​មើល​ថែ​ប្អូនៗទាំង​ស្រីប្រុស​ចំនួន​៦​នាក់ ​ដើម្បី​ជំនួសដៃជើង​ឪពុក​ម្តាយរបស់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើមចេះរកត្រី​នៅ​អាយុ ៧-៨ ឆ្នាំ ដើម្បី​ជួយផ្តត់ផ្គង់ដល់ជីវភាព​គ្រួសារ»។

ទំនួលខុសត្រូវរបស់កូនប្រុសច្បងមិនមែនជាបន្ទុកតែមួយនៅលើស្មារបស់កុមារសន្តិភាពនោះទេ។ ទោះបីជាសង្រ្គាមស៊ីវិលត្រូវបានបញ្ចប់រួចទៅហើយនៅឆ្នាំ១៩៧៥ ប៉ុន្តែជាពេលឈានដល់ការចាប់ផ្តើមនៃរបបប្រល័យពូជសាសន៍ ហើយនៅក្នុងជម្លោះប្រដាប់អាវុធ បានប្រែក្លាយប្រជាជនទៅជាជនរងគ្រោះនៃភាពភ័យរន្ធត់តក់ស្លុត ដែលមិនអាចបរិយាយឲ្យអស់បាន។ កុមារនៅតែបន្តទទួលរងនូវកំហឹងឈឺចាប់ដ៏គួរឱ្យភ័យខ្លាច។

លោកសន្តិភាពបាននិយាយថា៖ “ប្រសិនបើមានស្នូរកាំភ្លើងនៅពេលយើងកំពុងលេង យើងប្រញាប់រត់ត្រឡប់ទៅផ្ទះភ្លាមៗ ហើយលាក់ខ្លួនជាមួយគ្រួសារយើងនៅក្នុងលេណដ្ឋាន។ គ្រួសារនីមួយៗមានលេណដ្ឋានផ្ទាល់ខ្លួន។ “ក្នុង​ឆ្នាំ១៩៨៣ ឬ១៩៨៤ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយសារយក​គ្រាប់​មិន​ទាន់​ផ្ទុះមកគោះលេង។ មិត្តខ្ញុំបានរងរបួសធ្លាយត្រង់ពោះយ៉ាងធំ ហើយពោះវៀនរបស់គាត់ត្រូវខ្ទាតចេញមកក្រៅ។ ដោយ​សារ​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន និង​សេវា​សុខភាព​ត្រឹម​ត្រូវ គ្រួសារ​គាត់​បាន​ទុក​គាត់​នៅ​ផ្ទះហើយមើល​គាត់​ស្លាប់យ៉ាងអាណោចអាធម្ម»។

© UNICEF Cambodia
UNICEF Cambodia

ខណៈដែលសង្រ្គាមស៊ីវិលកំពុងតែក្តៅគគុកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ យូនីសេហ្វបានបង្កើតការិយាល័យប្រចាំប្រទេសកម្ពុជាដំបូងរបស់ខ្លួន ប៉ុន្តែការិយាល័យនោះត្រូវបានបង្ខំឲ្យបិទទៅវិញត្រឹមតែពីរឆ្នាំក្រោយមកនៅពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច ហើយពួកគេបានកំណត់គោលដៅយ៉ាងសកម្ម និងដោយហិង្សាមកលើអង្គការផ្តល់ជំនួយនានាក្នុងប្រទេស។

បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនាឆ្នាំ១៩៧៩ យើងបានត្រលប់ចូលប្រទេសកម្ពុជា ហើយបានបើកការិយាល័យឡើងវិញដើម្បីជួយដោះស្រាយបញ្ហាមនុស្សធម៌ដ៏ចាំបាច់នានា ដែលបានបង្កអន្តរាយដោយរបបមួយនេះ។

លោក សន្តិភាព បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ឮ​ពីឈ្មោះ​​យូនីសេហ្វ​ដំបូងបំផុត​ប្រហែលជានៅ​ឆ្នាំ១៩៨០ ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី១។ “ខ្ញុំ​មិន​បាន​ដឹង​ច្រើន​អំពីអង្គការនេះ​ទេ ប៉ុន្តែ​គ្រាន់តែដឹងថាអង្គការនេះ​បាន​ផ្តល់​នូវ​សម្ភារ​បង្រៀន និងសម្ភារ​សិក្សា​គ្រប់បែបយ៉ាង។ ខ្ញុំ​នៅចាំ​បានច្បាស់ជាងគេគឺត្រង់ពណ៌​ខៀវ និង​ស្លាកសញ្ញាឡូហ្គោយូនីសេហ្វ»។

 

© UNICEF Cambodia
UNICEF Cambodia

នៅ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ដើម​ឆ្នាំ១៩៩៧ ដែលជាឆ្នាំជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ខ្លួន លោកសន្តិភាព​​ទទួល​​ការងារ​ដំបូងបំផុត​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់)។

“ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ទទួល​បាន​ការងារ​ដំបូង​ភ្លាម​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។ វា​ជា​បទពិសោធការងារ​ដ៏​អស្ចារ្យ​ ហើយក៏​ជា​ការងារ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​នាម​ជាគ្រូ​ពេទ្យ​ចល័តមូលដ្ឋាន»។ គឺជាការយកចិត្តទុកដាក់របស់ឪពុកគាត់ទៅលើការអប់រំ ដែលគាត់ជឿថាពិតជាអាចជួយលោកសន្តិភាពឲ្យទទួលបានការងារសម្រាប់អនាគត។

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab

“ចម្រើនពេញវ័យនៅក្នុងគ្រួសារគ្រូបង្រៀន ឪពុកខ្ញុំគឺជាជនគំរូដំបូងគេដែលបានជំរុញទឹកចិត្តខ្ញុំ។ គាត់តែងតែដាស់តឿនរំលឹកយើងទាំងអស់គ្នាថា មានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតយើងបាន។ គាត់​តែង​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យខិត​ខំ​រៀនសូត្រ ហើយគាត់តែង​​និយាយ​ថា៖ “បើ​កូន​ចង់​បន្ត​ការ​សិក្សា គាត់​នឹង​ខិតខំ​ប្រឹង​ប្រែងគ្រប់បែបយ៉ាងដើម្បីជួយជ្រោមជ្រែងកូន។”

“ឪពុកខ្ញុំនៅតែមានឥទ្ធិពលវិជ្ជមានធំបំផុតមកលើជីវិតរបស់ខ្ញុំផ្ទាល់។ គាត់​ជា​អ្នក​ដែល​តែង​តែ​លើក​ទឹក​ចិត្ត​ និង​ដាស់​តឿន​ខ្ញុំ​ឲ្យ​គោរព​មនុស្សទូទៅ ឲ្យដឹង​គុណ​អ្នក​ដែល​បាន​ជួយ​យើង ធ្វើ​ជា​ពលរដ្ឋ​ល្អ និង​ខិតខំ​សិក្សារៀនសូត្រ»។

 

ឥឡូវនេះនៅក្នុងឆ្នាំទី១៥ របស់លោកសន្តិភាពក្នុងនាមជាអ្នកឯកទេសផ្នែកទឹកស្អាត និងអនាម័យរបស់យូនីសេហ្វ លោកបានសម្តែងនូវអំណរគុណដល់យូនីសេហ្វចំពោះការជួយសម្រាលទុក្ខលំបាកទាំងឡាយរបស់កុមារនៅកម្ពុជា និងមានមោទកភាពចំពោះលទ្ធផលការងារដែលលោកសម្រេចបាន។

“យូនីសេហ្វ គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិដំបូងគេមួយដែលបានវិលត្រលប់មកកម្ពុជាវិញ។ ការអប់រំ គឺជាវិស័យមួយក្នុងចំណោមអន្តរាគមន៍ដ៏អស្ចារ្យបំផុតរបស់យូនីសេហ្វ ក៏ដូចជាវិស័យសុខភាព និងអាហារូបត្ថម្ភ អនាម័យទឹកស្អាត និងកិច្ចការពារកុមារ។ អង្គការនេះជួយគាំទ្រក្រុមដែលងាយរងគ្រោះបំផុត ជាពិសេសស្ត្រី និងកុមារ។ ការមិនទុកនរណាម្នាក់ចោល គឺជាកាតព្វកិច្ចចម្បងរបស់យូនីសេហ្វ»។

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab
© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab

“កុមារភាពរបស់ខ្ញុំត្រូវបានញាំញីដោយរបបប្រល័យពូជសាសន៍ ភាពអត់ឃ្លាន និងសង្គ្រាមស៊ីវិល។ ប៉ុន្តែ​ខ្ញុំនៅតែ​មាន​មោទកភាព​ចំពោះ​បទពិសោធ និង​បំណិនជីវិតដែលខ្ញុំទទួលបានរហូតដល់ពេលបច្ចុប្បន្ន​នេះ»។

ជាចុងក្រោយ ដើម្បីជាការឆ្លុះបញ្ចាំងពីដំបូន្មានរបស់ឪពុកគាត់ លោកសន្តិភាពបានបញ្ចប់កិច្ចសម្ភាសន៍ជាមួយនឹងដំបូន្មានដ៏សាមញ្ញ និងដោយសមហេតុផលមួយដល់ក្មេងៗជំនាន់ក្រោយ។

គាត់បាននិយាយថា "ការអប់រំ អាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន"៕

© UNICEF Cambodia/2021/Antoine Raab
UNICEF Cambodia/2021/Antoine Raab