នៅខេត្តរតនគិរី លោកគ្រូអ្នកគ្រូបានកែប្រែរបៀបបង្រៀនឱ្យស្របទៅនឹងបរិបទកូវីដ១៩

ការយកចិត្តទុកដាក់ចំពោះកិច្ចអប់រំសម្រាប់កុមារជនជាតិដើមភាគតិច ក្នុងអំឡុងឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩

ដោយ សឿម យូរ៉ា
©UNICEF Cambodia/2020/Youra Soeum
UNICEF Cambodia/2020/Youra Soeum
17 កុម្ភៈ 2021

ខែវិច្ឆិកា ខេត្តរតនគិរី ប្រទេសកម្ពុជា -  នៅក្នុងការបំពេញការងាររយៈពេល ៦ ឆ្នាំ​ ជាគ្រូបង្រៀន អ្នកគ្រូ សុង រៀប វ័យ ២៦ ឆ្នាំ បានជម្នះបញ្ហាប្រឈមជាច្រើន។ រហូតមកដល់ឆ្នាំ ២០២០ អ្នកគ្រូបានជម្នះបញ្ហាប្រឈមដ៏ធំមួយ​ គឺការចូលរួមកែសម្រួលកម្ម​វិធីបង្រៀនថ្នាក់ជាតិរបស់ប្រទេសកម្ពុជា ទៅជាភាសាកំណើត (ទំពួន) របស់កុមារជនជាតិដើមភាគតិច ដែលជាកូនសិស្សរបស់គាត់ នៅសាលារៀនប៉ាអ កិះចុង ក្នុងខេត្តរតនគិរី។ ជាលទ្ធផល អ្នកគ្រូបានរៀនពីរបៀបកែសម្រួលកម្មវិធីបង្រៀនឱ្យស្របទៅតាមកម្រិតនៃការយល់ដឹង និងតាមកាលៈទេសៈជាក់ស្តែងរបស់សិស្សានុសិស្ស ប៉ុន្តែការផ្ទុះជំងឺកូវីដ ១៩ ដែលបង្កឱ្យមានការឆ្លងរាលដាលជាសកល ពិតជាបានផ្តល់វិញ្ញាសាដ៏លំបាកមួយលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រូ។

អ្នកគ្រូ រៀប បានទទួលជោគជ័យក្នុងការបង្រៀនកុមារអាយុ ៦ ដល់ ១២ ឆ្នាំ ដោយប្រើប្រាស់កម្មវិធីពហុភាសានេះរយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅខែមីនា ឆ្នាំ ២០២០ គាត់ត្រូវចាប់ផ្តើមគិតឡើងវិញពីរបៀបបង្រៀនរបស់គាត់ នៅពេលដែលសាលារៀនត្រូវបិទទ្វារទូទាំងប្រទេស​ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ អ្នកគ្រូ រៀប ដូចគ្នានឹងលោកគ្រូអ្នកគ្រូរាប់ពាន់នាក់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា ត្រូវសម្របខ្លួនក្នុងការប្រើប្រាស់គោលវិធីបង្រៀនពីចម្ងាយជាលើកដំបូង។

Reap Song, an indigenous teacher in her house, is listening to the radio program to prepare study plan for her next visit to her student’s home.
UNICEF Cambodia/2020/Youra Soeum
អ្នកគ្រូ សុង រៀប គ្រូជនជាតិដើមភាគតិចកំពុងអង្គុយស្តាប់កម្មវិធីវិទ្យុនៅផ្ទះរបស់គាត់ ដើម្បីរៀបចំផែនការបង្រៀន សម្រាប់ពេលដែលគាត់ចុះទៅជួបសិស្សដល់ផ្ទះ។

ជាភ័ព្វសំណាង មានការផ្តល់ការគាំទ្រដល់លោកគ្រូអ្នកគ្រូទាំងនោះ។ ចាប់តាំងពីការផ្តើមដំបូងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩ យូនីសេហ្វបានសហការជាមួយរាជរដ្ឋាភិបាល និងដៃគូរបស់ខ្លួនដើម្បីរិះរកវិធីជួយឱ្យកុមារ និងក្មេងជំទង់អាចបន្តការសិក្សានៅផ្ទះ។ ឯកសារ និងវីដេអូ សម្រាប់រៀនសូត្រពីចម្ងាយ ត្រូវបានផលិត និងផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា។ លើសពីនេះ ក៏មានការគាំទ្រផ្នែកបច្ចេកទេស និងប្រតិបត្តិការផងដែរ ដូចជាការរៀបចំឯកសារសិក្សា និងការបណ្តុះបណ្តាលគ្រូជាដើម។ សម្រាប់សិស្សដែលនិយាយភាសាជនជាតិដើមភាគតិច ក៏មានការផលិតសម្ភារសិក្សា និងខ្លឹមសារដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេផងដែរ ក្រោមជំនួយមូលនិធិសប្បុរស ពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ មូលនិធិនេះរួមមាន កម្មវិធីអប់រំពហុភាសាដែលផ្សព្វផ្សាយតាមរយៈវិទ្យុ ដែលជាមធ្យោបាយបញ្ជូនព័ត៌មានមួយដ៏មានប្រសិទ្ធភាពសូម្បីតែនៅក្នុងតំបន់ដាច់ស្រយាលជាងគេ។

អ្នកគ្រូ រៀប មានប្រសាសន៍ថា “គោលវិធីសិក្សាពីចម្ងាយតម្រូវឱ្យមានការចុះជួបផ្ទាល់ដល់ផ្ទះរបស់សិស្សឲ្យបានញឹកញាប់ ព្រមទាំងការលើកទឹកចិត្តឪពុកម្តាយឱ្យលៃពេលសម្រាប់ឱ្យកូនៗរបស់ពួកគេបានរៀនសូត្រតាមរយៈកម្មវិធីវិទ្យុ”។ ការខ្វះធនធានសម្រាប់កុមារ និងគ្រូគឺជាឧបសគ្គចម្បងសម្រាប់គោលវិធីសិក្សាពីចម្ងាយនេះ។ “យើងជួបការលំបាកជាច្រើន ក្នុងការចុះទៅជួបសិស្សឱ្យបានគ្រប់គ្នា ទោះជាខ្ញុំបានចំណាយពេល ៣ រសៀលរៀងរាល់សប្តាហ៍ ដើម្បីចុះទៅជួបពួកគេក៏ដោយ។ លើសពីនេះ សិស្សម្នាក់ៗ​មានការលំបាកខុសៗគ្នា សិស្សខ្លះអាចអានបាន ប៉ុន្តែមិនសូវយល់គណិតវិទ្យា ហើយសិស្សខ្លះពូកែគណិតវិទ្យា ប៉ុន្តែពិបាកអាន។”

សិស្សក៏ជួបនឹងការលំបាកផងដែរ។ រចំ អ៊ីហាង កុមារាវ័យ ៩ ឆ្នាំ ដែលជាកូនសិស្សរបស់អ្នកគ្រូ រៀប បាននិយាយថា “នៅពេលថ្ងៃ ខ្ញុំត្រូវជួយការងារផ្ទះឪពុកម្តាយ និងជួយចៀរជ័រកៅស៊ូនៅឯចម្ការ ហើយខ្ញុំមានពេលតែពីរបីម៉ោងប៉ុណ្ណោះដើម្បីរៀននៅពេលល្ងាច។ ខ្ញុំពិតជានឹកសាលារៀនខ្ញុំមែនទែន ហើយរឹតតែនឹកមិត្តភ័ក្រ្តរបស់ខ្ញុំនៅឯសាលាទៀត។”

©UNICEF Cambodia/2020/Youra Soeum
UNICEF Cambodia/2020/Youra Soeum
ខ្វាស់ អែម និងគ្រូរបស់នាង អ្នកគ្រូ រៀប បានជួបគ្នាក្នុងពេលដែលយូនីសេហ្វចុះទៅជួបពួកគេដើម្បីនិយាយពីការអនុវត្តន៍កម្មវិធីបង្រៀន ពហុភាសាដោយប្រើប្រាស់វិទ្យុនៅក្នុងសហគមន៍របស់ពួកគេ។

ក្វាស់ អ៊ីម កុមារីវ័យ ៨ ឆ្នាំ ដែលជាកូនសិស្សរបស់អ្នកគ្រូ រៀប​ម្នាក់ទៀត បានសម្តែងនូវភាពត្រេកអរ ព្រោះនាងអាចបន្តរៀនភាសាខ្មែរជាភាសាទំពួន ដែលជាភាសាកំណើតរបស់នាង  នៅផ្ទះដោយមានការជួយគាំទ្រពីគ្រូរបស់នាង។​ នាងពន្យល់ថា “ខ្ញុំចូលចិត្តស្តាប់ចម្រៀងតាមរយៈកម្មវិធីវិទ្យុជាងគេ ព្រោះចម្រៀងទាំងនោះប្រើពាក្យចុងចួនជាភាសារបស់យើង ធ្វើឱ្យយើងចេះភាសាខ្មែរ ដែលជាភាសារបស់ជាតិ។ ចម្រៀងទាំងនេះពីរោះណាស់ ហើយក៏ជួយរំឭកមេរៀនដែលយើងរៀនមុនពេលដែលជំងឺកូវីដ ១៩ ផ្ទុះឡើង។ ខ្ញុំចង់បានឯកសារសិក្សាបែបនេះថែមទៀតនាពេលអនាគត ព្រោះវាជួយឱ្យយើងអាចរៀនបានដោយខ្លួនឯង។”

អ្នកគ្រូ រៀប បានពន្យល់ថា ការតាមដាន និងការជួយឱ្យសិស្សម្នាក់ៗ អាចបន្តការសិក្សា គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេ ក្នុងអំឡុងពេលដែលមានការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩ ប៉ុន្តែខ្លឹមសារបង្រៀនដែលរៀបចំ ជាពិសេសសម្រាប់សិស្សដែលរៀនក្នុងថ្នាក់ពហុភាសា បានជួយសម្រួល និងដោះស្រាយបញ្ហាទាំងនេះ។ គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២០ មានសិស្សប្រមាណ ៣១១០ នាក់ នៅក្នុងខេត្តរតនគិរី បានទទួលសម្ភារសិក្សាដូចជា សៀវភៅ ប៊ិច ខ្មៅដៃ និងសន្លឹកកិច្ចការសម្រាប់សិក្សាតាមកម្មវិធីវិទ្យុ។ អ្នកគ្រូ រៀប បានពន្យល់ថា “គ្រូបង្រៀននៅក្នុងសាលារបស់ខ្ញុំ រាប់ទាំងខ្ញុំផងដែរ បានរៀបចំកាលវិភាគប្រចាំសប្តាហ៍ ដោយបានកំណត់ពីសកម្មភាព និងវត្ថុបំណង និងធ្វើការកែសម្រួលជាបន្តបន្ទាប់ទៅតាមស្ថានភាពរបស់សិស្សម្នាក់ៗ ដែលយើងបានពិនិត្យតាមដាន។”

អ្នកគ្រូ រៀប បានមានប្រសាសន៍ទៀតថា “ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជារងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅ មានន័យថា ពេលខ្លះកូនៗក៏ត្រូវជួយរកចំណូលដល់គ្រួសារដែរ។ យើងចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យឪពុកម្តាយជឿថាការរៀនសូត្រ ជារឿងសំខាន់ដូចគ្នាទៅនឹងការរកចំណូលផងដែរ ហើយឪពុកម្តាយគួរតែត្រូវបានលើកទឹកចិត្តឱ្យគាំទ្រកូនៗរបស់ពួកគេក្នុងរបត់រៀនសូត្រពីចម្ងាយនេះ។”

យូនីសេហ្វប្តេជ្ញាថានឹងធ្វើការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដៃគូអប់រំទាំងអស់ដើម្បីគាំទ្រគ្រូបង្រៀនដូចជាអ្នកគ្រូ រៀប ជាដើម ខណៈពេលដែលពួកគាត់កំពុងខិតខំប្រឹងប្រែងធ្វើឱ្យក្តីប្រាថ្នានៃការទទួលបានការអប់រំរបស់កុមារទាំងអស់នៅបន្តរស់រានមានជីវិត។

អំពីកម្មវិធីអប់រំពហុភាសា៖

អ្នកគ្រូ រៀប គឺជាគ្រូម្នាក់ក្នុងចំណោមគ្រូជួរមុខ ដែលកំពុងអនុវត្តផែនការសកម្មភាពស្តីពីការអប់រំពហុភាសា(MEAP) របស់កម្ពុជាដែលបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០១៥ មក។ ផែនការសកម្មភាពនេះត្រូវបានក្រសួងអប់រំយុវជន និងកីឡា រៀបចំឡើង ដោយមានការគាំទ្រពីយូនីសេហ្វ ដើម្បីផ្តល់ការអប់រំពហុភាសាដល់កុមារី និងកុមារាជនជាតិដើមភាគតិច ដោយមានកម្មវិធីសិក្សាត្រឹមត្រូវ ចាប់ពីកម្រិតមតេ្តយ្យសិក្សា រហូតដល់ ៣ ឆ្នាំដំបូងនៃកម្រិតបឋមសិក្សា។ ការអប់រំពហុភាសាផ្តោតលើសិស្សានុសិស្សជនជាតិដើមភាគតិចចំនួន ៥ គឺ ព្នង កាវ៉ែត ក្រឹង ទំពួន និងប្រៅ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជារួមមាន មណ្ឌលគិរី រតនគិរី ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង។

ផែនការសកម្មភាពអប់រំពហុភាសានេះ គឺជាផែនការដំបូងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំណោមប្រទេសទាំងឡាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអនុវត្តយុទ្ធសាស្ត្រអប់រំមួយដែលគ្របដណ្តប់លើភាសាជនជាតិដើមភាគតិច ក្នុងគោលបំណងបង្កើនសេវាអប់រំសម្រាប់ទំាងអស់គ្នា។ នេះគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រពីភស្តុតាងជាច្រើនពីការស្រាវជ្រាវអន្តរជាតិ​នានា ដែលបង្ហាញឱ្យឃើញពីការរួមចំណែកជាវិជ្ជមាននៃការអប់រំពហុភាសាដែលបានបង្កលក្ខណៈងាយស្រួលឲ្យមានការចូលរួមពីសំណាក់កុមារាកុមារីក្នុងវិស័យអប់រំ និងសង្គមទាំងមូល។