ទិវាកុមារពិភពលោក៖ ឱកាសដើម្បីគិតគូរជាថ្មីអំពីប្រទេសកម្ពុជា

ដោយលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា

Foroogh Foyouzat
27 វិច្ឆិកា 2020
Banner.jpg
UNICEF Cambodia/2020/Antoine Raab

ថ្ងៃទី២០ ខែវិច្ចិកា គឺជាទិវាកុមារពិភពលោក ជាថ្ងៃដ៏សំខាន់ដែលប្រទេសជាច្រើននៅជុំវិញពិភពលោកផ្តោតការយកចិត្តទុកលើកុមារ ទទួលស្គាល់នូវបញ្ហាប្រឈមដែលពួកគេជួបប្រទះ និងធានាថាសំទ្បេងរបស់ពួកគេមិនត្រូវបានគេដឹងឮប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាត់វិធានការឆ្លើយតបផងដែរ។ ឆ្នាំនេះ ទិវាកុមារពិភពលោកប្រារព្ធក្នុងកាលៈទេសៈដែលកំពុងមានវិបត្តិធ្ងន់ធ្ងរ។ វឌ្ឍនភាពសំខាន់ៗដែលប្រទេសកម្ពុជាសម្រេចបាននៅក្នុងទសវត្សរ៍កន្លងមកថ្មីៗនេះ ដូចជាកុមារកាន់តែច្រើនបានចូលរៀន អត្រាមរណភាពកុមារថយចុះ និងការទទួលបានទឹកស្អាតប្រើប្រាស់ រួមទាំងអាហារូបត្តម្ភច្រើនជាងមុនជាដើម កំពុងត្រូវបំផ្លាញវិញដោយជំងឺកូវីដ១៩។     

កិច្ចខិតខំប្រឹងប្រែងឆ្លើយតប បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីមេរោគនេះបានឆ្លងចូលមកកាន់ប្រទេសកម្ពុជា ប៉ុន្តែផែនការនៃការស្តារទ្បើងវិញ នឹងលាតសន្ធឹងរយៈពេលយូរទៅអនាគត។ យើងត្រូវផ្តល់អាទិភាពដល់កុមារ ដោយដាក់ពួកគេជាចំណុចស្នូល ជាបេះដូងនៃផែនការស្តារទ្បើងវិញ និងធានាថាពួកគេត្រូវបានផ្ដល់ឱកាសឱ្យចូលរួមបានពេញលេញ ស្របពេលដែលយើងកំពុងគិតគូរជាថ្មីពីពិភពលោកថ្មីសម្រាប់ថ្ងៃអនាគត។ ជាទីបំផុត កុមារនឹងរស់នៅ ក្នុងពិភពលោកថ្មីនេះយូរជាងគេ ហើយពួកគេសមនឹងទទួលបាននូវពិភពលោកមួយដែលផ្ដល់លទ្ធភាពឱ្យពួកគេអាចបំពេញសក្ដានុពលរបស់ខ្លួនបាន។

ស្ថិតក្នុងន័យឈានទៅសម្រេចគោលបំណងនេះសម្រាប់កុមារ កាលពីសប្តាហ៍មុន ខ្ញុំមានសេចក្តីរីករាយក្នុងការរៀបនូវកិច្ចប្រជុំតាមប្រព័ន្ធអនទ្បាញជាមួយយុវជនកម្ពុជាចំនួន ២៧រូបដែលមកពីអង្គការយុវជនផ្សេងៗគ្នា។ កិច្ចប្រជុំនេះធ្វើទ្បើងដើម្បីធានាថា​ កិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ក្នុងរយៈពេលប៉ុន្មានខែ និងឆ្នាំខាងមុខ នឹងឆ្លើយតបទៅនឹងក្តីបារម្ភ និងក្តីសង្ឃឹមរបស់យុវជន។  ការសន្ទនាយើងធ្វើឡើងតាមZoom ហើយថាមពលក្នុងបន្ទប់ប្រជុំបង្ហាញពីអនុភាពរបស់បច្ចេកវិទ្យា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងកុមារ និងលើកទឹកចិត្តឱ្យមានការសហការគ្នា។ ប៉ុន្តែគួរឱ្យសោកស្ដាយ យើងដឹងថានៅមានកុមារជាច្រើននាក់ទៀត ដែលរស់នៅតាមតំបន់ក្រីក្របំផុត និងដាច់ស្រយាលជាងគេនៅកម្ពុជា ពុំមានលទ្ធភាពរៀនសូត្រ និងទទួលបានសេវាតាមប្រព័ន្ធអនឡាញឡើយ។ ឧបសគ្គនេះ ប៉ះពាល់ដល់ការសិក្សារបស់ពួកគេនៅក្នុងឆ្នាំ២០២០នេះ នៅពេលការសិក្សាភាគច្រើនត្រូវបានយកទៅបង្រៀនទៅលើប្រព័ន្ធអនទ្បាញ។ វាជាគម្លាតនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលយើងទាំងអស់គ្នាត្រូវចូលរួមកាត់បន្ថយ។
 

នៅពេលកិច្ចពិភាក្សាជជែកអំពីសារៈសំខាន់នៃការលើកកម្ពស់សុខភាព យើងឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជនទាំងអស់។ យុវតីបូរមី បាននិយាយថាគ្រួសារនាងត្រូវការព័ត៌មានទាក់ទងនឹងអាហារូបត្ថម្ភ។​ ប្អូនបន្តថា “ព័ត៌មានទាំងនោះគួរតែត្រូវបានផ្សព្វផ្សាយតាមអនទ្បាញ ហើយយើងក៏ត្រូវការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការចែកចាយព័ត៌មានទៅដល់ប្រជាជនរស់នៅតំបន់ដែលគ្មានអ៊ីនធឺណិតប្រើប្រាស់។”

នៅពេលនិយាយដល់ជំងឺកូវីដ១៩ លទ្ធភាពទទួលបានថ្នាំបង្ការបានក្លាយជាក្តីបារម្ភដ៏ធំធេងសម្រាប់អ្នកចូលរួមទាំងអស់ ហើយយុវជនខ្លះខ្លាចប្រទេសចំណូលទាបដូចជា កម្ពុជាជាដើម ពុំទទួលបានថ្នាំបង្ការនេះស្មើភាពគ្នានឹងប្រទេសដទៃទៀត។ យុវជនឈ្មោះ សៀម បានលើកទ្បើងថា “ថ្នាំបង្ការ គួរមានសម្រាប់មនុស្សជាតិ និងមិនគួរយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ ឬដើម្បីរកប្រាក់ចំណេញឡើយ។”

កិច្ចពិភាក្សាក៏បានឈានទៅជជែកគ្នាពីបញ្ហាសុខភាពផ្លូវចិត្ត បន្ទាប់ពីបានជជែកយ៉ាងច្រើនពីបញ្ហាសុខភាពរាង
កាយ។​ អ្នកចូលរួមមួយចំនួនបារម្ភថាការស្ថិតនៅក្នុងផ្ទះច្រើនដើម្បីបង្ការមិនឆ្លងជំងឺកូវីដ១៩ អាចធ្វើឲ្យគ្រប់គ្នាកាន់តែ មានអារម្មណ៍តប់ប្រមល់ ហើយវាក៏បង្កើននូវឥទ្ធិពលអវិជ្ជមានរបស់ប្រព័ន្ធបណ្តាញសង្គមតាមអនទ្បាញ ទៅលើសុខមាលភាពរបស់យុវជនផងដែរ។​ ផ្ទុយនឹងប្រកាន់ផ្នត់គំនិតថាយុវជនមិនអាចរស់បានឡើយ ប្រសិនមិនបានប្រើប្រាស់ជាប់ជានិច្ចនូវកម្មវិធី Tik Tok និង Instagram ប្អូនទឹម សុវណ្ណរ៉ុង បាននិយាយថា “ខ្ញុំព្យាយាមដកខ្លួនមិនប្រើបណ្ដាញទំនាក់ទំនងសង្គម នៅពេលខ្ញុំមានអារម្មណ៍តានតឹងនៅពេលប្រើវាច្រើនពេក។” ចំណែកប្អូន Aliza Samthik បាននិយាយថា “ខ្ញុំពិតជាសង្ឃឹមថា នៅថ្ងៃមួយនឹងមិនមាននរណាខ្លាចមិនហ៊ានសុំឱ្យគេជួយ និងទទួលជំនួយពីគេឡើយ។”

ពេលវេលាកាន់តែគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនៅក្នុងកិច្ចពិភាក្សា នៅពេលដែលយើងបានជជែកគ្នាអំពីអនាគតរបស់យុវជនដែលកំពុងប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩នេះ។ ប្អូននារីរ័ត្ន បានលើកឡើងពីរឿងមិត្តភក្តិម្នាក់ ដែលមិនអាចត្រឡប់ទៅសាលារៀនវិញបាន នៅពេលដែលសាលារៀនបើកទ្វារជាថ្មី ព្រោះថាគ្រួសាររបស់នាង ត្រូវពឹងផ្អែកលើប្រាក់ចំណូលដែលនាងរកបានពីការធ្វើការ។ នារីរ័ត្ន បានលើកឡើងថា “មិត្តភក្តិខ្ញុំ នាងបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយចង់ទៅរៀនវិញ។” ជាងចុងក្រោយ យុវជនទាំងអស់យល់ស្របថា ផែនការស្ដារឡើងវិញក្រោយជំងឺរាតត្បាតនេះបញ្ចប់ ត្រូវឆ្លើយតបចំពោះបញ្ហាវិសមភាព នឹងល្អគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់ បើមិនដូច្នោះទេវាគឺជាបាត់បង់ឱកាសកែលម្អទ្បើងវិញ។

យើងមានក្តីរីករាយណាស់ ដោយបានដឹងថាក្តីបារម្ភភាគច្រើនដែលបានលើកទ្បើងដោយកុមារ និងយុវជនត្រូវបានបញ្ចូលរួចជាស្រេចទៅក្នុងផែនការសកលប្រាំមួយចំណុច ដែលយូនីសេហ្វ និងដៃគូដទៃទៀតដូចជា ChildFund Alliance, Plan International, Save the Children, SOS Children's Villages និង World Vision បានរួមគ្នាបង្កើតទ្បើង។ ផែនការនេះថែមទាំងផ្តោតសំខាន់លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាក្តីបារម្ភរបស់កុមារកម្ពុជា ដែលបានលើកទ្បើងជាមួយយើងដោយទទូច និងជាញឹកញាប់ ក៏ដូចជាការទាមទារនូវការបង្កើនជំនួយដល់កុមាររងគ្រោះពីជម្លោះ ឬគ្រោះមហន្តរាយធម្មជាតិនានាផងដែរ។ ផែនការនេះនឹងយកទៅបង្ហាញនៅក្នុងកិច្ចប្រជុំពិសេសមួយនៃមហាសន្និបាតអង្គការសហប្រជាតិស្តីអំពីជំងឺកូវីដ១៩ នៅក្នុងខែធ្នូខាងមុខ ដើម្បីកៀងគរឲ្យរដ្ឋជាសមាជិកយកចិត្តទុកដាក់លើបញ្ហានានាដែលកំពុងប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋរងគ្រោះ។   

នៅទីបញ្ចប់ ខ្ញុំបានចាកចេញពីការពិភាក្សានេះពោរពេញដោយក្ដីសង្ឃឹម ដោយសារតែថាមពល និងគំនិតដែលផ្ដល់ដោយយុវជនទាំងនេះ។ លើសពីនេះ ក៏មានមូលហេតុផ្សេងទៀត ដែលធ្វើឱ្យខ្ញុំមានសុទិដ្ឋិនិយមផងដែរ។ បញ្ហាជាច្រើនដែលបានលើកទ្បើង ត្រូវបានកំពុងដោះស្រាយដោយរាជរដ្ឋាភិបាលកម្ពុជា ដូចដែលយើងឃើញការងារអនុវត្តដោយក្រសួងអប់រំ យុវជន និងកីទ្បា ក្នុងដោះស្រាយលទ្ធភាពទទួលបានការសិក្សាតាមឧបករណ៍ឌីជីថល។ ជាទិដ្ឋភាពធំជាងនេះ ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសពីរបីតែប៉ុណ្ណោះដែលពុំមានករណីបាត់បង់ជីវិត។ ប្រទេសកម្ពុជាក៏បានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាលើកដំបូងដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ វិធានការទាំងនេះគឺជា​មូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឈានទៅសម្រេចវឌ្ឍនភាពបន្ថែមទៀតនាពេលអនាគត។

សម្តីដែលខ្ញុំចាំបានច្បាស់ជាងគេ​ គឺជាសម្តីរបស់ប្អូនសុវណ្ណារ៉ុង។ ប្អូនបាននិយាយថា “នៅពេលយើងរង់ចាំឲ្យជំងឺ
កូវីដ១៩បញ្ចប់ទៅ យើងមិនគួរអង្គុយស្ងៀមដោយមិនធ្វើអ្វីនោះទេ! យើងអាចធ្វើអ្វីៗបានច្រើនណាស់ដូចជា រៀនចំណេះវិជ្ជាថ្មីៗ និងធ្វើសកម្មភាពឲ្យសកម្មលើផ្នែករាងកាយជាដើម។” ប្អូនស្រីម្នាក់បានតបវិញថា ប្អូនបានបង្កើតនូវក្រុមសប្បុរសធម៌មួយក្រុមដើម្បីជួយលើកកម្ពស់ការអប់រំ។ យុវជនទាំងនេះ មិនត្រឹមតែមានគំនិតត្រឹមត្រូវប៉ុណ្ណោះទេ ពួកគេក៏ធ្វើសកម្មភាពត្រឹមត្រូវផងដែរ។   

កិច្ចសន្ទនារបស់យើងនៅមិនទាន់ចប់នៅឡើយទេ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងនេះ យូនីសេហ្វនឹងប្រើប្រាស់វេបសាយ ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបន្តកិច្ចសន្ទនានេះ ដែលផ្ដល់ជាវេទិកាឱ្យយុវជនកាន់តែច្រើននាក់បានបញ្ចេញសំទ្បេង។ យើងក៏អញ្ជើញឱ្យពលរដ្ឋកម្ពុជាទាំងអស់បានចូលរួមនៅក្នុងការសន្ទនានេះផងដែរ។ សូមចូលរួមជាមួយយើង តាមរយៈវេបសាយ https://www.unicef.org/cambodia/។ សូមប្រើប្រាស់ទិវាកុមារ ដើម្បីរួមគ្នាស្រមៃជាថ្មីពីពិភពលោកមួយដែលកាន់តែប្រសើរជាងមុន។