ក្តីសង្ឃឹមនូវអនាគតដ៏ភ្លឺស្វាង ក្នុងគ្រាលំបាក

ផលប៉ះពាល់នៃជំងឺកូវីដ១៩ លើកុមារងាយរងគ្រោះនៅកម្ពុជា

រូបថតដោយ Thomas Cristofoletti
©UNICEF/2020/Thomas Cristofoletti
UNICEF/2020/Thomas Cristofoletti
21 សីហា 2020

នៅខាងក្រៅខ្ទមប្រក់ដំបូលស័ង្កសី ស្រាស់ជុំវិញដោយសសរឈើចងខ្សែដើម្បីរក្សាលំនឹង កុមារាឡេន សុជាតា មានអាយុ ១៤ឆ្នាំ កំពុងអង្គុយរង់ចាំអ្នកគ្រូហម ចាន់ឌី ដែលជាគ្រូបឋមសិក្សាឯកទេសខាងបង្រៀនកុមារមានពិការភាព។ ចាប់តាំងពីសាលារៀនត្រូវបានបិទទ្វារព្រោះតែជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា អ្នកគ្រូតែងតែចុះជួបសិស្សតាមផ្ទះ ពីរថ្ងៃក្នុងមួយសប្ដាហ៍។ គាត់មានប្រសាសន៍ថា ការធ្វើបែបនេះបានជួយពួកគេខ្លះ ប៉ុន្តែគាត់មានការព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែងមកលើកុមារ ដូចជា សុជាតិ ដែលមានពិការភាពផ្នែកសតិបញ្ញា។

អ្នកគ្រូបានមានប្រសាសន៍ថា៖ “ខ្ញុំភ័យខ្លាចថាកូនសិស្សរបស់ខ្ញុំនឹងរៀនខ្សោយទៅៗ។ ខ្ញុំខ្លាចពួកគេមិនចេះចំណេះដឹងទូទៅ។ ឧទាហរណ៍ នៅពេលដែលពួកគេរៀននៅសាលារៀន ពួកគេយល់ពីអត្ថន័យរបស់មេរៀនទាំងស្រុង ប៉ុន្តែចាប់តាំងពីមានកូវីដមក ពួកគេមិនយល់មេរៀនឡើយ ព្រោះខ្ញុំជួបពួកគេបានតែមួយដង ឬពីរដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ វាមិនដូចគ្នានឹងការរៀននៅសាលាដែលយើងអាចជួបពួកគេជារៀងរាល់ថ្ងៃនោះឡើយ។”

កុមារាសុជាតា រៀននៅផ្ទះជាមួយនឹងអ្នកគ្រូ ហម ចាន់ឌី ដែលជាគ្រូឯកទេសខាងបង្រៀនកុមារមានពិការភាព
UNICEF/2020/Thomas Cristofoletti
កុមារាសុជាតា រៀននៅផ្ទះជាមួយនឹងអ្នកគ្រូ ហម ចាន់ឌី ដែលជាគ្រូឯកទេសខាងបង្រៀនកុមារមានពិការភាព

ការខកខានមិនបានទៅសាលារៀន អាចបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់កុមារ​ ដូចជាការធ្លាក់ចុះសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការពុំមានអាហារហូបចុកគ្រប់គ្រាន់នៅក្នុងករណីមួយចំនួន។ ជារឿយៗ បញ្ហាទាំងនេះរឹតតែធ្ងន់ធ្ងរសម្រាប់កុមារងាយរងគ្រោះមានពិការភាព ដូចជា សុជាតា ជាដើម។

ចាន់ឌី មានបានប្រសាសន៍ថា៖ “មុនពេលមានកូវីដ ខ្ញុំបង្រៀនពួកគេជាប្រចាំ។ ប៉ុន្តែឥឡូវនេះ ខ្ញុំលែងអាចបង្រៀនបែបនេះបានទៀតហើយ។ ឧទាហរណ៍ ខ្ញុំបង្រៀនសិស្ស ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះខ្ញុំមិនអាចធ្វើបែបនេះទៀតនោះឡើយ។ ខ្ញុំចុះទៅបង្រៀនសិស្សពីរបីនាក់ដល់ផ្ទះរបស់ពួកគេ ពី ១-២ ម៉ោង ហើយសិស្សមួយចំនួនត្រូវមកសាលារៀន ដើម្បីយកមេរៀន កិច្ចការផ្ទះ ឬវិញ្ញាសារប្រឡងដោយខ្លួនឯង។”

គាត់មានការបារម្ភអំពីផលប៉ះពាល់រយៈពេលវែងមកលើកុមារ ដូចជា សុជាតា ជាដើម។ “ប្រសិនបើការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅបន្តកើតមាន នោះអនាគតនៃការអប់រំរបស់កុមារនឹងកាន់តែធ្លាក់ចុះដុនដាប ព្រោះគ្រូមិនអាចបង្រៀនពួកគេឱ្យបានល្អ ហើយសិស្សកាន់តែជួបការលំបាក ក្នុងការតាមទាន់មេរៀននៅខាងក្រៅសាលារៀន ហើយសិស្សក៏ពិបាកយល់មេរៀនផងដែរ បើធៀបនឹងការមករៀននៅសាលារៀន។

ពេលដ៏សែនពិបាកសម្រាប់កុមារ

ម្ដាយរបស់ សុជាតា ចេញទៅរកក្ដាមនៅវាលស្រែ
UNICEF/2020/Thomas Cristofoletti
ម្ដាយរបស់ សុជាតា ចេញទៅរកក្ដាមនៅវាលស្រែ

គ្រួសាររបស់ សុជាតា រស់នៅក្នុងកន្លែងដ៏តូចចង្អៀត។ ឪពុកម្ដាយរបស់គាត់ចំណាយពេលពេញមួយថ្ងៃទៅរកត្រី និងក្ដាមយកទៅលក់នៅផ្សារដែលនៅជិតនោះ ប៉ុន្តែការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ធ្វើឱ្យប្រាក់ចំណូលដែលតិចរួចទៅហើយរបស់ពួកគេ ថយចុះយ៉ាងខ្លាំង។

កាលពីមុន ពួកគេរំពឹងថានឹងអាចរកបានប្រាក់ ៥ដុល្លារក្នុងមួយថ្ងៃ ឥឡូវនេះពួកគេចេញទៅជាច្រើនថ្ងៃដោយមិនអាចរកលុយបានមួយរៀល មានន័យថា ពួកគេមានអាហារតិចតួចជាងមុន ពោលគឺប្រហែលបានត្រឹមតែយកត្រីក្ដាមដែលពួកគេចាប់បានយកមកធ្វើជាអាហារតែប៉ុណ្ណោះ។

ម្ដាយរបស់គាត់ កៀវ អេន និយាយថា៖ “ក្នុងពេលដែលមានកូវីដ យើងពុំមានអាហារច្រើនសម្រាប់ញ៉ាំនោះឡើយ។ ឥឡូវនេះវាក្លាយជារឿងធម្មតាទៅហើយ។ នៅថ្ងៃខ្លះ ខ្ញុំរកបានប្រាក់តិចតួច ដូច្នេះយើងមានអាហារសម្រាប់ញ៉ាំ ប៉ុន្តែថ្ងៃខ្លះខ្ញុំរកលុយពុំបានឡើយ ហើយខ្ញុំរកលុយពុំបានមួយរៀល ២ ឬ ៣ ថ្ងៃជាប់គ្នាក៏មាន មានន័យថាយើងគ្មានអាហារសម្រាប់ញ៉ាំឡើយ ដូច្នេះយើងត្រូវទៅខ្ចីអាហារពីអ្នកលក់ផ្សេងទៀត។ ពេលខ្លះ ខ្ញុំទិញជំពាក់ពីអ្នកលក់ត្រី ឬតូបលក់ចាប់ហ៊ួយ ដូចជា ទិញត្រីគេខ្លះ ឬទិញអង្ករមួយ ឬពីរគីឡូក្រាមជាដើម។ ប្រសិនបើខ្ញុំអាចរកលុយបានខ្លះនៅថ្ងៃស្អែក ខ្ញុំនឹងសងពួកគេវិញភ្លាម។”

គ្មានអ្វីដែលជាមន្ទិលសង្ស័យនោះឡើយ ដែលថាស្ថានភាពបច្ចុប្បន្ននេះធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជួបការលំបាកក្នុងការទទួលបានរបបអាហារដែលមានតម្លៃសមរម្យ និងធ្វើឱ្យពួកគេមានសុខភាពមាំមួន កាន់តែជួបការលំបាកបន្ថែមទៀត។ សម្រាប់ សុជាតា ការលែងអាចទៅរៀន និងការពុំបានទទួលអាហារដែលនាំមកនូវសុខភាពមាំមួន អាចបង្កផលប៉ះពាល់យូរអង្វែង។

©UNICEF/2020/Thomas Cristofoletti
UNICEF/2020/Thomas Cristofoletti

ប៉ុន្តែ បើទោះជាគ្រួសារនេះជួបការលំបាកយ៉ាងណាក៏ដោយ ម្ដាយរបស់គាត់នៅតែមានកម្លាំងចិត្តដោយសារតែការបន្តប្រឹងប្រែងរៀនសូត្ររបស់គាត់។

ក្រៅតែពីការចុះជួបរបស់អ្នកគ្រូ ចាន់ឌី រៀងរាល់ ២សប្ដាហ៍ម្ដង គាត់បន្តជិះកង់ ៥គីឡូម៉ែត្រជាប្រចាំ ដើម្បីទៅយកកិច្ចការពីសាលារៀនមកធ្វើ។ អ្នកស្រី កៀវ និយាយថា៖ “កូនប្រុសរបស់ខ្ញុំធ្វើអ្វីៗគ្រប់បែបយ៉ាងដោយខ្លួនឯង។ គាត់ទៅសាលាដើម្បីយកកិច្ចការ ឬមេរៀនមកមើល។ ក្រោយពីគាត់ធ្វើចប់ គាត់ប្រគល់កិច្ចការទៅឱ្យគ្រូវិញម្ដងក្នុង ១សប្ដាហ៍។”

©UNICEF/2020/Thomas Cristofoletti
UNICEF/2020/Thomas Cristofoletti

បើទោះជាពុំអាចទទួលបានការរៀនសូត្រតាមអនឡាញក៏ដោយ សុជាតា នៅតែឧស្សាហ៍រៀនសូត្រជាប្រចាំ និងបង្រៀនខ្លួនឯង នេះបើតាមការលើកឡើងរបស់ម្ដាយរបស់គាត់ ដែលមិនអាចជួយដល់ការរៀនសូត្ររបស់គាត់ឡើយ ព្រោះគាត់មិនចេះអាន ឬសរសេរ។ ប៉ុន្តែគាត់និយាយថា កិច្ចខិតខំប្រឹងប្រែងរបស់កូនគាត់ក្នុងការបន្តការរៀនសូត្រ ពិតជាបានផ្ដល់ប្រយោជន៍មកវិញ។ គាត់និយាយថា៖ “ឥឡូវនេះគាត់អាចផ្ចង់អារម្មណ៍បានល្អជាងមុន គាត់មានការរីកចម្រើនជាងមុន”។

អ្វីដែលស្ដែងច្បាស់នោះគឺកុមារគ្រប់រូបត្រូវការគាំទ្រ ដើម្បីបន្តទទួលបានការអប់រំ មិនថាមានបញ្ហាអ្វីកើតឡើងនោះឡើយ ដើម្បីធានាថា គ្រួសារដែលងាយរងគ្រោះបំផុត និងកុមារដែលមានពិការភាព ដូចជា សុជាតា ជាដើម នឹងមិនខកខានឱកាសនេះឡើយ។

សូមថ្លែងអំណរគុណចំពោះអង្គការ Aide et Action.